៣សប្តាហ៍នៃការរឹតបន្តឹងវិធានការសុខាភិបាល និងរដ្ឋបាល ប្រឆាំងនឹងជំងឺកូវីដ១៩ មនុស្សជិត១០០នាក់នៅទូទាំងប្រទេសត្រូវបានបញ្ជូនទៅតុលាការ រឿងបំពានវិធានការរឹតបន្តឹងខណៈជាង៣៥.០០០នាក់ ត្រូវបាន«អប់រំ និងពិន័យ»។ នេះបើយោងតាមរបាយការណ៍ដែលចងក្រងដោយអនុគណៈកម្មការដឹកនាំការអនុវត្តន៍ច្បាប់នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
ទិន្នន័យនេះត្រូវបានចងក្រងចាប់ពីថ្ងៃទី២ខែសីហា ដល់ថ្ងៃទី១៩ ខែសីហា បើទោះយុទ្ធនាការរឹតបន្តឹង ចាប់ផ្តើមតាំងពីថ្ងៃទី២៩ ខែកក្កដាក៏ដោយ។
ទិន្នន័យបង្ហាញថាប្រជាពលរដ្ឋសរុប៩៤នាក់ ត្រូវបានបញ្ជូនទៅតុលាការនៅទូទាំងប្រទេស។ ចំណែកមនុស្ស៣៥.៣៦០នាក់ ត្រូវបាន«អប់រំនិងពិន័យ»។ ចំណែកទឹកប្រាក់ពិន័យសរុបមានជាង១៧ម៉ឺនដុល្លារអាមេរិក។ អាជ្ញាធរក៏ឃាត់បានយានយន្តដែលមានទាំងរថយន្តនិងម៉ូតូរាប់ពាន់គ្រឿងផងដែរ។
នៅថ្ងៃទី១៩ ខែសីហា ដែលជាថ្ងៃបញ្ចប់នៃយុទ្ធនាការរឹតបន្តឹងទូទាំងប្រទេសនិងថ្ងៃបញ្ចប់ដាក់បម្រាមគោចរនៅរាជធានីភ្នំពេញ ទិន្នន័យរបស់អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ឲ្យដឹងថាមានការឃាត់ខ្លួនមនុស្សនៅទូទាំងប្រទេសដើម្បី«អប់រំ និងពិន័យ» ចំនួន៩៤៧នាក់ និងបញ្ជូនទៅតុលាការ១នាក់។
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាអ្នកនាំពាក្យនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ១៩ ប្រាប់វីអូអេនៅសប្តាហ៍នេះថាវិធានការដែលអាជ្ញាធរអាចធ្វើបាន មានចែងនៅក្នុងច្បាប់ ដែលអនុញ្ញាតឲ្យមានការអប់រំ ពិន័យ និងបញ្ជូនទៅតុលាការ។ លោកបន្ថែមថាភាគច្រើន អាជ្ញាធរអនុវត្តវិធានអប់រំ។ លោកឲ្យដឹងទៀតថាការអប់រំនោះបានកើតឡើងចំពោះអំពើល្មើសវិធានការសុខាភិបាល ដែលក្នុងនោះមានការមិនពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព នៅក្នុងតំបន់ដែលកំណត់ជាកាតព្វកិច្ច។ លោកបន្តថាករណីផ្សេងទៀត គឺការចេញពីធ្វើការយឺតយ៉ាវដែលអាជ្ញាធរប្រកាន់វិធានការអប់រំ ដោយមិនពិន័យនោះទេ។
ចំពោះករណីបញ្ជូនទៅតុលាការ លោក គឹម សន្តិភាព បញ្ជាក់ថាភាគច្រើនជាករណីដែលមានការជួបជុំសេពគ្រឿងស្រវឹង និងបន្តបើកកន្លែងរកស៊ីដែលបំពានវិធានការរដ្ឋបាលក្នុងពេលរឹតបន្តឹង។
ការចោទប្រកាន់និងកាត់ទោសរបស់តុលាការលើអ្នកបំពានវិធានការសុខាភិបាលនិងរដ្ឋបាលដោយយោងតាមច្បាប់ស្តីពីកូវីដ១៩ ដែលត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីខែមីនា ឆ្នាំ២០២០។ មាត្រា១១នៃច្បាប់នេះចែងថាអំពើរារាំងឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការដែលបានដាក់ចេញ ស្របតាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលបានប្រកាសបញ្ចប់«យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩»នៅទូទាំងប្រទេសដែលដាក់ចេញតាំងពីចុងខែកក្កដា។ នេះបើយោងតាមសេចក្តីណែនាំមួយរបស់នាយករដ្ឋមន្រ្តីចេញផ្សាយកាលពីថ្ងៃទី១៩ ខែសីហា។
សេចក្តីណែនាំរបស់រដ្ឋាភិបាលបានឲ្យដឹងថាជារួម«ការអនុវត្តដោយម៉ឺងម៉ាត់ និងតឹងរ៉ឹង»នូវយុទ្ធនាការទប់ស្កាត់២១ថ្ងៃនេះ«បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលវិជ្ជមានដែលបានជួយដល់ការគ្រប់គ្រងនិងការពន្យារពេលបានមួយកម្រិតនូវការឆ្លងរាលដាលទ្រង់ទ្រាយធំក្នុងសហគមន៍នៃមេរោគកូវីដ១៩ប្រភេទដែលតា(Delta)»។
រដ្ឋាភិបាលបានសម្រេចបិទបញ្ចប់ការអនុវត្តយុទ្ធនាការនេះនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។ ប៉ុន្តែបន្តអនុវត្តរឹតបន្តឹងវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់ដោយផ្អែកតាមសភាពការណ៍វិវត្តជាក់ស្ដែងនៃជំងឺនេះនៅតាមភូមិសាស្រ្តរាជធានីខេត្តនីមួយៗ។
រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបញ្ចប់បម្រាមគោចរដែលបានដាក់អស់រយៈពេល៣សប្តាហ៍មកហើយ។ ប៉ុន្តែនៅបន្តកំហិតអាជីវកម្មនិងសកម្មភាព ដែលមានហានិភ័យខ្ពស់។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាមានកត្តា៣ ដែលលោកមើលឃើញពាក់ព័ន្ធនឹងបញ្ហារឹតបន្តឹងវិធានការសុខាភិបាល និងការផាកពិន័យនេះ។ទី១ប្រជាពលរដ្ឋមិនបានតៀមខ្លួនទាន់ពេលវេលាជាមួយការរស់នៅក្នុងរបត់ថ្មី។ ទី២ ការយល់ឃើញរបស់ប្រជាពលរដ្ឋនិងផ្នត់គំនិតគិតថាការអនុវត្តន៍ច្បាប់នេះមិនតឹងរ៉ឹងនិងទី៣អាជ្ញាធរថ្នាក់ក្រោមមួយចំនួនមិនបានយកចិត្តទុកដាក់ក្នុងការចុះអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយ។លោកបន្ថែមថាអាជ្ញាធរគួរតែបន្ធូរបន្ថយដល់ប្រជាពលរដ្ឋដែលជាអ្នកប្រកបរបររកស៊ីពេលយប់ និងអ្នកដឹកបន្លែជាដើម។
លោកថ្លែងថា៖ «ការរកទទួលទានកូវីដទាញទម្លាក់ជីវភាពមួយហើយ។ហើយបើការដែលគ្នា[ប្រជាពលរដ្ឋ]រកមិនបានទៀត[និង]មិនអាចចេញទៅរកស៊ីបានវារឹតតែពិបាកទៀត»។
ទោះជាយ៉ាងណា រដ្ឋាភិបាលបានបញ្ជាក់ថាយុទ្ធនាការរឹតបន្តឹង៣សប្តាហ៍នេះ «មិនបានធ្វើឲ្យប៉ះពាល់ជាដុំកំភួនដល់សកម្មភាពខាងផ្នែកសង្គម និងសេដ្ឋកិច្ចក៏ដូចជាជីវភាពប្រចាំថ្ងៃរបស់ប្រជាជន»នោះទេ៕