ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​ការ​សម្រេច​របស់​តុលាការ​អន្តរជាតិ​ កម្ពុជា​គួរ​គិតគូរ​ពី​សំណង​សម្រាប់​ការ​ខូចខាត


ចៅក្រម​​តុលាការ​​យុត្តិធម៌​​អន្តរជាតិ​​ប្រកាស​សម្រេច​ថា ដីជុំវិញ​ប្រាសាទព្រះ​វិហារ​ជារបស់ខ្មែរ (១១ វិច្ឆិកា​ឆ្នាំ២០១៣)
ចៅក្រម​​តុលាការ​​យុត្តិធម៌​​អន្តរជាតិ​​ប្រកាស​សម្រេច​ថា ដីជុំវិញ​ប្រាសាទព្រះ​វិហារ​ជារបស់ខ្មែរ (១១ វិច្ឆិកា​ឆ្នាំ២០១៣)
ក្រុម​អ្នក​ជំនាញ​និង​មន្ត្រី​គណបក្ស​ជំទាស់​បាន​សាទរខ្លះៗ​នឹង​ការ​សម្រេចក្តី​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​ ប្រទេស​ហូឡង់​រឿងដី​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ ដែល​មាន​ទំនាស់​រវាង​កម្ពុជា​និង​ថៃ តែ​អ្នក​ជំនាញ​ផ្នែក​ព្រំដែន​និង​មន្ត្រី​គណបក្ស​ជំទាស់​បាន​អះអាង​ថា ​មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​កម្ពុជា​ត្រូវ​ធ្វើ​ការ​ដោះស្រាយ ​ដូចជា​បញ្ហា​ទារសំណង​នៃ​ការ​ខូចខាត​និង​បញ្ហា​ដែនដី​ខាងកើត​គឺ​កម្ពុជា​វៀតណាម​។​

លោក​ម៉ារិត ឆង ​អ្នក​ជំនាញការ​ព្រំដែន​ម្នាក់​ក្នុង​ប្រទេស​អាមេរិក​ បាន​អះអាង​ថា ​កម្ពុជា​គួរ​ធ្វើការ​ប្តឹង​តវ៉ា​រឿងការ​ខូចខាត​ជាច្រើន​ដែល​កើត​ចេញ​ពី​ការ​វាយ​ប្រហារ​គ្នា​កាលពី​ឆ្នាំ​២០០៨​ ពេល​ថៃ​ចាញ់​ក្តី​រឿងដី​នៅក្បែរ​ប្រាសាទ​ព្រះវិហារ​ទៅ​ហើយនោះ។

លោក​និយាយថា៖​ «កាលណា​មិនធ្វើ​អញ្ចឹង ​ដូច​លើក​មុន​អញ្ចឹង ​អត់ទារ​សំណង​អីសោះ​ សៀម​ចេះ​តែ​អត់គោរព​តទៅ​ទៀត។​ ឥឡូវនេះ​ឈ្នះ​ហើយ​យើង​ត្រូវ​ទារ​សំណង​ដែលខ្មែរ​យើង​យល់​ថា​ ​ឲ្យ​សៀម​សង​ មាន​ខូចខាត​អី​ខ្លះ​ ជីវិត​មនុស្ស​ អ្នក​ស្រុក​តួ​ព្រះវិហារ ​ចម្លាក់​និង​ការ​ខូចខាត​ដែល​បាញ់​ត​គ្នា។​ រឿង​នេះ​ដើម្បី​ឲ្យ​សៀម​ដឹង​ថា ​បើ​ហ៊ាន​ធ្វើតទៅ​ទៀត​គឺ​ខុស​ ត្រូវមាន​សំណង​ ហើយ​ចាញ់​ក្តី​ផង»។​

លោក​ជឿ​ថា​ កម្ពុជា​មិនចេះ​តែ​ប្រើ​មនោ​សញ្ចេតនា​ដើម្បី​ដោះស្រាយ​ជា​មួយ​ប្រទេស​ថៃ​ទេ​គឺត្រូវ​ពឹង​លើ​ច្បាប់​ដើម្បី​បញ្ចប់​បញ្ហា។​

ប្រទេស​កម្ពុជា​ ដែល​គេ​ចាត់​ទុក​ថា​ បាន​ឈ្នះក្តី​នៃ​ការ​បកស្រាយ​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ដែល​កម្ពុជា​បាន​ឈ្នះ​រួច​ហើយ​កាលពី​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​១៩៦២​ក្រោម​កិច្ច​ដឹកនាំ​របស់​សម្តេច​ឳ​នោះ​ កំពុង​មាន​បញ្ហា​ច្រើន​ជាមួយ​ថៃ​លើ​បញ្ហា​ព្រំដែន​គោក​ និង​បញ្ហា​ព្រំដែន​ទឹក​នៅ​តំបន់​ជាច្រើន​ទៀត​ដែល​ត្រូវ​ចរចា​គ្នា។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ កាលពី​ថ្ងៃច័ន្ទ​ទៅ​កាន់​ប្រជាជាតិ​ទាំងមូល​តាម​រយៈ​ទូរទស្សន៍​ជាតិ​កម្ពុជា​ភ្លាមៗ​ក្រោយ​កម្ពុជា​ទទួល​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​លើ​ទឹកដី​នៅតំបន់​ព្រំដែនក្បែរប្រាសាទ​ព្រះវិហារ​ដែល​មាន​ការ​ប្រទាញ​ប្រទង់​នោះ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ពុំ​បាន​ផ្តោត​ទៅ​លើអ្វី​ដែល​គេ​ចាត់​ទុក​ថា​ កម្ពុជា​បាន​ជោគ​ជ័យនោះ​ទេ។​

លោក​ហ៊ុន សែន​ហាក់ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​ការពារ​សន្តិភាព​ស្ថិរភាព​និង​រក្សា​ភាព​ស្ងប់ស្ថាត់​ជាជាង​ការ​អរសប្បាយ។ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​អះអាង​ថា ​ភាគី​ទាំង​ពីរ​គឺ​កម្ពុជា​ ថៃ​នឹង​បន្ត​ពិភាក្សា​គ្នា​ ហើយ​គោរព​តាមការ​សម្រេច​របស់​តុលាការ​ ខិតខំ​ធ្វើ​ឲ្យ​មាន​សន្តិភាព ​ស្ថិរភាព​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ។​

«ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ សូមអំពាវ​នាវ​ជាថ្មី​ម្តង​ទៀត​ដល់កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ​ដែល​កំពុង​បំពេញ​ភារកិច្ច​ការពារ​ព្រំដែន ​សូមបន្ត​ប្រកាន់​ការ​អត់​ធ្មត់​ រក្សា​ស្ថានភាព​ឈរជើង​នៅ​ដដែល​ និង​ចៀស​វាង​សកម្មភាព​ ទាំង​ឡាយ​ណា​ដែល​អាច​បង្ក​ភាព​តាន​តឹង ​ឬ​ការ​ប៉ះទង្គិច​គ្នា​ជាយថា​ហេតុ​ ដោយ​ទុក​លទ្ធភាព​ជូន​យន្តការ​នៃ​រាជ​រដ្ឋាភិបាល​ទាំងពីរ​បន្ត​ការ​ពិភាក្សា​ដើម្បី​ជំរុញអនុវត្ត​សាល​ដីកា​នេះ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ»។​

លោក​យូ សុគន្ធ​បញ្ញា​ជានិស្សិត​ខ្មែរ​បញ្ចប់​ការ​សិក្សា​ផ្នែក​គោល​នយោបាយ​ សារធារណៈ​នៅ​សាកល​វិទ្យាល័យ​មីឈីហ្គ៊ែន​(Michigan ​Univerisity)​ ដែល​ជា​អ្នក​ឃ្លាំមើល​ដំណើរ​ការវិវត្ត​ម្នាក់​នៃ​បញ្ហា​ព្រំដែន​កម្ពុជា​ថៃ​ យល់​ថា​ ដោយសារ​សេចក្តី​សម្រេច​របស់​តុលាការ​នេះ​មិន​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ទៅលើ​ផ្ទៃ​ដី​ ដែល​ត្រូវ​ផ្តល់​ជូន​កម្ពុជា​និង​ថៃ​នោះ ​វាអាច​នឹងជា​បញ្ហា​ដែលភាគី​ទាំងពីរ​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា។​

«ការ​សម្រេច​ចិត្ត​របស់​តុលាការ​ជា​ការ​ល្អ​ទាំង​សងខាង។​ ទាំងសង​ខាង​អាច ​គិត​ថា​ ខ្លួន​ឯង​ឈ្នះ។​ អត់​ឈ្នះ​ទាំងអស់​ទេ​ តែ​ឈ្នះ​បន្តិច។​ អញ្ចឹង​ការ​ដែល​ឲ្យ​ទាំង​សងខាង​ទទួល​យក​បាន ​វា​អាច​ខ្ពស់ជាង​ ដោយសារ​តែ​ការ​សម្រេច​ ចិត្ត​ហ្នឹង​វាមិន​ហួស​ហេតុ​ពេក»។​

តែ​លោក​ថ្លែង​ថា ​បញ្ហា​មិន​បញ្ជាក់​ឲ្យច្បាស់​នៃ​សេចក្តី​សម្រេច​នេះ​ហើយ​អាច​ទុក​ផ្លូវឲ្យ​ភាគីថៃ​និង​កម្ពុជា​បន្ត​ជា​បញ្ហា​ប្តឹង​ផ្តល់​ និង​ដោះ​ស្រាយ​តទៅ​ទៀត។​

មេ​ដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​ សម រង្ស៉ី​វិញ​ថ្លែង​ថា ​សេចក្តី​សម្រេច​របស់​តុលាការ​នេះ​ជា​ជោគជ័យ​បន្ថែម​ទៅលើ​ជោគជ័យ​ដែល​សម្តេច​ឳ​ព្រះបរម​រតនៈកោដ្ឋ​សម្តេច​ព្រះ​នរោត្តម​សីហនុ ​ដែល​បាន​ទាមទារ​ប្រាសាទ​ព្រះវិហារ​នេះ​ពីការ​កាន់កាប់​របស់​សៀម​ ឬ​ថៃ​កាលពី​ថ្ងៃទី​១៥​ខែ​មិថុនា​ឆ្នាំ​១៩៦២។​ លោក​ថ្លែង​ថា​ មាន​បញ្ហា​ច្រើន​ទៀត​ដែល​រដ្ឋាភិបាល​ពេល​នេះ​មិន​ត្រូវ​បំភ្លេច​គឺ​បូរណភាព​ទឹកដី​កម្ពុជា​ភាគខាង​កើត​ ឬ​វៀតណាម។​

«ពីព្រោះ​បើយើង​ស្រឡាញ់​ជាតិ​ យើង​មិន​ត្រូវ​ស្រឡាញ់​តែ​ពាក់​កណ្តាល​ទេ។​ យើង​ត្រូវ​ស្រឡាញ់​ទាំងមូល។ ​យើង​ខំ​ការពារ​ព្រំដែន​យើង ​បូរណភាព​ដែនដី​យើង​តទល់​នឹង​បរទេស​ឈ្លានពាន​ លេប​ត្របាក់​ទឹកដី​យើង។​ នៅ​ខាងកើត​ក៏​យើង​ត្រូវ​ប្រកាន់​គោល​ជំហរ​ដូច​គ្នា​អញ្ចឹង​ដែរ​ ដើម្បី​ការពារ​ទឹកដី​យើង​នៅ​ខាង​កើត​ប្រទេស ​កុំឲ្យ​បរទេស​ឈ្លានពាន​ លេប​ត្របាក់​ទឹកដី​យើង​ដូច​គេកំពុង​តែ​ធ្វើ​សព្វ​ថ្ងៃនេះ»។​

លោក​សម រង្ស៉ី​ ប្រធាន​គណបក្ស​ជំទាស់​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ដូច្នេះ​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដាក់​ក្នុង​គេហទំព័រ​របស់​គណបក្ស​របស់​លោក​ក្រោយពេល​ដែល​មាន​សេចក្តី​សម្រេច​ឬ​ការ​បកស្រាយ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ដី​ក្បែរ​ប្រាសាទ​ព្រះវិហារ។​

កម្ពុជា​និង​ថៃ ​ហើយ​កម្ពុជា​និង​វៀតណាម​មាន​បញ្ហា​ទំនាស់​ព្រំដែន​ជាយូរ​ណាស់​មក ហើយ។​ បញ្ហា​នេះ​បាន​ក្លាយ​ជា​រឿង​កេង​ចំណេញ​ផ្នែក​នយោបាយ​របស់​អ្នក​នយោបាយ​ និង​ជា​ការ​បំផុសជាតិ​និយម​យ៉ាងងាយ​ស្រួល​ក្នុង​ប្រទេស​នីមួយៗ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG