លោក ហ៊ុន សែន បានលើកតម្កើងទំនាក់ទំនងល្អជាមួយប្រទេសចិន ដោយចាត់ទុកប្រទេសចិនជាបងប្អូនដ៏ល្អ។ ប៉ុន្តែអ្នកវិភាគយល់ថាការបង្ហាញឥរិយាបទនេះ អាចជារូបភាពមិនល្អសម្រាប់ទំនាក់ទំនងការទូតបើកចំហ និងស្មើភាពជាមួយបណ្តាប្រទេសលោកសេរី។
លោក ហ៊ុន សែន បានចាត់ទុកប្រទេសចិន ជា«មិត្តភក្ត្រដ៏ល្អ ជាបងប្អូនដ៏ល្អនិងជាអ្នកជិតខាងដ៏ល្អ»។
ការវាយតម្លៃរបស់លោកប្រមុខរដ្ឋាភិបាលខ្មែរធ្វើឡើងស្របពេលដែលប្រទេសចិននឹងត្រូវប្រារព្ធខួបទី៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១ខែតុលា ខាងមុខនេះ។
ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយសារព័ត៌មានរដ្ឋចិន Xinhua ដែលផ្សាយកាលពីថ្ងៃអង្គារលោកហ៊ុន សែន បានលើកពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយប្រទេសចិន ព្រមទាំងបានបញ្ជាក់ឡើងវិញពីការគាំទ្រឥតងាករេរនៃនយោបាយចិនតែមួយ។
«ចំណុចកត់សម្គាល់ ខ្ញុំគិតថា បញ្ហាធំរបស់យើង ដែលយើងអនុវត្តជាមួយគោលនយោបាយចិនមួយ។ នេះជា ចំណុចពិសេស ដែលមិនអាចនឹងបំពានបានទៅលើបញ្ហានេះនោះទេ។ ចិនមិនត្រូវការអ្វីពីកម្ពុជានោះទេ។ តែអ្វីដែលចិនត្រូវការគឺ ការស្មោះត្រង់ជាមួយគ្នា»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយ មើលឃើញថា ទំនាក់ទំនងកម្ពុជានិងចិននាពេលបច្ចុប្បន្នគឺជិតស្និទ្ធជាងពេលណាទាំងអស់។ ហើយកម្ពុជាក៏បានទាញប្រយោជន៍ជាច្រើនពីប្រទេសចិនផងដែរ។
ទោះជាយ៉ាងណាក្តី អ្នកវិភាគរួបនេះ រំលឹកថាទំនាក់ទំនងជិតស្និទ្ធនេះអាចប៉ះពាល់ដល់គោលនយោបាយអព្យាក្រឹត្យភាពរបស់កម្ពុជាជាមួយបណ្តាប្រទេសលោកខាងលិច។
«ក៏ប៉ុន្តែនៅពេលដែលគោលនយោបាយរបស់កម្ពុជានៅតែមានរក្សានូវចំណុចអព្យាក្រឹត្យរបស់ខ្លួន។ អញ្ចឹងនៅពេលដែលទំនាក់ទំនងកម្ពុជាចិនខ្លាំង ហើយឥរិយាបថរបស់អ្នកនយោបាយកម្ពុជាហាក់ដូចជា ងាកចេញពីលោកខាងលិច អញ្ចឹងធ្វើឲ្យលោកខាងលិចក៏មានកត្តាបារម្ភច្រើនដែរ។ កន្លែងនេះឯង កម្ពុជាគួរតែរក្សាជំហរទំនាក់ទំនងជាមួយមហាអំណាច»។
យោងតាមតួលេខផ្លូវការកាលពីឆ្នាំកន្លងទៅ កម្ពុជាជំពាក់បំណុលបរទេសចំនួនជាង៧ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ៤៨ភាគរយគឺជាបំណុលរបស់ប្រទេសចិន។
អ្នកតាមដានសង្គមជាច្រើនធ្លាប់បានព្រមានថាកម្ពុជាអាចធ្លាក់ក្នុងអន្ទាក់កូនបំណុលរបស់ប្រទេសចិនក្នុងពេលខាងមុខប្រសិនបើកម្ពុជាបន្តខ្ចីបុលចិនមិនបន្ធូរដៃ។
ត្រង់ចំណុចនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថាលោកមិនជឿថាកម្ពុជាអាចធ្លាក់ក្នុងអន្លង់បំណុលរបស់ចិននោះទេ ដោយសារកម្ពុជាមានការគ្រប់គ្រងបំណុលម៉ត់ចត់។
បន្ថែមពីនោះលោក ហ៊ុន សែន បញ្ជាក់ថាប្រសិនបើមិនមានជំនួយពីប្រទេសចិន ជាពិសេសការផ្តល់កម្ចីដែលមិនភ្ជាប់ជាមួយលក្ខខណ្ឌនោះទេ កម្ពុជាមិនអាចមានលទ្ធភាពសាងសង់ផ្លូវរហូតដល់ជាង៣០០០ គីឡូម៉ែត្ររហូតមកទល់ពេលនេះនោះទេ។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយកម្ពុជា ទទួលស្គាល់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ខាងលើនេះ«មិនខុសនោះទេ» ប៉ុន្តែកម្ពុជាគួរតែបង្ហាញនូវឥរិយាបថនយោបាយក្នុងបែបផែនដែលទាំងចិន និងលោកខាងលិចអាចទទួលបាន៕