នៅថ្ងៃសុក្រនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្រេចផ្អាកចរាចរណ៍នាវាដឹកអ្នកទេសចរតាមដងទន្លេមេគង្គចូលមកកម្ពុជាតាមច្រកក្អមសំណដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩។ នេះបើយោងតាមមន្ត្រីនាយកដ្ឋានព័ត៌មានក្រសួងនេះ។
លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា វិធានការនេះធ្វើឡើងដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ១៩។
លោកបាននិយាយថា៖«ការពារប្រសើរជាងព្យាបាល ធម្មតាទេ។ ពេលយើងមានអារម្មណ៍ថា sensitive យើងអាចផ្អាកមួយរយៈសិន ហើយយើងបើកដំណើរការឡើងវិញ។ ខ្ញុំសុំខ្លីប៉ុណ្ណឹង»។
លោកបានបញ្ជាក់ថា ការផ្អាកនេះនឹងចាប់ពីថ្ងៃសុក្រនេះទៅរហូតដល់មានការជូនដំណឹងជាថ្មីពីក្រសួងសាធារណការ និងដឹកជញ្ជូនពេលខាងមុខ។
កំពង់ផែច្រកក្អមសំណនៅក្នុងខេត្តកណ្ដាលមានព្រំប្រទល់នឹងកំពង់ផែច្រកវេញសឿងនៃខេត្តអានយ៉ាង ប្រទេសវៀតណាម ជាទីតាំងពិនិត្យទិដ្ឋការចេញចូលតាមនាវារវាងប្រទេសទាំងពីរ។
កំពង់ផែនេះជាច្រកដែលនាវាធ្វើដំណើរទស្សនាចរលើដងទន្លេមេគង្គចេញចូលរវាងប្រទេសវៀតណាម និងកម្ពុជា។ ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមនាវានេះភាគច្រើនជាអ្នកដំណើរមកពីប្រទេសអ៊ឺរ៉ុប និងអ្នកដំណើរវ័យចំណាស់ហើយ ច្រកនេះអនុញ្ញាតឲ្យនាវាដឹកអ្នកទេសចរមកសំចតនៅកំពង់ផែក្រុងភ្នំពេញដើម្បីទស្សនាទីក្រុងនេះ និងបន្តទស្សនានៅខេត្តនានា លើដងទន្លេមេគង្គ និងទៅដល់បឹងទន្លេសាបផងដែរ។ នេះបើយោងតាមលោក ហ៊ឺ បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ។
លោក ហ៊ឺ បាវី បញ្ជាក់ថា៖ «[នាវា]មួយៗគេទទួលទេសចរមកពីប្រទេសទី៣ហ្នឹង គឺ package tour។ គេជិះកប៉ាល់ហោះមកវៀតណាម គេ[ជិះ]មើលតាមដងទន្លេយើង មកដល់ភ្នំពេញ។ គេឡើងទៅកំពង់ចាម ទៅក្រចេះ ទៅមើលដូលហ្វីន [ផ្សោត]។ បកមកវិញគេចូលកំពង់ឆ្នាំង។ ចំខែប្រាំងណា គេបកភ្នំពេញវិញ តែបើខែវស្សាគេហួសទៅសៀមរាប ហើយឡើងយន្តហោះទៅប្រទេសគេវិញ»។
ក៏ប៉ុន្តែថ្មីៗនេះ ភ្ញៀវទេសចរជនជាតិអង់គ្លេស៣នាក់ ដែលមានផ្ទុកវីរុសកូវីដ១៩បានធ្វើដំណើរលើនាវា Viking Cruise Journey ដែលចតនៅខេត្តកំពង់ចាម។ ការណ៍នេះបានធ្វើឲ្យនាវាផ្សេងទៀតមានការបារម្ភអំពីសុវត្ថិភាពអ្នកដំណើររបស់ខ្លួន។
លោក ហ៊ឺ បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានប្រាប់វីអូអេថា មាននាវាជាង២០គ្រឿងធ្វើដំណើរតាមដងទន្លេមេគង្គរវាងប្រទេសវៀតណាម និងកម្ពុជា ដែលក្នុងមួយខែៗ នាវាមួយអាចចេញចូលប្រមាណ២ទៅ៣ដង។ ត្រឹមពេលដែលអាជ្ញាធរប្រកាសផ្អាកការចេញចូលច្រកក្អមសំណ-វេញសឿងនេះ នាវាចំនួន១២គ្រឿងនៅសល់នៅកម្ពុជា។
លោកមានប្រសាសន៍ថា ឥឡូវនេះ នាវា២គ្រឿងដែលស្ថិតក្រោមការពិនិត្យនេះគឺនាវា Viking Cruise Journey ដែលនៅកំពង់ចាម និងនាវា Avalon Siem Reapដែលស្ថិតនៅភ្នំពេញ។
«ឥឡូវនេះមានតែ២គ្រឿងទេ ដែល quarantine [ដាក់ឲ្យនៅដោយឡែកតាមក្របខណ្ឌចត្តាឡីស័ក] ដោយសារមានការសង្ស័យ ឲ្យគាត់នៅមួយកន្លែង ហើយគេតាមដានកំដៅ គាត់អ៊ីចឹងណា៎។ [...] មួយទៀតគឺគាត់មកដល់ភ្នំពេញ ហើយបានទៅដល់កំពង់ឆ្នាំង បកមកវិញ ហើយយើងកំពុងជួយគាត់ ឲ្យគាត់នៅមួយកន្លែង តាមដានសុខភាពគាត់»។
លោកបន្តថា អ្នកគ្រប់គ្រងនាវា Avalon Siem Reap បានស្នើសុំអាជ្ញាធរកម្ពុជាឲ្យជួយពិនិត្យសុខភាពអ្នកដំណើររបស់គេ ដោយសារអ្នកដំណើរមួយចំនួន និងកាពីទែនរបស់នាវា Avalon Siem Reap បានស្នាក់នៅសណ្ឋាគារមួយនៅទីក្រុងហូជីមិញជាមួយភ្ញៀវទេសចរណ៍ដែលជិះនាវា Viking Cruise Journey ដែរ។
ទោះជាយ៉ាង លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលថា ក្រសួងបានប្រមូលសំណាកពីអ្នកទេសចរលើនាវា Avalon Siem Reap ដែលមានការសង្ស័យរួចរាល់ហើយ កាលពីម្សិលមិញ។ លោកថា លទ្ធផលគឺអវិជ្ជមាន ហើយបញ្ជាក់ថា ពួកគេពុំមានផ្ទុកវីរុសកូវីដ១៩ទេ។
លោក វ៉ាស៊ីម សុរិយា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា នៅកម្ពុជា នាវាចូលចតនៅកំពង់ផែភ្នំពេញ និងកំពង់ផែផ្សេងៗលើដងទន្លេមេគង្គនៅមានកម្រិតតិចនៅឡើយ។ លោកថា ជារៀងរាល់ឆ្នាំ នាវាខ្នាតតូចធ្លាប់បានចូលចតប្រមាណ៣០០ដងនិងខ្នាតធំប្រមាណ១០០ដង។ ហើយការចេញចូលមានរយៈពេលចតខ្លីៗ កន្លះថ្ងែ ឬមួយយប់។
លោក វ៉ាស៊ីម សុរិយាបន្តថា មិនទាន់អាចបញ្ជាក់បានពីទំហំនៃការបាត់បង់ចំណូលក្នុងពេលនៃផ្អាកការចេញចូលនាវាទេសចរនេះទេ។ ទោះជាយ៉ាងណា នាវាមួយចំនួនរបស់អាជីវករដែលរកស៊ីនៅក្នុងស្រុកបានរងការប៉ះពាល់ខ្លាំង បើទោះវិធានការរបស់ក្រសួងសាធារណការនេះមិនសំដៅដល់អាជីរកម្មពួកគេក៏ដោយ។
កញ្ញា សុត ស្រីល័ក្ខ ដែលជាបុគ្គលិកចាត់ការទូទៅនៃនាវា Angkor Express ប្រចាំនៅខេត្តបាត់ដំបងបានប្រាប់វីអូអេអំពីវិបត្តិនេះ។
កញ្ញាបាននិយាយថា មុនការផ្ទុះជំងឺកូវីដនេះ នាវាមានភ្ញៀវប្រមាណ៥០នាក់ក្នុងមួយជើងៗ តែបច្ចុប្បន្នមានចំនួនត្រឹម១០នាក់ ហើយពេលខ្លះស្ទើរគ្មានភ្ញៀវ៖
«ថយចុះ៩៩ភាគរយហើយ។ ព្រឹកមិញចេញបានម្នាក់គត់ ហើយគម្រោងពួកខ្ញុំនឹងធ្វើការផ្អាកដែរ ព្រោះយើងអត់មានភ្ញៀវ មិនអាចធ្វើការបន្តបាន»។
កញ្ញាបានឲ្យដឹងថា ការប៉ះពាល់នៃទេសចរណ៍តាមនាវានេះគឺដោយសារការបារម្ភនៃជំងឺកូវីដ១៩ និងការប្រែប្រួលអាកាសធាតុដែលនាំឲ្យកម្រិតទឹកទន្លេសាបស្រកខ្លាំង។
មកទល់ថ្ងៃនេះ ជំងឺកូវីដ១៩ ដែលជារោគរាតត្បាតសាកលរីករាលដាលដល់ប្រទេសចំនួនយ៉ាងតិច១២៧ និងឆ្លងដល់មនុស្សចំនួនជាង១៣៤.០០០នាក់ និងបានសម្លាប់មនុស្សជាង៤.៦០០នាក់នៅទូទាំងពិភពលោក៕