យ៉ាងហោចណាស់មានមន្ត្រីសិទ្ធិមនុស្សម្នាក់ពីអង្គការលីកាដូ (LICADHO) និងសកម្មជនដីធ្លីមួយរូប ត្រូវបានសន្តិសុខខណ្ឌដូនពេញវាយដំឱ្យរងរបួស ក្នុងពេលដង្ហែក្បួនប្រារព្ធទិវាសិទ្ធិលំនៅស្ថានពិភពលោកលើកទី៣១ នាព្រឹកថ្ងៃច័ន្ទ ទី១០ ខែតុលា នេះ។ ការប្រើអំពើហិង្សានេះ រងការរិះគន់ពីយ៉ាងខ្លាំងពីអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា ហើយមន្ត្រីសង្គមស៊ីវិលបង្ហាញក្តីបារម្ភពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានរងការវាយដំពីក្រុមសន្តិសុខខណ្ឌឲ្យរបួសត្រង់ ក ធ្មេញ និងធ្គាមក្នុងពេលដែលលោកកំពុងឃ្លាំមើលការប្រារព្ធទិវាសិទ្ធិលំនៅស្ថានពិភពលោក។ ហើយសកម្មជនបឹងកក់មួយរូបផ្សេងទៀតគឺ លោក ច័ន្ទ ពុទ្ធិស័ក្ក ក៏ត្រូវបានអាជ្ញាធរវាយឲ្យរបួសក្បាល។ ក្រៅពីនេះ សកម្មជនដីធ្លីនិងប្រជាពលរដ្ឋដែលចូលរួមមួយចំនួនទៀត ក៏ត្រូវបានរុញច្រាននឹងរងការវាយដំឲ្យរបួសស្រាលផងដែរ។
លោក អំ សំអាត បានប្រាប់អ្នកសារព័ត៌មានភ្លាមៗក្រោយពីរងការវាយដំយ៉ាងដូច្នេះថា៖
«ការរារាំងជារឿងមួយ។ ប៉ុន្តែរឿងដែលធ្ងន់ធ្ងរនោះគឺ ខ្ញុំជាមន្ត្រីសិទ្ធិមនុស្ស ខ្ញុំឃើញអំពើហិង្សា ខ្ញុំឃាត់កុំឲ្យប្រើប្រាស់អំពើហិង្សា ប៉ុន្តែសន្តិសុខទាំងនោះបានប្រើប្រាស់អំពើហិង្សាមកលើខ្ញុំ ទាំងខ្ញុំមានអត្តសញ្ញាណត្រឹមត្រូវ។ នេះបង្ហាញយ៉ាងច្បាស់ហើយថា សូម្បីមន្ត្រីសិទ្ធិមនុស្សគេនៅប្រើប្រាស់ហិង្សា ចុះទម្រាំប្រជាពលរដ្ឋ។ ចឹងមិនបាច់រដ្ឋាភិបាលមិនបាច់ឆ្លើយបដិសេធថា មិនមានការរំលោភសិទ្ធិមនុស្សទេ។ ចឹងកុំបន្ទោសអង្គការសិទ្ធិមនុស្ស ដែលលើកឡើងថា មិនមានការគោរពសិទ្ធិមនុស្ស»។
លោកអះអាងថា អ្នកដែលប្រើប្រាស់អំពើហិង្សាលើរូបលោក គឺជាសន្តិសុខខណ្ឌដូនពេញ ដែលក្នុងនោះមានអ្នកខ្លះក៏ធ្លាប់ត្រូវបានអង្គការលីកាដូជួយបញ្ជូនទៅមន្ទីរពេទ្យ នៅពេលពួកគេប៉ះទង្គិចជាមួយប្រជាពលរដ្ឋ កាលពីលើកមុនថែមទៀតផង។ លោក អំ សំអាត ឲ្យដឹងថា លោកមានគម្រោងដាក់ពាក្យប្តឹងអាជ្ញាធរចំពោះការប្រើប្រាស់អំពើហិង្សាមកលើរូបលោកនេះ។
នាព្រឹកថ្ងៃច័ន្ទ ប្រជាពលរដ្ឋនិងសកម្មជនសិទ្ធិលំនៅស្ថានរាប់រយនាក់បានដើរក្បួននៅក្នុងរាជធានីភ្នំពេញពីអតីតសហគមន៍ដីក្រហម ដើម្បីរំឭកខួបទី៣១នៃទិវាសិទ្ធិលំនៅស្ថាន។ ការដើរក្បួនដោយសន្តិវិធីក្រោមមេឃភ្លៀងនេះ ត្រូវបានហាមប្រាមដោយអាជ្ញាធរក្រុងភ្នំពេញ ដោយមានបិទផ្លូវនានា រហូតមកដល់នៅជិតសារមន្ទីរជាតិ ខាងជើងព្រះបរមរាជវាំង ជាទីដែលអាជ្ញាធរក្រុងចាប់ផ្តើមទាញយកសម្ភារៈរបស់អ្នកចូលរួម។
ការប្រើប្រាស់អំពើហិង្សាលើសកម្មជនសិទ្ធិដីធ្លី និងអ្នកការពារសិទ្ធិមនុស្សនេះ បានរងការរិះគន់យ៉ាងខ្លាំងពីអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា។ តាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលសំខាន់ៗជាង៦០ក្នុងប្រទេសកម្ពុជា បានបញ្ជាក់ពីភាពសោកស្តាយ និងថ្កោលទោស ចំពោះការប្រើប្រាស់អំពើហិង្សានាព្រឹកថ្ងៃច័ន្ទនេះ។
លោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បង្ហាញការសោកស្តាយ និងក្តីបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលរដ្ឋាភិបាលកម្ពុជា ហាក់ពុំមានឆន្ទៈក្នុងការការពារសិទ្ធិមនុស្សដូចដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ អ្វីនោះទេ។
លោកស្រី ចក់ សុភាព ថ្លែងប្រាប់ VOA ថា៖
«ព្រឹត្តិការណ៍ព្រឹកមិញនេះ បានបញ្ជាក់ឲ្យឃើញបន្ថែមទៀតថា អាជ្ញាធរបន្តក្នុងការរំលោភបំពានលើសិទ្ធិមនុស្ស ជាពិសេសគឺការវាយប្រហារមកលើសកម្មជនសិទ្ធិមនុស្ស ក្នុងនាមជាអ្នកឃ្លាំមើល និងក្នុងឯកសណ្ឋានអ្នកឃ្លាំមើលទៀត។ វាជារឿងសោកស្តាយ ហើយសង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសតុលាការធានាថា ជនល្មើសត្រូវបានយកមកកាត់ទោស ជាពិសេសអាជ្ញាធរដែលបានប្រើប្រាស់អំពើហិង្សា ដើម្បីបង្ហាញថាខ្លួនការពារមន្ត្រីសិទ្ធិមនុស្ស មិនមែនការពារអ្នកវាយប្រហារនោះទេ»។
លោកស្រីបន្តទៀតថា នាពេលចុងក្រោយនេះ ជាបន្តបន្ទាប់មានការយាយីលើមន្រ្តីសង្គមស៊ីវិលថែមទៀត ជាអាទិ៍មន្ត្រីសមាគមអាដហុកទាំង៤រូប និងអតីតមន្ត្រីសិទ្ធិមនុស្សលោក នី ចរិយា ដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារជាដើម។
យ៉ាងណាក៏ដោយ លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បញ្ជាក់ប្រាប់ VOA ថា ការប៉ះទង្គិចនេះដោយសារក្រុមអ្នកសកម្មជនដីធ្លីមិនបានស្តាប់ការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។ លោកថា រដ្ឋាភិបាលកំពុងសិក្សាលើករណីប៉ះទង្គិចគ្នាកាលពីព្រឹកមិញនេះ ហើយចំណាត់ការបន្ទាប់យ៉ាងណានោះមិនទាន់មានការបញ្ជាក់ច្បាស់លាស់នោះទេ។
អ្នកនាំពាក្យរូបនោះបញ្ជាក់ថា៖
«អ្នកដែលស្នើសុំនោះគឺមិនបានគោរពតាមគោលការណ៍ដែលបានមកជជែកគ្នានៅសាលារាជធានីភ្នំពេញ។ ហើយព្រឹកមិញ ក្បួនកាលពីព្រឹកមិញបានព្យាយាមហែក្បួនមកផ្លូវធំ ដែលគ្មានការអនុញ្ញាត អនាធិបតេយ្យតាមតែចិត្តចង់ធ្វើ អាជ្ញាធរគ្រាន់តែតម្រង់ទិសរបស់គាត់ទៅកាន់ទីលានប្រជាធិបតេយ្យប៉ុណ្ណោះ ហើយក៏មានការប៉ះទង្គិចបន្តិចបន្តួច»។
ការប្រារព្ធទិវាសិទ្ធិលំនៅស្ថានពិភពលោកលើកទី៣១នេះ មានជនរងគ្រោះដីធ្លីមកពីបណ្តាខេត្ត និងរាជធានីភ្នំពេញជាច្រើនរយនាក់ចូលរួម ដើម្បីសំដែងការមិនពេញចិត្តចំពោះការរំលោភសិទ្ធិលំនៅស្ថានរបស់ពួកគេ និងដើម្បីស្នើឲ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ដីធ្លី។ ពួកគេនាំគ្នាដង្ហែក្បួន ក្រោមតំណក់ទឹកភ្លៀង មានបដាក្នុងដៃ និងឆៃយ៉ាំបំពងសំឡេងផង ចាប់ផ្តើមពីអតីតតំបន់ដីក្រហម ដែលពលរដ្ឋត្រូវបានបណ្តេញចេញដោយបង្ខំកាលពីឆ្នាំ២០០៩ នៅជិតស្ថានទូតរុស្ស៊ីក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ។
ការប្រើអំពើហិង្សារបស់កម្លាំងសន្តិសុខខណ្ឌដូនពេញមកលើមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស និងសកម្មជនដីធ្លីនេះកើតឡើង ស្របពេលដែលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត (Rhona Smith) ធ្វើដំណើរទស្សនកិច្ចផ្លូវការជាលើកទី៣មកកាន់កម្ពុជា៕