ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​ជប៉ុន​ ១៩ ​នាក់​ត្រូវ​ហាម​មិន​ឱ្យ​ចូល​កម្ពុជា​ ៣ ឆ្នាំ​ ក្រោយ​បណ្តេញ​ចេញ


យន្តហោះដែលដឹកជនជាតិជប៉ុន ១៩ នាក់ ដែលត្រូវបានបណ្តេញចេញពីកម្ពុជាពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមទូរសព្ទ កំពុងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣។
យន្តហោះដែលដឹកជនជាតិជប៉ុន ១៩ នាក់ ដែលត្រូវបានបណ្តេញចេញពីកម្ពុជាពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមទូរសព្ទ កំពុងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣។

ជន​ជាតិ​ជប៉ុន​ ១៩​ នាក់​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចូល​ទឹក​ដី​កម្ពុជា​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ ​ក្រោយ​ពី​ពួក​គេ​ត្រូវ​បាន​បណ្តេញ​ចេញ ​ព្រោះ​អាជ្ញាធរ​កម្ពុជា​អះអាង​ថា​ ពួកគេ​រស់​នៅ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។ ​នេះ​បើ​យោង​តាម​សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ។

ជន​ជាតិ​ជប៉ុន​ ១៩ ​នាក់ ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​តាំង​ពី​ខែ​មករា​ ឆ្នាំ​ ២០២៣ ​ក្នុង​ខេត្ត​ព្រះសីហនុ ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា ​កាល​ពីរសៀល​ថ្ងៃ​អង្គារ ​តាម​ជើង​យន្តហោះ​ដាច់​ដោយ​ឡែក​មួយ ​ដោយ​មាន​ការ​យាម​កាម​ដោយ​នគរបាល​ជប៉ុន​ដោយ​ផ្ទាល់ ។​

អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​បាន​លើក​ឡើង​ថា​ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ក្នុង​ភូមិសាស្រ្ត​ខេត្ត​ព្រះសីហនុ ​បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​តាមរយៈ​ Hotline​ របស់​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ កាល​ពី​ចុង​ខែ​មករា ​ឆ្នាំ ២០២៣។​

សារ​ព័ត៌មាន​ជប៉ុន ​NHK​ បាន​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​ថា​ អាជ្ញាធរ​ជប៉ុន​បាន​ទទួល​ដីកា​ចាប់​ខ្លួន​ជនជាតិ​ជប៉ុន​ទាំង​ ១៩ ​នាក់​នោះ ​ដោយ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​ទូរសព្ទ​លើ​ជនជាតិ​ជប៉ុន ​ដោយ​ប្រើ​ប្រាស់​ទីតាំង​ក្នុង​ប្រទេស​កម្ពុជា។ ​សារព័ត៌មាន​ NHK​ ចុះ​ផ្សាយ​ទៀត​ថា ​ជនជាតិ​ជប៉ុន​ទាំង​នោះ​បាន​ឆបោកប្រាក់​ប្រមាណ​ ១.៩០០ ​ដុល្លារ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ពី​ស្រ្តី​ជនជាតិ​ជប៉ុន​ម្នាក់​ ​វ័យ​៦០​ឆ្នាំ។​

ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (Scam)​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​បរទេស​ធ្វើ​ការ​នៅ​តាម​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួក​គេ​មិន​ឱ្យ​មាន​សេរីភាព ​ការ​ធ្វើ​ទារុណកម្ម ​និង​ការ​ជំរិត​ទារ​ប្រាក់​ជា​ដើម។​ ឧក្រិដ្ឋ​ជន ​ដែល​ភាគ​ច្រើន​ជា​ជន​បរទេស ​បាន​ជួល​អគារ ​ឬ​ទីតាំង​ពី​អ្នក​ជំនួញ​ដែល​ជា​ជនជាតិ​ខ្មែរ​ដើម្បី​ប្រព្រឹត្ត​អំពើ​ទាំង​នោះ៕

XS
SM
MD
LG