តំបន់អាស៊ីអាគ្នេយ៍ មានព្រៃត្រូពិកប្រមាណ ១៥% នៃព្រៃត្រូពិកទូទាំងពិភពលោក។ ព្រៃត្រូពិកនេះ ជួយធ្វើឱ្យមានចីរភាពដល់ជីវចម្រុះរុក្ខជាតិ និងសត្វ។ ព្រៃឈើទាំងនេះក៏ជួយស្រូបឧស្ម័នកាបូន ដែលជួយទប់មិនឲ្យឧស្ម័នកាបូនចូលក្នុងបរិយាកាស។ ឧស្ម័នកាបូនគឺជាឧស្ម័នមួយប្រភេទ ដែលធ្វើឱ្យសីតុណ្ហភាពសាកលលោកក្តៅទៅៗ។
ប៉ុន្តែការកាប់បំផ្លាញព្រៃឈើ បានកាត់បន្ថយសមត្ថភាពនៃប្រព័ន្ធអេកូឡូស៊ីរបស់ព្រៃត្រូពិក ក្នុងការស្រូបយកបិរមាណនៃឧស្ម័នកាបូនដែលសាយភាយចូលក្នុងបិរយាកាស។ នេះបើយោងតាមការសិក្សាស្រាវជ្រាវដែលចេញផ្សាយនាពេលថ្មីៗដោយព្រឹត្តិបត្រ Nature Sustainability។
នៅតាមតំបន់ជាច្រើនក្នុងពិភពលោក មនុស្សបានកាប់ព្រៃឈើដើម្បីយកដីធ្វើកសិកម្មចិញ្ចឹមក្រពះ និងដើម្បីដាំដំណាំសម្រាប់លក់។ នៅអាស៊ីអាគ្នេយ៍ ការកាប់ព្រៃឈើខុសច្បាប់គឺជាមូលហេតុមួយដែលបណ្តាលឲ្យមានការបាត់បង់ព្រៃឈើដ៏ច្រើនផងដែរ។ នៅពេលព្រៃឈើកាន់តែបាត់បង់ សមត្ថភាពរបស់ព្រៃឈើក្នុងការចាប់យកឧស្ម័នកាបូនដែលមនុស្សបញ្ចេញទៅក្នុងបរិយាកាស កាន់តែថយទៅៗ។
លោក Zhenzhong Zeng អ្នកវិទ្យាសាស្ត្រជំនាញភពផែនដីប្រចាំសាកលវិទ្យាល័យ Southern University of Science and Technology ក្នុងប្រទេសចិន និងជាសហអ្នកនិពន្ធនៃការសិក្សាស្រាវជ្រាវខាងលើ ថ្លែងក្នុងសម្តីដើមថា៖ «យើងដឹងថា មានការកាប់បំផ្លាញព្រៃឈើយ៉ាងខ្លាំងនៅតាមតំបន់ភ្នំ [នៅអាស៊ីអាគ្នេយ៍] ប៉ុន្តែយើងមិនដឹងថា វាមានការកើនឡើងឬក៏អត់នោះទេ ហើយថាតើវាប៉ះពាល់ដល់ឧស្ម័នកាបូនយ៉ាងដូចម្តេច។ ឥឡូវនេះយើងរកឃើញថា ការកាប់បំផ្លាញព្រៃឈើមានការកើនឡើង»។
អ្នកស្រាវជ្រាវបានប្រើប្រាស់រូបភាពផ្កាយរណបដើម្បីតាមដានការបាត់បង់ព្រៃឈើក្នុងរយៈពេលកន្លងមក និងផែនទីកំហាប់កាបូន ដើម្បីគណនាការថយចុះនៃសមត្ថភាពស្រូបឧស្ម័នកាបូនរបស់ព្រៃឈើ ដែលឆ្លើយតបទៅនឹងការបាត់បង់ព្រៃឈើនោះ។
លទ្ធផលបង្ហាញថា តំបន់អាស៊ីអាគ្នេយ៍បានបាត់បង់ព្រៃឈើ ៦១ លានហិកតា ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។ នៅក្នុងទសវត្សរ៍ឆ្នាំ ២០០០ ការបាត់បង់ព្រៃឈើប្រចាំឆ្នាំមានជាមធ្យមប្រមាណ ២ លានហិកតាក្នុងមួយឆ្នាំ។ នៅចន្លោះឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៩ ចំនួននេះបានកើនឡើងទ្វេដងរហូតដល់ប្រមាណ ៤ លានហិកតាក្នុងមួយឆ្នាំ។
លោក Alan Ziegler អ្នកជំនាញភូមិសាស្ត្ររូបវិទ្យានៅសាកលវិទ្យាល័យ Mae Jo ក្នុងប្រទេសថៃ និងជាសហអ្នកនិពន្ធម្នាក់ទៀតនៃការសិក្សាស្រាវជ្រាវខាងលើនេះ បានថ្លែងក្នុងសម្តីដើមថា៖ «ខ្ញុំគិតថា ការពិតនៃការកើនឡើងនេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ប៉ុន្តែល្បឿននៃការកាប់ព្រៃដ៏កើនឡើងនេះ ជាអ្វីដែលគួរឲ្យភ្ញាក់ផ្អើល»។
ការសិក្សាស្រាវជ្រាវខាងលើនេះ ក៏បានរកឃើញថា ព្រៃឈើប្រមាណ ១/៣ ដែលត្រូវបានកាប់បំផ្លាញ ស្ថិតនៅក្នុងតំបន់ភ្នំ ដូចជានៅភាគខាងជើងនៃប្រទេសឡាវ ភាគឦសាននៃប្រទេសមីយ៉ាន់ម៉ា និងកោះស៊ូម៉ាត្រា (Sumatra) និងកោះកាលីម៉ាន់តាន់ (Kalimantan) នៅឥណ្ឌូណេស៊ី។
កាលពីមុន អ្នកជំនាញគិតថា ព្រៃឈើដែលត្រូវបានការពារដោយជួរភ្នំដ៏ក្រាស់ទាំងនេះអាចនឹងរងការប៉ះពាល់តិចតួចពីការទន្ទ្រានរបស់មនុស្ស បើប្រៀបធៀបទៅនឹងព្រៃឈើនៅតំបន់ទំនាប។ ប៉ុន្តែការសិក្សាស្រាវជ្រាវថ្មីនេះរកឃើញថា ដោយសារតំបន់ទំនាបដែលអាចដាំដុះបាន មានចំនួនកាន់តែតិច នោះការកាប់យកព្រៃឈើត្រូវបានគេពង្រីកទៅដល់តំបន់ភ្នំ។ នៅក្នុងឆ្នាំ ២០០១ ក្នុងចំណោមព្រៃឈើទាំងអស់ដែលត្រូវបានកាប់បំផ្លាញ ២៤% ជាព្រៃឈើនៅតំបន់ភ្នំ ហើយមកដល់ឆ្នាំ ២០១៩ ៤០% នៃព្រៃឈើដែលបានកាប់បំផ្លាញ គឺជាព្រៃឈើនៅតំបន់ភ្នំ។
លោក Nophea Sasaki គឺជាអ្នកសិក្សាស្រាវជ្រាវលើការតាមដានឧស្ម័នកាបូនព្រៃឈើនៅវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ីក្នុងប្រទេសថៃ ប៉ុន្តែលោកមិនបានចូលរួមក្នុងការសិក្សាស្រាវជ្រាវនេះទេ។ លោកបានប្រាប់ VOA ក្នុងសម្តីដើមថា៖ «ខ្ញុំគិតថា វាជាគំនិតច្នៃប្រតិដ្ឋមួយដែលអ្នកស្រាវជ្រាវងាកទៅពិនិត្យមើលថា តើ [ការបាត់បង់ព្រៃឈើ] ផ្លាស់ប្តូរពីតំបន់ទំនាបទៅតំបន់ភ្នំយ៉ាងដូចម្តេច។ ខ្ញុំគិតថា វា[ការបាត់បង់ព្រៃឈើតាមតំបន់ភ្នំ] ជាក្តីបារម្ភយ៉ាងខ្លាំងមួយ»។
យោងតាមការសិក្សាស្រាវជ្រាវខាងលើនេះ ព្រៃឈើដែលនៅទីខ្ពស់ៗ និងជម្រាលចោតៗ ទំនងជាស្រូបឧស្ម័នកាបូនច្រើន ជាងព្រៃឈើនៅតំបន់ទំនាប។ ប្រសិនបើមនុស្សកាប់ព្រៃឈើនៅលើភ្នំកាន់តែច្រើន នោះឧស្ម័នកាបូននឹងសល់ក្នុងបរិយាកាសកាន់តែច្រើនជាងអ្វីដែលគេរំពឹងទុក នាពេលសព្វថ្ងៃនេះទៅទៀត។
ប៉ុន្តែប្រសិនបើដីត្រូវបានរក្សាទុកមិនឲ្យមនុស្សយកទៅប្រើប្រាស់ នោះដើមឈើអាចលូតលាស់ឡើងវិញបាន ហើយអាចស្រូបយកឧស្ម័នកាបូនមកវិញ។ ប៉ុន្តែជម្រកធម្មជាតិ និងជីវចម្រុះដ៏អស្ចារ្យរបស់ព្រៃឈើអាចនឹងបាត់បង់ជារៀងរហូត។ អំបូររុក្ខជាតិមួយចំនួនដែលមានលក្ខណៈពិសេសតាមតំបន់នីមួយៗ ក៏អាចនឹងបាត់បង់ផងដែរ។ ព្រៃឈើក៏អាចបាត់បង់សមត្ថភាពក្នុងការទប់ទល់នឹងលំហូរទឹក និងបង្កគ្រោះទឹកជំនន់កាន់តែច្រើនឡើង។
លោក Sasaki បានថ្លែងក្នុងសម្តីដើមថា៖ «វាមិនត្រឹមតែជាបញ្ហាឧស្ម័នកាបូននោះទេ។ ពាក់ព័ន្ធនឹងការបំផ្លាញបរិស្ថានក្នុងរយៈពេលវែង វាអាចនឹងបំផ្លាញធម្មជាតិទាំងស្រុងតែម្តង។ វាអាចបំផ្លាញជីវចម្រុះគ្រប់ប្រភេទទាំងអស់»។
បញ្ហាដែលកាន់តែស្មុគស្មាញនោះ គឺការតាមដានសកម្មភាពកាប់បំផ្លាញព្រៃឈើមិនដិតដល់ និងការអនុវត្តមិនគ្រប់ជ្រុងជ្រោយលើសកម្មភាពការពារព្រៃឈើរវាងប្រទេស និងរដ្ឋនីមួយៗ។ អ្នកជំនាញនិយាយថា វាសំខាន់ណាស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន ដូចជាទិន្នន័យផ្កាយរណបដែលត្រូវបានប្រើប្រាស់នៅក្នុងការសិក្សាស្រាវជ្រាវនេះ និងការជំរុញឲ្យសាធារណជនយកចិត្តទុកដាក់លើបញ្ហានេះ ដើម្បីតាមដានសកម្មភាពកាប់បំផ្លាញព្រៃឈើ និងបង្ការកុំឱ្យមានការបាត់បង់ព្រៃឈើ។
លោក Sasaki បានថ្លែងក្នុងសម្តីដើមថា៖ «យើងគ្រប់គ្នាគួរតែមានកាតព្វកិច្ចការពារព្រៃឈើ ដោយសារថា បើមិនមានព្រៃឈើទាំងនេះទេ យើងមិនអាចរស់បាននោះទេ»៕