ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ឃាត់ខ្លួន​មេដឹកនាំ​ការ​តវ៉ា​មួយ​រយៈ​ខ្លី


បាតុករ​ម្នាក់​ស្រែក​យំ​នៅ​ខាង​មុខ​ស្ថានទូត​សហរដ្ឋ​​អាមេរិក​ក្នុង​ក្រុង​ភ្នំពេញ នៅ​ក្រោយ​ពេល​អ្នក​តវ៉ា​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​ព្យាយាម​ដាក់​ញត្តិ​ដល់​ស្ថានទូត​អាមេរិក កាល​ពី​ថ្ងៃ​អង្គារ​ទី​២១​ខែ​មករា​​ឆ្នាំ​២០១៤​នេះ។
បាតុករ​ម្នាក់​ស្រែក​យំ​នៅ​ខាង​មុខ​ស្ថានទូត​សហរដ្ឋ​​អាមេរិក​ក្នុង​ក្រុង​ភ្នំពេញ នៅ​ក្រោយ​ពេល​អ្នក​តវ៉ា​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​ព្យាយាម​ដាក់​ញត្តិ​ដល់​ស្ថានទូត​អាមេរិក កាល​ពី​ថ្ងៃ​អង្គារ​ទី​២១​ខែ​មករា​​ឆ្នាំ​២០១៤​នេះ។
តំណាង​សហជីព​និង​សកម្មជន​សិទ្ធិ​លំនៅដ្ឋាន​ចំនួន​១១​នាក់​ក្នុង​នោះ​រួម​មាន​លោក​ រ៉ុង​ ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​ អ្នក​ស្រី​ ទេព វន្នី​ ជ័យលាភីរង្វាន់​ស្រ្តី​ជាអ្នក​ដឹក​នាំ​របស់​អង្គការ​ Vital Voices ​និង​អ្នក​ស្រី​ ឡុង​ គឹមហៀង​ មន្ត្រី​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋានត្រូវ​បាន​កង​កម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាលចាប់​ឃុំ​ខ្លួន​រយៈ​ពេល​ខ្លី​ហើយ​ក្រោយ​មក​បាន​ដោះ​លែង​មក​វិញ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិមនុស្ស។​

ការ​ចាប់​ខ្លួន​នេះ​បាន​កើត​មាន​ឡើង​នៅ​ពី​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក​និង​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នីវង្ស​ក្នុង​ខណៈ​ពេល​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​ សកម្មជន​នៅ​តំបន់​បឹងកក់​បាន​ដាក់​ញត្តិ​ទៅ​កាន់​ស្ថាន​ទូត​នៃបណ្តាប្រទេស​មហា​អំណាច​សំខាន់ៗ​ ដូច​ជា៖ សហរដ្ឋ​អាមេរិក​ បារាំង​ និង​ ប្រទេស​អង់គ្លេស​ដើម្បី​ឱ្យជួយ​អន្តរាគមន៍​ដោះ​លែង​ក្រុម​កម្មករ​ចំនួន​២៣​នាក់​ដែល​កំពុង​ជាប់​ឃុំ​ឱ្យមាន​សេរីភាព​វិញ។​

ពួកគេ​បាន​ស្រែក​ព្រមៗ​គ្នា​ថា៖ «យើង​នាំ​គ្នា​ចូល។​ កុំ​ធ្វើ​អំពើ​អាក្រក់​ពេក​ អ្នក​ឯង​ល្មមៗ​បាន​ហើយ។នៅ​មុខ​ស្ថាន​ទូត​ហើយ​នៅ​ចាប់​គេ​ទៀត។​ អ្នក​ឯង​កុំធ្វើ​អាក្រក់​ពេក»។​

សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​និង​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា​កង​កម្លាំង​សន្តិសុខ​របស់​សាលា​ខណ្ឌ​ដូន​ពេញ​និង​សាលា​ក្រុង​ភ្នំពេញ​បាន​ពាក់​មួក​សុវត្ថិភាព​ការពារ​ពណ៌​ខ្មៅ​ដូចៗ​គ្នា​បាន​មក​ចាប់​អ្នក​ស្រី​ទេព វន្នី​ តំណាង​អ្នក​ភូមិ​បឹងកក់​មុន​គេ​ ​ក្រោយ​មក​ចាប់​ខ្លួន​លោក​ រ៉ុង ឈុន​ និង​ អ្នក​ស្រី​ ឡុង​ គឹមហៀង​ដាក់​ក្នុង​រថយន្ត​ប្រភេទ​ប្រភេទ​១២​កៅ​អី​រួច​ហើយ​ដឹក​ចេញ​ទៅ។​

ចំណែក​អ្នក​ស្រី​យ៉ោម បុប្ជា និង​អ្នក​ភូមិ​បឹង​កក់​៨នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​រុញ​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នីវង្ស​ក្នុង​ខណៈ​ពេល​ដែល​ពួក​គេ​បាន​ដើរ​ហែរ​ក្បួន​ដោយ​សន្តិ​វិធី​ឆ្ពោះ​ទៅ​កាន់​ស្ថាន​ទូត​បារាំង​ដើម្បី​ដាក់​ញត្តិ។​

ក្រោយ​ពី​បាន​ចាប់​ខ្លួន​មេដឹក​នាំ​សហជីព​និង​អ្នក​ភូមិ​បឹង​កក់​ជាបន្តបន្ទាប់​យក​ទៅ​ឃុំ​នៅ​ស្នង​ការ​ប៉ូលិស​ក្រុង​ភ្នំពេញ​ ​មានសកម្មជន​ដី​ធ្លី​មួយ​ចំនួន​បាន​ស្រែក​ទ្រហោ​យំ​រហូត​ដល់មាន​ស្ត្រី​ម្នាក់​បាន​ដួល​សន្លប់។​

ពួកគេ​បាន​ស្រែក​ដោយ​កំហឹង​ថា៖ «ប្រជាពលរដ្ឋ​រាប់​លាន​រាប់​សែន​អ្នក​ហេតុ​អ្វី​បាន​ជា​រក​ដំណោះ​ស្រាយ​តែ​បាញ់​ តែ​សម្លាប់​ តែ​ចាប់​ប្រជាជន​យក​ទៅ​ដាក់​ពន្ធនាគារ​អញ្ចឹង។ ​ចុះ​អ្នក​លួច​ដី​គេ​ អ្នក​សម្លាប់​នោះ​ហេតុ​អ្វី​ក៏​មិន​ចាប់?​ មក​ចាប់​តែ​អ្នក​រង​គ្រោះ​អញ្ចឹង»។​

យ៉ាង​តិច​មាន​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​១៨១​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​យក​ញត្តិ​មក​ដាក់​នៅ​តាម​បណ្តា​ស្ថាន​ទូត​នានា​ប្រចាំ​ប្រទេស​កម្ពុជា​ដោយ​ចាប់​ផ្តើម​ដំបូង​គេ​គឺ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក។​ដើម្បី​សុំ​ឱ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​សកម្មជន​សហជីព​និង​ក្រុម​កម្មករ​ចំនួន​២៣​នាក់​ដែល​កំពុង​ជាប់ឃុំឃាំង​នៅ​មន្ទីរ​ឃុំ​ឃាំង​ឱ្យ​រួចខ្លួន​មកវិញ។​

លោក​ សៀ ភារម្យ​ ប្រធាន​លេខា​ធិការ​ដ្ឋាន​នៃ​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​បាន​បញ្ជាក់​ថា​មាន​តែ​ស្ថាន​ទូត​បស្ចឹម​ប្រទេសដែល​អាច​ជួយ​អន្តរាគមន៍​ដោះ​លែង​អ្នក​ទាំង​២៣​នាក់​ឱ្យ​មាន​សេរី​ភាព​ឡើងវិញ។​

លោក​បាន​និយាយ​ថា៖​ «យើង​ឃើញ​មាន​ការ​សោក​ស្តាយ​ដែល​ប្រទេស​កម្ពុជា​យើង​ដែល​ទង្វើ​នៃ​ការ​មិន​អនុវត្ត​ច្បាប់​នេះ​គឺ​ថា​កាន់​តែ​កើត​ឡើង​ធ្ងន់​ទៅៗ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​យើង​ឃើញ​ថា​លទ្ធិប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ហ្នឹង​កំពុង​តែ​វិល​ថយ​ក្រោយ​វិល​ទៅ​រក​របប​ផ្តាច់​ការ»។​

លោក​ ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ​មិន​បាន​អត្ថាធិប្បាយ​អំពី​ការ​ចាប់​ខ្លួន​នេះ​ទេ​ដោយ​លោក​បាន​និយាយ​យ៉ាង​ខ្លី​ថា​កំពុង​ជាប់​រវល់​រួច​ហើយ​បាន​ផ្តាច់​ការ​សន្ទនា​តាម​ទូរស័ព្ទ។​

ក្នុង​ចំណោម​បណ្តា​ស្ថាន​ទូត​បស្ចឹម​ប្រទេស​សំខាន់ៗ​មាន​តែ​អង្គការ​លើ​លែង​ទោស​អន្តរជាតិ​មួយ​ទេ​ដែល​បាន​អត្ថាធិប្បាយ​ជាមួយ​ក្រុម​អ្នក​កាសែត​បន្ទាប់​ពីបាន​មក​ទទួល​ញត្តិ។​

លោក​ រ៉ូពើត​ អាប៉ុត​ (Rupert Abbott)​ អ្នក​ស្រាវ​ជ្រាវ​កម្មវិធី​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ ឡាវ​ វៀតណាម​និង​តំបន់​អាស៊ី​និង​បាស៊ីហ្វិក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថាន​ភាព​វាយ​បង្ក្រាប​មក​លើ​ក្រុម​កម្មករ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍​កន្លង​មក​នេះ។​

លោក​និយាយ​ថា៖ «យើង​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​កម្មករ​ទាំង​២៣​នាក់​ដោយ​រាប់​បញ្ចូល​ទាំង​អ្នក​ការ​ពារ​សិទ្ធិមនុស្ស​ដ៏​ល្បីល្បាញ​បី​នាក់​ផង​ដែរ។ ​យើង​នឹង​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ហើយ​ឥឡូវ​នេះ​យើង​បាន​ឃើញ​ហើយ​ថា​សិទ្ធិ​នៃ​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​មិន​ត្រូវ​បាន​អនុញ្ញាត​ទៀត​ទេ​នៅ​កម្ពុជា។​ ដូច​ជា​ករណី​កាល​ពី​២ទៅ​៣​ថ្ងៃ​មុន​ពលរដ្ឋ​ព្យាយាម​តវ៉ា​ដោយ​សន្តិវិធី​ត្រូវ​បាន​ចាប់​ខ្លួន។​ ខ្ញុំ​សង្ឃឹម​ថា​ការ​ចាប់​ខ្លួន​នៅ​ថ្ងៃនេះ​នឹង​ដោះ​លែង​ពួកគេ​ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ»។​

ក្រុម​កម្មករ​ទាំង​២៣​នាក់​រាប់​ទាំង​លោក​ វន់ ពៅ​ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ត្រូវ​បាន​កង​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​មករា​នេះ​រួច​ហើយ​យក​ទៅ​ឃុំ​ឃាំង​នៅ​ពន្ធនាគារ​ម៣​ខេត្ត​កំពង់​ចាម​ក្រោម​បទ​ចោទ​ប្រកាន់​ថា«​បំផ្លិច​បំផ្លាញ​សម្បត្តិ​សាធារណៈ​និង​ញុះ​ញង់​បង្កឱ្យមាន​អំពើ​ហិង្សា»៕
XS
SM
MD
LG