អាជ្ញាធរកម្ពុជាបានចាប់ឃាត់ខ្លួនជនជាតិបរទេសចំនួន ២១៤ នាក់នៅថ្ងៃអង្គារនេះដែលក្នុងនោះមាន ជនជាតិវៀតណាមចំនួន ១៣១នាក់និងជនជាតិចិនចំនួន៨៣នាក់បន្ទាប់ពីធ្វើរដ្ឋបាលនៅទីកន្លែងជាច្រើនក្នុងរាជធានីភ្នំពេញ។
លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងតាមគេហទំព័រប៉ូលិសជាតិកម្ពុជាថា៖
«ពួកគេភាគច្រើនសុទ្ធសឹងតែ ជាពលករ ចំណាកប្រទេស ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយមួយចំនួនធំ គឺជាជនជាតិវៀតណាម»។
លោកបន្ថែមថាក្នុងចំណោមពលករទាំងចំនួន ២១៤ នាក់មានតែ ៣៥នាក់ទេដែលមានលិខិតឆ្លងដែនត្រឹមត្រូវ ប៉ុន្តែជាលិខិតឆ្លងដែន ដែលមានទិដ្ឋាការប្រភេទទេសចរណ៍ មិនមែនសម្រាប់ធ្វើការងារទេ។
ពលករចំណាកស្រុកខុសច្បាប់ទាំងនេះត្រូវបានអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួនយកទៅកាន់ នាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសាកសួរនាំបន្ថែម៕