ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នឹង​នាំចូល​សត្វខ្លា​ពី​ឥណ្ឌា​ដើម្បី​ស្ដារ​ឡើងវិញ​ពី​ការ​ផុត​ពូជ


រូបឯកសារ៖ សត្វខ្លាមួយក្បាលនៅ​សួនសត្វភ្នំពេញ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។
រូបឯកសារ៖ សត្វខ្លាមួយក្បាលនៅ​សួនសត្វភ្នំពេញ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។

ប្រទេស​កម្ពុជា​សង្ឃឹម​ថា​នឹង​នាំចូល​សត្វ​ខ្លា៤ក្បាល​ពី​ប្រទេស​ឥណ្ឌា​នៅ​ឆ្នាំ​នេះ​ក្រោម​កិច្ច​ព្រមព្រៀង​មួយ ​ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​នឹង​រដ្ឋាភិបាល​ឥណ្ឌា​ក្នុង​បំណង​ស្ដារ​ឡើង​វិញ​នូវ​សត្វ​ប្រភេទ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​យោង​លើ​ការ​បញ្ជាក់​របស់​មន្ត្រី​បរិស្ថាន​ម្នាក់​នៅ​ថ្ងៃ​ចន្ទ​នេះ។

ព្រៃស្ងួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ធ្លាប់ជា​ជម្រក​របស់​សត្វ​ខ្លា​ឥណ្ឌូចិន​ជាច្រើន​ក្បាល ប៉ុន្តែ​អ្នក​អភិរក្ស​ថា ការបរបាញ់​ខ្លាំងក្លា​ខុសច្បាប់​លើ​សត្វខ្លា​និង​សត្វ​ដែល​ជា​ចំណី​របស់​ខ្លា​បាន​ធ្វើ​ឱ្យ​ចំនួន​សត្វខ្លា​ថយចុះ។

សត្វខ្លា​ដែល​គេ​ឃើញ​ចុងក្រោយ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​សត្វខ្លា​ដែល​បាន​ថត​ជាប់​នៅ​ក្នុង​កាមេរ៉ា​ដែល​គេ​លួច​បង្កប់​នៅ​ក្នុង​ឆ្នាំ ២០០៧ ហើយ​សត្វខ្លា​ត្រូវបាន​គេ​ប្រកាស​ថា «ផុតពូជ» នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ២០១៦។

ខ្លា​ឈ្មោល​មួយ​ក្បាល​និង​ញី​បី​ក្បាល​អាច​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ចុង​ឆ្នាំ ២០២៤ នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​លោក ខ្វៃ អាទិត្យា ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក ខ្វៃ អាទិត្យា បាន​និយាយ​ថា ខ្លា​ទាំងបួន​ក្បាល​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​ព្រៃ​ទំហំ ៩០ ហិកតា ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​តាតៃ​នៅ​ភាគ​ខាង​លិច​ខេត្ត​កោះកុង ​ដើម្បី​ឱ្យ​ស៊ាំ​ទៅនឹង​បរិ ស្ថាន​ថ្មី​មុន​ពេល​ព្រលែង​ចូល​ទៅ​ក្នុង​ព្រៃ។

លោក​មិន​បាន​បញ្ជាក់​លម្អិត​ថាតើ​ខ្លា​ទាំងបួន​ក្បាល ​ដែល​នឹង​នាំចូល​ពី​ប្រទេស​ឥណ្ឌា​នេះ​ជា​ខ្លា​ប្រភេទ​អ្វី​នោះទេ។

លោក​បាន​បន្ថែម​ថា ខ្លា ១២ ក្បាល​ទៀត​ នឹង​ត្រូវ​នាំចូល​នៅ​ក្នុង​រយៈពេលប្រាំ​ឆ្នាំ​ខាងមុខ ប្រសិន បើ​គម្រោង​នេះ​ដំណើរការ​ទៅ​មុខ​ដោយ​រលូន។

ការ​កាប់​បំផ្លាញ​ព្រៃឈើ​និង​ការ​បរបាញ់​ខុសច្បាប់​បាន​បំផ្លិចបំផ្លាញ​ចំនួន​សត្វខ្លា​នៅ​ទូទាំង​ទ្វីប​អាស៊ី។

ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​បា ន​បាត់បង់​សត្វខ្លា​ក្នុង​ស្រុក ចំណែកឯ​ប្រទេស​មីយ៉ាន់ ម៉ា​វិញ​ត្រូវ​គេ​ជឿ​ថា ​នៅ​សល់​សត្វខ្លា​តែ ២៣ ក្បាល​ប៉ុណ្ណោះ​នៅ​ក្នុង​ព្រៃ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG