ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯកអគ្គរដ្ឋ​ទូត​គោចរ​អាមេរិក​នឹង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ពាក់​ព័ន្ធ​ការ​ជួញដូរ​មនុស្ស​និង​អំពើ​ឆបោក​តាមអ៊ិនធឺណិត


រូបឯកសារ៖ ឯក​អគ្គ​រដ្ឋ​ទូត​គោចរ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​តាម​ដាន និង​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស អ្នក​ស្រី Cindy Dyer ថ្លែងនៅក្រសួងការបរទេសសហរដ្ឋអាមេរិក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ ឯក​អគ្គ​រដ្ឋ​ទូត​គោចរ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​តាម​ដាន និង​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស អ្នក​ស្រី Cindy Dyer ថ្លែងនៅក្រសួងការបរទេសសហរដ្ឋអាមេរិក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯក​អគ្គ​រដ្ឋ​ទូត​គោចរ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​តាម​ដាន និង​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស អ្នក​ស្រី Cindy Dyer កំពុង​ធ្វើទស្សនកិច្ច​ជា​ផ្លូវ​ការនៅប្រទេស​កម្ពុជា​ ដើម្បី​ពិភាក្សា​អំពីការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​ និង​ក្នុង​តំបន់។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។

កា​រមក​បំពេញ​ទស្សកិច្ច​របស់​មន្ត្រី​ការទូត​អាមេរិក​ជាន់​ខ្ពស់​រូប​នេះ កើត​មានឡើង​ បន្ទាប់​ពី​មាន​សេចក្តី​រាយ​ការណ៍​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​របាយការណ៍​នានា​ បង្ហាញអំពី​អំពើ​ឆបោក​តាម​អនឡាញ​ និងការបង្ខាំង​មនុស្ស​ដែល​បាន​កើតឡើង​នៅ​កម្ពុជា។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការ​បរទេស​អាមេរិក​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ អ្នក​ស្រី Cindy Dyer នឹង​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ចាប់​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​អាមេរិក​ចេញផ្សាយ​កាលពី​ថ្ងៃពុធ​ មន្ត្រី​ការទូតជាន់​ខ្ពស់​របស់​សហរដ្ឋអាមេរិក​រូបនោះ​ គ្រោងជួប​ពិភាក្សា​ជាមួយ​មន្រ្តី​រដ្ឋា​ភិបាល​កម្ពុជា​ជា​ច្រើនរូប​ ​រួម​មាន​ក្រសួង​យុត្តិធម៌ ក្រសួង​ការងារ ក្រសួង​សង្គម​កិច្ច នគរបាលជាតិ និង​គណៈ​កម្មា​ធិការ​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ (NCCT) និង​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត ក្នុង​គោល​បំណង​កសាង​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ថ្មី​សម្រាប់​ការ​សម្រប​សម្រួល​នា​ពេល​អនាគត​ និង​ការ​តស៊ូ​មតិ​សម្រាប់​វឌ្ឍនភាព​ក្នុង​វិស័យ​សំខាន់ៗ រួម​ទាំង​ការ​បង្កើន​ការ​ស៊ើប​អង្កេត​ និង​ការ​ផ្តន្ទាទោស​លើ​ប្រតិបត្តិ​ការ​បោក​ប្រាស់​តាមបណ្តាញអ៊ីន​ធឺណិត​ជាដើម។ អ្នក​ស្រី Cindy Dyer ក៏​នឹង​ចូល​រួម​កិច្ច​ពិភាក្សា​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ផង​ដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​អាមេរិក​បាន​លើក​ឡើង​ថា៖ «កិច្ច​ពិភាក្សា​នឹង​ផ្តោត​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​កម្ពុជា​ក្នុង​ការ​ការពារ​ជន​រង​គ្រោះ​ពី​ការ​ជួញ​ដូរ រួម​ទាំង​ការ​ផ្តល់​សេវា​ជំនួយ​ការពារ​ដល់​ជន​រង​គ្រោះ​នៃ​ការ​ជួញ​ដូរ និង​ជន​ចំណាក​ស្រុក​ដែល​ងាយ​រង​គ្រោះ ការ​កសាង​សមត្ថភាព​សម្រាប់​អ្នក​ផ្តល់​សេវា និង​មន្ត្រី​រដ្ឋាភិបាល ដើម្បី​កែ​លម្អ​អត្ត​សញ្ញាណ​ជន​រង​គ្រោះ និង​ការ​បញ្ជូន​បន្ត និង​ការ​ដោះ​ស្រាយ​និន្នាការ​ដែល​កំពុង​លេច​ឡើង​នៃ​ឧក្រិដ្ឋ​កម្ម​ដោយ​បង្ខំ»។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គ​ការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក អំ សំអាត ប្រាប់​វីអូអេ​ថា ទស្សន​កិច្ច​របស់​អ្នក​ស្រី​ Cindy Dyer នៅ​ប្រទេស​កម្ពុជា នឹង​រួម​ចំណែក​ដល់​ការ​ដោះស្រាយ​បញ្ហា​នៃ​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ ក្រោយ​សហរដ្ឋ​អាមេរិក​បាន​ដាក់​កម្ពុជា​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​បញ្ជី​ខ្មៅ​ស្តី​ពី​ការ​ជួញ​ដូរ​មនុស្ស​ដ៏​សម្បើម​មួយ​។ ការណ៍​នេះ​បាន​ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​មក​លើ​មុខមាត់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

រូបឯកសារ៖ អ្នកធ្វើដំណើរបើកបរកាត់​វិមាន​ឯករាជ្យ​នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
រូបឯកសារ៖ អ្នកធ្វើដំណើរបើកបរកាត់​វិមាន​ឯករាជ្យ​នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

លោក​ថ្លែង​ថា៖ «យើង​ឃើញ​ហើយ​ថា​សហរដ្ឋ​អាមេរិក​ដែល​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​ក្នុង​ចំណាត់​ថ្នាក់​លេខ​ ៣​ ដែល​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​ជួញ​ដូរ​មនុស្ស​ហ្នឹង វា​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ច្រើន​ដែរ​សម្រាប់​កម្ពុជា​យើង​ ហើយ​ប្រសិន​ជា​កម្ពុជា​យើង​មិន​បាន​ខិត​ខំ​បន្ថែម​ទៀត​នៅ​ក្នុង​ការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​ឬការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ទេ​ ហ្នឹង​វា​មិន​អាច​ឡើង​ចំណាត់​ថា្នក់​បាន»។

បើ​តាម​លោក​ អំ សំអាត ស្ថាន​ភាព​នៃ​ការ​ជួញ​ដូរ​មនុស្ស​ និង​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​តែ​បន្ត​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​របាយការណ៍​ជាច្រើន​រួម​មាន​របាយការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ។​ លោក​ស្នើ​ឲ្យ​រដ្ឋា​ភិបាលពង្រឹងសមត្ថភាព​របស់​មន្ត្រី និង​អាជ្ញាធរ​ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​អនឡាញ ដោយ​សារ​តែ​ករណី​នៃ​ការ​ឆបោក​ផ្សេងៗ​បាន​កំពុង​លេច​ឡើង​ជា​មួយ​នឹងការ​ប្រើប្រាស់បច្ចេក​វិទ្យាថ្មីៗ។

លោក​ថ្លែង​ថា៖ «បញ្ហា​បទ​ល្មើស​នេះ​វា​ទំនើប​កម្ម​តាម​ប្រព័ន្ធ​បចេ្ចក​វិទ្យា​ អ៊ីចឹង​អាជ្ញាធរ​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​រឿង​ហ្នឹង​គឺ​ត្រូវ​តែ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​បន្ថែម​ ដើម្បី​ឲ្យ​រត់​តាម​សភាព​ការណ៍​ ក៏​ដូច​ជា​ការ​កំណត់​នៃ​បទ​ល្មើស​ឲ្យ​ទាន់​ពេល​វេលា»។

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​លោក ​ឆាយ គឹមខឿន​ និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន បដិសេធ​ផ្តល់ការ​អត្ថាធិប្បាយ​ ដោយ​បាន​បង្វែរ​សំណួរ​ទៅអនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស អ្នកស្រី ​ជូ ប៊ុនអេង។ វីអូអេ​មិន​អាច​ទាក់​ទង​សុំការ​ធ្វើអត្ថាធិប្បាយ​ពី​អ្នកស្រី​ ជូ ប៊ុនអេង​ បាន​ទេ​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ។​

អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី ​Katherine M. Diop ប្រាប់​វីអូអេ​តាម​សារអ៊ីមែល​ថា ការមក​បំពេញ​ការ​ងារ​ការ​ទូត​របស់អ្នក​ស្រី ​Cindy Dyer ក្នុង​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​ពី​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បន្ត​របស់​អាមេរិក​ក្នុងភាព​ជា​ដៃ​គូ​ជាមួយ​អ្នក​ពាក់​ព័ន្ធ​នានា​ក្នុង​ប្រទេស​កម្ពុជា និង​ជុំវិញ​ពិភព​លោក ដើម្បី​លើក​ទឹក​ចិត្ត​រដ្ឋា​ភិបាល​ឲ្យ​ទទួល​ខុស​ត្រូវ​លើការ​ទប់​ស្កាត់​អំពើ​អ្នក​ជួញ​ដូរ​មនុស្ស​ និង​ការពារ​ជន​រង​គ្រោះ។ អ្នក​ស្រី​បន្ត​ថា អ្នក​ស្រី​ឯកអគ្គរដ្ឋ​ទូត​គោចរ​ Dyer កំពុង​តែ​ជួប​ពិភាក្សា​ផ្ទាល់​ជាមួយមន្ត្រី​ជាន់​ខ្ពស់​មក​ពី​ក្រសួង ស្ថាប័ន​នានា រួម​ទាំង​គណៈ​កម្មាធិការ​ជាតិ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស (NCCT) ផង​ដែរ។

អ្នក​ស្រី Katherine M.Diop លើក​ឡើងតាម​សារ​អ៊ីមែលជា​ភាសា​អង់គ្លេស​ និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ខេមរ​ភាសាថា​៖​«សហរដ្ឋ​អាមេរិក​នៅ​ជាមួយ​ប្រជាជន​កម្ពុជា​ក្នុង​ការ​កំណត់​អត្ត​សញ្ញាណ គាំទ្រ និង​ស្វែងរក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះដោយ​ការ​ជួញដូរ​មនុស្ស»។

របាយការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស(UNHCHR) ដែល​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​សីហា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​មនុស្ស​ប្រមាណ​ជា​ ១០ ​ម៉ឺន​នាក់​ ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ហើយ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ​ក៏​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចំនួន​៥​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​រួម​មាន​កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា និង​ហ្វីលីពីន ដោយ​ករណី​ជន​រង​គ្រោះ​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ទាំង​នោះ បាន​ប្រឈម​នឹង​ការ​គំរាម​កំហែង​ និង​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ ដោយ​ពួក​គេ​ទទួល​រង​ការ​ធ្វើ​ទារុណ​កម្ម​យ៉ាង​ឃោរឃៅ​ អំពើ​អមនុស្ស​ធម៌​ ថោក​ទាប​ ការ​ឃុំ​ខ្លួន​ដោយ​បំពាន​ អំពើ​ហិង្សា​ផ្លូវ​ភេទ ​ពលកម្ម​ដោយ​បង្ខំ ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀត។​

ដោយឡែក ​របាយការណ៍​ប្រចាំ​ឆ្នាំ​ពី​ការ​ជួញដូរ​មនុស្ស​នៅ​ទូទាំង​ពិភពលោក​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋអាមេរិក​គិត​ត្រឹមខែ​មិថុនា​ ឆ្នាំ​២០២៣​ បាន​បង្ហាញ​ថា ​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​កម្រិត​បី ​(Tier 3) ដែល​ជា​ចំណាត់​ថ្នាក់​ទាប​បំផុត​មួយ និង​មាន​ន័យ​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ខិតខំ​ធ្វើ​ការ​កែ​លម្អ​លើ​បញ្ហា​ការ​ជួញ​ដូរ​មនុស្ស​ ហើយ​មិន​បាន​បំពេញ​តាម​បទដ្ឋាន​អប្បបរមា​ដូច​ដែល​បាន​កំណត់៕

XS
SM
MD
LG