ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា-ជប៉ុន ប្តេជ្ញា​រក្សា​ទំនាក់​ទំនង​ស្អិត​រមួត និង​បង្កើន​ភាព​ស៊ី​ជម្រៅ


រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត ពេលនោះ​ជាអគ្គ​មេ​បញ្ជា​ការ​នៃ​កង​យោធពលខេមរភូមិន្ទ​ និងបច្ចុប្បន្ន​ជា​នាយករដ្ឋមន្ត្តី​កម្ពុជា ថតរូបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២។
រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត ពេលនោះ​ជាអគ្គ​មេ​បញ្ជា​ការ​នៃ​កង​យោធពលខេមរភូមិន្ទ​ និងបច្ចុប្បន្ន​ជា​នាយករដ្ឋមន្ត្តី​កម្ពុជា ថតរូបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២។

ក្នុង​ពិធី​សម្ពោ​ធ​ផ្លូវ​ជាតិ​លេខ​៥ នា​ថ្ងៃ​ពុធ ទី​២២ ខែ​វិច្ឆិកា​ ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា និងឯក​អគ្គ​រដ្ឋ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា ​ប្តេជ្ញា​រក្សា​ទំនាក់​ទំនងស្អិត​រមួត​រវាង​គ្នា ស្របពេល​ខួប​៧០​ឆ្នាំ​នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ​ម៉ាណែត ថ្លែង​ក្នុង​ពិធី​នោះ​ថា​ផ្លូវ​ជាតិ​លេខ​៥​ចាប់​ពី​ព្រែក​ក្តាម ​ដល់​ខេត្តបាត់​ដំបង ​និង​ពី​ខេត្ត​បាត់​ដំបង​ ដល់​ក្រុង​សិរី​សោភ័ណ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ គឺ​ជាឥណ​ទាន​សម្បទាន​របស់រដ្ឋា​ភិបាល​ជប៉ុន ​ក្នុង​ទំហំ​ទឹក​ប្រាក់​សរុប​៦៩១​លាន​ដុល្លារ​អាមេរិក​។ ​លោក​ចាត់​ទុក​ផ្លូវ​នេះ​ជា​«និមិត្ត​រូប​រឹង​មាំ»នៃទំនាក់​ទំនង​កម្ពុជា​-ជប៉ុន​។

​លោក​ថ្លែង​ថា៖ ​«​ជា​ពិសេស​ថ្ងៃ​នេះ គឺ​និមិត្ត​រូប​នៃ​ការ​បន្ត​នូវ​ទំនាក់​ទំនង​កម្ពុជា​ជប៉ុន​ដែល​កាន់​តែ​រឹងមាំ​ ហើយ​យើង​នឹង​បន្ត​តទៅ​ទៀត​»។

​លោក ហ៊ុន ម៉ាណែត​ ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រដ្ឋា​ភិបាល និង​ប្រជា​ជន​ជប៉ុន ដែល​បាន​ផ្តល់​ការ​គាំទ្រ​គ្រប់​បែប​យ៉ាង ​ទាំង​ធន​ធាន​មនុស្ស ​ចំណេះ​ដឹង​ បច្ចេក​ទេស និង​ធន​ធាន​ហិរញ្ញវត្ថុ​ដល់​កម្ពុជា​។​

លោក​ថ្លែង​ថា៖ ​«​ការ​គាំទ្រ​ទាំង​នេះ​ស​បញ្ជាក់​ថា​ជប៉ុន​ គឺ​ជាមិត្ត​ដ៏​ល្អ​របស់​កម្ពុជា ​ហើយ​គម្រោង​អភិវឌ្ឍន៍​ជា​ច្រើន ​នឹង​មិន​អាច​សម្រេច​បាន​ឡើយ​ បើ​សិន​គ្មាន​ការ​ចូល​រួម​របស់​ភាគី​ជប៉ុន​»​។

​ទំនាក់​ទំនង​ការ​ទូត​ជា​ផ្លូវ​ការ​ដំបូង ​រវាង​កម្ពុជា​និង​ជប៉ុន​ ត្រូវ​បាន​បង្កើត​ក្នុងឆ្នាំ​១៩​៥៣​។ ជាមួយ​គ្នា​នេះ ឆ្នាំ​២០​២៣ គឺជា​ឆ្នាំ​ដែល​កម្ពុជា-​ជប៉ុន​ បានដំឡើង​កម្រិត​ទំនាក់​ទំនង​ទ្វេ​ភាគី​ដល់​កម្រិត​«ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ» ដែល​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​កម្រិត​ខ្ពស់​បំផុត​នៃ​ទំនាក់​ទំនង​រវាង​ប្រទេសក្នុង​តំបន់​អាស៊ី​។ ​នេះ​បើ​តាម​លោក ហ៊ុន ម៉ាណែត​។

​លោក ហ៊ុន ម៉ាណែត នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ក៏​បាន​ប្រកាសបើក​ការ​ដ្ឋាន​សាង​សង់​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ​ចាប់​ពី​ក្រុង​សិរី​សោភ័ណ​ទៅ​ដល់​ក្រុងប៉ោយ​ប៉ែត ​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​ជាប់​ព្រំដែន​ប្រទេស​ថៃ​ ដែលគ្រោងចំណាយ​ថវិកា​ប្រមាណ​៥៣​លាន​ដុល្លារ​អាមេ​រិក​ ដែល​ជាឥណ​ទាន​សម្ប​ទាន​របស់​រដ្ឋាភិ​បាល​ជប៉ុន​ និង​បដិភាគ​របស់រដ្ឋា​ភិបាល​កម្ពុជា​។​

​ក្រៅ​ពី​ឥណ​ទាន​សម្ប​ទាន ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ​ថ្លែង​ថារដ្ឋា​ភិ​បាល​ជប៉ុនក៏តែង​តែ​ផ្តល់​ហិរញ្ញ​ប្បទាន​ឥត​សំណង ព្រម​ទាំង​ជំនួយ​បច្ចេក​ទេស​អភិវឌ្ឍន៍​ជា​ច្រើន​ដល់​កម្ពុជា​។​

​លោក ហ៊ុន ម៉ាណែត ដែល​កាន់​អំណាច​ជា​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​រយៈ​ពេល​៣​ខែ ​សង្ឃឹម​ថា​ រដ្ឋា​ភិបាល​កម្ពុជា​និង​ជប៉ុន ​នឹង​មាន​ជំនួបទ្វេ​ភាគីរវាង​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន​ នា​ខែ​ធ្នូ​ខាង​មុខ​ ដើម្បីពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​។

លោក​ថ្លែង​ថា​៖ «​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​ខ្ញុំ ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ជប៉ុន​ នៅ​ប្រទេស​ជប៉ុន ​នៅ​ខែធ្នូ​ខាង​មុខ ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​មាន​ជួប​ពិភាក្សា​ទ្វេ​ភាគី ​ដើម្បីពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ ​នៅ​ក្នុង​ក្រប​ខណ្ឌ​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ឱ្យ​កាន់​តែ​ជោគ​ជ័យ​ផង​ដែរ​»។

លោក Ueno Atsushi ឯក​អគ្គ​រដ្ឋ​ទូត​ជប៉ុនប្រចាំ​នៅ​កម្ពុជា ​ថ្លែង​ក្នុង​ពិធី​សម្ពោ​ធ​ផ្លូវ​ជាតិ​លេខ​៥​នោះ​ថា ​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ​ដែល​ចាប់​ផ្តើម​សាង​សង់​តាំង​ពីឆ្នាំ​២០​១៨ គឺ​ជា​គម្រោង​ឥណ​ទាន​សម្ប​ទាន​ធំ​បំផុតមួយ​របស់​រដ្ឋា​ភិបាល​ជប៉ុន​ ក្នុង​ចំណោម​គម្រោង​ដទៃ​ទៀត​ដែល​ធ្លាប់​បាន​អនុវត្ត​នៅកម្ពុជា​។ លោក​បន្តថា​ជប៉ុន​មាន​បំណង​ធ្វើ​ឱ្យ​ទំនាក់​ទំនង​ជាមួយកម្ពុជាកាន់​តែ​ស៊ី​ជម្រៅ​លើ​គ្រប់​វិស័យ និងមាន​គោល​បំណង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​រដ្ឋា​ភិបាល​កម្ពុជា​ ដើម្បី​លើក​កម្ពស់​គំនិត​ផ្តួច​ផ្តើម​ដែល​នឹង​ផ្តល់​ផល​ប្រយោ​ជន៍​ដល់​ប្រទេស​ទាំង​ពីរ​។​

ឯក​អគ្គ​រដ្ឋ​ទូត​ជប៉ុនថ្លែង​ដោយ​មាន​ការ​ប្រែ​សម្រួល​ដោយ​អ្នក​បក​ប្រែ​ថា​៖ ​«ក្នុង​នាម​រាជ​រដ្ឋា​ភិបាល​ជប៉ុន​ យើ​ង​មាន​បំណង​ធ្វើ​ឱ្យ​ទំនាក់​ទំនង​របស់​យើង​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​កាន់​តែ​ស៊ី​ជម្រៅ​លើ​គ្រប់​វិស័យ​ រួម​ទាំង​វិស័យ​នយោ​បាយ សេដ្ឋកិច្ច​ និង​វប្ប​ធម៌ ​ស្រប​ពេល​ដែល​មាន​ការ​សហការជាមួយ​ក្រុម​ហ៊ុន​ និង​អង្គការ​ឯកជន​របស់​ប្រទេស​ជប៉ុន​ផង​ដែរ»​។

លោក អ៊ូ ច័ន្ទរ័ត្ន ប្រធាន​គណ​បក្ស​កែ​ទម្រង់​កម្ពុជា ​យល់​ឃើញ​ថា ​ប្រទេស​ជប៉ុន​ គឺ​ជា​ដៃ​គូ​អភិវឌ្ឍ​ន៍ល្អ​សម្រាប់​កម្ពុជា​ ហើយ​ជា​ពិសេស​បានជំរុញ​ដំណើរ​ការ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា ​តាម​រយៈ​ការ​បោះ​ឆ្នោត​ និង​ការ​អភិ​វឌ្ឍ​នានា​។

លោក​ថ្លែង​ថា៖ «ប្រទេស​ជប៉ុន​ជា​ប្រទេស​មួយ​ដែល​ប្រកាន់​យក​របប​ប្រជា​ធិប​តេយ្យ​ ហើយ​ប្រទេស​ជប៉ុន​ ក៏​ជួយ​ជំរុញ​កម្ពុជា​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិប​តេយ្យ​ហ្នឹង​ច្រើន ​មិន​ដូច​ប្រទេស​ចិន​។ គ្រាន់​ថា​កម្ពុជា​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ប្រទេស​ចិន ​ច្រើន​ជាងប្រទេស​នានា​ក្នុង​ពិភព​លោក​»​។

លោក​បន្ថែម​ថា​ ការ​ផ្តល់​ជំនួយ​ហិរញ្ញ​ប្បទាន​ឥត​សំណង និង​ឥណ​ទាន​សម្ប​ទាន​របស់​ជប៉ុន​តែ​ងតែ​គិត​អំពី​សិទ្ធិ​មនុស្ស និងលទ្ធិ​ប្រជា​ធិប​តេយ្យ​ ដែល​ខុស​គ្នា​ពី​កម្ចី​របស់​ចិន ដែលលោក​ថា​មិនបានគិត​គូរអំពី​បញ្ហា​ទាំង​នេះ​ឡើយ។ លោក​បន្ថែម​ថា​ទាំង​ការ​ផ្តល់​ជំនួយ ​និង​ការ​សាង​សង់​ហេដ្ឋា​រចនា​សម្ពន្ធ​នៅ​កម្ពុជា​ដោយ​ភាគី​ជប៉ុន តែង​តែ​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​កម្ពុជា​សាទរ​ច្រើន ដោយ​ហេតុ​ថា​ពលរដ្ឋ​មើល​ឃើញពី​គុណ​ភាព និង​តម្លា​ភាព​នៃ​ជំនួយ ​និង​ការ​សាង​សង់។

បើ​តាម​គេហ​ទំព័រ​របស់​ក្រសួង​ការបរទេស​ជប៉ុន គិត​ចាប់​ពី​ឆ្នាំ​១៩៩២ ​ដល់​២០២០ ជប៉ុន​បាន​ផ្តល់​កម្ចី​សម្ប​ទាន​ដល់​កម្ពុជា​ប្រមាណ​១៤០០​លាន​ដុល្លារ​អាមេរិក ​និង​ជំនួយ​ឥត​សំណង​ប្រមាណ​ ១៥០០​លាន​ដុល្លារ​អាមេរិក៕

XS
SM
MD
LG