ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត ព្រមាន​ដក​តំណែងអភិបាល​ខេត្ត បើ​មាន​ការ​ទន្រ្ទាន​ដី​ជាប់​បឹង​ទន្លេសាប


រូបឯកសារ៖ ទិដ្ឋភាព​នៃ​ភូមិ​ចុង​ប្រឡាយ​នៃ​ដង​ទន្លេសាប ក្នុងខេត្ត​សៀមរាប កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។
រូបឯកសារ៖ ទិដ្ឋភាព​នៃ​ភូមិ​ចុង​ប្រឡាយ​នៃ​ដង​ទន្លេសាប ក្នុងខេត្ត​សៀមរាប កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន ម៉ាណែត ​កាល​ពី​ថ្ងៃ​អង្គារ ​បាន​ព្រមាន​ដក​តំណែង​អភិបាល​ខេត្ត ​បើ​មាន​ការ​ទន្ទ្រាន​ដី​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​នីមួយៗ។​

លោក ​ហ៊ុន ម៉ាណែត ​ថ្លែង​បែប​នេះក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​ ២០២៣​ និង​លើក​ទិស​ដៅ​ការងារ​បន្ត​ឆ្នាំ ​២០២៤ ​របស់​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ។​

លោក ​ហ៊ុន ម៉ាណែត​ ដែល​កាន់​តំណែង​បាន​ជាង ​៥ ​ខែ ​បាន​ណែនាំ​ឱ្យ​អភិបាល​ខេត្ត​ទាំង​ ៦ ​ដែល​ជាប់​បឹង​ទន្លេសាប ​រួម​មាន​ខេត្ត​កំពង់​ឆ្នាំង ​កំពង់ធំ ​ពោធិ៍សាត់ ​បាត់ដំបង​ សៀមរាប ​និង​បន្ទាយ​មានជ័យ ​ត្រូវ​ទប់​ស្កាត់​ឱ្យ​បាន​នូវ​ការ​ទន្ទ្រាន​ដី​បឹង​ទន្លេសាប​ ដើម្បី​ចូល​រួម​ថែ​រក្សា​ធនធាន​ធម្មជាតិ។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​មិន​ចង់​ប្រើ​អំណាច​ចុង​ប៊ិច​ទេ ​តែ​បើ​បង្ខំ​ខ្ញុំ ​ខ្ញុំ​ត្រូវ​តែ​ប្រើ​ហើយ។​ ការ​ទទួល​ខុស​ត្រូវ​ដឹក​នាំ​រដ្ឋបាល ​បើ​គ្មាន​វិន័យ​ក្នុង​រដ្ឋបាល​ ធ្វើ​ការងារ​អី​មិន​ចេញ​ទេ។​ ខ្ញុំ​និយាយ​ឱ្យ​ច្បាស់​អ៊ីចឹង​ហ្មង។ ​ខ្ញុំ​អត់​សូវ​ចេះ​មាត់​ទេ​ ប៉ុន្តែ​ដៃ​ខ្ញុំ​ចេះ​ស៊ីញ៉េ។ ​ខេត្ត​ទាំង​ ៦ ​ជា​អ្នក​ទទួល​បន្ទុក​ដឹកនាំ​រួម ​អាជ្ញាធរ​ទាំងអស់​ខិតខំ​ប្រឹង​ប្រែង​ស្រុះដៃ​គ្នា​ អាហ្នឹង​យើង​ទប់។ ​បញ្ហា​អត់​លំបាក​ទេ​ក្នុង​ការធ្វើ។​ យើង​ចាំ​បាច់​ត្រូវ​ការ​ស្រុះ​ដៃ​គ្នា»។​

លោក​នាយក​រដ្ឋ​មន្រ្តី​បាន​បញ្ជា​ឱ្យអភិបាល​ទាំង​នេះ​អនុវត្ត​ឱ្យ​បាន​តាម​ការ​ណែនាំ​ ហើយ​បុគ្គល​ទាំង​ឡាយ​ដែល​ចាប់​អារម្មណ៍​ទីតាំង​ដី​នៅ​តំបន់​បឹង​ទន្លេសាប​ក៏​ត្រូវ​ដក​ខ្លួន​ចេញ​ផង​ដែរ។​

លោក​ថ្លែង​ថា៖ ​«បង​ប្អូន​ដែល​ចាប់​អារម្មណ៍​ទៅ​លើ​ដី​នៅ​កន្លែង​តំបន់​ ៣ ​នោះ ​សូម​ម្ចាស់​ការ​ដក​ថយ​ មុន​នឹង​ត្រូវ​ការ​អនុវត្ត​ច្បាប់ ​ព្រោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ឱ្យ​បាន​ ត្រូវ​ការ​ការពារ​ឱ្យ​បាន។ ​អ៊ីចឹង​ឯកឧត្តម​ទាំង​៦​ខេត្ត​ត្រូវ​សន្យា​ជា​មួយ​ខ្ញុំ។ ចូល​រួម​ដើម្បី​អនុវត្ត​ទប់​ស្កាត់​ការ​ទន្ទ្រាន​តំបន់ ​៣ ​នេះ​ឱ្យ​បាន ​ព្រោះ​បឹង​ទន្លេសាប​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ឯកឧត្តម​ហ្នឹង»។​

ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ ​អភិបាល​ខេត្ត​បាត់ដំបង ​លោក ​សុខ លូ ​លើក​ឡើង​ថា ​ការ​ទន្ទ្រាន​ដី​នៅ​បឹង​ទន្លេសាប​ក្នុងភូមិសាស្រ្ត​របស់​លោក​មាន​តិច​តួច​តែ​ប៉ុណ្ណោះ ​ដោយ​សារ​តែ​ពលរដ្ឋ​ខ្លះ​មិន​បាន​ដឹង​ច្បាស់​ពី​ព្រំ​ប្រទល់​ដី។​

លោក​ថ្លែង​ថា៖ ​«មាន​ករណី​តិច​តួច​ដែល​បង​ប្អូន​ខ្លះ​គាត់​មិន​ដឹង​ព្រំ​ពិត​ប្រាកដ ​ហើយ​មាន​ករណី​ខ្លះ​មាន​ការ​ទន្ទ្រាន​ចូល​ទៅ​តិច​តួច​ មិន​ច្រើន​ទេ​ មិន​មាន​ច្រើន​ទេ។ ​យើង​បាន​ចុះ​មើល​ជា​ប្រចាំ​ដែរ​ បាទ»។​

លោក ​សុខ លូ ​បន្ថែម​ថា​ ក្នុង​នាម​លោក​ជា​អភិបាល​ខេត្ត​ដែល​ជាប់​បឹង​ទន្លេសាប​មួយ​រូប ​លោក​បេ្តជ្ញា​ខិតខំ​ការពារ ​និង​ទប់​ស្កាត់​រាល់​សកម្ម​ភាព​ទន្ទ្រាន​ដី​បឹង​ទន្លេសាប​គ្រប់​ទម្រង់​ទាំង​អស់ ​បើ​ទោះ​បី​ទីតាំង​នោះ​មិន​ទាន់​ចុះ​បញ្ជី​ជា​ដី​រដ្ឋ​ក៏​ដោយ។​

លោក​បញ្ជាក់​ថា៖ ​«ជា​រួម​បច្ចុប្បន្ន​នេះ ​ក៏​ដូច​កាល​ពី​មុន​មក​ យើង​បាន​ខិត​ខំ​ការពារ។ យើង​បាន​កំណត់​គ្រប់ ​ប៉ុន្តែ​វា​លំបាក​បន្តិច ​ដោយសារ​តែ​យើង​មិន​ទាន់​បាន​ចុះ​បញ្ជី​ដី​រដ្ឋ។ ​កាល​ណា​មិន​ទាន់​បាន​កំណត់​បញ្ជី ​ការ​កំណត់​ព្រំ​ប្រទល់​វា​មិន​ទាន់​បាន​ច្បាស់​លាស់​ ១០០% ​ទេ»។​

រូបឯកសារ៖ ពលរដ្ឋធ្វើដំណើរតាម​កាណូត​នៅ​ក្នុងភូមិ​ចុងប្រឡាយ​នៃ​ដង​ទន្លេសាប ក្នុងខេត្ត​សៀមរាប កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។
រូបឯកសារ៖ ពលរដ្ឋធ្វើដំណើរតាម​កាណូត​នៅ​ក្នុងភូមិ​ចុងប្រឡាយ​នៃ​ដង​ទន្លេសាប ក្នុងខេត្ត​សៀមរាប កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

អភិបាល​ខេត្ត​រូប​នេះ​បន្ត​ទៀត​ថា បច្ចុប្បន្ន​នេះ​ លោក​បាន​បញ្ជា​ឱ្យ​មាន​កង​កម្លាំង​ចុះ​ល្បាត​ជា​ប្រចាំ​នៅ​តាម​តំបន់​បឹង​ទន្លេសាប​ក្នុង​ខេត្ត​បាត់ដំបង។​

អភិបាល​ខេត្ត​ពោធិ៍សាត់​ លោក ​ខូយ រីដា ​ប្រាប់​វីអូអេ​ថា​ មិន​មាន​ការ​ទន្ទ្រាន​យក​ដី​បឹង​ទន្លេសាប​ឡើយ​ក្នុង​ភូមិសាស្រ្ត​ខេត្ត​របស់​លោក ​រហូត​មក​ដល់​ពេល​នេះ ​ដោយ​សារ​អាជ្ញាធរ​ខេត្ត​អាច​គ្រប់គ្រង​បាន។​

លោក​ថ្លែង​ថា៖ ​«ខេត្ត​របស់​ខ្ញុំ​អត់​មាន​បញ្ហា​អី​ដែល​ត្រូវ​ប្រឈម​នឹង​ការ​ទន្ទ្រាន​ដី​តំបន់​ព្រៃ​លិច​ទឹក​ទេ ​ព្រោះដី​នៅ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​នៅ​តាម​បឹង​ទន្លេសាប​ ដែល​មាន​ស្រុក​ក្រគរ​ ស្រុក​កណ្តៀង ​ស្រុក​បាកាន ​គឺ​យើង​គ្រប់​គ្រង​បាន​ បាទ»។​

លោក ​ហេង គឹមហុង ​ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា ​(CYN)​ ឱ្យ​ដឹង​ថា​ បញ្ហា​នៅ​តំបន់​បឹង​ទន្លេសាប ​គឺ​ជា​បញ្ហា​ច្រំដែល ​ដែល​កន្លង​ទៅ ​អតីត​នាយក​រដ្ឋ​មន្រ្តី​ក៏​ធ្លាប់​បាន​ចេញ​បទ​បញ្ជា​ដែរ។ លោក​បារម្ភ​ថា​ ការ​អនុវត្ត​បាន​តែ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ។​

លោក​បន្ថែម​ថា ដើម្បី​ទប់​ស្កាត់​រាល់​ការ​ទន្ទ្រាន​ដី​បឹង​ទន្លេសាប រដ្ឋាភិបាល​និង​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​កំណត់​ឱ្យ​បាន​នូវ​វិធានការ​ច្បាស់​លាស់​ក្នុង​ការ​អនុវត្ត។​

លោក​ថ្លែង​ថា៖ ​«ក្រសួង​បរិស្ថាន​ ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ ត្រូវ​បង្ហាញ​ពី​យន្តការ​ជាក់​លាក់​ ហើយ​ឈាន​ទៅ​ដល់​ការ​ដាក់​គោល​នយោបាយ​បង្ខំ​តែ​ម្តង ​ដើម្បី​ឱ្យ​មន្រ្តី​មូលដ្ឋាន​របស់​ខ្លួន​ហ្នឹង​អនុវត្ត​ ដោយ​អត់​មាន​ការ​លើក​លែង​ចំពោះ​បុគ្គល​ណា​ទាំង​អស់។ ​ត្រូវ​រក ​ឫស​គល់​ដែរ​ ហេតុ​អី​បាន​ជា​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​ ការ​អនុវត្ត​ហាក់​បី​ដូចជា​មិន​មាន​យន្តការ​ច្បាស់​លាស់​ ធ្វើ​តាមអារម្មណ៍ ​ធ្វើ​តាម​បញ្ជា។ ​ផ្ទុយ​ទៅ​វិញ​ នៅ​ពេល​ដែល​បទ​បញ្ជា​សាប​រលាប​ទៅ ​លែង​មាន​ការ​ជំរុញ​ពី​ថ្នាក់​ដឹកនាំ​ ​មន្រ្តី​មូល​ដ្ឋាន​លែង​ធ្វើ»។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ឆ្នាំ​ ២០២១​ អតីត​នាយក​រដ្ឋមន្រ្តី​ លោក ​ហ៊ុន សែន ​បាន​បញ្ជា​ឱ្យដក​ហូត​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ជាង​ ២ ​ពាន់​ហិកតា​ក្នុង​ខេត្ត​កំពង់ឆ្នាំង ​និង​ឱ្យ​ស៊ើប​អង្កេត​ករណី​នេះ ​ក្រោយ​លោក​ទទួល​ព័ត៌មាន​ថា​ អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង​មួយ​រូប​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ទន្រ្ទាន​ដី​នេះ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG