បណ្តុំអង្គការសង្គមស៊ីវិលចំនួន២១នៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះបានជជែកគ្នាយ៉ាងស្រួចស្រាល់បំផុតទាក់ទឹននឹងច្បាប់ចំនួនបីដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដែលរដ្ឋសភានិងព្រឹទ្ធសភាទើបអនុម័តកាលពីពេលថ្មីៗនេះ។
អង្គការសង្គមស៊ីវិលទាំងនោះមានជំហរដូចៗគ្នាទាមទារឱ្យបដិសេធចោលច្បាប់ទាំងបីនេះដោយចោទប្រកាន់ថាមិនស្របនឹងរដ្ឋធម្មនុញ្ញ។ ការទាមទារនេះបានកើតមានឡើងក្នុងពេលដែលស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញកំពុងពិនិត្យមើលធម្មនុញ្ញភាពនៃច្បាប់នេះមុននឹងដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខា។
កាលពីខែឧសភារដ្ឋសភារបស់ប្រទេសកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ដែលរងនូវការរិះគន់ជាច្រើនពាក់ព័ន្ធនឹងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌គឺសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ច្បាប់ស្តីពីលក្ខន្តិកៈ ចៅក្រម និង ព្រះរាជអាជ្ញា និងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ។ ព្រឹទ្ធសភាកម្ពុជាបានអនុម័តច្បាប់ទាំងនេះនៅដើមខែមិថុនា។
លោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមានប្រសាសន៍ថាច្បាប់នេះបានធ្វើឱ្យតុលាការកម្ពុជាគ្មានឯករាជ្យនិងប៉ះពាល់ដល់គោលការណ៍បែងចែកអំណាច។
លោកបញ្ជាក់ថាក្រុមប្រឹក្សាធម្មនុញ្ញត្រូវតែបដិសេធចោលសេចក្តីព្រាងច្បាប់ទាំងបីនេះចេញដោយសារអធម្មនុញ្ញភាព។
លោកនិយាយថា៖ «ច្បាប់នេះទាំងបីហ្នឹងអត់មានធម្មនុញ្ញភាពទេគឺអធម្មនុញ្ញភាពដូច្នេះគឺបដិសេធចោលវិញហើយមកធ្វើឡើងវិញ។ សរសេរឡើងវិញឱ្យមានការទទួលហើយមានបទបញ្ញាត្តិបញ្ជាក់ថាតុលាការហ្នឹងឯករាជ្យ»។
ក្រុមអង្គការសង្គមស៊ីវិលកន្លងមកបានហៅសេចក្តីព្រាងច្បាប់នេះថាអាចប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការ ដោយសំអាងថា ក្រសួងយុត្តិធម៌គ្រាន់តែដើរតួជួយសម្រួលដល់ការងាររដ្ឋបាលរបស់តុលាការតែប៉ុណ្ណោះ។
អង្គការសង្គមស៊ីវិលចំនួន២១បានរៀបចំសិក្ខាសាលាមួយនៅថ្ងៃព្រហស្បតិ៍នេះដើម្បីពិគ្រោះយោបល់ស្តីពីក្របខណ្ឌច្បាប់ដើម្បីធានាឯករាជ្យភាព និង អណាគតិនៃតុលាការកម្ពុជា។
លោក សុខ សំអឿន ប្រធានសម្របសម្រួលនៃគណៈកម្មាធិការប្រព្រឹត្តិកម្មមានប្រសាសន៍ថាអំណាចស្ថាប័ននីតិប្រតិបត្តិបានលូកដៃចូលស៊ីជម្រៅ ចូលទៅអំណាចតុលាការក្រោយពីច្បាប់នេះត្រូវបានចូលជាធរមាន។
លោកមានប្រសាសន៍ថា តាមច្បាប់រដ្ឋធម្មនុញ្ញ ព្រះរាជអាជ្ញាឯករាជ្យដោយស្ថិតនៅក្រោមអំណាចឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមក៏ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះព្រះរាជអាជ្ញាស្ថិតនៅក្រោមក្រសួងយុត្តិធម៌ទៅវិញ។
លោកនិយាយថា៖«នៅក្នុងរដ្ឋធម្មនុញ្ញថាព្រះមហាក្សត្រតែយោងតាមច្បាប់បីហ្នឹងលែងមានព្រះមហាក្សត្រហើយគឺនៅលើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងនាយករដ្ឋមន្ត្រី។ហេតុដូច្នេះទាល់តែរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាយករដ្ឋមន្ត្រីមានឆន្ទៈស្រួចស្រាល់ក្នុងការកែទម្រង់ប្រព័ន្ធតុលាការនឹងអាចមានការអភិវឌ្ឍន៍ខ្លះ»។
លោក នី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្ស និង ផ្នែកច្បាប់នៃសមាគមសិទ្ធិមនុស្សអាដហុកមានប្រសាសន៍ថានៅប្រទេសកម្ពុជាបើយើងអនុវត្តច្បាប់របៀបនេះនោះតុលាការកម្ពុជានឹងក្លាយទៅជាតុលាការអំណាចបុគ្គលលែងទៅជាប្រព័ន្ធតុលាការហើយដែលនេះនាំឱ្យមានគ្រោះថ្នាក់ដល់ប្រទេសជាតិ។
លោកនិយាយថា៖ «ប្រជាពលរដ្ឋសាមញ្ញធម្មតាលោកមិនអាចទទួលយុត្តិធម៌ពីប្រព័ន្ធយុត្តិធម៌ហ្នឹងទេហើយដូចខ្ញុំបានជម្រាបអញ្ចឹងនៅពេលដែលប្រជាជនកាន់តែច្រើនទៅៗមិនទទួលបានយុត្តិធម៌តាមប្រព័ន្ធយុត្តិធម៌ពេលនោះហើយដែលប្រជាពលរដ្ឋនិងប្រើប្រាស់សមត្ថភាពរបស់ខ្លួនដើម្បីការពារខ្លួនដើម្បីរកយុត្តិធម៌ជូនខ្លួនឯង»។
លោក ឈាង វ៉ុន សមាជិកសភាខាងគណបក្សប្រជាជនកម្ពុជាបានស្តីបន្ទោសដល់អង្គការសង្គមស៊ីវិលទាំងនោះថាមិនមានចំណេះដឹងគ្រប់គ្រាន់លើប្រព័ន្ធតុលាការ។ លោកបញ្ជាក់ថារដ្ឋាភិបាលចង់ឱ្យមានកំណែទម្រង់ស៊ីជម្រៅលើប្រព័ន្ធតុលាការទើបបានធ្វើសេចក្តីព្រាងច្បាប់ទាំងបីនេះ៕