អតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃពុធនេះ បានព្រមានកម្ចាត់អង្គការក្រៅរដ្ឋាភិបាល និងក្រុមមួយចំនួនដែលលោកថា នៅមានគម្រោងធ្វើបដិវត្តន៍ពណ៌ប្រឆាំង និងចង់ផ្តួលរលំរដ្ឋាភិបាល។
ប្រធានគណបក្សកាន់អំណាចថ្លែងបែបនេះ នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ពន្ធភាពរវាងគណបក្សប្រជាជនកម្ពុជាជាមួយបណ្ដាគណបក្សនយោបាយចំនួន២៧ផ្សេងទៀត នៅទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ។
លោក ហ៊ុន សែន លើកឡើងថា កម្ពុជាសព្វថ្ងៃនេះ នៅតែមានក្រុមអ្នកធ្វើបដិវត្តន៍ពណ៌ ដើម្បីប្រឆាំងនិងចង់ផ្តួលរលំរដ្ឋាភិបាល។ ក្នុងនាមជាប្រធានកណបក្សកាន់អំណាច លោក ហ៊ុន សែន ព្រមានថា លោកមិនអត់ឱនឱ្យជាដាច់ខាតចំពោះក្រុមអ្នកធ្វើបដិវត្តន៍ពណ៌។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ទម្រង់នៃការផ្តួលរំលំវាមានច្រើនជាង អាពាក្យធ្វើរដ្ឋប្រហារ។ ឥឡូវវាមានអាចលនារដ្ឋប្រហារតាមកម្លាំងប្រដាប់អាវុធ តែក៏មានអាចលនាបែបបដិវត្តន៍ពណ៌។ សព្វថ្ងៃនេះនៅកម្ពុជា នៅសេសសល់លម្អិតនៅបដិវត្តន៍ពណ៌ ដែលខ្ញុំជូនសារទៅប្រទេសមួយចំនួន អង្គការក្រៅរដ្ឋាភិបាលខ្លះដែលកំពុងជ្រកក្រោមម្លប់នៃចលនាបដិវត្តន៍ពណ៌ ឱ្យឆាប់ដកខ្លួន យើងមិនធ្វើការអត់ឱនសម្រាប់ពួកអ្នកទេ»។
អតីតនាយករដ្ឋមន្រ្តីរូបនេះបន្ថែមទៀតថាចំណាត់ការរបស់រដ្ឋាភិបាលក្នុងការប្រឆាំងបដិវត្តន៍ពណ៌នេះ គឺដើម្បីរក្សានូវសុខសន្តិភាពនៅក្នុងប្រទេសតែប៉ុណ្ណោះ។
លោកលើកឡើងថា៖ «សន្តិភាពស្វែងរកបានដោយលំបាក ឈាមនិងទឹកភ្នែករបស់ប្រជាជនកម្ពុជាច្រើនណាស់ដែលបានបាត់បង់ទៅ ដូច្នេះយើងត្រូវរួមគ្នា ចលនារបស់យើងនៅពេលនេះគឺជាចលនាមួយដ៏ខ្លាំងហើយ យើងមិនផ្តល់ឱកាសឱ្យអ្នកណាមួយធ្វើសកម្មភាពបំផ្លាញសន្តិភាពនេះទេ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃពុធនេះថាការលើកឡើងរបស់លោកហ៊ុន សែន ពាក់ព័ន្ធនឹងរឿងបដិវត្តន៍ពណ៌នេះ មិនមែនជាលើកទីមួយនោះទេ ប៉ុន្តែលោកថាមិនមានសញ្ញាណាមួយដែលលោកមើលឃើញថាជាទ្រង់ទ្រាយនៃការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជាឡើយ។
លោកប្រាប់វីអូអេថា៖ «ខ្ញុំគិតថាបញ្ហាទាំងអស់នេះដូចជាវាមិនត្រឹមត្រូវទេ ពីព្រោះទីមួយអង្គការសង្គមស៊ីវិលសុទ្ធតែមានការចុះបញ្ជីនៅក្រសួងមហាផ្ទៃ មានការតម្កល់លក្ខន្តិកៈរបស់ខ្លួន និងសកម្មភាពការងាររបស់ខ្លួន។ បើសិនជាអង្គការទាំងអស់នោះមានអង្គការណាមួយដែលចង់ធ្វើបដិវត្តន៍ អាហ្នឹងរដ្ឋាភិបាលលោកអាចចាត់វិធានការតាមផ្លូវច្បាប់បាន»។
លោក អំ សំអាត បន្ថែមថាកិច្ចការងាររបស់អង្គការក្រៅរដ្ឋាភិបាលក៏បានចូលរួមចំណែកក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនទៅមុខ ដូចទៅនឹងកិច្ចការងារផ្សេងៗរបស់រដ្ឋាភិបាល។
លោកបញ្ជាក់ថា៖ «ការដែលធ្វើការវាជាធម្មតាអង្គការក្រៅរដ្ឋាភិបាលដែលគាត់មានគោលនយោបាយដែលធ្វើទៅវាតែងតែមានហើយ បញ្ហាខ្លះវាគ្រាន់តែជាការលើកនូវចំណុចដែលខ្វះចន្លោះ ដែលរដ្ឋាភិបាលឬក៏អាជ្ញាធរមិនទាន់បានបំពេញដើម្បីផ្តល់អនុសាសន៍ក្នុងការបំពេញបន្ថែម ដើម្បីឱ្យប្រទេសជាតិយើងមានការគោរពពេញលេញនូវការអភិវឌ្ឍពេញលេញ»។
ចំណែកអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ឃើញថាការលើកឡើងជុំវិញការចោទប្រកាន់ទៅលើក្រុមអង្គការសង្គមស៊ីវិលទាក់ទងនឹងការធ្វើបដិវត្តន៍ពណ៌ ជារឿងមិនត្រឹមត្រូវឡើយ។
លោកបញ្ជាក់ថា៖ «ខ្ញុំអត់មើលឃើញសញ្ញាណណាមួយដែលអង្គការដែលខ្ញុំបានកត់សម្គាល់ទាំងអស់នោះគាត់ត្រូវបានធ្វើឡើងដោយមានគោលបំណងចំៗក្នុងការផ្តួលរំលំរដ្ឋាភិបាលឱ្យប្រាកដនោះទេ។ សម្រាប់ជាការមើលឃើញរបស់ខ្ញុំ ខ្ញុំមិនដឹងថាតើការលើកឡើងហ្នឹង ខាងអតីតនាយករដ្ឋមន្រ្តីលោកមានមូលដ្ឋានអ្វីខ្លះទេនៅក្នុងរឿងនេះ»។
គួរបញ្ជាក់ថាកាលពីពេលកន្លងទៅ លោក ហ៊ុន សែន ក៏ធ្លាប់អះអាងថាយុវជនកម្ពុជាខ្លះត្រូវបានបណ្តុះបណ្តាលឱ្យធ្វើបដិវត្តន៍ពណ៌ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា៕