ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះសង្ឃ​សូម​ឱ្យ​ចាត់​ការ​រក​ព្រះ​បរម​សារីរិកធាតុ​មក​វិញ


ព្រះ​សង្ឃ​និង​ក្រុម​បាតុករ​បាន​រំសាយ​ទៅ​វិញ​នៅ​ម៉ោង​ប្រហែល​១១​ព្រឹក ​បន្ទាប់​ពី​ព្រះ​ញានវង្ស​ ឃឹម សន ​ព្រះ​មេគុណ​ក្រុង​ចេញ​មក​សម្រុះ​សម្រួល​ដោយ​សន្យា​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដើម្បី​ស្វែងរក​អន្តរាគមន៍​បន្ទាន់​មួយ​ពី​សំណាក់​រដ្ឋាភិបាល។
ព្រះ​សង្ឃ​និង​ក្រុម​បាតុករ​បាន​រំសាយ​ទៅ​វិញ​នៅ​ម៉ោង​ប្រហែល​១១​ព្រឹក ​បន្ទាប់​ពី​ព្រះ​ញានវង្ស​ ឃឹម សន ​ព្រះ​មេគុណ​ក្រុង​ចេញ​មក​សម្រុះ​សម្រួល​ដោយ​សន្យា​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដើម្បី​ស្វែងរក​អន្តរាគមន៍​បន្ទាន់​មួយ​ពី​សំណាក់​រដ្ឋាភិបាល។
ព្រះ​សង្ឃ​ប្រមាណ​៥០០​អង្គ​និង​ពុទ្ធ​បរិស័ទ​ជា​ច្រើន​រយ​នាក់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​បាន​ធ្វើ​បាតុកម្ម​ខាង​មុខ​សាល​ចតុមុខ​ជា​ទី​ដែល​ថ្នាក់ដឹកនាំ​ព្រះ​សង្ឃ​ប្រជុំ​ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ថ្នាក់​ដឹកនាំ​ព្រះ​សង្ឃ​ជំរុញ​ឱ្យ​អាជ្ញាធរ​ស្វែងរក​ព្រះ​សារីរិកធាតុ​ដែល​បាន​បាត់​ត្រឡប់​មក​វិញ។

ក្រោម​ដំណក់​ទឹកភ្លៀង​រលឹម​សស្រេច​ ព្រះ​សង្ឃ​និង​ក្រុម​ប្រជាពលរដ្ឋ​បាន​ដើរ​ហែរ​ក្បួន​បាតុកម្មពី​ចំណុច​ទីលាន​ប្រជាធិបតេយ្យ​ កាត់​តាម​ផ្លូវ​មាត់​ទន្លេ ​ឆ្ពោះ​ទៅ​កាន់​សាល​សនិ្នសីទ​ចតុមុខ ​ខាង​ជើង​ឈៀង​ខាង​កើត​ព្រះ​បរម​រាជវាំង ​ជា​ទី​ដែល​ថ្នាក់​ដឹកនាំ​សង្ឃ​ប្រជុំ​នៅ​ទី​នោះ។ ព្រះ​សង្ឃ​បាតុករ​និង​ក្រុម​បាតុករ​បាន​កាន់​ទង់ជាតិ ​ទង់សាសនា ​និង​បដា​ដែល​សរសេរ​ថា​«មាន​អំពើ​ពុក​រលួយ​ទើប​មាន​ចោរ​លួច​ព្រះ​បរម​សារីរិកធាតុ»​និង​«ការ​បាត់បង់​ព្រះ​បរម​សារីរិកធាតុ​គឺ​ជា​ការ​បាត់បង់​តម្លៃ​ជាតិ​ខ្មែរ»​ជា​ដើម។

បន្ទាប់​ពី​និមន្ត​មក​ដល់​បរិវេណ​ខាង​មុខ​សាល​សន្និសីទ​ចតុមុខ ​ក្រុម​ព្រះ​សង្ឃ​បាតុករ​បាន​ស្រែក​ទាមទារ​ឱ្យ​សម្តេច​ព្រះ​សង្ឃរាជ ​ទេព វង្ស ​និង​គណៈ​សង្ឃ​ឱ្យ​ចេញ​មក​បក​ស្រាយ​ពី​ការ​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់​របស់​ខ្លួន ​ក្រោយ​ពី​ព្រះ​បរម​សារីរិកធាតុ​របស់​ព្រះ​ពុទ្ធ​ត្រូវ​បាន​គេ​លួច។

ព្រះ​តេជ​ព្រះ​គុណ ប៊ុត ប៊ុនទិញ ​តំណាង​ព្រះ​សង្ឃ​ឯករាជ្យ​បាន​ស្រែក​តាម​ឧគ្ឃោសនសព្ទ​ថា៖ «ប្រសិន​បើ​ព្រះ​សង្ឃ​ធ្វើ​ការ​ដើម្បី​បម្រើ​ប្រយោជន៍​ជាតិ ​ហេតុអ្វី​បាន​ជា​ចេញ​សារាចរ​ផ្សឹក​ចោល បណ្តេញ​ចេញ​ពី​វត្ត? រឿង​ដែល​មិន​គួរ​ធ្វើ​ហេតុ​អ្វី​បាន​ជា​ព្រះ​រាជា​គណៈ​និង​មន្ត្រី​សង្ឃ​ខំ​ប្រឹង​ម្ល៉េះ ចុះ​រឿង​ដែល​បាត់បង់​ព្រះ​សារីរិកធាតុ ចុះ​ហេតុ​អ្វី​មិន​ចេញ​សារាចរ​ដូច​ចេញ​សារាចរ​ចំពោះ​ព្រះសង្ឃ​តស៊ូ​ស្នេហា​ជាតិ? ធ្វើ​ទៅ​ធ្វើ​ឱ្យ​ដូច​គ្នា​ទៅ!»

កោដ្ឋ​ធ្វើ​អំពី​មាស​ដម្កល់​ព្រះ​សារីរិកធាតុ​ព្រះ​ពុទ្ធ​ដែល​រួម​មាន​ព្រះចង្កូម​កែវ​(ធ្មេញ) ព្រះ​កេសា​(សក់) និង​ព្រះ​អដ្ឋិ​ (ឆ្អឹង) ​និង​វត្ថុ​មាន​តម្លៃ​ជា​ច្រើន​ទៀត​ដែល​ដម្កល់​ក្នុង​ព្រះ​សក្យព្រះ​មុនីចេតិយ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​យក​ទៅ​បាត់​កាល​ពី​យប់​រំលង​អាធ្រាត​ថ្ងៃ​ទី​៩​ខែ​ធ្នូ។

ព្រះ​តេជ​ព្រះ​គុណ ​សិន សុភាសិទ្ធ ​ជា​អ្នក​ចូលរួម​ម្នាក់​មាន​ថិរៈដីកា​ថា​ព្រះ​សារីរិកធាតុ​ជា​តំណាងព្រះ​ពុទ្ធសាសនា​និង​សាធារណៈ​វត្ថុ​របស់​ពលរដ្ឋ​ខ្មែរ ​ប៉ុន្តែ​មន្ត្រី​សង្ឃ​នា​ពេល​កន្លង​មក​ហាក់​ដូចជា​មិន​បាន​បញ្ចេញ​ប្រតិកម្ម​តប​ណា​មួយ​ទេ។

ព្រះ​អង្គ​បាន​បន្ថែម​ថា៖ «ចំពោះ​ចំណាត់​ការ​របស់​មន្ត្រី​សង្ឃ ​អាត្មាភាព​មិន​ពេញ​ចិត្ត​ទេ ​ដោយ​សារ​វត្ថុ​ដែល​ជា​សារណៈ​របស់​ប្រជាពលរដ្ឋ​ក៏​ដូចជា​ព្រះ​ពុទ្ធ​សាសនា​ទាំង​មូល​ត្រូវ​បាន​បាត់បង់​ហើយ​ពុំ​មាន​ការ​ស្វែងរក ​គ្រាន់​តែ​ធ្វើ​ការ​បន្តិច​បន្តួច ​ហើយ​ពុំ​បាន​ចាត់​វិធានការ​ឱ្យ​បាន​រឹង​មាំ​សម្រាប់​ប្រទេស​ជាតិ​របស់​យើង ​គឺ​ទាមទារ​ឱ្យ​បាន​និង​រក​ឱ្យ​ឃើញ​នូវ​វត្ថុ​ជា​សាធារណៈ​នោះ​សម្រាប់​ប្រជាជាតិ​ខ្មែរ»។

ព្រះ​សង្ឃ​និង​ក្រុម​បាតុករ​បាន​រំសាយ​ទៅ​វិញ​នៅ​ម៉ោង​ប្រហែល​១១​ព្រឹក ​បន្ទាប់​ពី​ព្រះ​ញានវង្ស​ ឃឹម សន ​ព្រះ​មេគុណ​ក្រុង​ចេញ​មក​សម្រុះ​សម្រួល​ដោយ​សន្យា​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដើម្បី​ស្វែងរក​អន្តរាគមន៍​បន្ទាន់​មួយ​ពី​សំណាក់​រដ្ឋាភិបាល។

សម្តេច​ព្រះ​សង្ឃរាជ​ ទេព វង្ស ​មិន​អាច​ទំនាក់ទំនង​បាន​ទេ​នៅ​ថ្ងៃ​នេះ​ដោយ​ព្រះ​តេជ​ព្រះ​គុណ​បាន​បិទ​ទូរស័ព្ទ​ប៉ុន្តែ​កន្លង​មក​ព្រះ​អង្គ​ធ្លាប់​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ថា​វា​ជាសមត្ថកិច្ច​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទេ។

នា​ពេល​កន្លង​មក ​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​ពី​វត្ថុ​ដែល​បាត់​និង​ដំណើរការ​ស៊ើប​អង្កេត​របស់​ខ្លួន​ទេ​ ក្រោម​ហេតុ​ផល​ថា​ករណី​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត។ ដោយ​ឡែក​តុលាការ​ខេត្ត​កណ្តាល​បាន​សម្រេច​ឃុំ​ខ្លួន​ជនសង្ស័យ​៥​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​សំណុំរឿង​នេះ។ ក្នុង​នោះ​ម្នាក់​ឈ្មោះ ផា សុខែម ​ជា​ប្រធាន​ឆ្មាំ​ព្រះ​សក្យមុនីចេតិយ ​ហើយ​បន្ទាប់​ពី​បាន​ឆែកឆេរ​ផ្ទះ​និង​រថយន្ត​របស់​ជនសង្ស័យ​រូប​នេះ​នៅ​ខណ្ឌ​សែនសុខ ​ក្នុង​ក្រុង​ភ្នំពេញ ​ ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​រក​ឃើញ​ព្រះ​ពុទ្ធ​បដិមា​និង​វត្ថុ​បុរាណ​ចំនួន​២៨​មុខ។

លោក គៀត ច័ន្ទថារិទ្ធ​និង​លោក ខេង ទីតូ ​អ្នកនាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ​និង​កងរាជ​អាវុធ​ហត្ថ​ និង​លោក ខៀវ សុភ័គ ​អ្នកនាំពាក្យ​ក្រសួង​មហា​ផ្ទៃ​មិន​អាច​ទំនាក់ទំនង​បាន​ទេ​នៅ​ថ្ងៃ​នេះ៕
XS
SM
MD
LG