ក្រោយទទួលបានពានរង្វាន់ពិភពលោក បណ្តាញសហគមន៍ព្រៃឡង់ដែលជាបណ្តាញពលរដ្ឋរស់នៅក្បែតំបន់ព្រៃទឹកភ្លៀង នឹងបន្តសកម្មភាពល្បាតនិងការពារព្រៃឈើ ដែលនៅសេសសល់ពីការកាប់បំផ្លាញ។
កាលពីសប្តាហ៍កន្លងទៅ បណ្តាញសហគមន៍ព្រៃឡង់ទទួលបានពានរង្វាន់ថ្នាក់ជាតិថាមពលពិភពលោកឆ្នាំ២០១៩ (Energy Globe Award) សម្រាប់កិច្ចប្រឹងប្រែងអភិរក្សតំបន់ព្រៃឡង់ ដែលកំពុងរងការគំរាមកំហែងពីការកាប់បំផ្លាញនៅក្នុងប្រទេសកម្ពុជា។ ពានរង្វាន់ថ្នាក់ជាតិថាមពលពិភពលោកជា ពានរង្វាន់ទីបួនដែលបណ្តាញសហគមន៍ព្រៃឡង់ទទួលបាន ហើយពានរង្វាន់នេះត្រូវបានចាត់ទុកស្មើនឹង «ពានរង្វាន់ណូបែលផ្នែកបរិស្ថាន»។
លោក ឯក សុវណ្ណា តំណាងសហគមន៍ព្រៃឡង់នៅខេត្តក្រចេះ បានប្រាប់ VOA នៅថ្ងៃអង្គារនេះថា លោកមានក្តីសោមន្សរីករាយដែលបណ្តាញសហគមន៍ព្រៃឡង់ទទួលបានពានរង្វាន់ថ្នាក់ជាតិថាមពលពិភពលោកឆ្នាំ ២០១៩។
«យើងខ្ញុំទាំងអស់គ្នាមានចំណាប់អារម្មណ៍សប្បាយរីករាយ ដោយសារការខិតខំប្រឹងប្រែងរបស់បណ្តាញសង្គមព្រៃឡង់គឺទទួលបានជោគជ័យជាបណ្តើរៗ»។
ពានរង្វាន់ថ្នាក់ជាតិថាមពលពិភពលោកគឺជា ពានរង្វាន់លំដាប់ពិភពលោកផ្នែកបរិស្ថានដោយអ្នកទទួលបានជ័យលាភី ត្រូវបានជ្រើសដោយគណៈវិនិច្ឆ័យមកពីអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ ធនាគារពិភពលោក និងក្រុមប្រឹក្សាថាមពលកើតឡើងវិញអឺរ៉ុប។
យ៉ាងណាក្តី តំណាងសហគមន៍ព្រៃឡង់លោក ឯក សុវណ្ណា ក៏បានលើកឡើងពីសកម្មភាពនៃការកាប់បំផ្លាញព្រៃឈើ ដែលនៅតែបន្តមានឡើងនៅតំបន់ព្រៃឡង់ ហើយលោកបានសង្កត់ធ្ងន់ពីសកម្មភាពកាប់ព្រៃឈើដើម្បីឲ្យឈ្មួញនៅក្រៅប្រទេស។ លោកបន្តថា ភាគច្រើននៃសកម្មភាពកាប់ព្រៃឈើខុសច្បាប់គឺ ឈ្មួញជួលឲ្យប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ចូលទៅកាប់ឲ្យ។
«ឈ្មួញដោយសារតែគាត់មានលុយអញ្ចឹងទៅ គាត់ទៅជួលប្រជាពលរដ្ឋ ឬក៏កសិករនៅជុំវិញ ដែលគាត់ពុំសូវមានជីវភាព ឬក៏ការងារអញ្ចឹងទៅ ហ្នឹងហើយមានលុយអញ្ចឹងទៅ ពួកគាត់ទៅជួល។ នៅពេលដែលបណ្តាញសហគមន៍ ឬក៏ឧទ្យានុរក្សចាប់គាត់បាន យើងមិនដែលចាប់បានឈ្មួញ ឬថៅកែទេ។ យើងចាប់បានប្រជាពលរដ្ឋដែលគាត់មកធ្វើផ្ទាល់ហ្នឹង»។
ទោះបីជាសាទរនូវច្បាប់ សារាចរណ៍ និងសេចក្តីប្រកាសផ្សេងៗចំពោះការអភិរក្សព្រៃឈើក៏ដោយ លោក ឯក សុវណ្ណា តំណាងសហគមន៍ព្រៃឡង់នៅតែមានមន្ទិលចំពោះការអនុវត្តច្បាប់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចដដែល។
បណ្តាញសហគមន៍ព្រៃឡង់គឺជាបណ្តាញដែលមានសមាជិកសហគមន៍មូលដ្ឋានធ្វើការដើម្បីស្តារព្រៃឡង់ពីការកាប់ឈើខុសច្បាប់ និងកសិកម្មឧស្សាហកម្ម។ សមាជិកនៃបណ្តាញសហគមន៍ព្រៃឡង់មានមកពីខេត្តចំនួនបួន រួមមាន ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ។
កាលពីថ្ងៃទី១៧ ខែមិថុនាកន្លងទៅនេះ បណ្តាញសហគមន៍ព្រៃឡង់បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញពី «កង្វល់យ៉ាងខ្លាំងក្លា ចំពោះការកាប់បំផ្លាញនិងដឹកជញ្ជូនឈើអាណាធិបតេយ្យនិងសកម្មភាពល្មើសច្បាប់ជាច្រើនផ្សេងទៀត ដែលកំពុងកើតមានឡើងនៅក្នុងតំបន់ព្រៃឡង់»។
លោក នេត ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន បានច្រានចោលការលើកឡើង ដែលថា មានការកាប់បំផ្លាញ និងដឹកជញ្ជូនព្រៃឈើបែបអាណាធិបតេយ្យនៅតំបន់ព្រៃឡង់ដោយលោកបានបញ្ជាក់ថា សហគមន៍ព្រៃឡង់មិនមែនជាសហគមន៍ផ្លូវការ។
លោក នេត ភក្រ្តា បាននិយាយថា៖
«បាទ អ្វីដែលសហគមន៍ព្រៃឡើងដែលគាត់បានចេញជារបាយការណ៍នេះគឺជារបាយការណ៍មួយដែលយើងមិនទទួលស្គាល់ទេ ដោយសារតែជារបាយការណ៍ដែលមានលក្ខណៈមួយមិនឆ្លុះបញ្ចាំងអំពីបច្ចេកទេសពិតប្រាកដ»។
លោកបានបន្តថា៖
«អញ្ចឹងការលើកឡើងរបស់បណ្តាញសហគមន៍ព្រៃឡង់នៅក្នុងការចុះល្បាតក្នុងចំនួនតិចតួចគឺវាមិនឆ្លុះបញ្ចាំងពីការពិតនៅក្នុងដំណើរការនៃការអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ព្រៃឡង់ទេ»។
លោក នេត ភក្ត្រា ទទួលស្គាល់ការប្រើប្រាស់ប្រជាពលរដ្ឋក្នុងសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងទម្រង់តូចដើម្បីរត់ពន្ធដោយឈ្មួញ ប៉ុន្តែលោកបានបញ្ជាក់ថា ករណីនេះគ្រានតែជាបទល្មើស «ថ្នាក់ទាប» ប៉ុណ្ណោះ។
គិតពីឆ្នាំ ២០១៨ មានការបង្រ្កាបករណីកាប់បំផ្លាញព្រៃឈើខុសច្បាប់ជាង ៣០០ករណីនៅតំបន់ព្រៃឡង់ ដែលជាការថយចុះ ២០ភាគរយធៀបនឹងឆ្នាំ ២០១៧។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ។ យ៉ាងណាក៏ដោយ លោក នេត ភក្រ្តាបានបន្ថែមថាក្រសួងបរិស្ថាននឹងនៅតែបន្តសហការជាមួយបណ្តាញសហគមន៍ព្រៃឡង់ និងសហគមន៍ព្រៃឈើផ្សេងទៀតដើម្បីចុះល្បាត និងបង្រ្កាបបទល្មើសព្រៃឈើនានាផងដែរ៕