ថ្មីៗនេះកម្ពុជាបានច្រានចោលសេចក្តីរាយការណ៍ជាបន្តបន្ទាប់អំពីកិច្ចព្រមព្រៀងសម្ងាត់រវាងកម្ពុជានិងចិនក្នុងការបើកឱ្យមានមូលដ្ឋានកងទ័ពចិននៅកម្ពុជា។ យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ក្នុងមូលដ្ឋានកងទ័ពអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិកនៅតែអះអាងថា ខ្លូនមានព័ត៌មានច្បាប់ការថា ចិនសាងសង់ មូលដ្ឋានកងទ័ពខ្លួនក្នុងប្រទេសកម្ពុជា ហើយវានឹងលេចជារូបរាងនៅក្នុងរយៈពេល១២ខែខាងមុខ។
មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានបញ្ជាក់ឱ្យដឹងច្បាស់ថា កម្ពុជាពិតជាមានកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិនដើម្បីបើកឱ្យមានការសាងសង់មូលដ្ឋានកងទ័ពនៃប្រជានជនចិនក្នុងមូលដ្ឋានកងទ័ពកម្ពុជាក្នុងឆកសមុទ្ររាម។ ទោះជាយ៉ាងណា កម្ពុជាបានច្រានចោលការចោទប្រកាន់នេះក៏ដោយ។
ឧត្តមសេនីយ៍ត្រី Joel B. Vowell នាយករងផ្នែកផែនការយុទ្ធសាស្រ្ត និងគោលនយោបាយប្រចាំបញ្ជាការដ្ឋានទ័ពអាមេរិកក្នុងរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិកបានបញ្ជាក់ច្បាស់ថា ការសាងសង់និងចាប់ផ្តើមចេញជារូបរាងនៅឆ្នាំខាងមុខ ហើយលោកក៏អះអាងផងដែរថា ការណ៍នេះនឹងបើកដៃឱ្យចិនចូលប្រើប្រាស់ដែនសមុទ្រទឹកជ្រៅរបស់កម្ពុជា។
ឧត្តមសេនីយ៍ត្រី Vowell ថ្លែងយ៉ាងដូច្នោះអំឡុងពេលជួបជាមួយក្រុមអ្នកសារព័ត៌មានពីប្រទេសអាស៊ីអាគ្នេយ៍រួមទាំងអ្នកសារព័ត៌មាន VOA ផងដែរ ក្នុងដំណើរទស្សនកិច្ចមួយឈ្មោះថា«ចក្ខុវិស័យសហរដ្ឋអាមេរិកសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក» ឬជាភាសាអង់គ្លេសថា «The US Vision for Indo-Pacific Region»។
ដំណើរទស្សនកិច្ចព័ត៌មាននេះបានរៀបចំឡើងដោយមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិនិងទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
ឧត្តមសេនីយ៍ត្រី Joel B. Vowell បញ្ជាក់ក្នុងន័យដើមថា៖
«យើងមានព័ត៌មានដែលអាចបង្ហាញឱ្យយើងដឹងថា នឹងមានការអភិវឌ្ឍដោយសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្រួលក្នុងការប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាម។ ព័ត៌មាននេះក៏បានឱ្យខ្ញុំដឹងផងដែរថា ពួកគេចង់សាងសង់សំណង់ផ្សេងៗនៅទីនោះ ដូចជាសំណង់នាកំពង់ផែ ទីកន្លែងស្នាក់ និងតំបន់ការពារអចិន្ត្រៃយ៍សម្រាប់ទ័ពជើងទឹកដើម្បីពង្រឹងអំណាចយុទ្ធសាស្ត្រចិនចេញពីតំបន់រាម»។
មន្ត្រីយោធាអាមេរិករូបនេះក៏បានហៅយុទ្ធសាស្ត្រពង្រីកកងទ័ពចិនក្នុងប្រទេសកម្ពុជាថា ជា«ការព្រួយបារម្មណ៍ដ៏ចម្បង»សម្រាប់អាមេរិកនិងសម្ព័ន្ធមិត្ត។ មូលដ្ឋានទ័ពជើងទឹករាមស្ថិតនៅចម្ងាយប្រមាណ១៨០គីឡូម៉ែត្រពីតំបន់អភិវឌ្ឍន៍តារាសាគររបស់ក្រុមហ៊ុនចិន Union Development Group ដែលមានតម្លៃជាង៣ពាន់លានដុល្លារ ក្នុងខេត្តកោះកុង។ តំបន់កម្សាន្តដ៏ធំដែលកំពុងសាងសង់កន្លែងចុះចតយន្តហោះធន់ធ្ងន់នេះក៏ស្ថិតក្នុងការសង្ស័យថា អាចប្រើប្រាស់សម្រាប់យោធាចិនផងដែរ។
ក្រុមមន្ត្រីព័ត៌មាននៃក្រសួងការពារជាតិសហរដ្ឋអាមេរិកគឺមន្ទីរបញ្ចកោណបដិសេធមិនធ្វើការអធិប្បាយបន្ថែមលើអ្វីដែលលោកឧត្តមសេនីយ៍ត្រី Joel B. Vowell បានបញ្ជាក់ទេ។
កាសែតអាមេរិក The Wall Street Journal បានរាយការណ៍មុនគេបង្អស់កាលពីខែកក្កដាកន្លងទៅអំពីកិច្ចព្រមព្រៀងសម្ងាត់រវាងកម្ពុជានិងចិន ដោយស្រង់សម្តីមន្ត្រីយោធាដោយមិនបញ្ចេញឈ្មោះ។ កាសែតកាមេរិកដដែលបានឱ្យដឹងថាកិច្ចព្រមព្រៀងនេះនឹងបើកដៃឱ្យចិនប្រើប្រាស់មូលដ្ឋានយោធារបស់កម្ពុជារហូតដល់៣០ឆ្នាំ ហើយផ្ដល់សិទ្ធិឱ្យចិនក្នុងការសាងសង់សំណង់អគារនានាក្នុងមូលដ្ឋានទ័ពជើងទឹករាមដែលមានផៃ្ទដីប្រមាណជាង១០០ហិតា។
ភ្លាមៗនោះ ប្រទេសចិននិងកម្ពុជាបានច្រានចោលសេចក្តីរាយការណ៍របស់កាសែត The Wall Street Journal ហើយរដ្ឋាភិបាលកម្ពុជាបានហៅសេចក្តីរាយការណ៍នោះថា ជា«ព័ត៌មានក្លែងក្លាយ» និងជា«ព័ត៌មានដែលមានបំណងអាក្រក់» ប្រឆំាងនឹងរដ្ឋាភិបាលកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានឆ្លើយពង្វាងសំណួរអ្នកសារព័ត៌មានថា៖
«ភាគីកម្ពុជាបានបដិសេធរឿងនេះ។ ក្នុងនាមជាប្រទេសជិតខាងល្អជាប្រពៃណី ប្រទេសចិននិងកម្ពុជាមានកិច្ចសហប្រតិបត្តិគ្រប់វិស័យ។ កិច្ចសហប្រតិបត្តិការរបស់យើងគឺបើកចំហ មានតម្លាភាព ស្មើភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ យើងសង្ឃឹមថា រឿងនេះមិនត្រូវបានគេបកស្រាយហួសហេតុពេកទេ»។
នៅចុងខែកក្កដា ក្រសួងការពារជាតិនិងទីស្តីការគណរដ្ឋមន្ត្រីកម្ពុជាបានរៀបចំដំណើរទស្សនកិច្ចព័ត៌មានមួយទៅកាន់មូលដ្ឋានទ័ពក្នុងឆកសមុទ្ររាម ដែលអ្នកសារព័ត៌មានក្នុងស្រុកភាគច្រើនចូលរួម។
ឆ្លើយតបនឹងសំណួរទាក់ទិននឹងដំណើរទស្សនកិច្ចក្នុងមូលដ្ឋានទ័ពរាម ឧត្តមសេនីយ៍ត្រី Vowell បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចព័ត៌មានពីតំបន់អាស៊ីអាគ្នេយ៍ថា៖
«សូមឱ្យគាត់ (មន្ត្រីរដ្ឋាភិបាលកម្ពុជា)នាំអ្នកទៅទស្សនកិច្ចម្តងទៀតនៅក្នុងខែឧសភាឆ្នាំខាងមុខ។ នោះអ្នកនឹងឃើញអ្វីត្រូវបានសាងសង់នៅទីនោះ។ ខ្ញុំជឿជាក់ទាំងស្រុងថា វានឹងមិនមានទង់ជាតិខ្មែរ ឬអាមេរិកនៅលើអាគារនោះទេ តែវានឹងមានទង់ជាតិរបស់ប្រទេសចិនទៅវិញ»។
មន្ត្រីយោធាដដែលក៏បានបង្ហាញពីក្តីកង្វល់ទាក់ទិននឹងការសាងសង់ព្រលានយន្តហោះដ៏ធំនៅខេត្តកោះកុង មិនឆ្ងាយពីមូលដ្ឋានទ័ពរាមទេគឺធ្វើដំណើរតាមរថយន្តប្រមាណត្រឹម៣ម៉ោងប៉ុណ្ណោះ។
«អីច៊ឹងនៅទីនោះមានតារាសាគរ រាមនិងព្រលានយន្តហោះ។ យើងមានការបារម្ភផងដែរអំពីតំបន់នេះ[តារាសាគរ] ដែលស្ថិតនៅទិសពាយព្យ។ វាអាចជាអគារយោធាផងដែរ។ ខ្ញុំមិនមានព័ត៌មានជាក់លាក់អំពីរឿងនេះនៅឡើយទេ។ យើងគ្រាន់តែមានពន្លឺខ្លះៗដែលធ្វើឱ្យយើងគិតថា វានឹងអាចមានការវិវត្តទៅដូច្នោះ។ បច្ចុប្បន្នយើងសង្ឃឹមថា វានឹងមិនកើតឡើងដូចការគិតនេះទៅចុះហើយវានឹងជារឿងល្អ»។
កាលពីថ្ងៃទី២៤ខែមិថុនា កន្លងទៅនេះ លោក Joseph H. Felter ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានផ្ញើលិខិតជូនលោករដ្ឋមន្ត្រីការពារជាតិកម្ពុជា ទៀ បាញ់ ដោយដាក់ការសង្ស័យថា ប្រទេសកម្ពុជាច្រានចោលជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់ទីកន្លែងបណ្តុះបណ្តាល និងការថែទាំកប៉ាល់នៅមូលដ្ឋានកងទ័ពជើងទឹករាមនេះទំនងជាមានការទាក់ទងនឹងកងទ័ពចិន។
ក្នុងលិខិតនោះ លោក Joseph H. Felter បានរំឭកឡើងវិញអំពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់មូលដ្ឋានកងទ័ពជើងទឹករាមកាលពីខែមករា។ នៅទីនោះ លោកបានទទួលសំណើពីមេបញ្ជាការរងមួយរូប ដែលស្នើសុំជំនួយសម្រាប់ជួសជុលនិងថែទាំទីកន្លែងបណ្តុះបណ្តាលខាងលើ។
ឧត្តមសេនីយ៍ត្រី Vowell បន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីការពារជាតិលោក ទៀ បាញ់ មិនទាន់ធ្វើការឆ្លើយតបជាផ្លូវការទៅនឹងលិខិតរបស់មន្ត្រីនៃក្រសួងការពារជាតិអាមេរិកនៅឡើយ ទាក់ទិនរឿងមូលដ្ឋានទ័ពចិននៅកម្ពុជានេះ។ ហើយការឆ្លើយតបនឹងលិខិតនេះគឺជារឿងចាំបាច់ណាស់ដើម្បីបន្តទំនាក់ទំនងដ៏រឹងមាំនៃប្រទេសទាំងពីរ។
«ខ្ញុំគិតថា នេះគឺដូចជាលក្ខខណ្ឌបឋម ដែលតម្រូវឱ្យមានការឆ្លើយតប ព្រោះរដ្ឋាភិបាលយើងបានចេញលិខិតមួយសរសេរថា៖ «ពួកយើងបារម្ភ ហើយយើងចង់ឱ្យអ្នកឆ្លើយតបអំពីអ្វីដែលអ្នកគិតថា ជាដំណោះស្រាយទៅមុខទៀត មុនពេលយើងនៅមូលដ្ឋានកងទ័ពប្រចាំឥណ្ឌូប៉ាស៊ីហ្វិកអាចធ្វើនៅទីនេះ។ ខ្ញុំគិតថា ពួកយើងគួរទទួលបានចម្លើយ ដែលអាចធ្វើឱ្យថ្នាក់លើរបស់យើងស្ងប់ចិត្ត គឺការរិយាល័យនៃក្រសួងការពារជាតិ។ ការឆ្លើយតបទៅនឹងលិខិតនេះគឺពិតជាសំខាន់ណាស់»។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក ឈុំ សុជាតិ បានបញ្ជាក់ប្រាប់ VOA ក្នុងកិច្ចសម្ភាសន៍ផ្ទាច់មុខក្នុងសប្តាហ៍នេះថា ក្រសួងការពារជាតិកោះហៅមន្ត្រីនៃអនុពន្ធយោធាអាមេរិកប្រចាំកម្ពុជាមកបញ្ជាក់ច្បាស់ផងដែរកាលពីថ្ងៃ១ខែកក្កដា គឺភ្លាមៗក្រោយពីទទួលបានលិខិតរបស់លោក Joseph H. Felter ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក។
លោកបានបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាមិនបានអនុញ្ញាតក៏គ្រោងបើកឱ្យមានវត្តមានកងទ័ពបរទេសណាមួយនៅក្នុងទឹកដីនៃប្រទេសខ្លួននោះទេ ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។
«ទី១ ខ្ញុំសូមជំរាបគាត់ថា រដ្ឋធម្មនុញ្ញបានហាមហើយ។ ទី២បើនិយាយពីការប្រើប្រាស់ទីតាំងយោធានៅស្រុកខ្មែរ ខ្ញុំឃើញថា បើប្រើប្រាស់នៅកោះហៃណានគឺនៅជិតជាងយើងផង ហើយជាសមុទ្រទឹកជ្រៅទៀត។ នៅកន្លែងនេះ(មូលដ្ឋានទ័ពសមុទ្ររាម) វាតូចណាស់ ហើយមិនចាំបាច់ផង។ អីច៊ឹងចម្លើយរបស់ខ្ញុំគឺមិនមានដាច់ខាត អាមេរិកកាំងក្តី ចិនក្តី ឬវៀតណាមក្តីគឺមិនឱ្យដាច់ខាត»។
ស្រដៀងគ្នានោះដែរ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានប្រាប់ វីអូអេខ្មែរតាមទូរស័ព្ទកាលពីដើមសប្តាហ៍នេះថា រដ្ឋាភិបាលកម្ពុជាស្វាគមន៍រាល់ទំនាក់ទំនងល្អជាមួយគ្រប់ប្រទេសក្នុងសកលលោក តែមិនអនុញ្ញាតឱ្យមានវត្តមានកងទ័ពបរទេសក្នុងប្រទេសនោះឡើយ ដោយសារតែវាផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា។
លោក ផៃ ស៊ីផានបានវាបកចំពោះការលើកឡើងរបស់ឧត្តមសេនីយ៍ត្រី Vowell ថា៖
«ហ្អាហ្នឹងខ្ញុំឆ្លើយតបទៅវិញថា យើងបានធ្វើការឆ្លើយតបគ្រប់គ្រាន់ហើយដែលឯកឧត្តមរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Mike Pompeo ក៏បាននិយាយរួមស្រេចមកហើយ ដូច្នេះនិយាយនេះ គឺស្រាប់គាត់ (Vowell) គឺវាដូចជា nightmare (សុបិន្តអាក្រក់)។ ហេតុដូច្នេះសូមឱ្យគាត់និយាយជាមួយចិនទៅ ឯខ្មែរគឺមិនមានអីនិយាយទៀតនោះទេ»។
នៅក្នុងសុន្ទរកថាទៅកាន់រដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានការពីថ្ងៃទី១ខែសីហាកន្លងទៅ លោក Mike Pompeo បានស្វាគមន៍ដែលកម្ពុជាបានបដិសេធសេចក្តីរាយការណ៍ដែលថា កម្ពុជាបានអនុញ្ញាតឱ្យមានមូលដ្ឋានយោធាចិនក្នុងទឹកដីរបស់ខ្លួន។
លោកថ្លែងក្នុងន័យដើមថា៖
«សហរដ្ឋអាមេរិកស្វាគមន៍ការការពារអធិបតេយ្យភាព(បូរណភាពដែនដី)ដ៏ខ្លាំងក្លារបស់កម្ពុជា ហើយលើកទឹកចិត្តដល់ប្រទេសផ្សេងទៀតក្នុងតំបន់ឲ្យធ្វើតាមលំនាំកម្ពុជា»។
លោក Donald Emmerson នាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីប៉ាស៊ីហ្វិក Shorenstein របស់សកលវិទ្យាល័យ Stanford បានប្រាប់វីអូអេខ្មែរថា ការបដិសេធរបស់រដ្ឋាភិបាលកម្ពុជាអាចជាការបើកបង្ហាញឱ្យដឹងថាកម្ពុជាមានមូលដ្ឋានទ័ពរាម ដែលអាចធ្វើជាទីតាំងសម្រាប់កងទ័ពជើងទឹកចិននិងទទួលកងទ័ពរបស់ចិនបាន ដោយសារតែព័ត៌មាននេះកំពុងទទួលការចាប់អារម្មណ៍ណាស់។ លោកថា ប្រសិនបើការណ៍នេះពិតនោះ កម្ពុជាអាចប្រឈមនឹងបញ្ហាធំ ជាពិសេសជាមួយមហាអំណាចអាមេរិក។
លោកសាស្ត្រាចារ្យ Emmersion ប្រាប់វីអូអេក្នុងន័យដើមថា៖
«រឿងនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់! តែអ្វីដែលយើងដឹងគឺអាចជាការប្រឌិត ដោយសារតែប្រភពព័ត៌មានមិនសូវមានព័ត៌មានល្អដែលគួរទុកចិត្តបាន។ ប៉ុន្តែនេះជារឿងមហន្តរាយ ប្រសិនបើអ្នកធ្វើអីច៊ឹងមែននោះ។ អ្នកគួរបំបាត់បញ្ហានេះពីប្រទេស (កម្ពុជា) ដោយសារតែបញ្ហានេះជាងក្តីកង្វល់យ៉ាងខ្លាំងរបស់សហរដ្ឋអាមេរិក»។
រដ្ឋាភិបាលកម្ពុជាក្នុងពេលថ្មីៗនេះត្រូវបានគេមើលឃើញថា ហាក់បើកចំហយ៉ាងខ្លាំងទទួលវិនិយោគចិន និងពង្រឹងចំណងទាក់ទងជាមួយប្រទេសចិនកុម្មុយនីស្ត ដែលធ្លាប់ជាខ្នងបង្អែកដ៏ធំ១របស់របបខ្មែរក្រហម។ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងរដ្ឋាភិបាលលោក ហ៊ុន សែន និងចិន បានធ្វើឱ្យមានមន្ទិលជាច្រើនពីអ្នកតាមដានការវិវត្តស្ថានការណ៍ក្នុងតំបន់៕