ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ស ខេង ព្រមាន​ដក​តំណែង​មន្ត្រី​ បើ​​ជ្រើស​រើស​នគរបាល​ប៉ុស្តិ៍​មិន​ត្រឹមត្រូវ


លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​ស៊ុយអែត លោក Anders Ygeman នៅ​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។ (Reuters)
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​ស៊ុយអែត លោក Anders Ygeman នៅ​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។ (Reuters)

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង បាន​ព្រមានអាជ្ញាធរ​ខេត្ត​ទាំង​អស់​ថា ​ប្រយ័ត្ន​អស់​តំណែង ប្រសិន​បើ​ការ​ជ្រើស​រើស​នគរបាល​ប៉ុស្តិ៍ នៅ​តែ​មិន​បាន​ត្រឹម​ត្រូវ តាម​បទ​បញ្ជា​របស់ថ្នាក់ជាតិ។

​ការ​ព្រ​មាន​នេះ ក្រោយពេល​លោក ​ស ខេង បាន​ទទួល​ពាក្យ​បណ្តឹង និង​បាន​សង្កេត​ឃើញ​ថា​ ការ​ជ្រើស​រើស​នគរបាល​ប៉ុស្តិ៍ នៅ​មាន​ភាព​មិន​ប្រក្រតី ​ដែល​ធ្វើ​ឱ្យខ្វះ​មន្ត្រី​នគរបាល​បម្រើ​ការ​តាម​មូលដ្ឋាន។

នៅ​ក្នុង​ពិធី​មួយ​ដែល​ធ្វើ​ឡើង​នៅ​ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​ ១០ ខែ​ឧសភា ឆ្នាំ​ ២០២៣ លោក​រដ្ឋមន្ត្រី​មហាផ្ទៃ​បាន​លើកឡើង​ថា ​កន្លង​ទៅ ការ​ជ្រើស​រើស​នគរ​បាលប៉ុស្តិ៍​តម្រូវ​ឱ្យប្រឡង រួច​ទើបបញ្ជូន​ទៅ​តាមឃុំ​សង្កាត់ ប៉ុន្តែ​ការធ្វើ​បែប​នេះ​មិន​បាន​ជោគ​ជ័យ ទើប​ប្តូរ​ឱ្យ​ឈប់​ប្រឡង​ជ្រើស​រើស ដោយឱ្យ​ជ្រើស​រើស​មន្ត្រី​នគរបាល​ប៉ុស្តិ៍ ដោយយក​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ផ្ទាល់។​វិធានការ​នេះ គឺ​ដើម្បី​កុំឱ្យខ្វះ​មន្ត្រី​នគរបាលបម្រើ​ការ​តាម​មូល​ដ្ឋាន។

លោក​ព្រមាន​ដក​តំណែង​មន្ត្រី​ថ្នាក់​ក្រោម ​និង​ស្នង​ការ​នគរបាល​ខេត្ត​ផង​ដែរ ​នៅ​ក្នុង​ករណី​នេះ ប៉ុន្តែ​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ​ចំៗ​ឡើយ។

លោក​ថ្លែង​ថា៖ «ហើយ​ខ្ញុំ​ទទួល​ពាក្យ​បណ្តឹង​ នៅ​ខេត្ត​តែ​មួយ​ទេ​ ប៉ុន្តែ​ស្រុក​ផ្សេង ហើយ​ខ្ញុំ​នៅ​ឃុំ​នេះ​សោះ ​ម៉េច​ក៏​ឱ្យខ្ញុំ​ទៅ​ធ្វើ​ឃុំនេះ ស្រុក​នេះ ម៉េចក៏​ឱ្យ​ខ្ញុំ​ទៅ​ធ្វើការ​នៅ​ឃុំ​នោះ ស្រុក​នោះ​ទៅ​វិញ។ អានេះ​ខ្ញុំ​អាច​ទាញ​យក​ការ​សន្និដ្ឋាន​ជា​បឋម​បណ្តោះ​អាសន្ន​ថា​ មាន​ភាព​មិន​ប្រក្រតី។ ហើយ​ក៏​មាន​ព័ត៌មាន​មួយ​ទៀត មិន​មែន​ជា​លាយ​លក្ខណ៍​អក្សរ​ទេ...រួចថា​រៀប​ចំ​ទម្លាក់​ពី​ខេត្ត​ទៅ​តែម្តង​ ដាក់​ទៅ​ទីណា​ប៉ុន្មាន អី​អ្នក​ណា អ្នក​ណា​ ក ខ គ ហ្មង​ឈ្មោះ​មនុស្ស​ជាក់​ស្តែង ​ដែល​មិន​មែន​ជា​មនុស្ស​នៅ​កន្លែង​ហ្នឹង បើ​អ៊ីចឹង​វាជា​ដដែល​ៗ​ទេ»។

​លោក ស ខេង ​បន្ថែម​ថា៖ «ហើយ​ខ្ញុំ​ថា ​បើខ្ញុំ​រក​ឃើញ​រឿង​ហ្នឹង​ពិត​ប្រាកដ​មែន​ហ្ហា ​ស្នង​ការ​នគរបាល​ត្រូវ​ទទួល​ខុស​ត្រូវ​មុន​គេ។ ជា​ការ​ល្អ គឺ​សុំ​ដក​ខ្លួន​ លា​លែង​បណ្តោយ កុំ​ឱ្យ​ដេញ តែ​ដេញ​ទៅ​ មិន​ស្រួល អស់​ស័ក្តិ​អស់​អី​ទៀត»។

​លោក ស ខេង ក៏​បាន​បញ្ជា​ឱ្យ​អាជ្ញាធរខេត្ត​ទាំង​អស់​អនុវត្ត​ការ​ងារ​ជ្រើស​រើស​នគរបាល​ប៉ុស្តិ៍​នេះ ឱ្យ​មាន​ប្រសិទ្ធភាព ដោយត្រូវ​ជ្រើស​រើស​នគរបាល​ប៉ុស្តិ៍ ដោយ​យក​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​នោះ​ផ្ទាល់។​

លោក​ថ្លែង​បន្ថែម​ថា៖ «ខ្ញុំ​អត់​លេង​ជាមួយ​ទៀត​ទេ​លើក​នេះ ​ព្រោះនិយាយ​ជាមួយ​គ្នា​ច្រើន​ដង​ហើយ។ ​គឺថា​ដូច​លេង បិទ​ពួន ​អ៊ីចឹង។ ​ថា អ៊ី​ចេះ ​ចេញអ៊ីចុះ ថាអ៊ីចុះ ចេញ​អ៊ី​ចេះ ហ្ហេ ល្បិចអី ក៏ល្បិចម៉េស​ ល្បិច​មិន​ស្វាង​ហ្មង។ ​អើ ​បើ​លេង​ល្បិច​ជាមួយ​ខ្ញុំ​ យើងលេង​ល្បិច​វិញ​ទៅ។ ល្បិច​យើង ​ដក​អា​មេ​ហ្នឹង​តែ​ម្តង។ ខ្ញុំ​មិន​និយាយ​អាក្រក់​ដល់​ប៉ុណ្ណឹង​ទេ ប៉ុន​គ្រាន់ថា ជួន​អី​និយាយ​គ្នា​មិន​ស្តាប់​ និ​យាយ​គ្នា​មិន​ស្តាប់»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​ លោក ឆាយ គឹម​ខឿន អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​នៅ​ឡើយ​ទេ។

កាលពី​ខែ​តុលា ឆ្នាំ ២០២២ លោក ស ខេង ធ្លាប់​បញ្ជាក់​ថា ​ក្រសួង​មហាផ្ទៃ​ចាត់​ទុក​ការ​ជ្រើស​រើស​នគរបាល​ប៉ុស្តិ៍​ តាម​រយៈ​ការ​សម្ភាស​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​នៅ​ឃុំ​សង្កាត់​នីមួយៗ​ គឺ​មាន​ប្រយោជន៍ និង​ប្រសិទ្ធភាព ជាជាង​ការ​ប្រឡង។

លោក​បន្ថែម​ថា ​អ្នក​ទទួល​បន្ទុក​សម្ភា​សន៍​នោះ​ គឺ​មេឃុំ ​ចៅ​សង្កាត់ និង​មេប៉ុស្តិ៍ ទៅតាម​សំណួរ​ដែល​នាយកដ្ឋាន​បុគ្គលិក​របស់​ក្រសួង​មហាផ្ទៃ​បាន​ដាក់​ឱ្យ។ នេះបើ​តាមអត្ថបទ​របស់​ក្រសួង​ព័ត៌មាន​ ចេញ​ផ្សាយ​កាល​ពីខែ​តុលា ឆ្នាំ​មុន។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កាល​ពី​កន្លង​ទៅ ការ​ជ្រើស​រើស​មន្ត្រី​នគរបាល​រងការ​រិះគន់​ច្រើន​ ពាក់ព័ន្ធ​នឹង​ការ​សូក​ប៉ាន់​និង​អំពើ​ពុក​រលួយ។ លោក​បន្ថែម​ថា​ អំពើ​ពុក​រលួយកើត​ចេញ​ពី​ទំនាស់​ផលប្រយោ​ជន៍ បក្ខ​ពួក​និយម​ និង​គ្រួសារ​និយម។

លោក​ថ្លែង​ថា៖ «កន្លងមក​ ការ​ជ្រើស​រើស​មន្ត្រី​នគរបាល ​បាន​រង​នូវ​ការ​រិះគន់​ច្រើន​ អំពី​រឿង​បក្ខ​ពួកនិយម​ គ្រួសារ​និយម ​និង​រឿង​សូកប៉ាន់ ​ហើយ​រឿង​ល្បី​ល្បាញ​ក្នុងបណ្ដាញ​សង្គម​រយៈពេល​ពីរ​ថ្ងៃ​នេះ​ គឺ​ជា​ភស្ដុតាង​ដ៏រឹង​មាំ​មួយ​ នៅ​ក្នុង​ការ​បង្ហាញ​ថា​ការ​ជ្រើស​រើស​មន្ត្រី​នគរបាល ​គឺ​មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​សូក​ប៉ាន់ គឺរឿងពុក​រលួយ»។

លោក​អំពាវនាវ​ទៅក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ចូល​រួម​ខិត​ខំ​ស្វែង​រក​មធ្យោបាយ​ វិធាន​ការ​ថ្មីៗ និង​បើក​ចំហ​ឱ្យ​មាន​ការប្រកួត​ប្រជែង​ដោយ​សុក្រឹតភាព។

លោក​បន្ដ​ថា៖ «ដើម្បី​កាត់​បន្ថយ​អំពើ​ពុក​រលួយ [ត្រូវមាន] កិច្ច​សហការ​អន្តរ​វិស័យ ​រវាង​ក្រសួង​ស្ថាប័ន​ជាមួយ​អង្គភាព​ប្រឆាំងអំពើ​ពុយរលួយ ហើយបើក​ចំហ​ឱ្យ​មាន​ការ​រាយ​ការណ៍​អំពី​អំពើ​ពុយ​រលួយ​ពី​មហាជន​ គឺវិធានការ​មួយ ដែល​វា​មិនមែន​ជា​រឿង​ថ្មីទេ តែ​ក៏​វាជា​វិធានការ​មួយ​ដែលអាចនៅតែដំណើរបាន ហើយ​នឹងអាច​ប្រើ​ការ​បាន​ដែរ»។

កាលពី​ថ្ងៃ​ពុធ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ​ក៏​បាន​ស្នើ​មន្ត្រី​ថ្នាក់​ក្រោម និង​នាយកដ្ឋាន​បុគ្គលិក​រឹត​ត្បិត​ទាក់​ទងនឹង​ការ​ផ្ទេរ​ពី​ក្របខណ្ឌ​ស៊ីវិល​ចូល​មក​កម្លាំង​នគរបាល​ ព្រោះ​វាធ្វើ​ឱ្យ​គុណភាព​នគរបាល​កាន់​តែ​ខ្សោយ ដោយ​ហេតុ​ថា​ អ្នក​ដែល​ផ្ទេរ​ចូល​មិន​បាន​រៀន​វគ្គ​មូលដ្ឋាន​នគរបាល​ជា​មុន៕

XS
SM
MD
LG