ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​តវ៉ា​ចំពោះ​ការ​សាងសង់​ប៉ុស្តិ៍​យោធា​វៀតណាម​នៅ​ជាប់​ស្រុក​កោះធំ


បាតុករ​ខ្មែរ​ដុត​ទង់ជាតិ​វៀតណាម​​ធ្វើ​ពី​ក្រដាស​ ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅឯ​ផ្លូវ​ដែល​ត្រូវ​បិត​នៅ​មុខ​ស្ថានទូត​វៀតណាម​ក្នុង​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ពុធ ទី​៨ ខែ​តុលា ឆ្នាំ​២០១៤។
បាតុករ​ខ្មែរ​ដុត​ទង់ជាតិ​វៀតណាម​​ធ្វើ​ពី​ក្រដាស​ ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅឯ​ផ្លូវ​ដែល​ត្រូវ​បិត​នៅ​មុខ​ស្ថានទូត​វៀតណាម​ក្នុង​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ពុធ ទី​៨ ខែ​តុលា ឆ្នាំ​២០១៤។

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើសុំ​ឲ្យ​ប្រទេស​វៀតណាម​បញ្ឈប់​ការ​ជីកដី​ធ្វើ​គ្រឹះ​សម្រាប់​ការ​សាងសង់​ប៉ុស្តិ៍​យោធា​នៅ​ត្រង់​ចំណុច​ជាប់​ភូមិ​ព្រែកស្បូវ ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្តាល ដោយ​ចាត់​ទុក​ថា មិន​ទាន់​មាន​ការ​កំណត់បោះ​បង្គោល​ព្រំដែន​ត្រឹមត្រូវ​នៅ​ឡើយ។

ប៉ុន្តែ អាជ្ញាធរ​ខេត្ត​អានយ៉ាង​របស់​វៀតណាម​នៅ​តែ​បន្ត​សកម្មភាព​សាងសង់​ប៉ុស្តិ៍​យោធា​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាង​មុន។ នេះ​បើ​តាម​កំណត់​ការទូត​ថ្មី​មួយ​ ដែល​ក្រសួង​ការបរទេស​បាន​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃពុធ​នេះ។

ក្រសួង​ការបរទេស​បាន​យោង​លើ​កំណត់​ទូត​តវ៉ា​កន្លង​មក ​ដែល​ខ្លួន​បាន​ផ្ញើ​ឱ្យ​ស្ថានទូត​វៀតណាមកាលពី​ថ្ងៃ​ទី៨ ខែ​មិថុនា ឆ្នាំ​២០១៥ និង​ការ​ស្នើសុំ​ជា​បន្តបន្ទាប់​តាំង​ពី​ខែ​មេសា រហូត​មក​ដែល​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​បញ្ឈប់​ការ​ជីកដី​ធ្វើ​គ្រឹះ​សម្រាប់​ការ​សាងសង់​ប៉ុស្តិ៍​យោធា​នៅ​ត្រង់​ចំណុច​ជាប់​ភូមិ​ព្រែកស្បូវ ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្តាល។

កំណត់​ទូត​បាន​បន្ថែម​ថា៖ «ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​អានយ៉ាង វៀតណាម នៅ​តែ​បន្ត​ការ​សាង​សង់​ប៉ុស្តិ៍​យោធា​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាង​មុន។ អាស្រ័យ​ហេតុ​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា​ស្នើ​សុំ​សារ​ជាថ្មី​ចំពោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ទាំង​នេះ រហូត​ដល់​គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​បោះ​បង្គោល​ព្រំដែន​ក្នុង​តំបន់​នេះ​ចប់​ជា​ស្ថាពរ‍»។

លោក​ ម៉ៅ ភីរុណ អភិបាល​ខេត្ត​កណ្តាល ​បញ្ជាក់​ប្រាប់​វីអូអេ​ថា ​ទីតាំង​ដែល​វៀតណាម​ធ្វើ​ប៉ុស្តិ៍​យោធា​មាន​ចម្ងាយ​តែ៣៤ម៉ែត្រ​ពី​ប៉ុស្តិ៍​ខ្មែរ ​ហើយក៏​មានភូមិ​ប្រជាពលរដ្ឋនៅ​ជាប់​ទីនោះ​ផង​ដែរ។ (ចុច​ស្តាប់​បទ​សម្ភាសន៍​ទាំង​ស្រុង)

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​បាន​ពន្យល់​ពី​ភាព​ស្រប​ច្បាប់​របស់​កម្ពុជា​ក្នុង​ការតវ៉ា​ថា៖ «វា​មាន​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​មួយ​រវាង​ខេត្ត​កណ្តាល​ និង​ខេត្ត​អានយ៉ាង​ថា ​ការ​សាងសង់​សំណង់​ណា​មួយ​រឹងមាំ​គឺ​ត្រូវ​មាន​ការ​ឯកភាព​ជាមួយ​គ្នា​សិន‍»។​

​ពីមុន​មាន​ការ​សាងសង​នេះ​គឺ​ប៉ុស្តិ៍​របស់​វៀតណាម​មាន​ចម្ងាយ​ប្រហែល​១០០ម៉ែត្រ​ពី​ទីនោះ​ដោយ​មាន​សង់​ជា​ផ្ទះ​ប្រ៉ក់​ស័ង្កសី​ធម្មតា​តូចៗ​ប៉ុណ្ណោះ។ សំណង់​ថ្មី​នេះគ្រោង​នឹង​សង់​កម្ពស់​ពីរ​ជាន់​ដោយ​មាន​ទំហំ​៦០០ម៉ែត្រ​ការ៉េ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ម៉ៅ ភីរុណ។

រហូត​មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​វៀតណាម​នៅ​មិន​ទាន់​បញ្ឈប់​ការ​សាង​សង់​នេះ​នៅ​ឡើយ​ទេ។

លោក​ម៉ៅ ភីរុណ​បាន​បញ្ជាក់​ថា៖ «អានយ៉ាង​គេ​នៅ​តែ​ឆ្លើយ​ថា​គេ​ធ្វើ​នេះ​គ្រាន់​តែ​បណ្តោះអាសន្ន​ទេ​ ប៉ុន្តែ​ការ​និយាយ​វា​អត់​ត្រូវ​ការ​ពិត​។ គាត់​កំពុង​តែ​ដឹក​ថ្ម​ ដឹក​ដែក​ ដឹកស៊ីម៉ង់ត៍ គឺ​លក្ខណៈ​គាត់​ គាត់​ធ្វើ​សំណង់​ថ្ម​រឹងមាំ...ប៉ូលិស​យើង​ទៅ​ឃាត់​គាត់​រាល់​ថ្ងៃ​ ប៉ុន្តែ​គាត់​អត់​ព្រម​គាត់​ថា​ថ្នាក់​លើ​គាត់​ឱ្យ​ធ្វើ‍»។​

ក្នុង​ពេល​ថ្មីៗនេះ ប្រទេស​វៀតណាម​ក៏​បាន​ចូល​មក​ជីក​ស្រះ​ទឹក​ចំនួន​៨​នៅ​ខេត្ត​រតនគិរី​ផងដែរ ​ដោយ​មាន​កន្លែង​ខ្លះ​ចូល​ជ្រៅ​ជាង​កន្លះគីឡូម៉ែត្រ​ ហើយ​ប្រទេស​កម្ពុជា​ក៏​បាន​ទាមទារ​ឱ្យ​វៀតណាម​បញ្ឈប់​សកម្មភាព​ទាំង​នោះ​ផង​ដែរ។

បញ្ហា​ព្រំដែន​បាន​កក្រើក​ឡើងវិញ​ចាប់តាំង​ពី​អាជ្ញាធរ​វៀតណាម​បាន​ចូល​មក​បាញ់​ថ្នាំ​បំផ្លាញ​ដំណាំ​ពលរដ្ឋ​ខ្មែរ ​នៅ​ខេត្ត​ត្បូងឃ្មុំ​ ក្នុង​ពេល​ថ្មីៗ​កន្លង​មក​នេះ​ ហើយ​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា​ គឺ​ពលរដ្ឋ​ជា​អ្នក​ទៅ​ធ្វើ​ចម្ការ​លើ​ដី​របស់​វៀតណាម៕

XS
SM
MD
LG