ភ្នំពេញ — វីរុសជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទ ដែលតា (Delta) ឬ B.1.617.2 កំពុងតែធ្វើឲ្យរដ្ឋាភិបាលនិងមន្ត្រីសុខាភិបាលនៅជុំវិញពិភពលោកព្រួយបារម្ភខ្លាំងអំពីការឆ្លងរាលដាលកាន់តែខ្លាំងឡើងនៃជំងឺកូវីដ១៩ ទោះបីជាពលរដ្ឋរាប់លាននាក់បានចាក់វ៉ាក់សាំងបង្ការជំងឺនេះជាបន្តបន្ទាប់ក្តី។ ហើយវីរុសជំងឺកូវីដ១៩ បំប្លែងថ្មីដែលតានេះ ក៏កំពុងរួមចំណែកបង្កក្តីបារម្ភខ្លាំងដល់ប្រព័ន្ធសុខាភិបាលកម្ពុជា ដែលអាចឈានដល់ហានិភ័យធ្ងន់ធ្ងរផងដែរ។
នៅសហរដ្ឋអាមេរិក ជាងពាក់កណ្តាលនៃករណីឆ្លងថ្មីជាប្រចាំថ្ងៃបង្កឡើងដោយវីរុសជំងឺកូវីដ១៩ បំប្លែងថ្មីដែលតា ស្របពេលដែលអ្នកជំនាញជាន់ខ្ពស់អាមេរិកផ្នែកជំងឺឆ្លងបានព្រមានសហរដ្ឋអាមេរិកនិងពិភពលោក អំពីការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩ ដោយសារតែវីរុសបំប្លែងដែលតា និងភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំងនៅជុំវិញពិភពលោក។ រីឯចក្រភពអង់គ្លេសនៅតែបន្តចាត់វិធានការបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងក្នុងសហគមន៍នានា ដែលបង្កឡើងដោយវីរុសជំងឺកូវីដ១៩ បំប្លែងថ្មីដែលតា។
ដោយឡែកនៅតំបន់អាស៊ីអាគ្នេយ៍វិញ វីរុសជំងឺកូវីដ១៩ បំប្លែងថ្មីដែលតានេះ បានបណ្តាលឲ្យរដ្ឋាភិបាលរបស់ប្រទេសថៃប្រកាសចាត់វិធានការបម្រាមគោចរហាមមិនឲ្យពលរដ្ឋធ្វើដំណើរចេញក្រៅគេហដ្ឋាន ក្នុងចន្លោះម៉ោង ៩ល្ងាចដល់ម៉ោង ៤ភ្លឺ នៅទីក្រុងបាងកក និងខេត្តចំនួន ៦។ រីឯវៀតណាមបានប្រកាសវិធានការបិទខ្ទប់ក្នុងទីក្រុងហូជីមិញរយៈពេល ២សប្តាហ៍ ហើយឥណ្ឌូណេស៊ីឯណោះវិញ កំពុងប្រឈមនឹងការខ្វះឧស្ម័នអុកស៊ីហ្សែន ដោយសារតែឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩ ដែលបង្កឡើងដោយវីរុសជំងឺកូវីដ១៩ បំប្លែងថ្មីដែលតានេះ។
ស្រដៀងនឹងស្ថានភាពក្នុងប្រទេសទាំងអស់នោះ ថ្មីៗនេះ មន្ត្រីជំនាញសុខាភិបាលប្រចាំប្រទេសកម្ពុជាបានប្រកាសអំពីហានិភ័យដ៏គ្រោះថ្នាក់មួយ ដែលកម្ពុជាអាចនឹងប្រឈមនាពេលខាងមុខ បន្ទាប់ពីកម្ពុជាបានរកឃើញវត្តមាននៃវីរុសជំងឺកូវីដ១៩ បំប្លែងថ្មីដែលតា (Delta) កាលពីសប្តាហ៍ចុងក្រោយនៃខែមិថុនាកន្លងទៅនេះ។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា (ទទក) ដែលផ្សព្វផ្សាយនៅលើបណ្តាញយូធូប កាលពីថ្ងៃទី ១ ខែកក្កដាកន្លងទៅ ថា៖
«វីរុសកូវីដ១៩ ដែលកើតចេញមកដំបូងដែលវាយលុកនៅក្នុងពិភពលោកដំបូងដែលហៅថាប្រភពដើមនេះ វាឆ្លងក្នុងល្បាក់ពី ២ ទៅ ៣ នាក់ក្នុងពេលតែមួយ។ ប៉ុន្តែសម្រាប់ដែលតា គឺមិនមែនប៉ុណ្ណឹងទេ គឺច្រើនជាងហ្នឹងអាចរហូតទៅដល់ ១០ ដល់ ១៥ នាក់។ អ៊ីចឹងការវាយលុករបស់វាលឿនណាស់»។
វីរុសបំប្លែងថ្មីដែលតា (Delta) ត្រូវបានរកឃើញនៅកម្ពុជា កាលពីចុងខែមិថុនា តាមរយៈពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ នៅតាមបណ្តាខេត្តជាប់ព្រំដែន។ បើគិតពីចន្លោះថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ១២ ខែកក្កដា ករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ នៅកម្ពុជា ជាមធ្យមមានចំនួនយ៉ាងតិច ៩០០ នាក់ ដែលជាអត្រាឆ្លងមធ្យមខ្ពស់បំផុតតាំងពីកម្ពុជាបានឆ្លងកាត់ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ កាលពីឆ្នាំដើមឆ្នាំ២០២០។
បើទោះបីជាមិនទាន់មានទិន្នន័យច្បាស់លាស់ថា តើករណីឆ្លងថ្មីនៅកម្ពុជាប៉ុន្មាននាក់ ដែលត្រូវបានបង្កឡើងដោយវីរុសជំងឺកូវីដ១៩ បំប្លែងថ្មីដែលតាក្តី ក៏នៅក្នុងបទសម្ភាសន៍ដដែលនោះ លោកស្រី ឱ វណ្ណឌីន បានលើកជាចម្ងល់ថា យោងតាមស្ថានភាពឆ្លងនាពេលបច្ចុប្បន្ន ប្រហែលជាកម្ពុជាអាចកំពុងមានចរាចរណ៍វីរុសដែលតានេះរួចទៅហើយ។
វីរុសជំងឺកូវីដ១៩ បំប្លែងដែលតា (Delta)
វីរុសជំងឺកូវីដ១៩ បំប្លែងថ្មីដែលតា ត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌាកាលពីធ្នូ ឆ្នាំ ២០២០។ មជ្ឈមណ្ឌលទប់ស្កាត់ជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក បានសម្គាល់ថា វីរុសជំងឺកូវីដ១៩ បំប្លែងថ្មីដែលតា មានសមាសធាតុឆ្លងខ្លាំងបំផុត បើធៀបនឹងប្រភេទមុនៗ។
លោកវេជ្ជបណ្ឌិត F. Perry Wilson ផ្នែកសរសៃប្រសាទ ប្រចាំមជ្ឈមណ្ឌលព្យាបាលជំងឺនិងស្រាវជ្រាវ Yale Medicine បានថ្លែងនៅក្នុងអត្ថបទមួយដែលចុះផ្សាយកាលពីថ្ងៃទី ៩ ខែកក្កដាថា៖ «វីរុសជំងឺកូវីដ១៩ បំប្លែងថ្មីដែលតា ឆ្លងរាលដាលនេះឆ្លងខ្លាំងជាងប្រភេទណាៗទាំងអស់ ហើយវានឹងក្លាយជាវីរុសបំប្លែងខ្លួន ដែលបង្កឲ្យមានករណីឆ្លងច្រើនបំផុតនៅជុំវិញពិភពលោក»។
រហូតមកដល់ខែកក្កដានេះ វីរុសជំងឺកូវីដ១៩ បំប្លែងថ្មីដែលតា ឬ B.1.617.2 ត្រូវបានគេរកឃើញក្នុងប្រទេសប្រមាណជា ៩៨ ។ នេះបើតាមការថ្លែងរបស់លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការអង្គការសុខភាពពិភពលោក ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២១។
រោគសញ្ញារបស់វីរុសជំងឺកូវីដ១៩ បំប្លែងថ្មីដែលតា មានលក្ខណៈបែបផ្តាសាយស្រាល ដូចជាឈឺក្បាល ហៀរសំបោរ ឬឈឺក។ រោគសញ្ញាទាំងនេះមានភាពខុសគ្នាពីវីរុសជំងឺកូវីដ១៩ ប្រភេទមុនៗ ដោយជាទូទៅមានដូចជាក្តៅខ្លួន ក្អក និងបាត់បង់ក្លិន និងរសជាតិ។ នេះបើយោងតាមអ្នកជំនាញជំងឺឆ្លងនៅសហរដ្ឋអាមេរិក។
អ្នកស្រីវេជ្ជបណ្ឌិត Inci Yildirim ប្រចាំមជ្ឈមណ្ឌលព្យាបាលជំងឺនិងស្រាវជ្រាវ Yale Medicine បានថ្លែងនៅក្នុងអត្ថបទមួយដែលចុះផ្សាយកាលពីថ្ងៃទី ៩ ខែកក្កដា ហើយត្រូវបានដកស្រង់ពាក្យសម្តីថា៖ «រោគសញ្ញាក្អក និងបាត់បង់ក្លិន មិនសូវកើតឡើងទេ។ តែឈឺក្បាល ឈឺក ហៀរសំបោរ និងក្តៅខ្លួន កើតឡើងច្រើនក្នុងចំណោមអ្នកជំងឺ បើផ្អែកតាមការស្ទង់មតិចុងក្រោយនៅចក្រភពអង់គ្លេស ដែលនៅទីនោះ ៩០ភាគរយនៃករណីឆ្លងថ្មីត្រូវបានបង្កឡើងដោយវីរុសជំងឺកូវីដ១៩បំប្លែងថ្មីដែលតា»។
អ្នកស្រីវេជ្ជបណ្ឌិត Yildirim បានលើកឡើងថា ក្រុមមនុស្សដែលងាយរងគ្រោះបំផុតពីវីរុសជំងឺកូវីដ១៩ បំប្លែងថ្មីដែលតានេះ រួមមានអ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការការពារ ក្នុងនោះរួមមានកុមារនិងក្រុមមនុស្សវ័យក្រោម ៥០ ឆ្នាំ។
«ខណៈពលរដ្ឋវ័យចំណាស់កាន់តែច្រើនឡើងបានចាក់វ៉ាក់សាំងនោះ ក្រុមមនុស្សវ័យក្មេងនិងក្រុមអ្នកដែលមិនបានចាក់វ៉ាក់សាំងនឹងប្រឈមហានិភ័យឆ្លងវីរុសជំងឺកូវីដ១៩ គ្រប់ប្រភេទ។ ប៉ុន្តែប្រភេទដែលតាហាក់កំពុងបង្កផលប៉ះពាល់ដល់ក្រុមមនុស្សវ័យក្មេងជាង [វីរុសជំងឺកូវីដ១៩ បំប្លែងថ្មី]ប្រភេទមុនៗ»។
ខណៈការស្រាវជ្រាវជាបន្តបន្ទាប់កំពុងត្រូវបានធ្វើឡើង វីរុសជំងឺកូវីដ១៩ បំប្លែងថ្មីដែលតា ត្រូវបានសន្និដ្ឋានថា អាចបង្កឲ្យអ្នកឆ្លង ជាពិសេសអ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ធ្លាក់ខ្លួនឈឺក្នុងស្ថានភាពធ្ងន់ធ្ងរ ប្រហាក់ប្រហែលគ្នានឹងវីរុសជំងឺកូវីដ១៩ បំប្លែងថ្មីអាល់ហ្វា។ នេះបើយោងតាមការសិក្សាមួយនៅប្រទេសស្កុតលែន (Scotland) ចុះផ្សាយកាលពីថ្ងៃទី ២១ ខែមិថុនាកន្លងទៅនេះ។
ហានិភ័យធ្ងន់ធ្ងរនៅកម្ពុជា ប្រឈមនឹងវីរុសបំប្លែងដែលតា (Delta)
កាលពីថ្ងៃទី ៧ ខែកក្កដា នៅពេលសួរពាក់ព័ន្ធអំពីវីរុសជំងឺកូវីដ១៩ បំប្លែងថ្មីដែលតា លោកស្រី លី អៃលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានប្រាប់ VOA ថា វីរុសបំប្លែងដែលតានេះ គឺជាប្រភេទវីរុសដែលគួរឲ្យបារម្ភ ដោយសារវាមានស្ថានភាពឆ្លងលឿន។
លោកស្រីក៏សង្កត់ធ្ងន់ថា វីរុសបំប្លែងខ្លួនគ្រប់ប្រភេទទាំងអស់គឺមានគ្រោះថ្នាក់ ដែលត្រូវការមានការអនុវត្តវិធានការសុខភាពសាធារណៈ និងសុខភាពសង្គម និងបង្កើនការចាក់វ៉ាក់សាំងឲ្យបានច្រើន។
លោកស្រី លី អៃលែន បានបញ្ជាក់តាមសារអេឡិចត្រូនិក ឬអ៊ីមែលជាអក្សរ ហើយត្រូវបានយកមកបកប្រែជាសម្តីថា៖ «គ្រប់ប្រភេទវីរុសបំប្លែងខ្លួនទាំងអស់រួមទាំងវីរុសបំប្លែងខ្លួនប្រភេទគួរឲ្យបារម្ភអាចធ្វើឲ្យស្ថានភាពជំងឺទៅជាធ្ងន់ធ្ងរ។ ប៉ុន្តែយើងក៏មានសញ្ញាល្អដែលវ៉ាក់សាំងការពារជំងឺកូវីដ១៩អាចមានឥទ្ធិពលលើវីរុសបំប្លែងខ្លួនប្រភេទដែលតា។ ប្រសិនបើមនុស្សមិនអនុវត្តតាមវិធានការការពារទេនោះវាអាចធ្វើឲ្យមានគ្រោះថ្នាក់ខ្លាំង និងអាចឆ្លងចូលក្នុងសហគមន៍លឿន»។
ក្នុងរយៈពេលត្រឹមតែ ២ សប្តាហ៍ គិតពីចន្លោះថ្ងៃទី ៣០ ខែមិថុនា ជាសប្តាហ៍ដែលរកឃើញវត្តមានវីរុសជំងឺកូវីដ១៩ បំប្លែងថ្មីដែលតា នៅកម្ពុជាដល់ថ្ងៃទី ១៣ ខែកក្កដា ករណីស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួនដល់ទៅ ៣៥១នាក់ ដោយកើនពី ៦០២នាក់ ដល់ ៩៥៣នាក់។ ហើយនេះជាហានិភ័យដ៏គ្រោះថ្នាក់បំផុតរបស់កម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា។
លោកស្រី ឱ វណ្ណឌីន ថ្លែងថា៖ «កាលណាករណីឈឺកើនឡើង ករណីស្លាប់ក៏កើនឡើងដែរ។ ឥឡូវយើងឃើញហើយ នៅក្នុងខែមិថុនាយើងនេះ ករណីស្លាប់យើងឃើញថា មានដល់ទៅ ៤០៨នាក់ទៅហើយ ក្នុងមួយខែមិថុនា។ អ៊ីចឹងនៅកន្លែងនេះឯង ដែលបង្ហាញថា ផលប៉ះពាល់វានឹងកើនមានឡើងជាពិសេសជនដែលងាយរងហ្នឹងហានិភ័យ»។
លោកស្រីក៏បានបន្ថែមថា កម្ពុជាត្រូវតែរួមគ្នាក្នុងការទប់ស្កាត់ការរីករាលដាល ហើយធ្វើយ៉ាងណាកុំឲ្យស្ថានភាពនៃការឆ្លងរាលដាលនេះផុតពីបន្ទាត់ក្រហម ដែលអាចធ្លាក់ចូលក្នុងមហន្តរាយសុខភាពសាធារណៈដូចប្រទេសមួយចំនួន។
លោកស្រី ឱ វណ្ណឌីន ថ្លែងថា៖ «យើងឃើញហើយស្ថានភាពនៅប្រទេសឥណ្ឌា ដល់ពេលវាផ្ទុះក្ឌុងច្រើនពេកទៅ នៅតាមមន្ទីរពេទ្យអីអត់មានកន្លែងដាក់អ្នកជំងឺទេ។ នៅពេលនោះគ្រោះមហន្តរាយរបស់ប្រទេស គ្រោះមហន្តរាយនៃសុខភាពសាធារណៈ ហើយក៏ដូចជាផលប៉ះពាលធ្ងន់ធ្ងរទៅដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចសង្គម យើងមិនអាចប៉ាន់ប្រមាណបាននោះឡើយ»។
បន្ថែមលើនេះ អង្គការសុខភាពពិភពលោកមានការបារម្ភយ៉ាងខ្លាំងអំពីការឆ្លងរាលដាលក្នុងសហគមន៍ក្នុងប្រទេសកម្ពុជា ពិសេសតាមតំបន់ដែលមានការប្រមូលផ្តុំច្រើន ដូចជាផ្សារ រោងចក្រ ពន្ធនាគារ ក្លឹបកម្សាន្តជាដើម។
លោកស្រី លី អៃលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានបញ្ជាក់ប្រាប់ VOA តាមសារអេឡិចត្រូនិក ឬអ៊ីមែលជាអក្សរ ហើយត្រូវបានយកមកបកប្រែជាសម្តីថា៖ «យើងសូមណែនាំឱ្យអ្នករាល់គ្នាបន្តអនុវត្តវិធានការការពារការឆ្លងជំងឺកូវីដ១៩ ដែលរួមមានពាក់ម៉ាស លាងសម្អាតដៃ រក្សាគម្លាត ជៀសវាង «បីកុំ» ហើយនៅក្នុងផ្ទះប្រសិនបើមានអារម្មណ៍មិនស្រួលខ្លួន និងស្វែងរកការព្យាបាលពីមន្ទីរពេទ្យដែលនៅជិតបំផុតភ្លាមៗ កាត់បន្ថយការធ្វើដំណើរ និងការជួបជុំផ្សេងៗ»។
គិតត្រឹមថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៦២,៧០០នាក់ អ្នកជាសះស្បើយចំនួន ៥៤,៤៨៩នាក់និងមានអ្នកស្លាប់ចំនួន ៩៥៣នាក់៕