ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តស៊ូ​មតិ​ផ្នែក​បរិស្ថាន​រិះ​គន់​​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រឿង​ទំនួល​ខុស​ត្រូវ​លើ​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ


ការរកឃើញការកាប់បំផ្លាញព្រៃឈើចំនួន ១០០ករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ កាលពីខែមីនា ឆ្នាំ ២០២១។ (សមាគម​បណ្ដាញ​យុវជន​កម្ពុជា)
ការរកឃើញការកាប់បំផ្លាញព្រៃឈើចំនួន ១០០ករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ កាលពីខែមីនា ឆ្នាំ ២០២១។ (សមាគម​បណ្ដាញ​យុវជន​កម្ពុជា)

អ្នក​ធ្វើ​ការ​លើ​ផ្នែក​បរិស្ថាន​បាន​រិះ​គន់​ខ្លាំងៗថា​ការ​លើក​ឡើងរបស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ទាក់​ទង​នឹង​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ និង​ជលផល​ក្នុង​ប្រទេស មិន​មែន​ជា​ការ​បង្ហាញ​ទំនួល​ខុស​ត្រូវ​ក្នុង​នាម​ជា​ស្ថាប័ន​រដ្ឋ​មួយ ។

ការ​រិះគន់​របស់​អ្នក​តស៊ូ​មតិ​លើ​ផ្នែក​បរិស្ថាន​កើត​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុករបស់​លោក​កាល​ពី​ថ្ងៃ​ចន្ទដែល​ជា​ការ​ឆ្លើយ​តប​នឹង​អ្នក​រិះគន់​មួយ​ចំនួន​ទៅ​លើក្រសួង​កសិកម្ម​ ជុំវិញ​បញ្ហា​កាប់​បំផ្លាញ​ព្រៃ​ឈើ ការ​បន្ត​នាំ​ចេញ​ឈើ​ទៅ​ក្រៅ​ប្រទេស និង​បទ​ល្មើស​នេសាទ​ជា​ដើម។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ភារកិច្ច​បង្ក្រាបបទ​ល្មើស​ព្រៃ​ឈើ ត្រូវ​បាន​ប្រគល់​ទៅ​ដល់​ថ្នាក់​ក្រោម តាម​ច្បាប់​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​កំណែ​ទម្រង់​កាល​ពី​កន្លង​ទៅ។

លោក​ ហេង គឹមហុង ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​(Cambodian Youth Network)​ បាន​ប្រាប់ ​VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​គឺ​ជា​ការ​មិន​ទទួល​ខុស​ត្រូវ​លើ​តួនាទី​របស់​ខ្លួន​ទាល់​តែ​សោះ ដោយ​លោក​ថា​ជា​ការព្យាយាម​ឆ្លើយ​ដោះ​សារ​យក​រួច​ខ្លួន និង​ដាក់​បន្ទុក​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

លោក​ថ្លែង​ថា​៖ «នេះ​ហាក់​បី​ដូច​ជា​មិន​ចង់ ឬ​មិន​ព្រមទទួល​ខុស​ត្រូវ​ទៅ​លើ​បទ​ល្មើស​ទាំង​ឡាយ​ដែល​បាន​កើត​ឡើង ពីព្រោះ​យើង​ដឹង​ហើយ​ថា​តួនាទី ហើយ​ភារ​កិច្ច​របស់​ក្រសួង​កសិកម្ម​មាន​វិសាល​ភាព​ធំ ទូលាយ ក្នុង​ការ​គ្រប់​គ្រង​មើល​ថែ​ទៅ​លើ​ធន​ធាន​ធម្មជាតិ។ ហើយ​ការ​លើក​ឡើង​យ៉ាង​ដូច្នេះហាក់​បី​ព្យាយាម​ដាក់​កា​រទទួល​ខុស​ត្រូវ​ឲ្យ​ទៅ​ថ្នាក់​ក្រោម​ជាតិ ហើយ​មន្ត្រី​ថ្នាក់​ជាតិ​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​ខ្លួន និង​ជា​អ្នក​សម្រប​សម្រួល​នៅ​ក្នុង​ផែន​នៃ​កិច្ច​ការ​ពារ​ព្រៃ​ឈើ​និង​ការ​ពារ​ធនធាន​មច្ឆជាតិ​នេះ​បែរ​ជា​ព្យាយាម​រុញ​ឲ្យ​គេ​ទទួល​ខុស​ត្រូវ​ហើយ​បែរ​ជា​មិន​ចង់​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង»។

លោក ហេង គឹមហុង បញ្ជាក់​ថា​ការ​ផ្ទេរ​អំណាច​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នេះ​អាច​មាន​វិសាល​ភាព​ធំ​ទូលាយ​ជាងមុន​ក្នុង​ការ​បំពេញ​ការងារ និងការ​ចូល​រួម​បង្ក្រាប​បទ​ល្មើស​នានា​ដែល​កើត​ឡើង​ក្នុង​ដែន​ដី​គ្រប់​គ្រង​របស់​ខ្លួន ប៉ុន្តែ​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ និង​ជល​ផល​នេះ​ក្រសួង​កសិ​កម្ម​មិន​គួរ​ច្រាន​ចោល និង​ទម្លាក់កំហុស​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នោះ​ទេ ដោយសារក្រសួង​កសិកម្ម​ជា​អ្នក​ជំនាញ ដូច្នេះ​ត្រូវ​តែ​ជា​អ្នកទទួល​ខុស​អំពី​បញ្ហា​នេះ និង​តួនាទី​ដែលរដ្ឋាភិបាល​បាន​កំណត់​ដោយ​ច្បាប់។

លោក​បន្ថែម​ថា​៖ «គ្រាន់​ជា​វិធី​សាស្ត្រ​ធ្វើវិមជ្ឈការ​អំណាច​បន្ថែម​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ជា​អ្នក​មាន​សមត្ថ​កិច្ច​កាន់​តែ​ច្រើន​ក្នុង​ការ​ទទួល​ខុស​ត្រូវ និង​ទប់​ស្កាត់​បទ​ល្មើស ជា​ពិសេស​បទ​ល្មើស​កើត​ឡើង​តាម​បណ្តា​មូល​ដ្ឋាន​ពាក់ព័ន្ធ​ជាមួយ​រឿង​ផ្សេងៗ​ទាំង​អស់​ដែល​បាន​កំណត់​ដោយ​ច្បាប់។ ប៉ុន្តែ​និយាយ​យ៉ាង​ដូច្នេះ ក៏​មិន​មែន​ថា​តួនាទី​ដែល​បាន​ផ្តល់​ដោយ​ច្បាប់​ស្តី​អំពី​អង្គការ​រដ្ឋ​នីមួយៗ ហើយ​និង​ច្បាប់ស្តី​អំពី​ព្រៃឈើ​ត្រូវ​បាន​និរាករណ៍​ឯ​ណា។ មួយ​ជា​អនុ​ក្រឹត្យ​ដែ​ល​បំពេញ​បន្ថែម​មុខងារ​ឲ្យ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ហើយ​មួយ​ទៀត​គឺ​ជា​ច្បាប់​ស្តី​អំពី​ការ​ទទួល​ខុស​ត្រូវ​យ៉ាង​ធំ​ក្នុង​ក្របខណ្ឌ​ប្រទេស»។

ការរកឃើញការកាប់បំផ្លាញព្រៃឈើចំនួន ១០០ករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ កាលពីខែមីនា ឆ្នាំ ២០២១។ (សមាគម​បណ្ដាញ​យុវជន​កម្ពុជា)
ការរកឃើញការកាប់បំផ្លាញព្រៃឈើចំនួន ១០០ករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ កាលពីខែមីនា ឆ្នាំ ២០២១។ (សមាគម​បណ្ដាញ​យុវជន​កម្ពុជា)

កាល​ពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេងសាខុន បាន​សរសេរ​ថា​ក្រសួង​កសិកម្ម​បាន​ពិនិត្យ​ឃើញ​ថា​មាន​សារ​ព័ត៌មាន​និង​សាធារណជន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​អត្ថបទ និង​បក​ស្រាយ​«ដាក់​បន្ទុក​មក​លើ​ក្រសួង​លើ​ការ​គ្រប់​គ្រង​ធនធាន​ធម្ម​ជាតិ ជា​ពិសេស​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​និង​ជល​ផល»។ លោក​បញ្ជាក់​ថា​អ្នករិះគន់«មិន​បាន​តាម​ដាន និង​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​ពី​ដំណើរ​ការ​ធ្វើ​កំណែ​ទម្រង់​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល [ដែល​]បាន​ធ្វើ​ឲ្យ​សាធារណជន មាន​ការ​យល់ច្រឡំ​មក​លើ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ»។

លោក​រដ្ឋមន្ត្រី​បាន​យោង​តាម​ឯកសារ​ផ្លូវ​ច្បាប់​មួយ​ចំនួន ដែល​លោក​ថា​ជា​ការ​បែង​ចែក​តួនាទី​ភារកិច្ច​គ្នា​លើ​បញ្ហា​នេះ រួម​មាន​អនុក្រឹត្យ​ឆ្នាំ​២០១៤ ស្តី​ពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​បញ្ជាការ​ឯកភាព រដ្ឋបាល​រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​សារាចរ​ណែ​នាំ​របស់​រដ្ឋាភិបាល​ឆ្នាំ​២០១៦​ស្តីពី​វិធាន​ការ​ចាំបាច់​នានា​ក្នុង​ការ​ពង្រឹង​ការ​គ្រប់​គ្រង​ធន​ធាន​ធម្មជាតិ​ដោយ​បាន​សម្រច​ប្រគល់​សមត្ថកិច្ច​ដល់​រដ្ឋ​បាល​រាជ​ធានី ខេត្ត ​ក្រុង ស្រុក ខណ្ឌ ដើម្បី​ចាត់​វិធាន​ការ​ឲ្យបាន​ម៉ឺង​ម៉ាត់​និង​ហ្មត់​ចត់។

បើ​តាម​អនុ​ក្រឹត្យ​ដែល​រដ្ឋមន្ត្រី​ក្រសួង​កសិកម្មបាន​លើក​ឡើង គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ខេត្ត គឺ​អភិ​បាល​រាជ​ធានី​ខេត្តជា​ប្រធាន មេ​បញ្ជា​ការ ឬ​មេ​បញ្ជា​ការ​រង​យោធ​ភូមិ​ភាគ​ដែល​ប្រតិ​បត្តិ​ការ​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​រាជ​ធានីខេត្ត ជា​អនុ​ប្រធាន។ ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម ប្រធាន​មន្ទីរ​បរិ​ស្ថាននិង​អ្នកពាក់ព័ន្ធ​ផ្សេង​ទៀត​ជា​សមាជិក​តែ​ប៉ុណ្ណោះ។

លោក ហេង ស្រស់ សកម្មជន​ការ​ពារ​ព្រៃឈើ​ម្នាក់ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​រិះគន់​ទាំង​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន​ថា​«មិន​ដែល​ទទួល​ខុស​ត្រូវ​ម្តង​ណា​ឡើយ»​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ការ​បាត់​បង់​ព្រៃ​ឈើ ជា​ពិសេស​កា​រដឹក​ជញ្ជូន​ឈើ​ទៅ​លក់នៅ​ក្រៅ​ប្រទេស។ លោក​បញ្ជាក់​ថា​ការ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពីប្រទេស​កម្ពុជា​ភាគ​ច្រើន​គឺ​ដោយ​សារ​តែ​មាន​លិខិត​ចេញ​ពីក្រសួង​កសិកម្ម​ផ្ទាល់​តែ​ម្តង។

លោក​បាន​ថ្លែង​ថា៖ «យើង​មើល​ឃើញ​ថា​ក្រសួង​កសិកម្ម​រាល់​ការ​ប្រមូល​ឈើ​រាល់​ការ​ប្រមូល​ពន្ធ​ចេញ​ពី​ឈើ គឺ​គេ​បង់​ទៅ​ឲ្យ​ក្រសួងកសិកម្ម។ ហើយ​ក្រសួង​កសិកម្ម គឺ​ចារ​[អនុញ្ញាត] អ្នក​ក្តោប​ក្តាប់​លុយ​ហ្នឹង។ ប៉ុន្តែ​ដល់​តែ​ពេល​បាត់​បង់​ព្រៃឈើ ខុស​ច្បាប់ ដល់​ពេល​វែក​ញែក​ចំពោះ​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​បាត់​បង់​ព្រៃ​ឈើ បែ​រជា​ទាត់​ចោល បែរ​ជា​បដិសេធ​ថា​ខ្លួន​មិន​មាន​តួនាទី»។

លោក​បន្ថែម​ថា​៖ «គាត់​គឺ​ជា​អ្នក​អនុញ្ញាត​ឲ្យ​គេ​ស៊ីញ៉េ​ឲ្យ​គេ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ផ្តល់​ដី​សម្បទាន​ឲ្យ​គេ​ប៉ុន្តែ​ដី​សម្បទាន​ទាំ​ង​អស់​នោះ​មិន​ឃើញ​មាន​ការ​អភិវឌ្ឍ​អ្វី​ឲ្យ​សម​ស្រម ឲ្យ​វា​សម​ល្មម​ទៅ​នឹង​អ្វី​ដែល​ជាប់​កិច្ច​សន្យា​ជា​មួយ​គ្នា​នោះ​ទេ។ ក្រៅ​ពី​កាប់​ព្រៃ​ហើយ​យក​ព្រៃ​ទៅ​លក់​ហើយ​ទុក​ដី​ទំនេរ​ចោល​ដោយ​មិន​ឲ្យ​មាន​ប្រជាពល​រដ្ឋ​ណា​ទៅ​ប៉ះ​ពាល់​ទេ​ថែម​ទាំង​បណ្តេញ​ប្រជាពល​រដ្ឋ​ចេញ​ព្រៃ​ហ្នឹង​ទៀត​ហើយ​បែរ​ជា​ចុង​ក្រោយ​ឲ្យ​កាត់​ទៅ​ឲ្យ​ឧកញ៉ា​នេះ​ឧកញ៉ា​នោះ​ជា​ដើម។ ក្រៅ​ពី​កាត់​ដី​ឲ្យ​ឧកញ៉ាហើយ​[គឺ]​ឲ្យ​ឧកញ៉ាមាន​លទ្ធ​ភាព​រក​ស៊ី​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ថែម​ទៅ​ទៀត។ អាហ្នឹង​ហើយ​ដែល​ជា​ការ​ទទួល​ខុស​ត្រូវ​ធំ​បំផុត​របស់​ក្រសួង​កសិកម្ម»។

VOA បាន​ទាក់​ទង​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​លោក វេង​ សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម តាម​ប្រព័ន្ធតេឡេក្រាម ប៉ុន្តែ​លោក​មិន​បានឆ្លើយ​នឹង​សំណួរ​នោះ​ទេ ដោយ​គ្រាន់​តែផ្ញើ​អនុ​ក្រឹត្យ​ដែល​លោក​បាន​យោង។ លោក​បាន​ថ្លែង​យ៉ាងខ្លី​ថា​រដ្ឋាភិបាល​បាន​ឈប់​ផ្តល់​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច តាំង​ពី​ឆ្នាំ​២០១២​មក​ម្ល៉េះ។

អ្នក​ធ្វើ​ការ​លើ​ផ្នែក​បរិស្ថាន​បាន​រិះគន់​ការ​ផ្តល់​ដី​សម្ប​ទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន ដោយ​ថា​វា​នាំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ជម្លោះ​ដី​ធ្លី​យ៉ាង​ច្រើន​ក្នុង​ប្រទេស​កម្ពុជា។

លោក ប៉ែន វណ្ណរិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមា​ញ់ និង​នេសាទ​ខេត្ត​កំពង់ធំ បាន​ឲ្យ​យក​ឯកសារ​ដែល​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​មក​មើល ពេល VOA​ ទាក់​ទង​ទៅ​នៅ​ថ្ងៃ​អង្គារ​នេះ។ លោក​បន្ថែម​ថា​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ជា​ការ​ចូល​រួម​សហការ​គ្នា​រវាង​កម្លាំង​របស់​រដ្ឋ​បាល​ខេត្ត និង​មន្ទីរ​កសិកម្ម​ខេត្ត​ដែល​លោក​ថា​ជា​រឿង​ល្អ​មួយ។

គួរ​បញ្ជាក់​ថា​កាល​ពី​ចុង​ឆ្នាំ​២០១៦ រដ្ឋាភិបាល​បាន​បង្កើត​គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ ដែល​ដឹកនាំ​ដោយ​លោក​សៅ សុខា ជា​មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស។

លោក អេង ហ៊ី អ្នកនាំពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្លាប់​ប្រាប់ VOA ​កាល​ពី​ចុង​ខែ​មិថុនា​ថា​គណៈ​កម្មការជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​បានបង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ទ្រង់​ទ្រាយ​ធំ និង​ការ​នាំ​ចេញ​ឈើ​ទៅ​ក្រៅ​ប្រទេស ជា​បន្ត​បន្ទាប់ហើយ​គណៈ​កម្មការ​នេះ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការបង្ក្រាប​បទ​ល្មើស​ទាំង​អស់​នេះ​បន្ត​ទៀត៕

XS
SM
MD
LG