លោក វិចទ័រ ហ្សូនា (Victor Jona) អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានថ្លែងប្រាប់ VOA កាលពីថ្ងៃ ទី៣១ ខែមីនា ថា គេមិនត្រូវការសាងសង់ទំនប់វារីអគ្គិសនីនៅលើដងទន្លមេនៃទន្លេមេគង្គក្នុងរយៈពេល១០ឆ្នាំខាងមុខដើម្បីបង្គ្រប់តម្រូវការខាងអគ្គិសនីទេ ដោយលោកបញ្ជាក់ក្នុងសម្តីដើមថា៖ «ពីឆ្នាំ២០២០ ដល់២០៣០ នឹងមិនមានការអភិវឌ្ឍទំនប់វារីអគ្គិសនីអ្វីទេលើដងទន្លេមេនៃទន្លេមេគង្គ»។
ការប្រកាសនេះ បានធ្វើឲ្យមានការផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គិសនីសម្បូរនិងស្ទឹងត្រែង។
ក៏ប៉ុន្តែគម្រោងទំនប់នៅតាមដៃទន្លេ មិនត្រូវបានរាប់បញ្ចូលទៅក្នុងការផ្អាកការសាងសង់នេះទេ។ ជាឧទាហរណ៍ គម្រោងទំនប់កម្លាំង៨០មេហ្គាវ៉ាត់ តាមបណ្តោយស្ទឹងពោធិ៍សាត់ នៅមានក្នុងគម្រោងនៅឡើយ នេះបើតាមលោក វិចទ័រ ហ្សូនា។ រដ្ឋាភិបាលក៏មិនបានដកចេញនូវលទ្ធភាពដែលខ្លួនអាចសាងសង់ទំនប់វារីអគ្គិសនីដែលបានផ្អាកនេះឡើងវិញនៅក្រោយឆ្នាំ២០៣០។
អ្នកការពារបរិស្ថានបានព្រមានថា ទំនប់វារីអគ្គិសនីអាចមានផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេ។ ទន្លេមេគង្គជាទន្លេធំជាងគេបំផុតមួយនៅក្នុងតំបន់ ហើយមានប្រជាជនរាប់ពាន់គ្រួសារមានជីវភាពពឹងផ្អែកលើទន្លេនេះ។
ការសម្រេចចិត្តក្នុងការផ្អាកការសាងសង់ទំនប់វារីអគ្គិសនី បានទុកពេលឲ្យរដ្ឋាភិបាលមានពេលវិនិយោគចំពោះប្រភពថាមពលផ្សេងទៀត នេះបានតាមអ្នកជំនាញ។
អ្នកស្រី Maureen Harris ប្រធានកម្មវិធីនៅអង្គការ ទន្លេអន្តរជាតិ(International Rivers )ថ្លែងថា៖ «សេចក្តីប្រកាសនេះគឺជាព័ត៌មានដ៏ល្អប្រសើរសម្រាប់ពលរដ្ឋនៃប្រទេសកម្ពុជា វៀតណាម និងតំបន់ទាំងមូល។ គម្រោងសាងសង់ទំនប់វារីអគ្គិសនីសម្បូរនិងស្ទឹងត្រែង ត្រូវបានគេទស្សន៍ទាយថា នឹងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ជលផលទន្លេមេគង្គនិងតំបន់លិចទឹក ហើយទំនងនឹងធ្វើឲ្យហិនហោចដល់ដីសណ្តទន្លេមេគង្គ ដែលកំពុងជួបសម្ពាធយ៉ាងខ្លាំងពីផលប៉ះពាល់រួមគ្នារវាងការប្រែប្រួលអាកាសធាតុនិងទំនប់វារីអគ្គិសនីដែលមានស្រាប់នៅខ្សែទឹកខាងលើនៃដងទន្លេមេគង្គនៅក្នុងប្រទេសចិននិងឡាវ»។
អ្នកស្រីបន្ថែមថា បរិមាណអគ្គិសនីដែលផលិតដោយទំបន់វារីអគ្គិសនីដែលមានស្រាប់ បាននាំឲ្យមានសំណួរចោទថាតើ ទំនប់វារីអគ្គិសនីអាចបង្កើតចំនួនថាមពលដូចគេរំពឹងទុកដែរឬទេ។
លោក Brian Eyler នាយកកម្មវិធីអាស៊ីអាគ្នេយ៍នៅវិទ្យាស្ថានស្រាវជ្រាវ Stimson Center បានយល់ស្របចំពោះការវាយតម្លៃនេះ ដោយលោកថ្លែងប្រាប់ VOA តាមសារអេឡិកត្រូនិកថា៖ «សេចក្តីប្រកាសនេះជាសញ្ញាយ៉ាងច្បាស់ថា ទំបន់វារីអគ្គិសនីលើដងទន្លេមេនៃទន្លេមេគង្គ ជាជម្រើសហួសសម័យហើយបានលទ្ធផលតិចតូចសម្រាប់បង្កើតថាមពល»។
លោកថា សេចក្តីប្រកាសនេះជាសារទៅកាន់ប្រទេសឡាវនិងអ្នកវិនិយោគនៅក្នុងប្រទេសជិតខាងថា៖ «ការសាងសង់ទំនប់វារីអគ្គិសនីនៅលើដងទន្លេមេនៃទន្លេមេគង្គ មិនសមស្របទេ បើគិតពីទាំងសេដ្ឋកិច្ច បរិស្ថាន និងនយោបាយ»។
ព្រឹត្តិការណ៍ចម្បងជាងគេគឺ ប្រទេសឡាវត្រូវគេរំពឹងថា នឹងចាប់ផ្តើមសាងសង់ទំនប់វារីអគ្គិសនីហ្លួងប្រាបាងនៅចុងឆ្នាំនេះ។ អ្នកសង្កេតការណ៍ថា គម្រោងនេះនឹងគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គក្រោម។
លោក Eyler ថ្លែងថា កម្ពស់ទឹកទន្លេដ៏ទាបនៅក្នុងរយៈពេល២ឆ្នាំចុងក្រោយបាននាំឲ្យមានការដាច់ចរន្តអគ្គិសនីនៅប្រទេសកម្ពុជាអស់ជាច្រើនខែ ដោយសារមិនមានទឹកគ្រប់គ្រាន់ដើម្បីបង្វិលទុរប៊ីនរបស់ទំនប់។
លោក Eyler បញ្ជាក់ថា៖ «វាប្រាកដណាស់ថា ក្នុងក្រសែភ្នែករបស់ថ្នាក់ដឹកនាំកម្ពុជា ហានិភ័យនៃការសាងសង់ទំនប់វារីអគ្គិសនីលើដងទន្លេមេនៃទន្លេមេគង្គមានច្រើនលើលពីផលប្រយោជន៍ដែលទទួលបានមកវិញ»។
លោកថា ហានិភ័យគឺការគំរាមកំហែងចំពោះទិន្នផលត្រីដោយលោកពន្យល់ថា៖ «ទំនប់វារីអគ្គិសនីស្ទឹងត្រែងនិងសម្បូរដែលនៅលើដងទន្លេមេ បើសាងសង់វិញនោះនឹងប្រាកដជាសម្លាប់ចំនួនត្រីនៅក្នុងទន្លេមេគង្គហើយ។»
លោក វិចទ័រ ហ្សូនា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ថ្លែងថា រដ្ឋាភិបាលបានធ្វើការវាយតម្លៃឡើងវិញនូវផែនការមេផ្នែកថាមពល ដោយផ្អែកលើការសិក្សាមួយនៅឆ្នាំ២០១៩ដែលរដ្ឋាភិបាលបានស្នើឡើង ដែលការសិក្សានេះមិនមានរួមបញ្ជូលនូវកត្តាបរិស្ថានទេ។ លោកថា ការសិក្សាដែលបានបញ្ចប់កាលពីខែកុម្ភៈនេះបានពិនិត្យមើលកំណើនប្រជាជន កំណើនឧស្សាហកម្ម និងកំណើនតម្រូវការ ហើយបានរកឃើញថា តម្រូវការខាងថាមពលត្រូវបានបំពេញដោយប្រភពថាមពលផ្សេងទៀត។ លោកលើកឧទាហរណ៍ថា ប្រភពថាមពលថ្មីមួយគឺការនាំចូលថាមពលកាន់តែច្រើនពីប្រទេសឡាវ គឺពីមុនប្រទេសកម្ពុជាបានទិញថាមពលតិចជាង៥០មេហ្គាវ៉ាត់ពីទំនប់ Don Sahong ដែលទើបបើកថ្មីរបស់ប្រទេសឡាវ ប៉ុន្តែបច្ចុប្បន្នកម្ពុជាបញ្ជាទិញប្រមាណ១៩៥មេហ្គាវ៉ាត់បន្ថែមទៀត។
ការសិក្សាមួយទៀតធ្វើឡើងដោយធនាគារអភិវឌ្ឍអាស៊ីកំពុងវិភាគមើលតម្រូវការខាងថាមពលរបស់ប្រទេសកម្ពុជាក្នុងរយៈពេល២០ឆ្នាំខាងមុខ។ ខណៈដែលការសិក្សានេះរួមបញ្ចូលកត្តាដូចជាការប្រែប្រួលនៃប្រសិទ្ធផលថាមពលនៅក្នុងប្រទេសកម្ពុជា ការសិក្សានេះក៏មិនបានពិនិត្យមើលកត្តាបរិស្ថាន នេះបើតាមលោក វិចទ័រ ហ្សូនា។ ការសិក្សារបស់ធនាគារអភិវឌ្ឍអាស៊ីត្រូវគេរំពឹងថានឹងបញ្ចប់នៅឆ្នាំក្រោយ។
លោកបន្ថែមថា ដើម្បីអាចបំពេញតម្រូវការអគ្គិសនីបាន រដ្ឋាភិបាលកម្ពុជាក៏ត្រូវពង្រីកការផលិតថាមពលពីរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្ម។
កាលពីចុងខែមីនា រដ្ឋសភាកម្ពុជាបានអនុម័តការសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មនេះចំនួនពីរកន្លែង ដែលសរុបមានសមត្ថភាពផលិត៩០០មេហ្គាវ៉ាត់។
ប៉ុន្តែអ្នកស្រី Courtney Weatherby អ្នកវិភាគមួយរូបនៅវិទ្យាស្ថានស្រាវជ្រាវ Stimson Center ដែលស្រាវជ្រាវអំពីថាមពល និរន្តរភាព និងទឹក ថ្លែងថា ថាមពលពីធ្យូងថ្ម មិនមែនជាដំណោះស្រាយបន្ទាន់សម្រាប់តម្រូវការថាមពលសម្រាប់កម្ពុជាទេ ព្រោះគេត្រូវការចំណាយពេលជាច្រើនឆ្នាំសម្រាប់ការសាងសង់រោងចក្រនេះ។
អ្នកស្រីថា បើប្រៀបធៀបនឹងថាមពលវារីអគ្គិសនី ធ្យូងថ្មមានគុណសម្បត្តិមួយ គឺ ថាមពលវារីអគ្គិសនី និងថាមពលអគ្គិសនីពីរោងច្រកធ្យូងថ្មថ្មី អាចលក់អគ្គិសនីក្នុងតម្លៃ៧សេនដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង ប៉ុន្តែថាមពលពីធ្យូងថ្មមានភាពទៀងទាត់ជាងថាមពលវារីអគ្គិសនី ព្រោះវាមិនរងផលប៉ះពាល់ពីភាពរាំងស្ងួត។
ប៉ុន្តែនេះអាចនាំឲ្យមានផលប៉ះពាល់អវិជ្ជមានយូរអង្វែង។ អ្នកស្រីពន្យល់យ៉ាងដូច្នេះថា៖ «ធ្យូងថ្មមានផលប៉ះពាល់ខាងបរិស្ថាន។ នៅរយៈពេលយូរ ធ្យូងថ្ម នឹងផលិតឧស្ម័នកាបូនិកដែលនឹងរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ»។
អ្នកស្រី Weatherby និយាយថា ជាជាងផ្តោតលើថាមពលវារីអគ្គិសនីឬធ្យូងថ្ម រដ្ឋាភិបាលគួរផ្តោតខ្លាំងទៅលើថាមពលកកើតឡើងវិញ។
លោក វិចទ័រ ហ្សូនា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល យល់ស្របថាប្រទេសកម្ពុជាមានសក្តានុពលក្នុងការអភិវឌ្ឍថាមពលពីពន្លឺព្រះអាទិត្យបន្ថែមទៀត។ លោកថា នៅពេលខាងមុខ កម្ពុជានឹងបង្កើនសមត្ថភាពខាងថាមពលពន្លឺព្រះអាទិត្យ។ នៅពេលបច្ចុប្បន្ននេះ ថាមពលពន្លឺព្រះអាទិត្យស្មើមិនដល់១០%នៃប្រភពថាមពលអគ្គិសនីនៅកម្ពុជា ហើយថាមពលវារីអគ្គិសនីស្មើ៣៦% ប៉ុន្តែរដ្ឋាភិបាលបានអនុម័តរួចហើយនូវគម្រោងសម្រាប់ការបន្ថែមថាមពល៣០០មេហ្គាវ៉ាត់ថែមទៀត។ ហើយពីឆ្នាំ២០២១ទៅ នឹងមានបន្ថែម២០០មេហ្គាវ៉ាត់ទៀត ទៅក្នុងគម្រោងថាមពលប្រចាំឆ្នាំរបស់កម្ពុជា។
អ្នកស្រី Weatherby នៃវិទ្យាស្ថានស្រាវជ្រាវ Stimson Center ថ្លែងថា ប្រទេសកម្ពុជាមានសក្តានុពលអាចបង្កើតថាមពលពីព្រះអាទិត្យប្រហែល៨.០០០មេហ្គាវ៉ាត់ និងថាមពលពីខ្យល់ប្រមាណ៦.៥០០មេហ្គាវ៉ាត់។ អ្នកស្រីថា បើទោះបីកម្ពុជាទំនងនឹងមិនអាចឈានដល់សក្តានុពលនេះក្តី ក៏អ្នកស្រីថ្លែងថា កម្រោងអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអាចត្រូវបានគេសាងសង់លឿនជាងដើម្បីដោះស្រាយកង្វះខាតអគ្គិសនី។
អ្នកស្រីបញ្ជាក់ថា៖ «ថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យជាពិសេស ជាជម្រើសដ៏ប្រសើរមួយសម្រាប់អនាគតនៃការផលិតថាមពលរបស់កម្ពុជា»៕
ប្រែសម្រួលដោយ សឹង សុផាត