តុលាការរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនមនុស្សពីរនាក់ ដែលជាអ្នកគាំទ្រនិងសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដោយរិះគន់ការចាក់វ៉ាក់សាំងរបស់ចិន។
លោក ធន ច័ន្ទថា ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «ធន ច័ន្ទថា» និងអ្នកស្រី ម៉ី សុផន ដែលប្រើប្រាស់គណនីឈ្មោះ «Sophorn Angkor» ត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់ កាលពីសប្តាហ៍មុន។
រដ្ឋាភិបាលកម្ពុជាបានបន្តយុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេសចិន ឈ្មោះ Sinopharm ដែលពលរដ្ឋមួយចំនួនរិះគន់អំពីគុណភាព ដោយសារវាមិនទាន់ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា កម្លាំងនគរបាលបានសម្រេចបញ្ជូនខ្លួនលោក ធន ច័ន្ទថា អាយុ ៤៤ ឆ្នាំ និងអ្នកស្រី ម៉ី សុផន អាយុ ៤៣ ឆ្នាំទៅកាន់តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីអ្នកទាំងពីរត្រូវបានចោទពី «បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
លោកមានប្រសាសន៍ថា៖ «ករណីហ្នឹងយើងបញ្ជូនទៅតុលាការតាំងពីម្សិលមិញហើយ តាមព័ត៌មានមកថា ដូចជាបានបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារហើយបង។ សួរព័ត៌មានបន្ថែមទៅខាងតុលាការទៅ។ ផុតដៃរបស់សមត្ថកិច្ចហើយ»។
លោក អ៊ី រិន្ទ អ្នកនាំពាក្យរបស់សាលាដំបូងរាជធានីភ្នំពេញ ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា លោក ធន ច័ន្ទថា ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី១ និងអ្នកស្រី ម៉ី សុផន ត្រូវបានឃុំខ្លួនដូចគ្នា នៅមណ្ឌលអប់រំកែប្រែទី២ ពីបទល្មើស «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងជេរប្រមាថ»។
បើរកឃើញមានកំហុសតាមបទញុះញង់នេះ ពួកគេទាំងពីរ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៦ខែទៅ ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានរៀលទៅ ៤ លានរៀល។
បទចោទញុះញង់នេះត្រូវបានក្រុមសិទ្ធិមនុស្សរិះគន់ថា ប្រើប្រាស់ដើម្បីបិទសំឡេងប្រឆាំងក្នុងប្រទេសកម្ពុជា។
មុនពេលចាប់ខ្លួនលោក ធន ច័ន្ទថា ដែលជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិខ ណ្ឌទួលគោក រាជធានីភ្នំពេញ បានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ដោយបរិយាយថា៖
«មើលឲ្យហើយបងប្អូនខ្មែរប្រជាពលរដ្ឋមិនព្រមចាក់វ៉ាក់សាំងចិន បង្ខំឲ្យគេចាក់ទៅវិញហេតុអ្វីក៏យកប្រជាពលរដ្ឋខ្លួនជាសត្វសម្រាប់ពិសោធន៍ទៅវិញ»។
ដោយឡែកអ្នកស្រី ម៉ី សុផន ដែលគេដឹងថាធ្លាប់ចូលរួមជាមួយស្ត្រីតវ៉ារៀងរាល់ថ្ងៃសុក្រ ដើម្បីទាមទារសេរីភាពអ្នកជាប់ឃុំដែលជាអតីតមន្ត្រីរបស់គណបក្សជំទាស់នោះ បានបង្ហោះសារមួយកាលពីថ្ងៃទី៩ ខែកុម្ភៈ ដោយបានពណ៌នាថា៖
«កម្ពុជាជាប្រទេសមួយដែលមិនមានការឆ្លងជំងឺរលាកផ្លូវដង្ហើម (កូវីដ១៩) ឬស្លាប់ដោយជំងឺនេះគួរឲ្យព្រួយបារម្ភឡើយ។ ហេតុអ្វីបានជារដ្ឋាភិបាលឯកបក្សប្រញាប់ប្រញាល់អំពាវនាវឲ្យប្រជារាស្ត្រខ្មែរចាក់វ៉ាក់សាំងរបស់ចិន ដែលមិនទាន់បានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) យ៉ាងតក់ក្រហល់បែបនេះ?»។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការលីកាដូ យល់ថា វិធានការចាប់ឃុំខ្លួនរបស់អាជ្ញាធរមានចរិតជាការបង្ក្រាបបន្ថែមទៀតលើអតីតសកម្មជនបក្សជំទាស់ ដែលបានងាកមកប្រើប្រាស់ហ្វេសប៊ុកកាន់តែច្រើនឡើង ក្នុងការចែករំលែកព័ត៌មាន ឬក៏លើកជាយោបល់ជំទាស់បញ្ហាណាមួយ ដែលពួកគេមិនពេញចិត្ត ខណៈមានការរឹតត្បិតកាន់តែខ្លាំងលើការជួបប្រជុំនិងកង្វះប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
«ហើយបើសិនជាការចោទប្រកាន់ទៅលើបទញុះញង់អាហ្នឹង ទាល់តែយើងពិនិត្យទៅលើខ្លឹមសារហើយការបង្ហោះហ្នឹង តើវាការញុះញង់ ឬក៏ជាព័ត៌មាននៅក្នុងការបញ្ចេញមតិ។ អាហ្នឹងគឺត្រូវពិនិត្យឲ្យបានច្បាស់លាស់»។
ប៉ុន្តែលោក សាន សុខសីហា អ្នកនាំពាក្យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រតិកម្មថា៖ «វាមិនមែនបញ្ចេញមតិទេបង ព្រោះធម្មតា បើការបញ្ចេញមតិយើងបញ្ចេញក្នុងន័យមួយ ឲ្យវាស្ថាបនា ប៉ុន្តែនេះគឺចុះមកគឺញុះញង់ហ្មង គឺជាលក្ខណៈព័ត៌មានមិនពិតញុះញង់ឲ្យវាមានភាពយល់ច្រឡំរបស់ប្រជាពលរដ្ឋទៅលើអាបញ្ហាអស់ហ្នឹង ព្រោះធម្មតា វ៉ាក់សាំងអស់ហ្នឹងតាំងពីយើងចាក់មកឲ្យកងកម្លាំងរាប់ម៉ឺននាក់ហើយ វាដូចអត់មានបញ្ហាអីផង»។
លោក អំ សំអាត មន្រ្តីអង្គការលីកាដូ ឲ្យដឹងថាមនុស្សយ៉ាងតិច ៣០ នាក់ ត្រូវបានចាប់ខ្លួនដោយការអធិប្បាយលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងជំងឺកូវីដ គិតចាប់តាំងពីដើមឆ្នាំ ២០២០ មកនោះ។
នៅក្នុងសម័យប្រជុំលើកទី ៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សសហប្រជាជាតិ លោកស្រី Michelle Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ថ្លែងសំដៅទៅលើប្រទេសកម្ពុជា ថា៖
«ខ្ញុំមានកង្វល់ជាពិសេសអំពីការធ្លាក់ចុះយ៉ាងខ្លាំងនូវលម្ហស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដែលវិធានការច្បាប់និងរដ្ឋបាលមិនសមាមាត្រកំពុងកើនឡើង ដាក់កំហិតលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការជួបប្រជុំដោយសន្តិវិធី ការចងក្រងសមាគមនិងព័ត៌មានក្នុងចំណោមបញ្ហាផ្សេងៗទៀត»៕