តបតាមសំណើរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា កម្លាំងនគរបាលជាតិបានឃាត់ខ្លួនជនជាតិជប៉ុនចំនួន២០នាក់សាកសួរ ហើយអាជ្ញាធរមានសមត្ថកិច្ចក៏មិនទាន់មានការចោទប្រកាន់លើពលរដ្ឋជប៉ុនដែលត្រូវបានឃាត់ខ្លួននោះ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
សារព័ត៌មានរបស់ជប៉ុនមួយចំនួនរួមមាន Japan Today និង The Japan Times បានរាយការណ៍ថាការឃាត់ខ្លួនជនជាតិជប៉ុនចុងក្រោយនេះ ត្រូវបានធ្វើឡើងដោយសង្ស័យថា ពួកគេបានប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញ។ ជនជាតិជប៉ុនទាំងនោះត្រូវបានចាប់ខ្លួន កាលពីដើមសប្តាហ៍នេះក្នុងទីក្រុងភ្នំពេញ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន បញ្ជាក់វីអូអេឱ្យដឹងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថាកម្លាំងមានសមត្ថកិច្ចរបស់កម្ពុជាបានឃាត់ខ្លួនជនជាតិជប៉ុនជាង២០នាក់នោះ តែមិនទាន់មានការចោទប្រកាន់យ៉ាងណានោះទេ ដោយសមត្ថកិច្ចកំពុងបន្តនីតិវិធីសាកសួរ។ លោកច្រានចោលព័ត៌មានដែលថា ជនជាតិជប៉ុនដែលកំពុងស្ថិតក្រោមការសាកសួរនោះ ត្រូវបានសង្ស័យថា បានប្រព្រឹត្តអំពើបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ។
លោកថ្លែងថា៖ «ការចុះផ្សាយរបស់គាត់ គាត់ទទួលខុសត្រូវ។ អានេះសេរីភាពរបស់គាត់ តែបើខុស អាហ្នឹងគាត់ទទួលខុសត្រូវជាមួយសាធារណជន គឺអាចទៅជាច្បាប់»។
លោកបន្ថែមថា៖ «ការឃាត់ខ្លួនគឺមែនតាមសំណើរបស់ស្ថានទូតជប៉ុន ក៏ប៉ុន្តែយើងខ្ញុំមិនទាន់បានវាយតម្លៃជូនថាក្នុងបទល្មើសអីនៅឡើយទេ ព្រោះអីយើងកំពុងតែស្ថិតនៅក្នុងនីតិវិធី។ អ៊ីចឹង យើងខ្ញុំអត់មានបានបញ្ជាក់ជូនថា ពាក់ព័ន្ធបទល្មើសស្អីខ្លះទេ ទាល់តែយើងបញ្ចប់នីតិវិធីសិន ហើយរាល់ថ្ងៃយើងកំពុងដំណើរការនីតិវិធី»។
ស្ថានទូតជប៉ុនប្រចាំនៅទីក្រុងភ្នំពេញមិនឆ្លើយតបសំណួររបស់សំឡេងសហរដ្ឋអាមេរិកវីអូអេតាមសារអ៊ីមែលតាំងពីថ្ងៃពុធ រហូតដល់រសៀលថ្ងៃព្រហស្បតិ៍នេះ។
នាយកគ្រប់គ្រងទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ប្រាប់វីអូអេថា អាជ្ញាធរកម្ពុជាគួរមានវិធានការតឹងរ៉ឹងលើអំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ព្រោះកន្លងមកគេសង្កេតឃើញមានជនជាតិចិនភាគច្រើនដែលពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋនេះ តែឥឡូវនេះចាប់ផ្តើមមានការពាក់ព័ន្ធនឹងជនជាតិជប៉ុន និងជនបរទេសមួយចំនួនទៀត។
លោកបន្ថែមថា ដើម្បីបញ្ចៀសការខាតប្រយោជន៍ផ្សេងៗរបស់កម្ពុជា ទាំងក្នុងវិស័យទេសចរណ៍ និងវិនិយោគនោះ អាជ្ញាធរមានសមត្ថកិច្ចត្រូវទប់ស្កាត់មិនឱ្យមានបទល្មើសឧក្រិដ្ឋតាមអនឡាញនេះកើតឡើងតទៅ។
លោកថ្លែងថា៖ «ទីមួយ វាអាចជះឥទ្ធិពលសម្រាប់ វិស័យទេសចរណ៍នៅកម្ពុជា សម្រាប់វិស័យវិនិយោគនៅកម្ពុជា ហើយក៏ធ្វើឱ្យកម្ពុជាយើងហ្នឹងធ្លាក់ទៅក្នុងចំណាត់ថ្នាក់មិនល្អនៃការជួញដូរមនុស្សជាបន្តទៅទៀត ដែលសហរដ្ឋអាមេរិក ដែលគេតែងដាក់យើងឥឡូវហ្នឹង លំដាប់លេខ៣ ដែលនៅក្នុងបញ្ជីខ្មៅទៅទៀត»។
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានជប៉ុន The Japan Times មានករណីជាច្រើនកើតឡើងបន្តបន្ទាប់ ដែលក្រុមទុច្ចរិតជនជាតិជប៉ុនជាច្រើននាក់ត្រូវបានរកឃើញថាកំពុងប្រើប្រាស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាកន្លែងលាក់ខ្លួន ដើម្បីបង្កអំពើឆបោក។
កាលពីខែមេសា អាជ្ញាធរកម្ពុជាបាននិរទេសជនជាតិជប៉ុនចំនួន១៩នាក់ចំពោះការសង្ស័យថាបានពាក់ព័ន្ធនៅក្នុងអំពើឆបោកតាមទូរស័ព្ទ ហើយពួកគេត្រូវបានចាប់ខ្លួនម្តងទៀតនៅពេលបញ្ជូនដល់ប្រទេសជប៉ុន។
នៅក្នុងករណីចុងក្រោយនេះ អាជ្ញាធរមូលដ្ឋានបានឆ្មក់ចូលទីតាំងមួយកន្លែងនៅរាជធានីរបស់កម្ពុជា កាលពីយប់ថ្ងៃចន្ទ និងបានរកឃើញជនជាតិជប៉ុនជាច្រើននាក់ និងជនជាតិវៀតណាមមួយចំនួន។ ហើយខ្លះទៀតបានគេចចេញពីកន្លែងកើតហេតុ។
ទាក់ទិនអំពើឆបោកតាមអនឡាញនេះ អង្គការសហប្រជាជាតិ (អ.ស.ប) បានចេញរបាយការណ៍មួយកាលពីខែសីហា ដោយបានបង្ហាញថា មានករណីបោកបញ្ឆោតតាមអនឡាញនេះក្នុងប្រទេសចំនួន៥នៅតំបន់អាស៊ីអាគ្នេយ៍។ ក្នុងនោះប្រទេសមីយ៉ាន់ម៉ាមានចំនួនច្រើនជាងគេ ប្រមាណ១២ម៉ឺននាក់។ ចំណែកនៅកម្ពុជា ត្រូវបានរកឃើញថាមានប្រមាណជា១០ម៉ឺននាក់។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជាមួយរូបបានច្រានចោលរបាយការណ៍នោះភ្លាមៗ។
អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់វីអូអេកន្លងមកថារបាយការណ៍របស់អ.ស.ប ធ្វើឡើងតាមការប៉ាន់ស្មាន ដោយមិនបានបង្ហាញពីទឡ្ហីករណ៍ណាមួយច្បាស់លាស់នោះទេ៕