អាជ្ញាធរសុខាភិបាលកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ បានរកឃើញករណីវីរុសបំប្លែងថ្មីដែលតា (Delta)ប្រមាណ១៤០ករណី ដែលនាំឲ្យករណីឆ្លងវីរុសថ្មីនេះសរុប កើនឡើងដល់ជាង១.៥០០នាក់នៅទូទាំងប្រទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃសុក្រនេះ។
ទិន្នន័យរបស់ក្រសួងសុខាភិបាលឲ្យដឹងថានៅថ្ងៃទី២៦ ខែសីហា ករណីវីរុសបំប្លែងថ្មីដែលតា មានចំនួន១៣៨នាក់ ដែលក្នុងនោះនៅតំបន់ដែលរកឃើញច្រើនជាងគេគឺរាជធានីភ្នំពេញចំនួន៤៣នាក់ខេត្តបន្ទាយមានជ័យមានចំនួន៣៥នាក់ និងខេត្តឧត្តរមានជ័យចំនួន១៦នាក់។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងវីរុសបំប្លែងថ្មីដែលតាសរុប មានចំនួន១.៥៣៤នាក់ គិតចាប់តាំងពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។ វីរុសដែលតាដែលឆ្លងលឿនជាងមុន និងមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ត្រូវបានរកឃើញនៅតាមខេត្តក្រុងចំនួន២៣នៅទូទាំងប្រទេស លើកលែងតែខេត្តកែប និងខេត្តក្រចេះ។
គួរបញ្ជាក់ថាការរកឃើញវីរុសបំប្លែងថ្មីដែលតាជាបន្តបន្ទាប់នេះ នាំឲ្យកម្ពុជាចាក់វ៉ាក់សាំងដូសជំរុញឬដូសទី៣ដល់ប្រជាពលរដ្ឋ ដែលរដ្ឋាភិបាលបានដាក់គោលដៅចាក់ឲ្យហើយនៅពាក់កណ្តាលឆ្នាំ២០២២៕