ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គម​ស៊ីវិល​ពិភាក្សា​អំពី​កង្វះ​យន្តការ​ទប់ស្កាត់​និងការផ្លាស់​ប្តូរទម្រង់​ពុករលួយ


យុវជនចូលរួមក្នុង​កម្មវិធី​ប្រារព្ធ​ទិវាប្រឆាំង​អំពើ​ពុក​រលួយ​អន្តរជាតិ​ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​ ៨ ខែធ្នូ ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី/វីអូអេ)
យុវជនចូលរួមក្នុង​កម្មវិធី​ប្រារព្ធ​ទិវាប្រឆាំង​អំពើ​ពុក​រលួយ​អន្តរជាតិ​ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​ ៨ ខែធ្នូ ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី/វីអូអេ)

ក្នុង​ទិវា​ប្រឆាំង​អំពើ​ពុក​រលួយ​អន្តរជាតិ ឆ្នាំ​ ២០២២​ នេះ​ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​លើក​ឡើង​អពី​កង្វះ​យន្ត​ការ​ទប់ស្កាត់​អំពី​អំពើ​ពុក​រលួយ ខណៈ​មិន​ទាន់​មាន​ការ​អនុម័ត​សេច​ក្តី​ស្នើ​ច្បាប់​មួយ​ចំនួន​ ពាក់​ព័ន្ធ​នឹង​ការ​ទប់​ស្កាត់​អំពើ​ពុក​រលួយ។

អ្នក​ឃ្លាំ​មើល​សង្គម​ខ្លះ​ក៏​បាន​លើក​ឡើង​អំពី​ការ​ប្រែ​ប្រួល​នៃ​ទម្រង់​អំពើ​ពុក​រលួយ​ និង​ភាព​ស្មុគ​ស្មាញ​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ពុក​រលួយ​ នៅ​ពេល​ការ​អនុវត្ត​ច្បាប់​មិន​ទាន់​មាន​ប្រសិទ្ធភាព ហើយការ​រំលោភ​អំណាច​ដើម្បីប្រព្រឹត្តអំពើ​ពុក​រលួយ​ក៏​កំពុង​កើត​មាន​ក្នុង​សង្គម​កម្ពុជា​ជា​បន្តបន្ទាប់។

កញ្ញា លី​ ស្រីស្រស់​ អ្នក​សម្រប​សម្រួល​មជ្ឈមណ្ឌល​តស៊ូមតិ​ និង​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ បាន​លើក​ឡើង​ថា​ មាន​ការ​ខ្វះ​ខាត​ច្បាប់​មួយ​ចំនួន​ដើម្បី​បំពេញ​ដល់​យន្តការ​ទប់​ស្កាត់​អំពើ​ពុក​រលួយ​ និង​ការ​លើក​ទឹកចិត្ត​ពលរដ្ឋ​ឲ្យ​ចូលរួម​ទប់​ស្កាត់​អំពើពុក​រលួយ។

កញ្ញា​ថ្លែង​ថា៖ «អ៊ីចឹង​ ស្មារតី​នៅ​ក្នុងសង្គម​ហ្នឹង​ គឺ​ត្រូវមាន​ដែរ​ មាន​ន័យ​ថា​ រដ្ឋ​ត្រូវ​មាន​យន្តការ​នៅ​ក្នុង​ការ​លើក​ទឹក​ចិត្ត ទោះបី​មិន​នៅ​ក្នុង​កម្រិត​ច្បាប់​មែន​ ប៉ុន្តែ​មាន​យន្តការ​នៅ​ក្នុង​ការ​លើក​ទឹក​ចិត្ត​ ដើម្បី​ឲ្យ​ពលរដ្ឋ​ហ្នឹង​នាំ​គ្នា​រាយការណ៍​អំពី​អំពើ​ពុក​រលួយ»។

កញ្ញាសង្កត់​ធ្ងន់​លើ​ភាព​ខ្វះចន្លោះផ្នែក​ច្បាប់​ដែលអាច​រួម​ចំណែក​ដល់​ការ​ទប់ស្កាត់​អំពើ​ពុក​រលួយ​ ដោយ​សំដៅ​ដល់​កង្វះ​ច្បាប់​ការពារ​អ្នក​ហ៊ាន​រាយ​ការណ៍​អំពី​អំពើ​ពុក​រលួយ​ ក្រោយ​កម្ពុជា​បង្កើត​បាន​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​តាំង​ពី​ ១០ ​ឆ្នាំមុន។

ក្នុងទិវា​ប្រឆាំង​អំពើ​ពុករលួយ​អន្តរជាតិ​ វាគ្មិន​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​មួយចំនួន​ដែលនាំ​ឲ្យមានការ​បន្តប្រព្រឹត្ត​អំពើពុករលួយនៅ​ប្រទេស​កម្ពុជា​។ (ហ៊ុល រស្មី​/វីអូអេ)​
ក្នុងទិវា​ប្រឆាំង​អំពើ​ពុករលួយ​អន្តរជាតិ​ វាគ្មិន​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​មួយចំនួន​ដែលនាំ​ឲ្យមានការ​បន្តប្រព្រឹត្ត​អំពើពុករលួយនៅ​ប្រទេស​កម្ពុជា​។ (ហ៊ុល រស្មី​/វីអូអេ)​

កញ្ញា​ប្រាប់​អ្នកចូលរួម​ដែល​ភាគច្រើន​ជា​យុវជន​អំឡុងពិធី​ប្រារព្ធ​ទិវា​ប្រឆាំង​អំពើ​ពុករលួយ​អន្តរជាតិ​ក្នុងទីក្រុង​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «ឥឡូវ​ហ្នឹង​ យើង​កំពុង​តែ​មាន​ draft law គឺ​សេចក្តី​ព្រាង​អំពី​ការ​ការពារ​បុគ្គល​ រាយការណ៍​ស្របពេល​ដែល​ ... បើបណ្តា​ប្រទេស​ផ្សេង​ទៀត​គឺ​គេ​មាន។ ហើយ​នៅ​ក្នុង​ហ្នឹង​ដូច​ខ្ញុំ​ដឹង​ នៅ​ឥណ្ឌូណេស៊ី​គេមាន​ការ​លើក​ទឹក​ចិត្ត​ទៀត​ បើប្អូន​ទៅ​រាយការណ៍​អំពើ​ពុក​រលួយ​ទៅកាន់​ស្ថាប័ន​រដ្ឋ គឺ​គេមាន​អំណោយ​ឲ្យ​ប្អូន​ទៀត»។

បើតាម​កញ្ញា​ លី ស្រីស្រស់​ កម្ពុជា​ក៏​មិន​ទាន់​មានច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ដែល​អាច​ជា​ជំនួយ​ដល់​សាធារណជន ឬ​អ្នក​សារព័ត៌មាន​ក្នុង​ការ​លាត​ត្រដាង​អំពើ​ពុក​រលួយ​នៅ​ឡើយ​ទេ។

កញ្ញា​ថ្លែង​បន្ថែម​ថា​៖ «ការ​ជំរុញ​ឲ្យ​មាន​ច្បាប់​ឬ​ក៏​អនុម័ត​ច្បាប់​ស្តី​អំពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ គឺ​ជា​ចំណុច​មួយ​ដែរ​ ដើម្បី​លើក​កម្ពស់​តម្លាភាព​ ក៏ដូច​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។ អ៊ីចឹង​ ការ​ចូលរួម​ហ្នឹង​មិន​មែន​តែ​ពីយុវជន​ប្អូនៗ​ គឺ​មាន​ទាំង​អ្នក​កាសែត»។

មន្ត្រី​សង្គមស៊ីវិល​រូបនេះ​កត់​សម្គាល់​ទៀត​ថា​ ភាព​ភ័យ​ខ្លាច​របស់​យុវជន ឬ​ពលរដ្ឋ និង​ការ​មិន​ប្រើ​ប្រាស់សិទ្ធិ​ស្រប​តាម​ច្បាប់​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ពុក​រលួយ​ និង​កង្វះ​ការយល់​ដឹង​របស់​យុវជន ក៏​ដូច​ជា​ពលរដ្ឋ​នៅ​ក្នុង​ការតាម​ដាន​ដំណើរ​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ ក៏​ជា​ឧបសគ្គ​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ពុក​រលួ​យផង​ដែរ។

យុវជនចូលរួមក្នុង​កម្មវិធី​ប្រារព្ធ​ទិវាប្រឆាំង​អំពើ​ពុក​រលួយ​អន្តរជាតិ​ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី/វីអូអេ)
យុវជនចូលរួមក្នុង​កម្មវិធី​ប្រារព្ធ​ទិវាប្រឆាំង​អំពើ​ពុក​រលួយ​អន្តរជាតិ​ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី/វីអូអេ)

​ក្នុង​រយៈពេល​មួយទសវត្សរ៍ចុង​ក្រោយ​នេះ អំពើ​ពុក​រលួយ​នៅ​កម្ពុជា​នៅតែ​ចាក់​ឫស​ក្នុង​សង្គម​ជាតិ​និង​នយោបាយ​កម្ពុជា​ ទោះ​បីជា​មាន​កិច្ចខិត​ខំ​ប្រឹង​ប្រែង​ជា​ច្រើន​ដើម្បី​លុប​បំបាត់​បញ្ហា​មួយ​នេះ​ក្តី។ ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៨០ លើ​ពិភពលោក​ កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ពី​ចន្លោះ ១៥០ ដល់ ១៦២ ដែល​ជា​ប្រទេស​មាន​អំពើ​ពុក​រលួយ​ខ្ពស់​បំផុត​មួយ។

បើ​តាម​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ ​ឆ្នាំ​ ២០២១​ ដែល​បាន​ចេញ​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) នៅ​ថ្ងៃ​ទី​ ២៥ ខែ​មករា ឆ្នាំ​ ២០២២​ បង្ហាញ​ថា កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១៥៧ ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៨០ នៅ​លើ​ពិភព​លោក។ ​

ចំណាត់​ថ្នាក់​នេះ​ថយជាង​ឆ្នាំ​មុន​បន្តិច ដែល​មាន​ចំណាត់​ថ្នាក់ ​១៦០។ យ៉ាង​ណាក្តី ចំណាត់​ថ្នាក់​នេះ​បង្ហាញ​ថា កម្ពុជា​នៅ​តែ​ជាប្រទេស​ដែល​មាន​កម្រិត​ពុក​រលួយ​អាក្រក់​ជាង​គេបំផុត​ក្នុងចំណោម​ប្រទេស​ទាំង​១០ នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន។

អំឡុង​ពេល​នៃ​ប្រារព្ធ​ទិវាប្រឆាំង​អំពើ​ពុករលួយ​រៀប​ចំ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា​ដោយ​មាន​ការ​ឧបត្ថម្ភគាំទ្រ​ពី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត​នោះ​ មាន​ការ​បែង​ចែក​កិច្ចពិភាក្សាប្រធាន​បទ​មួយ​ចំនួន​ ក្នុងនោះ​ មានការ​ពិភាក្សាអំពីអំពើ​ពុករលួយ​ខាង​នយោបាយ។

នៅ​ក្នុង​ពេល​ពិភាក្សា​ប្រធាន​បទ​នេះ​ មាន​ការ​ចោទ​សួរ​ពី​យុវជន​ខ្លះ​ អំពីលទ្ធភាព​នៃ​ការ​បញ្ឈប់​ការ​ប្រើ​ប្រាស់​លុយ​ ដើម្បី​យក​អំណាច​ជាជាង​ប្រើប្រាស់​សមត្ថភាព​ដែល​សម​នឹង​ទទួលបាន​អំណាច​នៅ​តាម​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន។

អ្នកវិភាគ​បញ្ហា​សង្គម​ និង​នយោបាយ លោក ​មាស នី​ បកស្រាយ​ថា​ នៅពេល​ប្រព័ន្ធ​នយោបាយ​មួយ​ ក្លាយ​ជា​ប្រព័ន្ធ​ដែល​ពុករលួយ​ខ្លាំង ឬ​អ្វីដែល​ហៅ​ថា​ ជាប្រព័ន្ធ​ឯង​ជួយ​អញ​ អញ​ជួយឯង​ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ បរិបាលភាព​នោះ​ ការ​ប្រើប្រាស់​សមត្ថភាព​ដើម្បី​ទទួលបាន​អំណាច​តួនាទី​ គឺ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់។

អ្នក​វិភាគ​បញ្ហា​សង្គម​ និង​នយោបាយ លោក​មាស នី​ ថ្លែង​ក្នុង​កិច្ចពិភ្សា​អំពី​អំពើ​ពុក​រលួយ​ខាង​នយោបាយ​ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)
អ្នក​វិភាគ​បញ្ហា​សង្គម​ និង​នយោបាយ លោក​មាស នី​ ថ្លែង​ក្នុង​កិច្ចពិភ្សា​អំពី​អំពើ​ពុក​រលួយ​ខាង​នយោបាយ​ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)

លោ​ថ្លែងថា៖ «នៅ​ក្នុងប្រទេស​គេ​ដែល​ អា politics [នយោបាយ​] ឬក៏​នយោបាយ​របស់​គេ​មិន​ទាន់​ចូល​ទៅ​ដល់​ក្នុង​កម្រិត​មួយ​ដែល​ពុករលួយ​ គឺ​គេ​អាច​ទប់​បាន។ កាលណា​មាន​បញ្ហា​សង្គម​ ឧទាហរណ៍​ថា​ គេសួរ​ថា​ នៅ​ពេល​ដែលមាន​វិនិយោគទុន​មក​ តើ​នរណា​ ដែល​ជា​អ្នកទទួល​ ហើយ​ការ​ទទួល​ការ​ដេញ​ថ្លៃ​ ការ​អីហ្នឹង​ ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ ដើម្បី​ឲ្យ​មាន​សុក្រឹតភាព? ប៉ុន្តែ បើយើង​លើក​យក​មក​ ដូច​ជា​លោក​ ប៉ា ចន្ទរឿន​បាន​លើក​ឡើង​ពី​ រឿង​ patronage system (បរិបាលភាព​) ឯង​ជួយ​អញ​ អញជួយ​ឯង​ ហើយ​ប្រព័ន្ធគ្រប់​គ្រង​មួយ​ ការ​រៀប​ចំ​មួយ​ដែល​ផ្អែក​ទៅ​លើ​បក្ខពួកនិយម​ ហើយ​និង​គ្រួសារ​និយម​ ពេល​ហ្នឹង​ អា​ការដីធ្លី​ថ្លៃ ដេញអីហ្នឹង​ វា​លែង​មាន​ន័យ​ហើយ។ វា​អាស្រ័យ​ទៅ​លើ​អ្នកណា​ខ្លាំង​ គឺ​អ្នកហ្នឹង​ឯង​ត្រូវបាន»។

លោក​បន្ថែមថា​៖ «អ៊ីចឹង​វិលត្រឡប់មក​វិញ​ នាង​បាន​សួរ​ថា​ តើ​ការ​ប្រើតួនាទី​ រដ្ឋ​ក្នុង​ប្រពន្ធ​របស់​រដ្ឋ​ ដែល​យក​សមត្ថភាព​មក​ដាក់​ហ្នឹង​ អាច​ទៅ​រួច​ដែរ​ឬអត់​នៅ​ក្នុង​ពេល​ខាង​មុខ? ខ្ញុំមិន​និយាយ​ទៅ​រួច​ ឬមិន​រួច​ទេ​ ក៏ប៉ុន្តែ​វា​មាន​ប្រព័ន្ធ​មួយ​ដែល​កំពុង​តែ​គ្រប​ដណ្តប់​មក​ហ្នឹង​ គឺ​ប្រព័ន្ធ​ការ​រៀប​ចំ​ កាន់តែ​ក្រាស់​ទៅៗ ផ្អែក​ទៅ​លើ​គ្រួសារ​និយម​ បក្ខពួក​និយម​ហ្នឹង​ឯង​ ដែល​វា​ជា​ការ​ពិបាក»។

ដោយ​ឡែក​ ស្ថាបនិក​វេទិកា​អនាគត​ លោក ​អ៊ូ វីរៈ​ បាន​ប្រមើ​មើល​ពី​ការ​ប្រែប្រួល​នៃ​ទម្រង់​ពុករលួយ ពោល​គឺ​នឹងមាន​ការ​សាប​រលាប​នៃ​អំពើ​សូកប៉ាន់​ ឬ​ការ​លួច​លុយ​ និងសម្បត្តិ​ជាតិ​ តែ​នឹង​មានសកម្ម​ភាព​ពុករលួយ​មួយ​ដែល​សាធារណជន​ទូទៅ​ពិបាក​យល់។

លោក​ថ្លែងថា៖​ «ទៅ​អនាគតទៅ​ បញ្ហា​សូក​ប៉ាន់​ និង​ការ​លួច​ហ្នឹង​ គឺ​ជា​បញ្ហា​តូច​មួយ​នៃ​អំពើ​ពុក​រលួយ​ ជា​ផ្នែក​មួយ​តូច។ ផ្នែក​មួយ​ដែលធំ​បំផុត​គឺ​ procurement [លទ្ធកម្មសាធារណៈ ឬការ​ទទួល​បាន] ការ​ចុះ​កិច្ច​សន្យា​នៃ​គម្រោង​ធំៗ​របស់​រដ្ឋ»។

ស្ថាបនិក​វេទិកា​អនាគត​ លោក ​អ៊ូ វីរៈ ថ្លែង​ក្នុង​កិច្ចពិភ្សា​អំពី​អំពើ​ពុក​រលួយ​ខាង​នយោបាយ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)
ស្ថាបនិក​វេទិកា​អនាគត​ លោក ​អ៊ូ វីរៈ ថ្លែង​ក្នុង​កិច្ចពិភ្សា​អំពី​អំពើ​ពុក​រលួយ​ខាង​នយោបាយ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)

លោក​បន្ថែមថា​៖ «Procurement​ គឺ​ជា​ពុក​រលួយ​ដែល​ស្អាត​បំផុត​ វាគេ​ហៅថា​ bloodless murder [ការ​សម្លាប់​ដោយ​គ្មាន​ឈាម​] អ៊ីចឹង​ យើង​ខ្ញុំ​ទាយ​ថា​ ការ​ចុះកិច្ច​សន្យា​តាម​រយៈ ​procurement ហ្នឹង​ គឺ​ធំ​ជាង​ ពិបាក​មើល​ជាង​ ពិបាក​យល់​ជាង​ អត់​ឃើញ​ឈាម​ហូរ​ទេ​ អត់​ឃើញ​ប៉ាន់​ត្រូវសូក​ ក៏​អត់​មាន​អ្នក​ប៉ាន់​ត្រូវ​យក​ដែរ​ ទៅ​មាន​អ្នក​សូក មាន​អ្នក​ទាញ។ អ៊ីចឹង​ ក្នុង​ករណី​ហ្នឹង​ គឺ​ការ​អភិវឌ្ឍ​នៃ​អំពើ​ពុក​រលួយ​នឹង​វិវឌ្ឍ​ដល់​ជំហាន​មួយ​ដែល​ពិបាក​យល់​ ពិបាក​ទាំង​ខឹង​ទៀត»។

គួរ​រំឭក​ឡើង​វិញ​ផង​ដែរថា ​មហា​សន្និបាតនៃ​អង្គការ​សហប្រជាជាតិ​បាន​កំណត់​យក​ថ្ងៃ​ទី​ ៩ ខែ​ធ្នូ​ ជា​ទិវា​ប្រឆាំង​អំពើ​ពុករលួយ​អន្តរជាតិ បន្ទាប់​ពី​មហាសន្និបាត​បាន​អនុម័ត​អនុសញ្ញា​ប្រឆាំងនឹង​អំពើ​ពុក​រលួយ កាល​ពី​ថ្ងៃទី​ ៣១ ខែតុលា ​ឆ្នាំ​ ២០០៣។ ការ​ប្រារព្ធ​ទិវា​នេះ គឺ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ និង​តួនាទី​នៃ​អនុសញ្ញា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនិង​ទប់​ស្កាត់​អំពើពុករលួយ ដែល​បាន​ចូលជា​ធរមាន​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​ ២០០៥។

នៅ​ពេល​ក្រុម​អង្គការស៊ីវិល​ធ្វើការ​ប្រារព្ធ​ទិវាប្រឆាំង​នឹង​អំពើពុករលួយ​អន្តរជាតិ​ ក៏មាន​ការ​អញ្ជើញ​អ្នក​តំណាង​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​រដ្ឋាភិបាល​កម្ពុជា​មកចូលរួម​ផង​ដែរ​ តែ​មិន​ឃើញ​មាន​មន្ត្រី​រូប​ណា​មក​ពី​អង្គភាព​នេះ​បង្ហាញ​ខ្លួន​នោះ​ទេ។

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លោក សយ ​ចាន់វិចិត្រ តាម​ប្រព័ន្ធ​ទូរសព្ទ​បាន​ទេ​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ។

យុវជន​មួយ​ចំនួន​ដែល​វីអូអេ​បាន​សម្ភាសន៍ នៅថ្ងៃ​ព្រហស្បតិ៍​នេះ លើក​ឡើង​ថា​ពលរដ្ឋ​ទូទៅ ក៏ដូច​ជា​យុវជន​ដែល​ជាសិស្ស ឬនិស្សិត​ ត្រូវ​ចូលរួម​ស្វែង​យល់​អំពី​សិទ្ធិ និង​កាតព្វកិច្ច​ក្នុងការ​ទប់​ស្កាត់​អំពើ​ពុករលួយ​ ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​កសាង​សង្គម​ប្រកប​ដោយ​តម្លាភាព និងការ​ទទួល​ខុស​ត្រូវ៕

XS
SM
MD
LG