អង្គការអន្តរជាតិមួយបានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាឲ្យស្ថិតនៅលំដាប់ជិតចុងក្រោយគេក្នុងចំណោមប្រទេសដែលត្រូវបានស្ទាបស្ទង់នៅទូទាំងពិភពលោកសម្រាប់ការយល់ឃើញពីនីតិរដ្ឋ និងចំណាត់ថ្នាក់ទាបជាងគេបំផុតនៅក្នុងតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក។
របាយការណ៍លើសន្ទស្សន៍ផ្នែកនីតិរដ្ឋ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយអង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) សម្រាប់ឆ្នាំ២០១៦នេះ បានធ្វើការវាស់ស្ទង់ពីនីតិរដ្ឋនៅក្នុងប្រទេសចំនួន១១៣ ដោយកម្ពុជាទទួលបានចំណាត់១១២ គឺនៅលើប្រទេសវ៉េណេស៊ុយអេឡាតែមួយប៉ុណ្ណោះ។
ការវាស់ស្ទង់នេះបានធ្វើការដាក់ពិន្ទុដោយផ្អែកលើកត្តាចំនួន៨ គឺការប្រើប្រាស់អំណាចរបស់រដ្ឋាភិបាល ការគ្មានអំពើពុករលួយ ការបើកចំហរបស់រដ្ឋាភិបាល សិទ្ធិមនុស្សជាមូលដ្ឋាន សណ្ដាប់ធ្នាប់និងសន្ដិសុខ ការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌។
ក្នុងចំណោមកត្តាទាំង៨ដែលត្រូវបានដាក់ពិន្ទុនេះ ប្រព័ន្ធយុត្តិធម៌ស៊ីវិលទទួលបានចំណាត់ថ្នាក់ទាបជាងគេគឺទី១១៣ តាមពីក្រោយដោយការបើកចំហរបស់រដ្ឋាភិបាលនិងការអនុវត្តច្បាប់ដែលទទួលបានចំណាត់ថ្នាក់១១២ដូចគ្នា និងអំពើពុករលួយទទួលបានចំណាត់ថ្នាក់១១១។
VOA មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន និងលោក គឹម សន្តិភាព បាននៅឡើយទេកាលពីល្ងាចថ្ងៃសុក្រ។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាប្រាប់ VOA ថា ចំណាត់ថ្នាក់នេះបានបង្ហាញពីតថភាពនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ថាមិនទាន់មានការផ្លាស់ប្ដូរឱ្យបានប្រសើរឡើងពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌ និងសិទ្ធិមនុស្ស។
លោក ព្រាប កុល បន្តថា កន្លងមកអង្គការសង្គមស៊ីវិល និងអ្នករាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានលើកបញ្ហា និងដាក់ជាអនុសាសន៍ដល់រដ្ឋាភិបាលដើម្បីដោះស្រាយពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ តែរដ្ឋាភិបាលតែងច្រានចោល។ លោកថា ដើម្បីឱ្យទទួលបានស្ថានភាពនីតិរដ្ឋមានការប្រសើរឡើង រដ្ឋាភិបាលគួរទទួលយកអនុសាសន៍ទាំងនោះ និងដោះស្រាយឱ្យបានឆាប់។
លោកមានប្រសាសន៍ថា៖
«អ្វីដែលត្រូវធ្វើគឺ ទី១ទទួលស្គាល់ ទទួលស្គាល់របាយការណ៍វាយតម្លៃថា មានបញ្ហាខ្វះខាតដែលត្រូវធ្វើការកែលម្អ ហើយយករបាយការណ៍ហ្នឹងមកពិនិត្យមើលពីចំណុចដែលគេវាយតម្លៃថា ខ្វះខាត ហើយមើលពីអនុសាសន៍ថា ត្រូវធ្វើអីដើម្បីបំពេញការខ្វះខាត។ ហ្នឹងគឺយកមកមើល។ តែបើថាចង់ទាត់ចោលឬច្រានចោលយ៉ាងម៉េចតាមវិទ្យុតាមកាសែតអីក៏ច្រានទៅចុះ តែការពិតគួរតែយក ខ្ញុំថាគួរតែយកមកមើល ហើយជជែកគ្នាដើម្បីដោះស្រាយ»។
ក្រោយបញ្ចប់ទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជាកាលពីថ្ងៃពុធ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាបានបង្ហាញពីក្ដីកង្វល់មួយនិងលើកជាអនុសាសន៍មួយចំនួនដល់រដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងបញ្ហានីតិរដ្ឋ ប្រព័ន្ធយុត្តិធម៌ ការរំលោភសិទ្ធិមនុស្ស ជម្លោះដីធ្លី និងលក្ខខណ្ឌនៃការឃុំឃាំងនៅពន្ធនាគារជាដើម៕