ក្រសួងសុខាភិបាលកម្ពុជាបានសម្រេចឲ្យចាក់វ៉ាក់សាំងប្រភេទដូចគ្នា ដើម្បីពន្លឿនការចាក់វ៉ាក់សាំងដូសបន្ថែម ប្រឆាំងនឹងវីរុសបំប្លែងថ្មីដែលតា (Delta)។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។
កន្លងមក រដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យអ្នកដែលចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) និងស៊ីណូហ្វាម(Sinopharm)ពីរដូសរួចហើយ អាចចាក់វ៉ាក់សាំងប្រភេទអាស្រ្តាហ្សេនីកា (AstraZeneca) ប៉ុន្តែត្រូវធានាថាខ្លួនបានចាក់វ៉ាក់សាំងដូសទីពីររួចហើយយ៉ាងតិច៦ខែ។ កម្ពុជាមិនមានវ៉ាក់សាំងអាស្រ្តាហ្សេនីកាក្នុងស្តុកគ្រប់គ្រាន់នៅឡើយទេ។ ប៉ុន្តែវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់និងស៊ីណូហ្វាម ដែលផលិតនៅប្រទេសចិន កម្ពុជាមានគ្រប់គ្រាន់។
បើតាមសេចក្តីជូនព័ត៌មាន អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ រួចហើយអាចចាក់វ៉ាក់សាំងប្រភេទដូចគ្នា ជាដូសទី៣ក៏បាន ឬអាចចាក់វ៉ាក់សាំងប្រភេទផ្សេងដូចជាអាស្រ្តាហ្សេនីកា ឬវ៉ាក់សាំងប្រើបច្ចេកវិទ្យា mRNA គឺវ៉ាក់សាំង Pfizer ឬ Moderna ។
សម្រាប់អ្នកចាក់វ៉ាក់សាំងអាស្រ្តាហ្សេនីកា ឬចនសុន &ចនសុន (Johnson &Johnson) រួចរាល់ហើយពួកគេអាចចាក់អាស្រ្តាហ្សេនីកាឬចនសុន&ចនសុន ឬអាចចាក់Pfizer ឬModernaជាដូសបន្ថែមក៏បាន។
ក្រុមការងារសិក្សាស្រាវជ្រាវនៃក្រសួងសុខាភិបាលនឹងសិក្សាបន្ថែមទៀតថា តើអ្នកដែលបានចាក់វ៉ាក់សាំងអាស្រ្តាហ្សេនីកា ឬចុនសុន&ចុនសុនរួចហើយ អាចចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ឬយ៉ាងណា៕