ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ ដាក់​ផែនការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ឲ្យ​រួច​រាល់​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ


រូបឯកសារ៖ ប្រជាជន​នាំ​គ្នា​មក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​វត្ត​គោក​អំពិល​ក្នុង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ​២០២១។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ ប្រជាជន​នាំ​គ្នា​មក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​វត្ត​គោក​អំពិល​ក្នុង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ​២០២១។ (ទុំ ម្លិះ/វីអូអេ)

រដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាស​ដាក់ផែន​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដូស​ជំរុញ ឬ​ដូស​ទី៣ ឲ្យ​រួច​រាល់ នៅ​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ ដើម្បី​បង្កើត«ភាព​ស៊ាំ​សហគមន៍​រឹង​មាំ​ពិត​ប្រាកដ​មួយ»។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​«គោល​នយោបាយ​ចាក់​វ៉ាក់​សាំង​កូវីដ​១៩​ដូស​ជំរុញ» ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា​ ការ​ចាក់​វ៉ាក់​សាំង​ដូស​ទី​៣ បាន​ចាប់​ផ្តើម​ចាប់​តាំង​ពី​ដើម​ខែ​សីហា ឆ្នាំ​២០២១ ហើយ​គ្រោង​បញ្ចប់​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២២។ ការ​ចាក់​វ៉ាក់សាំង​នេះ ទៅ​តាម​ក្រុម​អាទិភាព ដែល​ក្នុង​នោះ​នឹង​មាន​ក្រុម​មនុស្ស​វ័យ​៦០​ឆ្នាំ​ឡើង​ទៅ និង​អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​រាង្គកាយ​ខ្សោយ។

រដ្ឋាភិបាល​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ «គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ​១៩​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ​ត្រូវ​រៀប​ចំ​ផែន​ការ​សកម្ម​ភាព​ចាក់​វ៉ាក់​សាំង​កូវីដ​១៩​ដូស​ជំរុញ និង​ត្រូវ​ខិត​ខំ​ដឹក​នាំ​សម្រប​សម្រួល​ការ​អនុវត្តន៍​ផែន​ការ​នេះ​ ឲ្យ​បាន​ចប់​សព្វ​គ្រប់​ តាម​ការ​គ្រោង​ទុក​នៅ​ក្នុង​អំឡុង​ពាក់​កណ្តាល​ឆ្នាំ​២០២២​ ខាង​មុខ»។

ក្នុងពេល​ពី​កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​ឲ្យ​អ្នក​ដែល​បាន​ចាក់​វ៉ាក់​សាំង​ស៊ីណូវ៉ាក់ (Sinovac) និង​ស៊ីណូ​ហ្វាម (Sinopharm) ​ពីរ​ដូស​រួច​ហើយ អាច​ចាក់​ដូស​ជំរុញ​វ៉ាក់​សាំង​ប្រភេទ​អាស្រ្តា​ហ្សេនីកា (AstraZeneca) ប៉ុន្តែ​ត្រូវ​ធានា​ថា ​ខ្លួន​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​ពីរ​រួច​ហើយ​ យ៉ាង​តិច​ ៦​ខែ។

ការ​រក​ឃើញ​វីរុស​បំប្លែង​ថ្មី​ដែលតា ​(Delta) ​ដែល​ឆ្លង​លឿន​ជាង​មុន និង​មាន​កម្រិត​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ «បាន​នាំ​មក​នូវ​បញ្ហា​ប្រឈម​ថ្មី​មួយ​ទៀត»​សម្រាប់​កម្ពុជា។ ការណ៍​នេះ កម្ពុជា​ត្រូវ​ចាក់​ដូស​ជំរុញ ​ឬ​ដូស​ទី៣​ ដល់​ប្រជា​ពល​រដ្ឋ តាម​ការ​សិក្សា​បែប​លក្ខណៈ​វិទ្យាសាស្រ្ត​ដែល​តម្រូវ​ឲ្យ​មាន​ការ​ចាក់​ដូស​ជំរុញ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ក្រសួង​សុខា​ភិបាល​ បាន​រក​ឃើញ​ករណី​វីរុស​បំប្លែង​ថ្មី​ដែល​តា​ចំនួន​ ១៤៦​ករណី ដែល​នាំ​ឲ្យ​ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី​សរុប កើន​ដល់​ ១៣២៥​នាក់ ហើយ​ឆ្លង​នៅ​តាម​ខេត្តក្រុង​ចំនួន ​២៣​ នៅ​ទូទាំង​ប្រទេស លើក​លែង​តែ​ខេត្ត​កែប និង​ខេត្ត​ក្រចេះ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ។

ប្រជាជន​អាយុ​ចាប់​ពី​ ១៨​ឆ្នាំ​ឡើង​ទៅ​ប្រមាណ​៨៨​%​ ធៀប​នឹង​គោល​ដៅ​១០​លាន​នាក់ ​បាន​ចាក់​វ៉ាក់​សាំង។ ហើយ​កុមារ​ និង​យុវជន​អាយុចាប់ពី​១២​ឆ្នាំ​ដល់​ក្រោម​១៨​ឆ្នាំ ចំនួន​៥៦% ​ធៀប​នឹង​គោល​ដៅ​ជិត​២​លាន​នាក់​ បាន​ចាក់​វ៉ាក់​សាំង។ រដ្ឋាភិបាល​បញ្ជាក់​ថា ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់​សាំង​កូវីដ​១៩ ជុំ​ទីមួយ ត្រូវ​បាន​រំពឹង​ថា ​នឹង​អាច​បញ្ចប់​នៅ​ចុង​ខែ​តុលា ឬ​ដើម​ខែ​វិច្ឆិកា ឆ្នាំ២០២១ ខាង​មុខ​នេះ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល។

រដ្ឋាភិ​បាល​ បាន​ដាក់​ផែន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​ពលរដ្ឋ​ប្រមាណ​១៣​លាន​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​សរុប​១៦​លាន​នាក់ ដើម្បី​បង្កើត​ភាព​ស៊ាំ​នៅ​ក្នុង​សហ​គមន៍៕

XS
SM
MD
LG