ប្រធានគណបក្សជំទាស់ដែលមានសំឡេងភាគតិចនៅក្នុងរដ្ឋសភា គឺលោក សម រង្ស៊ី ធ្វើការកោតសរសើររដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋន្ត្រី ហ៊ុន សែន ក្នុងការតវ៉ារឿងព្រំដែនជាមួយប្រទេសវៀតណាម ដោយសារតែរដ្ឋាភិបាលកម្ពុជាផ្ញើរកំណត់ការទូតលើកទីពីរតវ៉ាចំពោះការរំលោភបំពាននេះ។
ថ្លែងទៅកាន់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនាខេត្តព្រះសីហនុកាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោក សម រង្ស៊ី ប្រធានគណបក្សជំទាស់ដែលធ្លាប់តែរិះគន់រដ្ឋាភិបាល បានថ្លែង «គាំទ្រ លើកទឹកចិត្ត» ចំពោះទង្វើរបស់រដ្ឋាភិបាលលោកហ៊ុន សែន ដែលហ៊ានតវ៉ាប្រឆាំងនឹងការរំលោភបំពានរបស់ប្រទេសជិតខាង។ លោកសម រង្ស៊ី បានហៅទង្វើបែបនេះថា ជា«ទង្វើស្នេហាជាតិ»។
«អ្វីដែលគេធ្វើល្អ យើងចាប់ផ្តើមឃើញគឺតវ៉ាជាមួយយួន។ មិនដែលក្រសួងការបរទេស តំណាងឲ្យរដ្ឋាភិបាលសព្វថ្ងៃតវ៉ាជាមួយយួន ចង្អុលមុខយួនថា យួននៅខេត្តរតនគីរីចូលមកក្នុងទឹកដីខ្មែរ មកជីកស្រះមួយចំនួនចូលក្នុងទឹកដីខ្មែរថា កន្លែងហ្នឹងមិនត្រូវឲ្យអ្នកណាមកប៉ះពាល់ ឥឡូវចូលមក»។
ការលើកឡើងរបស់លោកសម រង្ស៊ីធ្វើឡើងស្របពេលដែលក្រសួងការបរទេសកម្ពុជាផ្ញើរលិខិតតវ៉ាជាលើកទីពីរទៅប្រទេសវៀតណាមដែលបានជីកស្រះទឹកចំនួនប្រាំបីបំពានចូលជ្រៅក្នុងទឹកដីកម្ពុជាតាមបណ្តោយព្រំដែននាខេត្តរតនគីរី។
កាលពីថ្ងៃសុក្រកន្លងទៅ ក្រសួងការបរទេសបានសរសេរលិខិតតវ៉ាមួយរួចមកហើយចំពោះការជីកស្រះចំនួន៥ បំពានចូលទឹកដីកម្ពុជាដែលស្រះមួយចំនួនចូលជ្រៅជាងកន្លះគីឡូម៉ែត្រឯណោះ។
កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រសួងការបរទេសកម្ពុជាបានផ្ញើកំណត់ការទូតសាជាថ្មីទៅកាន់ស្ថានទូតវៀតណាមប្រចាំកម្ពុជាចំពោះការរកឃើញស្រះទឹកបីផ្សេងទៀតនៅចំណុចបង្គោលព្រំដែនលេខ៣០និង៤០នាស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។ លិខិតដែលចុះថ្ងៃទី១៤នេះបានឲ្យដឹងថា ស្រះទឹកទាំងបីនោះគឺមានទំហំពី១០ម៉ែត្រគុណ២៤ម៉ែត្រ និង១២ម៉ែត្រគុណ១៨ម៉ែត្រ ហើយចូលជ្រៅពី៣១៥ម៉ែត្រទៅ៤២៥ម៉ែត្រមកក្នុងទឹកដីកម្ពុជា។
ក្រសួងការបរទេសបានស្នើសុំឱ្យប្រទេសវៀតណាមគោរពតាមខ្សែព្រំដែននៃផែនទីខ្នាត១ភាគ១០០.០០០ និងសេចក្តីប្រកាសរួមកាលពីឆ្នាំ១៩៩៥ដែលបានចែងថា៖ «ភាគីទាំងពីររក្សាស្ថានភាពបច្ចុប្បន្នដដែល មិនឱ្យមានការផ្លាស់ប្តូរ ឬដកទីតាំងកំណត់សម្គាល់ព្រំដែន និងអប់រំទប់ស្កាត់ពលរដ្ឋទាំងសងខាងមិនត្រូវធ្វើការដាំដុះ ឬតាំងទីលំនៅឆ្លងព្រំដែន និងសហការរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខព្រំដែនរហូតដល់មានដំណោះស្រាយបញ្ហាព្រំដែននេះ»។
VOA មិនអាចទំនាក់ទំនងស្ថានទូតវៀតណាមប្រចាំកម្ពុជាដើម្បីសុំការបំភ្លឺរឿងនេះបានទេ ដោយទូរស័ព្ទគ្មានអ្នកទទួល។
លោកប្រធានគណបក្សសង្គ្រោះជាតិគឺ សម រង្ស៊ីក៏បានថ្លែងផងដែរថា ការហ៊ានតវ៉ាដូច្នោះគឺដោយសារតែ«វប្បធម៌សន្ទនា» និងការឯកភាពនយោបាយរបស់គណបក្សធំៗទាំងពីរ ហើយបើទោះជា«គណបក្សណាឈ្នះ អាណតិ្តក្រោយ ខ្មែរគឺបានសុខ»។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «យើងចេះរួបរួមគ្នា ដោយសារអ្វី? គឺដោយសារតែការសន្ទនា ដោយវប្បធម៌សន្ទនាហ្នឹងហើយដែលខ្មែរយើងចេះរួបរួមគ្នា ចាប់ផ្តើមរួបរួមគ្នា។ ដូចខ្ញុំនិយាយអម្បាញ់មិញហ្នឹងហើយថា គាំទ្ររដ្ឋាភិបាលលោកហ៊ុន សែនដែលហ៊ានតតាំងនឹងយួន។ យើងគាំទ្រ។ គេធ្វើល្អ»។
ទោះជាយ៉ាងនេះក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាគឺលោកសុខ ឦសាន ថ្លែងថា រដ្ឋាភិបាលរបស់លោកហ៊ុន សែនតែងតែហ៊ានតវ៉ានិងការពារបូរណភាពទឹកដីកម្ពុជា មិនមែនទើបតែធ្វើក្រោយពេលមានកិច្ចព្រមព្រៀងនយោបាយជាមួយលោកសម រង្ស៊ីនោះទេ។ តែ «វប្បធម៌សន្ទនា» ជួយឲ្យលោកសម រង្ស៊ីធ្វើការរិះគន់មកលើគណបក្សប្រជាជនកម្ពុជាតិចជាងមុន។
«មិនមែនទេ! គណបក្សប្រជាជនកម្ពុជាធ្វើការតស៊ូតាំងពីដើមមក បាទ! បើមិនតស៊ូគឺមិនអាចបោះបង្គោលព្រំដែនជាមួយប្រទេសទាំងអស់នៅជុំវិញប្រទេសកម្ពុជាបានទេ។ ព្រំដែនជាមួយវៀតណាមប្រវែង១.២៧០គីឡួម៉ែត្រហ្នឹងគឺបានបោះបង្គោលព្រំដែនជាង៣០០បង្គោលថ្មីបន្ថែមលើ១២៤បង្គោល។ អាហ្នឹងគឺយើងបានធ្វើមុនពេលមានវប្បធម៌សន្ទនាម្ល៉េះ»។
បញ្ហាព្រំដែនជាមួយប្រទេសវៀតណាមបានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីលោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានថ្លែងថា ប្រជាជនកម្ពុជានាខេត្តត្បូងឃ្មុំបានធ្វើចម្ការចូលទឹកដីវៀតណាម និងជាហេតុធ្វើឲ្យអាជ្ញាធរវៀតណាមបាញ់ថ្នាំបំផ្លាញដំណាំទាំងនោះ៕