ភ្នំពេញ —
មន្ត្រីជាន់ខ្ពស់នៃសហព័ន្ធសហជីពអន្តរជាតិដែលតំណាងឲ្យសហជីពកម្មករចំនួន១៧៥ក្នុងប្រទេសជាង១៥០ក្នុងពិភពលោកបានស្នើឲ្យរដ្ឋាភិបាលកម្ពុជានិងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាឲ្យដោះលែងកម្មករនិងសកម្មជនសហជីពជាបន្ទាន់ដោយព្រមានប្តឹងទៅកាន់អង្គការពលកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិ(ILO)។
លោកចាអាប វីយេនណិន (Jaap Wienen)អគ្គលេខាធិការរងនៃសហព័ន្ធសហជីពអន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសបែលហ្ស៊ិកបានប្រាប់អ្នកកាសែតក្រោយពីជំនួបជាមួយលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងទីក្រុងភ្នំពេញនៅរសៀលថ្ងៃច័ន្ទនេះថាលោកបានផ្តល់យោបល់ឲ្យរដ្ឋាភិបាលបញ្ឈប់ការចាត់វិធានការទាំងឡាយលើក្រុមកម្មករនិងតំណាងសហជីព។
«យើងផ្តល់យោបល់ដល់លោករដ្ឋមន្ត្រីឲ្យលុបចោលការគំរាមកំហែងដកលិខិតអនុញ្ញាតដល់សហជីពឯករាជ្យ។ ទី២យើងផ្តល់យោបល់ដល់លោករដ្ឋមន្ត្រីឲ្យដោះលែងអ្នកជាប់ឃុំឃាំងទាំង២៣រូបឲ្យបានឆាប់។ ក្រៅពីនោះយើងស្នើឲ្យដកពាក្យបណ្តឹងប្រឆាំងសហ សេវិករបស់យើងគឺលោករ៉ុង ឈុន ដែលត្រូវឡើងតុលាការនៅថ្ងៃស្អែកពីព្រោះថាវាគ្មានន័យទេក្នុងការប្តឹងប្រឆាំងសហសេវិកម្នាក់ដោយសារបានការពារសិទ្ធិកម្មករនោះ»។
ជំនួបរវាងតំណាងសហព័ន្ធសហជីពអន្តរជាតិជាមួយតំណាងរដ្ឋាភិបាលកម្ពុជាធ្វើឡើងជាងមួយសប្តាហ៍ក្រោយការបង្រ្កាបយ៉ាងហិង្សារបស់រដ្ឋាភិបាលលើក្រុមកម្មកររោងចក្រដែលទាមទារការដំឡើងប្រាក់ខែគោលដោយសន្តិវិធីឲ្យដល់១៦០ដុល្លារអាមេរិក។
កម្មករចំនួនប្រាំនាក់យ៉ាងតិចត្រូវបានបាញ់សម្លាប់ មនុស្សប្រមាណ៤០នាក់ផ្សេងទៀតរងរបួសនិងសកម្មជនសហជីពនិងកម្មករចំនួន២៣នាក់ត្រូវចាប់ខ្លួននិងចោទប្រកាន់តាមផ្លូវតុលាការ។
ក្រុមអាជ្ញាធរដែលមានកងប៉ូលិសនិងកងសណ្តាប់ធ្នាប់ដែលពាក់ឯកសណ្ឋានពណ៌ទឹកប៊ិក ពាក់មួកការពារនិងកាន់ដំបងជាប់ដៃបានដើរបណ្តេញក្រុមប្រជាពលរដ្ឋដែលសំចតនៅតាមចិញ្ចើមផ្លូវនៅមុខក្រសួងការងារដោយរង់ចាំស្តាប់សន្និសីទកាសែតរបស់តំណាងសហព័ន្ធសហជីពអន្តរជាតិនិងបានតាមឆាឆៅរំខានដល់ការរៀបចំសន្និសីទកាសែតនៅក្នុងហាងកាហ្វេមួយនៅទល់មុខក្រសួងការងារនោះ។
លោកចាអាប វីយេនណិន បានសម្តែងការព្រួយបារម្ភចំពោះព្រឹត្តិការណ៍បង្ហូរឈាមនេះហើយលោកអះអាងថាការសម្រេចចិត្តដំឡើងប្រាក់ខែដល់កម្មករដល់១០០ដុល្លារក្នុងមួយខែមិនសមល្មមនឹងតម្រូវការក្នុងការរស់នៅរបស់ពួកគេទេ។
លោកចាអាប វីយេនណិន អះអាងថាកម្មកររោងចក្រកម្ពុជាគួរតែបានប្រាក់ខែចំនួន២៦០ដុល្លារក្នុងមួយខែ។
លោកអ៊ុំ មាន រដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
ទោះជាយ៉ាងណាលោកចាអាប វីយេនណិន អះអាងថារដ្ឋមន្ត្រីក្រសួងការងារនឹងលើកសំណើខាងលើនេះជូនតុលាការ ជូនអាជ្ញាធរនិងជូនសហជីពរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)ហើយលោកបញ្ជាក់ថាលោកនឹងបន្តគាំទ្រកម្មករកម្ពុជាប្រឆាំងនឹងអំពើអយុត្តិធម៌។ហើយលោកនឹងដាក់ពាក្យបណ្តឹងទៅកាន់អង្គការពលកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិ(ILO)។
នៅក្នុងថ្ងៃនេះដែរក្រុមមន្ត្រីសហព័ន្ធសហជីពអន្តរជាតិក៏បានជួបជាមួយGMAC ផងដែរ។
លោកចាអាប វីយេនណិន ឲ្យដឹងថាសហព័ន្ធរបស់លោកស្នើឲ្យថៅកែរោងចក្រចំនួន១០០រោងចក្រដកពាក្យបណ្តឹងប្រឆាំងសហជីពកម្មករដែលបានដឹកនាំការទាមទារដំឡើងប្រាក់ឈ្នួលកម្មករនិងសុំឲ្យទទួលយកតំណាងសហជីពនៅក្នុងរោងចក្រប្រមាណ១០០នាក់ឲ្យចូលធ្វើការវិញជាបន្ទាន់។តំណាងសហជីពទាំងនេះត្រូវបណ្តេញចេញពីការងារដោយសារពួកគេបានចូលរួមបាតុកម្ម។
លោកខេន លូ (Ken Loo) អគ្គលេខាធិការរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាGMACបញ្ជាក់ថាGMAC មិនអាចទទួលយកសំណើណាមួយពីតំណាងសហព័ន្ធសហជីពអន្តរជាតិនោះទេប៉ុន្តែលោកមិនបកស្រាយអំពីមូលហេតុនោះទេ។
«យើងអត់អាចទទួលយកបានទេ។ប្រជុំអត់បានឯកភាពលើមាត្រាអីទេ»។
លោកចាអាប វីយេនណិន បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថាGMAC មានគម្រោងប្តឹងប្រឆាំងនឹងសហព័ន្ធសហជីពអន្តរជាតិរបស់លោក។ក៏ប៉ុន្តែលោកខេន លូ បដិសេធដំណឹងនេះ។
លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនិងជាប្រធានសហភាពសហជីពកម្ពុជាថ្លែងទៅកាន់ក្រុមអ្នកកាសែតអំពីសារៈសំខាន់នៃទស្សនកិច្ចរបស់សហព័ន្ធសហជីពអន្តរជាតិក្រោមការតាមបណ្តេញចេញរបស់អាជ្ញាធរ។
«គាត់មានតួនាទីសំខាន់ណាស់ក្នុងដំណើរបេសកកម្មយើងនេះ»។
ក្រុមមន្ត្រីសហព័ន្ធសហជីពអន្តរជាតិដែលអមដោយមេធាវីរបស់ខ្លួនផងដែរគ្រោងនឹងបញ្ចប់ទស្សនកិច្ចរយៈពេលបួនថ្ងៃនៅថ្ងៃនេះប៉ុន្តែបានសម្រេចបន្តការស្នាក់នៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតដើម្បីតាមដានការវិវត្តន៍ស្ថានការណ៍ប្តឹងផ្តល់ប្រឆាំងលោករ៉ុង ឈុន៕