ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ភ្នំពេញ​ឃុំ​ខ្លួន​ជន​ជាតិ​ចិន ​៥​នាក់ ក្នុង​ករណី​ជំរិត​ទារ​ប្រាក់​ ១០​លាន​ដុល្លារ


រូបឯកសារ៖ ទិដ្ឋភាពនៃសាលាដំបូងរាជធានីភ្នំពេញ នៅរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ ទិដ្ឋភាពនៃសាលាដំបូងរាជធានីភ្នំពេញ នៅរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

តុលាការ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​សម្រេច​ឃុំ​ខ្លួន​ជន​ជាតិ​ចិន​៥​នាក់ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​បង្ខាំង​ជំរិត​ទារ​ប្រាក់​ជន​ជាតិ​ចិន​គ្នា​ឯង ចំនួន១០​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​តុលាការ​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ។

លោក អ៊ី រិន្ទ ប្រាប់​វីអូអេ​តាម​រយៈ​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេ​ក្រាម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «ចៅ​ក្រម​ស៊ើប​សួរ​សម្រេច​ឃុំ​ខ្លួន​ជន​ជាតិ​ទាំង​៥​នាក់ បណ្តោះអាសន្ន​ នៅ​ក្នុង​មណ្ឌល​១​[ពន្ធនាគារ​ព្រៃស]»។

ចំណែក​អ្នក​នាំពាក្យ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ម្នាក់​ទៀត លោក ប្លង់ សុផល ប្រាប់​វីអូអេ​តាម​រយៈ​ប្រព័ន្ធ​ទំនាក់​ទំនង​ Whats​App កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «ករណី​ជនជាតិ​ចិន​ខាង​លើ ​តំណាង​អយ្យ​ការ​បាន​សម្រេច​បើក​ការ​ស៊ើបសួរ​ពី​បទបង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់ ​ធ្វើ​ទារុណកម្ម​ដើម្បី​ជំរិត​ទារ​ប្រាក់ និង​កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត»។

ប្រធាន​នាយកដ្ឋាន​ចារកម្ម​នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ លោក ហ៊ុន សំណាង បដិសេធ​មិន​អត្ថាធិប្បាយ ដោយ​ស្នើឱ្យ​ទាក់​ទង​ទៅ​កាន់​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​វិញ។
វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ លោក ឆាយ គឹមខឿន អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​នៅ​ឡើយ​ទេ។

វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា តាម​សារ​អ៊ីមែល​បាន​ដែរ។

សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល ​Freshnews បាន​ចុះ​ផ្សាយ​ថា​ ជនជាតិ​ចិន​៥​នាក់​នោះ​បាន​បង្ខាំង​ជំរិត​ទារ​ប្រាក់ចំនួន ១០​លាន​ដុល្លារ​ពី​ជន​ចិន​ដូច​គ្នា។ សារព័ត៌មាន​បន្ថែម​ថា ​ក្រុម​ជនជាតិ​ចិន​នោះ​ក៏​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ផង​ដែរ។ សមត្ថកិច្ច​បាន​ចុះ​បង្រ្កាប កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២៣ ក្រោយ​ទទួល​បណ្ដឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ។ នេះ​បើ​តាម​សារព័ត៌មាន​ Freshnews។

នាយក​រង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​អនុវត្ត​ទៅ​តាម​ច្បាប់ និង​បន្ត​បង្រ្កាប​បទ​ល្មើស​បែប​នេះ។

លោក​បន្ថែម​ទៀត​ថា៖ «អ៊ីចឹង​អ្វី​ដែល​អាជ្ញាធរ​កម្ពុជា​ត្រូវ​ធ្វើ​នោះ គឺ​ការ​អនុវត្ត​ទៅ​តាម​ច្បាប់​នៃ​កម្ពុជា ហើយ​និង​ការ​បង្ក្រាប ការទប់​ស្កាត់ ដើម្បី​កុំ​ឱ្យ​មាន​បទ​ល្មើស​ទាំង​អស់​នោះ​កើត​មក​លើ​ទឹកដី​កម្ពុជា ពី​ព្រោះ​ទោះបី​ជា​បរទេស​ឬ​មិន​បរទេសក៏​វា​បង្ក ទី​មួយ​គឺ​ភាព​ភ័យ​ខ្លាច​របស់​បងប្អូន​ប្រជា​ពលរដ្ឋ ទី​ពីរ​ធ្វើ​ឱ្យ​មាន​ការ​រិះ​គន់​អំពី​បទល្មើស​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

លោក​បញ្ជាក់​ថា​ បទ​ល្មើស​រវាង​ជន​បរទេស និង​ជន​បរទេស​កើត​មាន​ច្រើន​នៅ​ក្នុង​ទឹកដី​កម្ពុជា ដូច​ជា​ការ​ចាប់​ជំរិត ការ​ជួញ​ដូរ​តាម​ប្រព័ន្ធ​អនឡាញ ការ​ជួញ​ដូរ​មនុស្ស ការ​ជួញដូរ​កម្លាំង​ពលកម្ម និង​បទល្មើស​ផ្សេងៗ​ទៀត។

មួយ​រយៈ​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (Scam)​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​បរទេស​ធ្វើ​ការ​នៅ​តាម​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មាន​សេចក្តី​រាយការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួក​គេ​មិន​ឱ្យ​មាន​សេរី​ភាព ​ការ​ធ្វើ​ទារុណ​កម្ម ​និង​ការ​ជំរិត​ទារ​ប្រាក់​ជា​ដើម។​ ឧក្រិដ្ឋ​ជន ​ដែល​ភាគ​ច្រើន​ជា​ជន​បរទេស ​បាន​ជួល​អគារ ​ឬ​ទីតាំង​ពី​អ្នក​ជំនួញ​ដែល​ជា​ជន​ជាតិ​ខ្មែរ​ដើម្បី​ប្រព្រឹត្ត​អំពើ​ទាំង​នោះ។

គិត​ចាប់​តាំង​ពី​ខែ​សីហា ​ឆ្នាំ​២០២២ ដែល​មានការ​ចុះ​បង្រ្កាប​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​កម្លាំង​ពលកម្ម​បរទេស ​និង​ការ​បង្ខាំង​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ជន​បរទេស​សរុប​ប្រមាណ​ ២.១០០​នាក់​ត្រូវ​បាន​ជួយ​សង្រ្គោះ​តាម​រយៈ​ពាក្យ​បណ្តឹង​មក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ។ នេះ​បើ​យោង​តាម​សារ​ដែល​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​ លោក ​ស ខេង ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​កាល​ពី​ថ្ងៃទី​៧ ​ខែ​មេសា ​ឆ្នាំ​២០២៣។ ជន​បរទេស​ទាំង​នោះ មាន​ ១៦​សញ្ជាតិ ហើយ​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន ​វៀតណាម​ និង​ឥណ្ឌូណេស៊ី៕

XS
SM
MD
LG