ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​កម្ពុជា ជួប​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​តាម​ទូរស័ព្ទ រឿង​ស្ថានការណ៍​នៅ​មីយ៉ាន់ម៉ា


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (កណ្តាល) ចាប់ដៃក្នុងពេលថតរូបជាមួយ​លោក Joko Widodo (ស្តាំទី២) ប្រធានាធិបតីឥណ្ឌូណេស៊ី និង​មេដឹកនាំ​ប្រទេស​ ដែល​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត ក្នុង​កិច្ចប្រជុំ​កំពូលអាស៊ានលើកទី៣១ នៅ​ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (កណ្តាល) ចាប់ដៃក្នុងពេលថតរូបជាមួយ​លោក Joko Widodo (ស្តាំទី២) ប្រធានាធិបតីឥណ្ឌូណេស៊ី និង​មេដឹកនាំ​ប្រទេស​ ដែល​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត ក្នុង​កិច្ចប្រជុំ​កំពូលអាស៊ានលើកទី៣១ នៅ​ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ជជែក​គ្នា​អំពី​ស្ថានការណ៍​វិវត្តន៍​ចុងក្រោយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ប៉ុន្តែ មិន​មាន​ការបញ្ជាក់ខ្លឹមសារលម្អិត​នៃ​កិច្ច​ពិភាក្សា​គ្នា​រវាង​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ក្នុង​ប្លុក​អាស៊ាន​នេះ​ទេ។ នេះ​ បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែ​មករា​នេះ។

ជំនួប​ជាមួយ​មេដឹកនាំ​ឥណ្ឌូណេស៊ី​នេះ ធ្វើ​ឡើង​ខណៈ​ដែល​កម្ពុជា​បាន​ក្លាយ​ជា​ប្រធានអាស៊ាន​ជា​ផ្លូវ​ការ​សម្រាប់​ឆ្នាំ​២០២២​នេះ និង​កើត​ឡើង​តែ​៣​ ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​លោក ហ៊ុន សែន គ្រោង​ធ្វើ​ដំណើរ​ទៅ​ជួប​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា ជា​អ្វី​មួយ​ដែល​លោក ហ៊ុន សែន​ អះអាង​ថា​ ដើម្បី​ចូលរួម​ដោះ​ស្រាយ​បញ្ហា​មីយ៉ាន់ម៉ា។

នៅមុនដំណើរទស្សនកិច្ច​នេះ​តែ​១សប្តាហ៍​ មាន​គ្រាប់​បែក​ច្នៃ​ចំនួន​២គ្រាប់​ត្រូវ​គេ​ដាក់​បំផ្ទុះ​នៅ​ក្បែរ​ស្ថានទូត​ខ្មែរ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ប៉ុន្តែ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ​ហើយសន្តិសុខ​ ត្រូវ​បាន​ពង្រឹង​។ នេះ​ បើ​តាម​ការថ្លែង​របស់​លោក ​កុយ គួង ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ ប្រាប់​ដល់​សារព័ត៌មាន​នានា​ក្នុង​ប្រទេស​កម្ពុជា។ រីឯ​និស្សិត​របស់​មីយ៉ាន់ម៉ា ក៏បាន​តវ៉ា​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ​ដោយ​មាន​ដុត​រូប​ថត​លោក​ផងដែរ។

របប​យោធា​មីយ៉ាន់ម៉ា ដែល​បច្ចុប្បន្ន​ដឹកនាំ​ដោយ​លោក Min Aung Hlaing ​ត្រូវ​បានមេដឹកនាំ​ពិភព​លោក​ រិះ​គន់​ចំពោះ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​មេដឹកនាំ​ឈ្នះ​ការ​បោះ​ឆ្នោត​ គឺ​អ្នក​ស្រី Aung San Suu Kyi កាល​ពីដើម​ខែ​កុម្ភៈ ឆ្នាំ​២០២១ និង​ចំពោះ​អំពើ​ហិង្សា​ដែល​កំពុង​កើត​ឡើង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

​ឥណ្ឌូណេស៊ី​ ជា​ប្រទេស​ធំ​ជាង​គេ​ក្នុង​សមាគម​អាស៊ាន​ ហើយ​រដ្ឋធានី​ហ្សាកាតានៃ​ប្រទេស​នេះ​ ក៏​ជា​ទី​ដែល​លេខាធិការដ្ឋាន​អាស៊ាន​តាំង​នៅ​ផង​ដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ត​ថា​ ប្រធានា​ធិបតី​ឥណ្ឌូណេស៊ី​ លោក ​ចូកូ វីដូដូ​ បាន​សម្តែង​ការគាំទ្រ​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​ដោយ​ចាត់​ទុក​ថា​ ជោគជ័យ​របស់​កម្ពុជា​ នឹង​រួម​ចំណែក​ឲ្យ​ឥណ្ឌូណេស៊ី​ បាន​ជោគជ័យ​នៅ​ពេល​ដែល​ធ្វើ​ប្រធាន​ប្តូរវេន​បន្ត​នៅ​ឆ្នាំ​ក្រោយ​ផងដែរ។

កាល​ពី​ឆ្នាំ​២០១២ ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​គ្រា​នោះ ប្រទេស​នេះ បាន​រង​ការ​រិះគន់​ពី​សហគមន៍​អាស៊ាន ​និង​អន្តរជាតិ ដោយសារ​ការ​មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​របស់​ប្លុក​នៃ​ប្រទេស​ទាំង​១០​នេះ​បាន។ កម្ពុជា​ អះអាង​ថា ​ខ្លួន​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ជា​ចៅក្រម​កាត់​សេចក្តី​លើ​សំណុំ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង តែ​ក្រុម​អ្នក​រិះគន់​លើក​ឡើង​ថា ​កម្ពុជា កាន់​ជើង​ចិន។

កាសែត​ Nikkei Asia បាន​រាយការណ៍​កាល​ពី​សប្តាហ៍​មុន​ថា​ ប្រទេស​ចិន​ បាន​ប្រាប់​ប្រទេស​ឥណ្ឌូណេស៊ី​ឲ្យ​ផ្អាក​គម្រោង​រុករក​រ៉ែ​ប្រេង ​និង​ឧស្ម័ន​នៅ​ក្នុង​តំបន់​មួយ​ក្បែរ​ប្រជុំកោះ ​Natuna islands ​ដែល​ស្ថិត​ក្នុង​ដែន​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ឥណ្ឌូណេស៊ី តែ​ត្រួត​គ្នា​លើ​តំបន់​ដែល​ចិន​ទាមទារ​កម្មសិទ្ធិ​ដែរ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ប៉ុន្តែ ឥណ្ឌូណេស៊ី តែង​តែ​ប្រកាន់​ជំហ​ស្ងាត់​ស្ងៀម​ដើម្បី​បញ្ចៀស​ការ​បង្ហាញ​ពីជម្លោះ​ជា​សាធារណៈ​ជាមួយ​ប្រទេស​ចិន។

ចិន​ ក៏​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​៤​ទៀត​ គឺវៀតណាម ហ្វីលីពីនម៉ាឡេស៊ី និង​ព្រុយណេ ព្រម​ទាំង​តៃ​វ៉ាន់​ផងដែរ ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ចិន​ទាមទារ​អធិបតេយ្យ​ស្ទើរ​តែ​ទាំង​ស្រុង៕

XS
SM
MD
LG