អាកាសយានដ្ឋានថ្មីក្នុងខេត្តសៀមរាបដែលមានតម្លៃប្រមាណ ១.១០០លានដុល្លារអាមេរិក(១ពាន់លាន) ក្រោមគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិន ឬ BRI ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃព្រហស្បតិ៍នេះ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
នេះជានិមិត្តរូបថ្មីចុងក្រោយមួយនៃហេដ្ឋារចនាសម្ព័ន្ធ ក្រោមគម្រោង BRI(Belt and Road Initiative) របស់ចិន ដែលកំពុងមានភាពចម្រូងចម្រាសនៅក្នុងពិភពលោក ពាក់ព័ន្ធនឹងរឿងជំពាក់បំណុលវណ្ឌក និងដែលថា ចិនប្រើប្រាស់គម្រោងនេះដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន។
ប៉ុន្តែអាកាសយានដ្ឋាននេះត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកជា«សមិទ្ធផលលេចធ្លោថ្មី»បន្ថែមមួយទៀតនៃចំណងមិត្តដែកថែបកម្ពុជាចិន។
លោក ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធថា៖ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាផ្លែផ្កាកើតចេញពីសុខសន្តិភាពនិងជាសមិទ្ធផលលេចធ្លោថ្មីបន្ថែមទៀតនៃចំណងមិត្តភាពដែកថែបកម្ពុជាចិន បន្ទាប់ពីគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជានិងត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីចុងឆ្នាំ ២០២២ កន្លងទៅ»។
លោក ហ៊ុន ម៉ាណែត បន្តថា ព្រលានយន្តហោះនេះស្ថិតនៅក្រោមគម្រោង BRI របស់ចិន ហើយលោកអរគុណចិនដែលទាក់ទាញវិនិយោគចិន និងថវិកាជាបន្តបន្ទាប់ដល់កម្ពុជា។
លោកបញ្ជាក់បន្ថែមថា៖ «ឆ្លៀតនៅក្នុងឱកាសនេះ ខ្ញុំនាមរាជរដ្ឋាភិបាល ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែជួយជំរុញវិនិយោគិនឲ្យចូលរួមមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានផ្តល់ជំនួយឥតសំណងនិងកម្ចីសម្បទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹងនិងទន់នៅកម្ពុជានាពេលកន្លងមក»។
ព្រលានយន្តហោះនេះត្រូវបានវិនិយោគក្នុងទម្រង់ «សាងសង់ អាជីវកម្ម ផ្ទេរ» ឬ BOT ដោយក្រុមហ៊ុនចិន ដែលមានន័យថា ព្រលានយន្តហោះនេះនឹងត្រូវផ្ទេរមករដ្ឋាភិបាលកម្ពុជាគ្រប់គ្រងវិញ នៅក្នុងឆ្នាំ ២០៧៣ ក្រោយការគ្រប់គ្រងរយៈពេល ៥០ ឆ្នាំ។
កាលពីដើមខែវិច្ឆិកា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ធ្លាប់បានថ្លែងថា កម្ពុជារក្សាបានអធិបតេយ្យភាព ហើយមិនខ្ចីដល់វណ្ឌកពីប្រទេសចិនឡើយ។
លោកថ្លែងថា៖ «ដើម្បីផលប្រយោជន៍រួម យើងមិនបាត់អធិបតេយ្យភាពទៅប្រទេសណាទេ។ ហើយយើងក៏មិនមែនក្លាយទៅជាការខ្ចីបំណុល គ្មានហេតុផល រហូតដល់ជំពាក់វណ្ឌក ដូចគេថានោះទេ»។
លោក Carl Thayer សាស្ត្រាចារ្យផ្នែកនយោបាយនៅសាកលវិទ្យាល័យ New South Wales Canberra នៃប្រទេសអូស្រ្តាលី ធ្លាប់ប្រាប់វីអូអេតាមសារអ៊ីម៉េលកាលពីពាក់កណ្តាលខែតុលាថា ក្រោយគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ចិនបញ្ចប់ វានឹងផ្តល់ផលចំណែកជាវិជ្ជមានមកលើសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែសម្រាប់ហានិភ័យវិញនោះ គឺរដ្ឋាភិបាលត្រូវរ៉ាប់រងលើការសងប្រាក់កម្ចី ការថែទាំ និងការជួសជុលឡើងវិញទៅលើហេដ្ឋារចនាសម្ពន្ធទាំងអស់នោះ។ លោកបន្តថា វានឹងបង្កភាពអវិជ្ជមានខ្លាំង ប្រសិនបើសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកទៅប្រទេសចិនតែមួយ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះមានចម្ងាយជាង ៤០ គីឡូម៉ែត្រពីក្រុងសៀមរាប។ កម្ពុជាសង្ឃឹមថា ព្រលានយន្តហោះថ្មីនេះនឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ជាពិសេសពីប្រទេសចិន៕