អគ្គស្នងការនគរបាលជាតិកម្ពុជា បានស្នើប្រទេសចិនឲ្យជួយបំពាក់មធ្យោបាយ និងសម្ភារៈសម្រាប់ធានាដល់ការការពារសុវត្ថិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅឆ្នាំ២០២០ និងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមការផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
សំណើនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ក្នុងទីក្រុងប៉េកាំងកាលពីសប្ដាហ៍មុន។
ក្នុងជំនួបទ្វេភាគីជាមួយ លោក ទូ ហាងហៃ្វ អនុរដ្ឋមន្ត្រីនៃក្រសួងសន្តិសុខសាធារណៈចិន លោក នេត សាវឿន បានស្នើភាគីចិនឲ្យបន្តគាំទ្រទាំងបទពិសោធន៍ និងការបំពាក់មធ្យោបាយសម្ភារៈសម្រាប់ការរៀបចំផែនការការពារកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឆ្នាំ២០២០ និងព្រឹត្តិការណ៍ប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាស៊ីហ្គេម២០២៣។
យោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ឲ្យដឹងថាភាគីចិន «ទទួលយក និងសន្យាជួយគាំទ្រអស់ពីចិត្តពីថ្លើម» ដល់ប្រទេសកម្ពុជា។
យ៉ាងណាក្តីលើគេហទំព័រអគ្គស្នងការដដែលនោះមិនបានបញ្ជាក់ថា តើមធ្យោបាយ និងសម្ភារៈដែលកម្ពុជាបានស្នើឲ្យភាគីចិនជួយសម្រាប់ការពារកម្មវិធីធំៗទាំងពីរនោះ មានអ្វីខ្លះនោះទេ។
VOA មិនអាចសុំការអត្ថាធិប្បាយពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹម ខឿន បានទេ រហូតដល់ល្ងាចថ្ងៃអង្គារនេះ ដោយលោកទាំងពីរប្រាប់ថាលោកទាំងពីរកំពុងជាប់ប្រជុំ។
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) គឺជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ី និងបណ្ដាប្រទេសមកពីតំបន់អឺរ៉ុប។ ប្រមុខដឹកនាំនៃបណ្ដាប្រទេសទាំងនោះ នឹងចូលរួម ពិភាក្សាដោយឈរលើសសរស្ដម្ភចំនួន៣ គឺ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំធ្វើឡើងរៀងរាល់២ឆ្នាំម្តង ដោយមានប្រទេសដែលទទួលបន្ទុករៀបចំវេទិកានេះត្រូវប្ដូរវេនគ្នារៀបចំ។
ដោយឡែកការប្រកួតកីឡាស៊ីហ្គេមគឺជាការប្រកួតកីឡាកម្រិតអន្តរជាតិរវាងបណ្ដាប្រទេសសមាជិកសមាគមអាស៊ានដែលមានប្រទេសចំនួន១១ចូលរួមដោយបូកបញ្ចូលប្រទេសទីម័រ ដែលកំពុងតែត្រៀមចូលជាសមាជិកថ្មីរបស់សមាគមអាស៊ានផងដែរ។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយមួយរូបលើកឡើងថា ការស្នើសម្ព័ន្ធមិត្តឲ្យផ្ដល់ជំនួយដើម្បីការពារសន្តិសុខក្នុងកិច្ចប្រជុំធំៗ គឺជាចំណុចល្អ ប្រសិនបើកម្ពុជាមិនមានធនធានគ្រប់គ្រាន់។ យ៉ាងណាក្ដីលោកថា កម្ពុជាគួរស្នើការការពារសន្តិសុខនេះពីគ្រប់ភាគី ដើម្បីបង្ហាញអំពីការសហការអន្តរជាតិដោយគ្មានលម្អៀង។
«កម្ពុជាគួរតែបើកចិត្តទូលាយសុំទៅគ្រប់ភាគីទៅ ហើយកន្លែងហ្នឹងក៏កម្ពុជាអាចមើលឃើញអំពីគេហៅថាជំហរកិច្ចសហប្រតិបត្តិការរបស់មហាមិត្តទាំងអស់លើសកលលោក កុំឲ្យតែកម្ពុជាសុំតែទៅចិន អាហ្នឹងជាហេតុផលមួយដែលលោកខាងលិចហ្នឹងគេគិតថា កម្ពុជាលម្អៀងទៅលោកខាងកើត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែតុលា ឆ្នាំ២០១៨បានប្រកាសប្ដេជ្ញាចិត្តថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ អាស៊ី-អឺរ៉ុប ឆ្នាំ២០២០ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាឲ្យកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ ភ្លាមៗក្រោយការប្រកាសនោះ នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង (Li Keqiang) ក៏បានប្រកាសគាំទ្រកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនេះផងដែរ៕