វ៉ាស៊ីនតោន៖ ដោយឃើញតុលាការក្នុងប្រទេសកម្ពុជាទទួលរងការរិះគន់ពីមួយថ្ងៃទៅមួយថ្ងៃ ទាក់ទងនឹងការស្វែងរកយុត្តិធម៌ជូនពលរដ្ឋនោះ ក្រុមអ្នកច្បាប់និងអ្នកវិភាគនិយាយថា រដ្ឋាភិបាលគួរកែទម្រង់ប្រព័ន្ធតុលាការឲ្យឯករាជ្យនិងរឹងមាំ ដោយគ្មានការពន្យារពេល គឺតាមរយៈការធ្វើច្បាប់លក្ខខន្តិកៈចៅក្រម ព្រះរាជអាជ្ញានិងច្បាប់ទាក់ទងនឹងតុលាការមួយចំនួនទៀត។
ច្បាប់លក្ខខន្តិកៈចៅក្រម ព្រះរាជអាជ្ញាត្រូវគេរំពឹងថា អាចផ្តល់ឲ្យចៅក្រម ព្រះរាជអាជ្ញាអាចដឹងពីទោសទណ្ឌពេលប្រព្រឹត្តខុសច្បាប់ ធានាពីការអនុវត្តច្បាប់ធានាឯករាជ្យភាពរបស់ចៅក្រម ព្រះរាជអាជ្ញា លក្ខណៈសម្បត្តិ ការងារទាក់ទងនឹងការចូលនិវត្ត ការដំឡើងស័ក្តិ ប្រាក់ប៊ៀវត្ស ធានាពីការមិនជាប់ពាក់ព័ន្ធសមាជិក គណបក្សនយោបាយ មិនស្ថិតក្រោមសម្ពាធរបស់អ្នកកាន់អំណាច និងធានាអំណាចតុលាការទាំងមូលដែលត្រូវមាន។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បានអះអាងថា ការកសាងប្រព័ន្ធច្បាប់ដ៏រឹងមាំមួយគឺចាំបាច់ត្រូវធ្វើក្រោយពេលសង្គ្រាមដើម្បីយុត្តិធម៌ពិតប្រាកដ ចំពោះប្រជាពលរដ្ឋ។
«ប្រព័ន្ធតុលាការនិងស្ថាប័នរដ្ឋក្រៅពីតុលាការហ្នឹងគេថាដូចបងប្អូនភ្លោះអញ្ចឹង គឺថាទៅទន្ទឹមគ្នា។ អាហ្នឹងគេត្រូវកសាងច្បាប់ ហើយច្បាប់ហ្នឹងត្រូវមានអ្នក អនុវត្ត។ អ្នកអនុវត្តហ្នឹងបើកាលណាមានល្មើសមានអីឬបកស្រាយច្បាប់ហ្នឹង វាត្រូវមានតុលាការ ហើយតុលាការត្រូវឯករាជ្យ។ អញ្ចឹងបានថាបងប្អូនភ្លោះគឺថា ឲ្យដាច់គ្នា។អាហ្នឹងគេកសាងអញ្ចឹងគឺជន្ទល់ពីរគឺមួយខាងរដ្ឋបាល ហើយមួយ ខាងតុលាការហ្នឹងឯង»។
លោក ម៉ុងហៃបានអះអាងថា ប្រព័ន្ធច្បាប់លក្ខខន្តិកៈចៅក្រម និងព្រះរាជអាជ្ញានេះត្រូវធ្វើតាំងពីក្រោយឆ្នាំ១៩៩៣ម្ល៉េះ គឺដំណាលគ្នានឹងច្បាប់សហលក្ខខន្តិកៈមន្ត្រីរាជការ ច្បាប់សហលក្ខខន្តិកៈយោធា និងច្បាប់ក្រសួងផ្សេងៗទៀតដែរ តែរដ្ឋាភិបាលមិនបានដូច្នោះទេ ដោយទុកឲ្យតុលាការប្រតិបត្តិ ដោយគ្មានច្បាប់ផ្ទាល់ខ្លួន ហើយទទួលរងការរិះគន់។
ប្រព័ន្ធតុលាការប្រទេសកម្ពុជារងការរិះគន់ជាសាធារណៈដ៏ធ្ងន់ធ្ងរថា មានអំពើពុករលួយនិងស្ថិតក្រោមឥទ្ធិពលនយោបាយ ជាឧបករណ៍បម្រើនយោបាយឲ្យគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ សមាជិកនៃតុលាការ ជាចៅក្រមនិងព្រះរាជអាជ្ញានៅក្នុងតុលាការទាំងបីថ្នាក់ ត្រូវគេអះអាងថា គឺជាសមាជិកគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់អំណាច៣ទសវត្សរ៍។ ប្រជាពលរដ្ឋអស់ជំនឿលើប្រព័ន្ធតុលាការកម្ពុជា ដែលក្រុមអ្នកវិភាគអះអាងថា គួរមានការកែទម្រង់ ជាពិសេសការធ្វើច្បាប់ចំនួន៣ គឺច្បាប់លក្ខខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ច្បាប់ចាត់តាំងតុលាការនិងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលជាស្ថាប័នត្រួតពិនិត្យតុលាការ។
លោក សួន ប៊ុនស័ក្តិ នាយកលេខាធិការដ្ឋាននៃអង្គការប្រព្រឹត្តិកម្មដែលមានអង្គការសមាគម២០ជាសមាជិក បានទទួលស្គាល់ថា មានការរិះគន់យ៉ាងក្រាសក្រែលពីសំណាក់សាធារណជនក្នុងប្រទេសកម្ពុជាទៅលើចៅក្រម ព្រះរាជអាជ្ញា។
«ហេតុផលនេះ ខ្ញុំយល់ឃើញថា ដោយសារថាក្នុងវិស័យនេះ គឺខ្វះច្បាប់ ដែលស្តីអំពីការគាំទ្រ អំពីការប្រព្រឹត្តទៅនៃផ្នែកយុត្តិធម៌ដែរ ដូចជាចៅក្រម ព្រះរាជអាជ្ញា អត់ទាន់មានច្បាប់លក្ខខន្តិកៈស្តីអំពីចៅក្រម ព្រះរាជអាជ្ញាច្បាស់លាស់ ហើយនិយាយអំពីច្បាប់ស្តីអំពីការប្រព្រឹត្តទៅនិងការចាត់តាំងតុលាការក៏ឃើញតែសេចក្តីព្រាងប៉ុណ្ណោះ»។
លោកបានបន្តថា មានចំណាត់ការមួយចំនួន ដូចជាការដាក់ទណ្ឌកម្ម ការផ្លាស់ប្តូរមន្ត្រី
យុត្តិធម៌មួយចំនួន ដែលពាក់ព័ន្ធនឹងអំពើពុករលួយនៅពេលរដ្ឋាភិបាលមិនទាន់ធ្វើឲ្យតុលាការមានច្បាប់បង្អែកជាមូលដ្ឋានដែលលោកចាត់ទុកថា ជាផ្នែកមួយនៃកំណែទម្រង់ប្រព័ន្ធតុលាការដែរ។
ប៉ុន្តែលោកស៊ុយ ម៉ុងលាង អគ្គលេខាធិការនៃក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និង ប្រព័ន្ធតុលាការនៃទីស្តីការគណៈរដ្ឋមន្ត្រីបានអះអាងថា ថ្នាក់ដឹកនាំរដ្ឋាភិបាល បានយល់ច្បាស់ពីសារៈសំខាន់នៃច្បាប់ទាក់ទិននឹងតុលាការ ហើយក្រុមជំនាញកំពុងតាក់តែង។
«ដូច្នេះខាងក្រុមប្រឹក្សាអ្នកច្បាប់ ហើយខ្ញុំក៏បានចូលរួមផ្ទាល់ដែរ ដើម្បីមើលនូវសេចក្តីព្រាងនេះ ហើយឥឡូវ យើងធ្វើជិតសព្វគ្រប់អស់ហើយនៅចុងក្រោយបំផុតនៃសេចក្តីព្រាងច្បាប់ទាក់ទងនឹងការចាត់តាំងតុលាការនោះ។ ដូច្នេះច្បាប់អាចហ្នឹងនឹងចេញនៅពេលមិនយូរពេកទេ។ គឺថា យើងរៀបចំបានជិតចប់ហើយ នៅតែឆ្លងនីតិវិធីនៃការព្រាងច្បាប់ដូចធម្មតា»។
លោក ស៊ុយ ម៉ុងលាងបានអះអាងថា សម្រាប់លោកការរិះគន់ពីការយឺតយ៉ាវជារឿងមិនអាចទទួលយកបានទេ ដោយសារកម្ពុជាបានធ្វើកិច្ចការច្រើនណាស់ទាក់ទងនឹងកំណែទម្រង់យុត្តិធម៌ ក្រោយពីត្រូវបំផ្លាញដោយរបបខ្មែរក្រហម។
ហើយម្យ៉ាងទៀតការធ្វើច្បាប់ដើម្បីអនុវត្តនេះទៀតសោតគឺជួបការលំបាកដោយសារត្រូវធ្វើដោយប្រយ័ត្នប្រយែងទាក់ទងនឹងអំណាច នីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។
«ដូច្នេះការថ្លឹងថ្លែងដើម្បីឲ្យធ្វើយ៉ាងណាឲ្យចេញទៅ ឲ្យមានដំណើរស្រួល កុំឲ្យមានបញ្ហាទំនាស់គ្នារវាងអំណាចទាំងបីហ្នឹង គឺត្រូវការពេលវេលាបន្តិច»។
លោកម៉ុង លាងបានថ្លែងថា រដ្ឋាភិបាលក៏ចង់បានការកែទម្រង់ប្រព័ន្ធតុលាការល្អដូចអ្នករិះគន់ដែរ តែកំណែទម្រង់នេះត្រូវការដាក់ពេលវេលារយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ហើយក៏មិនអាចកែប្រែបានអស់ក្នុងរយៈពេល១០ឆ្នាំដែរ។
«អ្នកចង់បាននោះគឺគាត់ចង់បានតែអ្វីដែលជាលទ្ធផលចុងក្រោយបំផុតរបស់កំណែទម្រង់។ បានន័យយ៉ាងម៉េច? ដូចជាតុលាការអញ្ចឹងគគាត់ចង់បានតុលាការល្អ១០០ភាគរយ។ ដូច្នេះវាពិបាកណាស់បញ្ហាហ្នឹង។ វាត្រូវការពេលវេលាច្រើន ពេលវេលាយូរព្រោះយើងមិនអាចកែទម្រង់បានក្នុងរយៈពេលខ្លីរបៀបនេះទេ»។
ទោះជាយ៉ាងណាក៏ដោយ លោក សុខ សំអឿន នាយកអង្គការក្រុមអ្នកច្បាប់ ការពារសិទ្ធិកម្ពុជា បានអះអាងថា សេចក្តីព្រាងច្បាប់លក្ខខន្តិកៈចៅក្រម បានព្រាងរយៈពេលជាង១២ឆ្នាំហើយ ហើយមានចំណុចមួយ ដែលលោកពេញចិត្តជាងគេក្នុងសេចក្តីព្រាងនោះគឺឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានដាក់បញ្ជាក់ថា ចៅក្រមព្រះរាជអាជ្ញាមិនត្រូវជាសមាជិកគណបក្សនយោបាយណាមួយទេ។
«ហើយបើដាក់ដូចឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជជែកគ្នា ហើយដាក់នៅក្នុងសេចក្តីព្រាងច្បាប់កាលពីឆ្នាំ២០០០ មុនបញ្ជូនទៅគណៈរដ្ឋមន្ត្រី ខ្ញុំថា អាចនឹងធ្វើឲ្យចៅក្រម និងព្រះរាជអាជ្ញាហ្នឹងមានឯករាជ្យភាពច្រើន»។
លោក សុខ សំអឿនបានសង្កត់ធ្ងន់ថា សំខាន់បំផុតត្រូវធ្វើឲ្យច្បាប់ស្តីពីលក្ខខន្តិកៈចៅក្រមនិងព្រះរាជអាជ្ញា នេះអាចការពារឯករាជ្យភាពចៅក្រមនិងព្រះរាជអាជ្ញា ព្រមផ្តល់អំណាចទៅដល់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមិនមានអំណាចនោះ ជាពិសេស ព្រះមហាក្សត្រ ជាព្រះរាជប្រធាន។ លោកសំអឿនបានអះអាងថា ក្រុមអ្នកច្បាប់និងសង្គមស៊ីវិលពុំធ្លាប់បានចូលរួមជាលើកទី២ ដើម្បីជួយតាក់តែងច្បាប់នេះតាំងពីឆ្នាំ២០០០មកនោះទេ។ លោកអះអាងថា មិនដឹងជាសេចក្តីព្រាងច្បាប់នោះត្រូវគេកែប្រែយ៉ាងណានោះទេ។
ទោះជាយ៉ាងណាក៏ដោយ បើតាមសេចក្តីព្រាងច្បាប់ស្តីពីចៅក្រម ព្រះរាជអាជ្ញាសរសេរជាភាសាអង់គ្លេស ដែលវីអូអេទទួលបាននោះ ពុំចែងច្បាស់ពីសមាភាពសមាជិកគណបក្សនយោបាយរបស់ចៅក្រមព្រះរាជអាជ្ញាទេ។
សេចក្តីព្រាងដែលចុះថ្ងៃ២៦ខែមិថុនាឆ្នាំ២០០៥ ក្នុងមាត្រាទី៣ ជំពូកទីមួយ បាន ចែងថា ការវិនិច្ឆ័យក្តីរបស់ចៅក្រមត្រូវធ្វើតាមគោលការណ៍ឥតលំអៀង គោរពច្បាប់មិនស្ថិតក្រោមការបង្ខិតបង្ខំ ការគំរាមកំហែង ទោះជាផ្ទាល់ ឬប្រយោលក្តី។
សេចក្តីព្រាងដដែលនោះក៏បានចែងជាទូទៅថា៖
«ស្ថាប័នតុលាការមិនត្រូវស្ថិតនៅក្រោមការបង្គាប់បញ្ជានៃស្ថាប័ននីតិបញ្ញត្តិ (សភា) និង នីតិប្រតិបត្តិ (រដ្ឋាភិបាល) ឬក៏គណបក្សនយោបាយណាមួយទេ»។
ចៅក្រមនិងមន្ត្រីតុលាការខ្លះ ក្នុងប្រទេសកម្ពុជា បានអះអាងប្រាប់វីអូអេ ដូច្នេះដោយសុំមិនបញ្ចេញឈ្មោះ ព្រោះខ្លាចប៉ះពាល់ដល់មុខតំណែង។ លោក បញ្ជាក់ថា ការធ្វើឲ្យមានច្បាប់ស្តីពីលក្ខខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា នឹងធ្វើឲ្យតុលាការចាត់វិធានការដោយឯករាជ្យ មិនភ័យខ្លាចអំពីការដកតួនាទី ការផ្លាស់ចេញដោយគ្មាន មូលហេតុ នៅពេលមន្ត្រីតុលាការមិនធ្វើតាមការបញ្ជាពីអ្នកនយោបាយនិងអ្នកមានឥទ្ធិពលក្នុងរដ្ឋាភិបាល ដែលចង់ឲ្យមន្ត្រីតុលាការធ្វើកិច្ចការមិនសមរម្យ។
នៅក្នុងសេចក្តីព្រាងច្បាប់លក្ខខន្តិកៈ១៩ជំពូកនិង១០៧មាត្រា បានបញ្ជាក់ឲ្យដឹងថាចៅក្រមនិងព្រះរាជអាជ្ញាត្រូវចូលនិវត្តន៍ ពេលដល់អាយុ៦០ឆ្នាំ។ តែគេអាចពន្យារដល់អាយុ៦៥ឆ្នាំ តាមការចាំបាច់ និងដោយមានការយល់ព្រមពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ចៅក្រមនិងព្រះរាជអាជ្ញាត្រូវមានការទទួលទោសលម្អិតតាមកំហុសវិជ្ជាជីវៈនិងកំហុសនីតិវិធីគឺរាប់ចាប់តាំងពីការស្តីបន្ទោសផ្ទាល់មាត់ ការព្យួរការងារមួយរយៈពេល ការផ្លាស់ប្តូរ បញ្ចុះឋានៈ ដាក់ឲ្យចូលនិវត្តន៍ មុនកាលកំណត់និងបណ្តេញចេញជាដើម។
ចៅក្រមត្រូវតែងតាំងឲ្យធ្វើការនៅកន្លែងណាមួយ បានតែ៣ឆ្នាំទេ។ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីព្រាងច្បាប់លក្ខខន្តិកៈចៅក្រម ព្រះរាជអាជ្ញា។ ក៏ប៉ុន្តែចៅក្រមព្រះរាជអាជ្ញានៅតុលាការមួយចំនួន ជាពិសេសតុលាការក្រុងភ្នំពេញ និងតុលាការខេត្តមួយចំនួន ពេលនេះមិនត្រូវគេផ្លាស់និងប្តូរទីតាំង ឬដាក់ឲ្យចូលនិវត្តន៍ទេ ទោះបីជាដល់ពេលត្រូវផ្លាស់ប្តូរនិងលើសអាយុត្រូវចូលនិវត្តន៍ក្តី។
លោកសុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៉ី បានថ្លែងថា ការធ្វើច្បាប់ ទាក់ទងនឹងតុលាការនេះគឺជារឿងសំខាន់ ដែលរដ្ឋាភិបាលត្រូវធ្វើតាមរដ្ឋធម្មនុញ្ញ ដើម្បីធានាថា ចៅក្រមនិងព្រះរាជអាជ្ញាតុលាការ ទូទាំងប្រទេសយើង ធ្វើការងារដោយការទទួលខុសត្រូវ។
«ច្បាប់នេះគឺតម្រូវដោយរដ្ឋធម្មនុញ្ញដើម្បីឲ្យចៅក្រម ព្រះរាជអាជ្ញាមានច្បាប់មួយ ត្រួតពិនិត្យខ្លួនគាត់ មិនឲ្យគាត់ធ្វើតាមចិត្តទេ ដើម្បីធានាគុណភាពនិងការទទួលខុសត្រូវរបស់ចៅក្រមនឹងព្រះរាជអាជ្ញា។ ក៏ប៉ុន្តែច្បាប់នេះ មកទល់ថ្ងៃនេះ រដ្ឋធម្មនុញ្ញរបស់យើងហ្នឹងមានអាយុជិត២០ឆ្នាំ ហើយពុំត្រូវបានគេយកមកធ្វើជាច្បាប់តាមគោលការណ៍ទេ»។
ទោះជាយ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ បានអះអាងថា ទាំងគណៈបក្សជំទាស់និងមន្ត្រីសង្គមស៊ីវិលមួយចំនួនខិតខំរិះគន់ប្រព័ន្ធយុត្តិធម៌ ជាជាងការទម្រង់។ លោកថ្លែងថា រដ្ឋាភិបាលបានធ្វើការកែទម្រង់យ៉ាងច្រើន ដូចជាការពង្រឹងមេធាវី ការហ្វឹកហ្វឺនមន្ត្រីយុត្តិធម៌ ការតាក់តែងច្បាប់ជាដើម។
លោកគឹម សោភ័ណ ចៅក្រមក្រសួងយុត្តិធម៌មួយរូប ដែលបានចូលរួមការតាក់តែងច្បាប់លក្ខខន្តិកៈចៅក្រមនិងព្រះរាជអាជ្ញាកាលពីឆ្នាំ២០០៥និងឆ្នាំ២០០៦ បានអះអាងថា ថ្មីៗនេះរដ្ឋាភិបាលបានធ្វើច្បាប់មួយចំនួនដើម្បីឲ្យវិស័យតុលាការធ្វើកំណែទម្រង់របស់ខ្លួន។
«រដ្ឋាភិបាលបានខិតខំឲ្យមានក្រមបួនសំខាន់ៗ គឺ ក្រមរដ្ឋប្បវេណី ក្រមនីតិវិធី រដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ហើយឥឡូវនេះនៅត្រង់ថា វានៅខ្វះច្បាប់ស្តីពីលក្ខខន្តិកៈចៅក្រម ព្រះរាជអាជ្ញា តែខ្ញុំបានដឹងថា ខាងទីស្តីការ គណៈរដ្ឋមន្ត្រីកំពុងតែខិតខំរៀបចំច្បាប់ហ្នឹងហើយ»។
ដោយសារតែមានការខ្វះខាតច្បាប់លក្ខខន្តិកៈដើម្បីធានាធ្វើឲ្យមន្ត្រីតុលាការធ្វើការ ដោយឯករាជ្យនោះ ការដាក់ទោសពិន័យលើចៅក្រម និងព្រះរាជអាជ្ញាត្រូវគេមើលឃើញថា ស្ថាប័ននីតិប្រតិបត្តិបានប្រើវិធានការយ៉ាងងាយស្រួលក្នុងការចាត់ការមន្ត្រីតុលាការកម្ពុជាខ្លះ។ មន្ត្រីខ្លះបានជាប់នៅក្នុងកណ្តាប់ដៃដែករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយក្រោយមកត្រូវគេដាក់ឲ្យស្ថិតក្នុងវិធានការរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការមន្ត្រីតុលាការណាដែលគេសង្ស័យថា ប្រព្រឹត្តអំពើល្មើសច្បាប់ក្នុងបំណងដែលគេគិតថា ជាកំណែទម្រង់ប្រព័ន្ធតុលាការរបស់រដ្ឋាភិបាល៕