ខេត្តព្រះវិហារ —
ប្រទេសកម្ពុជាគ្រោងនឹងបើកការចរចាបន្ថែមទៀតជាមួយប្រទេសថៃជុំវិញសំណុំរឿងប្រាសាទព្រះវិហារនិងតំបន់ភ្នំទ្រព្យដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេមិនបានធ្វើការកាត់សេចក្តី។
ថ្លែងទៅកាន់កងទ័ពចំនួនជាង២.០០០នាក់ កាលពីថ្ងៃសៅរ៍នេះនៅទីបញ្ជាការកងអង្គរក្សក្នុងឃុំកន្តួត ស្រុកជាំក្សាន្ត ដែលស្ថិតនៅចម្ងាយប្រមាណជិត២០គីឡូម៉ែត្រពីប្រាសាទព្រះវិហារនៃខេត្តព្រះវិហារ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងនិងជារដ្ឋមន្ត្រីក្រសួងការបរទេសមានប្រសាសន៍ថារដ្ឋាភិបាលនឹងត្រូវចរចាជាមួយប្រទេសថៃបន្តទៀតដើម្បីឲ្យប្រទេសនេះដកកងទ័ពរបស់ខ្លួនចេញពីតំបន់ដែលមានជម្លោះនិងដើម្បីឲ្យមានការទទួលស្គាល់ភ្នំទ្រព្យជាផ្លូវការថាជាដែនដីរបស់ប្រទេសកម្ពុជា។
«ចរចាទីមួយអំពីការដកកងទ័ពចេញពីតំបន់ដែលតុលាការសម្រេចឲ្យដក។ ទៅថ្ងៃមុខទៀតចរចាអំពីភ្នំទ្រព្យ។ហើយការចរចាទាំងពីរនេះផ្អែកលើផ្លូវច្បាប់គឺយើងមានអនុគ្រោះរបស់យើង»។
យ៉ាងណាក៏ដោយលោកប្រមុខការទូតខ្មែរមិនបានបញ្ជាក់ថា តើការចរចារវាងប្រទេសទាំងពីរនឹងអាចចាប់ផ្តើមនៅពេលណានោះទេ។
«យើងអាចចរចានៅពេលណាក៏បានដែរដើម្បីឲ្យថៃដកកងទ័ព។ យើងកំពុងតែរកអ្នកជំនាញអន្តរជាតិឲ្យគេ(ជួយ)ធ្វើការបកស្រាយលើផែនទីឲ្យបានច្បាស់លាស់ដើម្បីចរចាជាមួយថៃ»។
កាលពីថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០១៣នេះតុលាការយុត្តិធម៌អន្តរជាតិដែលមានមូលដ្ឋានក្នុងទីក្រុងឡាអេ ប្រទេសហូឡង់បានចេញសាលដីកាបកស្រាយលើសាលក្រមចាស់កាលពីឆ្នាំ១៩៦២ដោយបង្គាប់ឲ្យប្រទេសថៃដកកងទ័ពនិងកងកម្លាំងប្រដាប់អាវុធរួមទាំងឆ្មាំចេញពីតំបន់អធិបតេយ្យនៃប្រាសាទព្រះវិហារ។សាលដីកាដដែលនោះបានសម្រេចបន្ថែមទៀតថាប្រាសាទព្រះវិហារស្ថិតក្នុងដែនដីអធិបតេយ្យរបស់ប្រទេសកម្ពុជា។
ប៉ុន្តែតុលាការក្រុងឡាអេមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ថាភ្នំទ្រព្យជាដែនដីរបស់ប្រទេសកម្ពុជានោះទេដោយតុលាការនេះសំអាងថា អតីតចៅហ្វាយខេត្តព្រះវិហារជំនាន់មុនបានអះអាងថា ភ្នំទ្រព្យមិនស្ថិតក្នុងតំបន់ភូមិសាស្ដ្រនៃប្រាសាទព្រះវិហារទេ។
នៅថ្ងៃសៅរ៍កន្លងមកនេះគឺជាលើកទីមួយហើយគឺជិតមួយខែក្រោយពីតុលាការយុត្តិធម៌អន្តរជាតិ(ICJ)បានផ្តល់ជ័យជម្នះដល់ប្រទេសកម្ពុជាដែលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានពន្យល់ដោយផ្ទាល់អំពីសាលដីកានៃតុលាការពិភពលោកនេះទៅកាន់កងទ័ពរបស់ខ្លួន។ កងទ័ពដែលចូលរួមស្តាប់មានពលទាហាននិងនាយទាហានរួមទាំងមេបញ្ជាការជាន់ខ្ពស់ដូចជាលោកឧត្តមសេនីយ៍គន់ គីម អគ្គមេបញ្ជាការរងនៃក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ហ៊ីង ប៊ុនហ៊ាង មេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងជាអគ្គមេបញ្ជាការរងកងទ័ព លោកឧត្តមសេនីយ៍ជា តារា មេបញ្ជាការកងទ័ពប្រចាំទិសព្រះវិហារនិងលោកឧត្តមសេនីយ៍ស្រី ឌឹក មេបញ្ជាការកងពលលេខ៣ប្រចាំតំបន់ព្រះវិហារ។
លោកហោ ណាំហុង បានពន្យល់លើផែនទីដល់កងទ័ពកម្ពុជាដែលអង្គុយនៅហាលវាលដោយគ្មានរោងសំពត់តង់អំពីទីតាំងភ្នំទ្រព្យ។
«យើងឃើញហើយ បើយកតាមផែនទីនេះគឺតំបន់ជិតៗប្រាសាទព្រះវិហារព្រមទាំងភ្នំទ្រព្យក៏ស្ថិតក្នុងទឹកដីកម្ពុជាយើងដែរ»។
ប្រទេសថៃបានទាមទារកាន់កាប់ដែនដីចំនួន៤,៦គីឡូម៉ែត្រការ៉េបូករួមទាំងតំបន់ភ្នំទ្រព្យនេះផងដែរ។
កាលពីឆ្នាំ១៩៦២ប្រទេសកម្ពុជាបានឈ្នះក្តីលើប្រទេសថៃ។ ប្រទេសថៃបានប្តឹងទាមទារកាន់កាប់ប្រសាទព្រះវិហារ។
នៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០០៨ ប្រទេសថៃបានបញ្ជូនកងទ័ពមកលុកលុយតំបន់ជាយប្រសាទព្រះវិហាររបស់ខ្មែរនិងបានដាក់ពង្រាយកងទ័ពនៅជុំវិញវត្តកែវសិក្ខាគិរីស្វារៈដែលស្ថិតនៅចម្ងាយប្រមាណជា៣០០ម៉ែត្រពីប្រាសាទចំណាស់៩០០ឆ្នាំនេះ។ ការ ប្រឈមមុខដោយប្រដាប់អាវុធបានចាប់ផ្តើមចាប់ពីពេលនោះមកនិងបណ្តាលឲ្យមានការប្រយុទ្ធគ្នាជាច្រើនលើកនិងបណ្តាលឲ្យមានទាហានស្លាប់និងរបួសទាំងខាងភាគីកម្ពុជានិងភាគីថៃ។
មកទល់នឹងថ្ងៃនេះនៅមានកងទ័ពថៃនៅជិតតំបន់សំបុកឃ្មុំ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីកាំជណ្តើរឡើងប្រាសាទព្រះវិហារ និងកងទ័ពថៃនៅតំបន់ភ្នំទ្រព្យ ប៉ុន្តែស្ថានការណ៍ទូទៅត្រូវគេសម្គាល់ថាមិនស្ថិតក្នុងការគំរាមកំហែងនោះទេ។
សកម្មភាពជំនួញប្រព្រឹត្តទៅយ៉ាងសកម្មនៅស្រអែម ដែលជាទីប្រជុំជនយ៉ាងសំខាន់មុននឹងទៅដល់ប្រាសាទព្រះវិហារ។ ដោយឡែកភ្ញៀវទេសចរជាតិនិងអន្តរជាតិឡើងទស្សនាប្រាសាទនេះជាប្រក្រតី។
លោកឧត្តមសេនីយ៍ឯកហ៊ីង ប៊ុនហ៊ាង ឲ្យដឹងថាកងទ័ពថៃនៅព្យាយាមដណ្តើកាន់កាប់តំបន់មួយចំនួននៅឡើយដូចជាចំណុចបង្គោល៨ ចាក់ច្រែង ច្រកតាសឹម និងច្រកតាថាវជាដើម៕