សកម្មជនម្នាក់ក្នុងស្រុកលំផាត់ ខេត្តរតនគិរី ដែលការពារព្រៃឈើច្រើនឆ្នាំមកហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃចន្ទ ក្រោយពីលោកត្រូវបានហៅឲ្យទៅធ្វើអត្តសញ្ញាណបណ្ណថ្មី នៅប៉ុស្តិ៍នគរបាល។ នេះបើតាមភរិយារបស់សកម្មជនរូបនោះ និងបងថ្លៃរបស់លោកដែលជូនសកម្មជនរូបនោះទៅប៉ុស្តិ៍នគរបាល។
តុលាការខេត្តរតនគិរី បានចេញដីកាចាប់ខ្លួនសកម្មជនព្រៃឈើ លោក ឆន ផល្លា អាយុ៤៣ឆ្នាំ ក្រោយលោកត្រូវបានចោទប្រកាន់ពីបទកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃមកធ្វើជាកម្មសិទ្ធិ តាមច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ ដែលអាចឲ្យលោកជាប់ពន្ធនាគារចន្លោះពី៥ឆ្នាំ ទៅ១០ឆ្នាំ ប្រសិនបើរកឃើញកំហុស។ នេះបើតាមលោក កែវ ភក្តី អ្នកនាំពាក្យរបស់តុលាការ ដែលប្រាប់វីអូអេនៅថ្ងៃចន្ទនេះ។
លោក កែវ ភក្តី បន្ថែមថា ចៅក្រមស៊ើបសួរនឹងសម្រេចថា តើត្រូវឃុំខ្លួនលោក ឆន ផល្លា ជាបណ្តោះអាសន្ន ឬយ៉ាងណា ក្រោយបញ្ចប់ការសាកសួរ។
បើតាមអ្នកនាំពាក្យរបស់តុលាការ លោក ឆន ផល្លា ដែលរស់នៅភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ត្រូវបានប្តឹងដោយក្រុមមនុស្សយ៉ាងតិច ៥នាក់ដែលជាអ្នកភូមិ ពាក់ព័ន្ធនឹងរឿងឈូសឆាយដីព្រៃកាលពីខែកុម្ភៈ ឆ្នាំ២០២១។
ប៉ុន្តែភរិយារបស់លោក ឆន ផល្លា អ្នកស្រី ខាំ សាលុង បានច្រានចោលការចោទប្រកាន់នេះ ដោយថា ស្វាមីមិនដែលបានទៅឈូសឆាយដីអ្វីនោះទេ ហើយស្វាមីជាអ្នកការពារព្រៃឈើ និងស្រឡាញ់បរិស្ថាន។
អ្នកស្រី ខាំ សាលុង អាយុ៣៧ឆ្នាំ បានអះអាងថា ស្វាមីជាសកម្មជនការពារព្រៃឈើម្នាក់ និងធ្លាប់ត្រូវបានប្តឹងផ្តល់រឿងទន្រ្ទានដីព្រៃ កាលពីកន្លងទៅ។ ប៉ុន្តែសំណុំរឿងនេះ បានបញ្ចប់រួចទៅហើយ។ អ្នកស្រីមិនទាន់ដឹងនៅឡើយទេថា ហេតុអ្វីបានជាស្វាមីត្រូវបានចាប់ខ្លួននាពេលនេះ។
អ្នកស្រីដែលមានកូន៣នាក់ ប្រាប់វីអូអេថា៖ «គេឃើញប្តីខ្ញុំ គេទៅចាប់ប្តីខ្ញុំដាក់ឡាន អត់មានដីកា អត់មានអីទេ»។
អ្នកស្រីបន្ថែមថា៖ «ប្តីខ្ញុំអត់មានខុសអី សូមឲ្យតុលាការដោះចេញ[ដោះលែង]…បើថារឿងដី រឿងធ្លី សូមសំណូមពរឲ្យតុលាការចុះមកមើលផ្ទាល់»។
លោក ឡាំ ហេង អាយុ៤៨ឆ្នាំ ជាបងថ្លៃរបស់លោក ឆន ផល្លា ដែលជិះម៉ូតូទៅប៉ុស្តិ៍ប៉ូលិសជាមួយគ្នា មានប្រសាសន៍ថា នៅពេលដល់ប៉ុស្តិ៍នគរបាល កាលពីម៉ោងជាង១១ព្រឹកថ្ងៃចន្ទ សមត្ថកិច្ច៤នាក់ បានបើករថយន្តមកដល់ ហើយពេលនោះ ក៏មានការឃាត់ខ្លួនលោក ឆន ផល្លា ហើយកម្លាំងនគរបាលបានប្រាប់ឲ្យលោកជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។
បើតាមភរិយា កាលពីខែកក្កដា ឆ្នាំ២០២០ លោក ឆន ផល្លា ក៏ធ្លាប់ត្រូវបានគេព្រួតវាយឲ្យរងរបួសផងដែរ។
លោក អង ប៊ុនធៀង មេឃុំសេដា បានអះអាងថាគ្រួសាររបស់លោក ឆន ផល្លា មានដីទំហំធំនៅតំបន់នោះ គឺរហូត៥០ហិកតា។ ប៉ុន្តែភរិយារបស់លោក ឆន ផល្លា អះអាងថា អ្នកស្រីមានដីប្រមាណ៩ហិកតាតែប៉ុណ្ណោះ។
លោក ឌិន ខន្នី អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តរតនគិរី ថ្លែងថាក្រុមគ្រួសារគួរតែដឹងថាការចាប់ខ្លួនលោក ឆន ផល្លា ដោយសារមូលហេតុអ្វី មិនមែនហៅមកធ្វើអត្តសញ្ញាណបណ្ណ ហើយចុងក្រោយជាការចាប់ខ្លួននោះទេ។
លោកថ្លែងថា៖ «ការចាប់ខ្លួនហ្នឹង មិនបានបង្ហាញដីកា ឬក៏មិនបានបង្ហាញបទល្មើសណាមួយទេ។ ខ្ញុំបានសួរទៅប្រពន្ធរបស់គាត់ ដោយប្រពន្ធរបស់គាត់ប្រាប់ថាការចាប់ខ្លួននេះ គឺមិនបានបង្ហាញដីកា ឬក៏ប្រាប់ពីការចោទប្រកាន់នូវបទល្មើសណាមួយទេ»។
លោកបន្ថែមថាលោក ឆន ផល្លា ធ្លាប់ត្រូវបានតុលាការចោទប្រកាន់ថាឈូសឆាយដីព្រៃយកមកធ្វើជាកម្មសិទ្ធិឯកជនកាលពីឆ្នាំ២០២០ ប៉ុន្តែចុងក្រោយ តុលាការរកមិនឃើញកំហុសរូបលោកនោះទេ។ មន្រ្តីសិទ្ធិមនុស្សរូបនោះមិនទាន់អាចបញ្ជាក់អំពីការចោទប្រកាន់ថ្មីៗថាលោក ឆន ផល្លា ឈូសឆាយដីព្រៃ កាលពីខែកុម្ភៈ ឆ្នាំ២០២១នេះនៅឡើយទេ៕