ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ស្ថាប័ន​ត្រួត​ពិនិត្យ​តុលាការ​នឹង​នៅតែ​រង​ឥទ្ធិពល​នយោបាយ​


អ្នក​វិភាគ​ឯករាជ្យ​ លោក​បណ្ឌិត​ ឡៅម៉ុង ហៃ
អ្នក​វិភាគ​ឯករាជ្យ​ លោក​បណ្ឌិត​ ឡៅម៉ុង ហៃ
វ៉ាស៊ីនតោន​៖ ក្រុមអ្នក​តាក់តែង​ច្បាប់​ មន្ត្រីសង្គមស៊ីវិល​និយាយថា​ការបង្កើត​ស្ថាប័នត្រួត​ពិនិត្យ​តុលាការ​ថ្មីមួយ​ មិនអាច​ជួយស្តារ​ទំនុកចិត្ត​ប្រជាពលរដ្ឋ​ចំពោះប្រព័ន្ធ​តុលាការទេ។​
តាម​អនុក្រិត្យ រដ្ឋាភិបាល​បាន​បង្កើត​អធិការ​កិច្ច​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃអង្គ​ចៅក្រម​កាល​ពី​សប្តាហ៍មុន​ក្នុង​គោល​បំណង​ត្រួត​ពិនិត្យ​កិច្ចការ​តុលាការ​នៅ​ទូទាំង​ប្រទេស​ឲ្យដំណើរការ​មាន​ប្រសិទ្ធិភាព។​ ក៏ប៉ុន្តែ​ក្រុម​អ្នក​តាក់តែង​ច្បាប់ ​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ និង​អ្នក​វិភាគ​ឯករាជ្យ​ខ្លះ​យល់​ថា​ ស្ថាប័ន​ថ្មីនេះ​មិន​អាច​ជួយ​ដល់​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​បាន​ទេ​ តែ​នឹង​ទទួល​រង​សម្ពាធ​ឥទ្ធិពល​នយោបាយ។​
គេ​ថ្លែង​យ៉ាង​ដូច្នេះ​ ដោយ​សារថា​ ​សមាជិក​១៦​រូប​នៃ​អធិការ​កិច្ចនេះមាន​លោក​ជីវ កេង ជាប្រធាន។​ លោក​ជីវ កេង​ជា​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ ​និង​ជា​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។​ លោក​មានជាប់​ទាក់ទាក់​ទង​នឹង​នយោបាយ​ ព្រោះ​ជា​សមាជិក​គណបក្ស​នយោបាយ។​ មួយវិញ​ទៀត​ស្ថាប័ន​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​គ្មាន​ច្បាប់​គ្រប់គ្រង​ខ្លួន​ឯង ​ហើយ​ចៅក្រម​ និង​ព្រះរាជ​អាជ្ញា​ក៏​មិនទាន់​មាន​សហ​លក្ខន្តិកៈ​ខ្លួន​ឯង​ទៀត​ ដូច្នេះ​ស្ថាប័ន​អធិការ​កិច្ច​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​មួយ​នេះ​ ងាយ​នឹង​រង​ឥទ្ធិពល​នយោបាយ​ពីរដ្ឋាភិបាល។​
​លោក​បណ្ឌិត​ ឡៅម៉ុង ហៃ ​អ្នក​វិភាគ​ឯករាជ្យ​បាន​ថ្លែង​ថា៖​
«ដូច​ខ្ញុំ​ថា​ អញ្ចឹង​គឺមាន​ការ​បើកចំហ​សម្រាប់ការ​ប្រើប្រាស់​ឥទ្ធិពល​នយោបាយ​ពី អ្នក​នយោបាយ​ ពី​អំណាច​នីតិប្រតិបត្តិ​ទៅ​លើ​ចៅក្រម​ ព្រះ​រាជ​អាជ្ញា។​ ដូច្នេះ​គឺវា​ប៉ះពាល់​ដល់​គោល​ការណ៍​ឯករាជ្យ​ភាព​របស់​តុលាការ​ និង​ការ​បែងចែក​អំណាច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ»។​
លោក​បណ្ឌិត​ឡៅ ​ម៉ុងហៃ​បាន​អះអាង​ថា​ រដ្ឋាភិបាល​គួរ​រៀបចំ​ឲ្យ​ចេញ​ច្បាប់ សហ​លក្ខខន្តិកៈ​ចៅក្រម ​ព្រះរាជ​អាជ្ញា ​ច្បាប់​ចាត់តាំង​តុលាការ​ ច្បាប់​ប្រព្រឹត្ត​ទៅ​នៃឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​ជាមុន ​សម្រាប់​ឲ្យ​ចៅក្រម​ ព្រះ​រាជអាជ្ញា​ផ្ទៀងផ្ទាត់​ ប្រសិន​បើត្រូវ​ដាក់​ទោស​ទណ្ឌ​ ហើយ​គួរ​បង្កើត​យន្តការ​ជាក់​លាក់​ដែល​ពលរដ្ឋ​អាច​ប្តឹងផ្តល់​ ប្រសិនបើ​មន្ត្រី​តុលាការ​ប្រព្រឹត្ត​ខុសច្បាប់​ នីតិវិធី​តុលាការ​ ដោយ​មិន​គួរ​ផ្តល់​អំណាច​ឲ្យ​ស្ថាប័ន​អធិការកិច្ច​ថ្មីនេះ​សម្រេច​ដោយ​អត្តនោម័ត​បាន។​
បើតាម​ការ​បញ្ជាក់​ឲ្យ​ដឹង​របស់​មន្ត្រី​រដ្ឋាភិបាល​ អនុក្រិត្យ​នោះ​បានរៀបចំ​ឡើង ដោយ​លោក​ឌិត មន្ទី​ ប្រធាន​តុលាការ​កំពូល​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​វិន័យ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃអង្គ​ចៅក្រម​ ហើយ​និង​លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ អាន ​រដ្ឋមន្ត្រី​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី។​ លោក​ទាំងពីរ​ជា​សហ​ប្រធាន​ក្រុម​ប្រឹក្សា​កំណែ​ទម្រង់​ច្បាប់​និង​ប្រព័ន្ធ​តុលាការ។​ អនុក្រិត្យដាក់ស្នើ​ជូនទៅ​រដ្ឋាភិបាល​នេះ​មានគោល​បំណងកែទម្រង់​ប្រព័ន្ធ​តុលាការ​និង​ការ​ស៊ើប​អង្កេត​ ដាក់​ពិន័យ​ ទប់ស្កាត់​មិន​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង​ក្នុង​ប្រព័ន្ធ​តុលាការ​ជាដើម។ ​
លោក​សុន ឆៃ​ សមាជិក​សភា​គណបក្ស​សម រង្ស៉ី​ បាន​បង្ហាញ​ពីការ​មិនយល់​ ស្រប​ទៅ​នឹង​គំនិត​បង្កើត​អធិការ​កិច្ច​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅ​ក្រម។​លោកយល់ថា​ វា​អាច​បម្រើ​ផល​ប្រយោជន៍​គណបក្ស​កាន់​អំណាច។​
«អាច​នឹង​ជួយ​បានខ្លះ​ដែរ​ មិន​ថា អាក្រក់​ទាំងស្រុង​ទេ​ ព្រោះ​អាច​ថា​ បើ​ការងារ​ណា​ដែល​ជារឿង​អាក្រក់ពេក​ទៅ​ គេអាច​ពិន័យ។​ តែ​បើ​អ្នក​នោះ​នៅ​បម្រើ​បក្ស​ នៅ​ទាញ​យក​ផល​ប្រយោជន៍​នៃ​ការងារ​តុលាការ​មក​ជា​ផល​ប្រយោជន៍​បក្ស​ទេ​ គឺថា​ គេ​នឹងត្រូវ​ឲ្យ​ក្រុម​នេះ​ការពារ​ទៅវិញ​ទេ​ ហើយ​វា​អាច​នឹង​បង្ក​ឲ្យមាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​ទៅ​ទៀត»។​
លោក​សុន ឆៃ​បាន​អះអាង​ថា ​ការ​បង្កើត​ក្រុម​អធិការ​កិច្ច​ច្រើន​ ដោយ​មិន​ពង្រឹង​ស្ថាប័ន​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ដែល​មាន​រួច​ជាស្រេច​ ដូច​ជាការ​ធ្វើច្បាប់​នានា​ ដែល​ចាំបាច់​សម្រាប់​ចៅក្រម​ ព្រះ​រាជអាជ្ញា​ និង​ស្ថាប័ន​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​អនុវត្តន៍​នោះ​ នឹង​បង្ក​ឲ្យ​មាន​បញ្ហា​កាន់តែ​ខ្លាំង​ឡើង។​
លោកកឹម សុខា ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​យល់ស្រប​នឹងលោក​សុន ឆៃ​ដោយ​លោក​និយាយ​បន្ថែម​ថា​ ការ​យក​សមាភាព​ចេញ​ពី​គណបក្ស​កាន់​អំណាច​មក​ដឹកនាំ​ស្ថាប័ន​ហ្នឹង​អាច​មាន​យុត្តិធម៌​ខ្លះ​។ ​តែ​សម្រាប់​រឿង​រ៉ាវ​ដែល​ទាក់ទង​នឹង​ អ្នក​មាន​អំណាច ​មិន​អាច​មាន​យុត្តិធម៌​ទេ។​
«ខ្ញុំថា​សំខាន់បំផុត​ត្រូវ​មាន​ឆន្ទៈ​នយោបាយ​ពិត​ដើម្បី​ធ្វើ​ការ​កែ​ទម្រង់ហ្នឹង»។​
វីអូអេបាន​ព្យាយាម​ទាក់ទង​សុំ​អត្ថាធិប្បាយ​ពីលោក​ជីវ កេង​ ប្រធាន​ក្រុម​អធិការ​កិច្ច​តែ​ពុំអាច​ទាក់ទង​បាន​ទេ។​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក​ប៊ុនយ៉ៃ ​ណារិន​បដិសេធ​មិនព្រម​ផ្តល់​អត្ថាធិប្បាយ​ទេ។​ ក៏ប៉ុន្តែលោក​ស៊ុយ​ ម៉ុងលាង ​អគ្គលេខាធិការ​នៃ​ក្រុម​ប្រឹក្សា​កំណែ​ទម្រង់ច្បាប់​និង​ប្រព័ន្ធ​តុលាការ​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​ បាន​និយាយ​ការពារ​ថា​ ការដែល​រដ្ឋាភិបាល​បង្កើត​ក្រុម​អធិការ​កិច្ច​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កិច្ចការ​របស់​តុលាការ​ដែល​តែង​ត្រូវ​រិះគន់​កន្លង​មក។ ​
«យើង​បង្កើត​នេះ​គឺដើម្បី​ឲ្យ​មាន​សកម្មភាព​ច្រើន​ជាង​មុន​ ធ្វើឲ្យ​ប្រព័ន្ធ​តុលាការ​ ហ្នឹង​មាន​កេរ្តិ៍ឈ្មោះ»។​
លោក​ស៊ុយ ម៉ុងលាង​បាន​អះអាង​ថា​ ស្ថាប័ន​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ការងារ​ជាង​ពេល​មុនៗ។​ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ទៅលើ​ការ​ស៊ើប​អង្កេត​ ការ​ដាក់ពិន័យ​ ការ​បង្ការ​មិន​ឲ្យមាន​បញ្ហា​ក្នុង​តុលាការ​កើត​ឡើង​ ជាដើម។​
លោក​ស៊ួន ប៊ុន​ស័ក្កិ ​ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​ប្រព្រឹត្តិ​កម្ម​ដែល​មាន​ អង្គការ​២០​ជា​សមាជិក ​បាន​អះអាង​ថា​ លោក​ស្វាគមន៍​ការ​រក​វិធានការ​ជួយ​ដោះស្រាយ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។ ​តែ​លោក​អះអាង​ថា​ រដ្ឋាភិបាល​គួរ​ខិត​ខំពង្រឹង​យន្តការ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ ដែល​មាន​ស្រាប់ ​ដូចជា​ក្រុម​ប្រឹក្សា​វិន័យ​ដែល​មាន​តួនាទី​រួច​ជា​ស្រេច​ទៅ​ហើយ​ក្នុង​ការ​ដាក់​ពិន័យ​មន្ត្រី​តុលាការ។​
លោក​នាយក​រដ្ឋមន្ត្រីហ៊ុន ​សែន​ធ្លាប់​បាន​លុបចោល​ស្ថាប័ន​ស្រដៀង​គ្នា​នេះ ជា​ច្រើន​លើក​មក​ហើយ។ ​ហើយ​ក៏មាន​ស្ថាប័ន​ស្រដៀង​គ្នានេះ​កើត​ឡើង​ជាច្រើន​ដែរ ​ដែល​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ធ្លាប់ចាត់​ទុក​ថា ​ហាក់ដូច​ជា​ការ​ប្រទាញ​យកអំណាច​រៀងៗ​ខ្លួន​ក្នុង​ចំណោម​អ្នក​ដឹកនាំ។​
ស្ថាប័ន​ក្រុម​មប្រឹក្សា​អង្គ​ចៅក្រម​មាន​សមាជិក​៩រូប​មក​ពី​តុលាការ​ទាំង​បីថ្នាក់​ និង​ជា​មន្ត្រី​កំពូលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ហើយ​ព្រះ​មហាក្សត្រ​ទ្រង់​ជា​ព្រះរាជ​ប្រធាន​នៃ​ស្ថាប័ន​ច្បាប់​កំពូល​នេះ៕
XS
SM
MD
LG