តំបន់អាស៊ីអាគ្នេយ៍ជាតំបន់មួយដែលគេស្គាល់ថាមានតម្លៃពលកម្មទាបសម្រាប់ការងាររោងចក្រ និងការចំណាយរបស់អ្នកប្រើប្រាស់ច្រើន។ នៅក្នុងតំបន់នោះ ប្រទេសមួយចំនួនតាំងពីមីយ៉ាន់ម៉ា រហូតដល់ហ្វីលីពីន បានព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ ២០២០ របស់ខ្លួនក្នុងអត្រាខ្ពស់ជាង ៦ ភាគរយ។ ប៉ុន្តែនៅដើមដំបូងនៃឆ្នាំ ២០២០ មកទល់នឹងពេលនេះ គេឃើញថា គោលដៅដែលបានព្យាករណ៍ទុកនេះនៅមានភាពស្រពិចស្រពិលនៅឡើយ។
ការផ្ទុះឡើងនូវមេរោគកូរ៉ូណាវីរុសថ្មីដ៏កាចសាហាវ ដែលហៅថា COVID-19 នៅក្នុងប្រទេសចិនបានធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅក្នុងប្រទេសម៉ាឡេស៊ី សិង្ហបុរី និងថៃ ដោយសារតែប្រទេសទាំងនេះបានរឹតត្បិតការធ្វើដំណើរចូលទៅក្នុងប្រទេសរបស់ពួកគេ ដើម្បីគ្រប់គ្រងការរីករាលដាលនៃមេរោគថ្មីនេះ។
ក្រុមហ៊ុនអាកាសចរណ៍នានាបានលុបចោលជើងហោះហើរចំនួន ២ ម៉ឺន ៥ ពាន់ នៅទូទាំងពិភពលោក។ រោងចក្រផលិតកម្មសម្រាប់ការនាំចេញក្នុងប្រទេសវៀតណាម ដែលជាប្រទេសបណ្ដុំដោយរោងចក្រជាច្រើននៅអាស៊ីអាគ្នេយ៍ ស្ទើរតែមិនអាចទទួលបានវត្ថុធាតុដើមពីប្រទេសចិននៅក្នុងខែកុម្ភៈនេះ ដោយសារការឆ្លងរាលដាលនូវមេរោគនេះបានធ្វើឲ្យស្ទះដល់ការងារ។
មនុស្សជាច្រើនដែលខ្លាចឆ្លងមេរោគនេះ ក្នុងចំណោមមនុស្សប្រហែល ៦៣០ លាននាក់ក្នុងប្រទេសចិន ស្នាក់នៅក្នុងផ្ទះភាគច្រើន ជាជាងចេញទៅទិញឥវ៉ាន់នៅខាងក្រៅ។
ក្រុមហ៊ុន Moody's Investors Service បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនស្ដីពីផលប៉ះពាល់នៃមេរោគកូរ៉ូណាវីរុសថ្មីនេះកាលពីអង្គារ ទី១១ ខែ កុម្ភៈកន្លងទៅនេះថា នៅក្រៅប្រទេសចិន «ផលប៉ះពាល់សេដ្ឋកិច្ចភ្លាមៗបំផុតនឹងបង្ហាញឡើងតាមរយៈការធ្លាក់ចុះចំនួនភ្ញៀវទេសចរមកពីប្រទេសចិន ការធ្លាក់ចុះនៃការនាំចេញទំនិញទៅប្រទេសចិន ការធ្លាក់ចុះនៃការធ្វើចរាចរណ៍ទំនិញឆ្លងកាត់ប្រទេសដែលស្ថិតនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិន»។
ជំងឺផ្លូវដង្ហើមកូរ៉ូណាវីរុសប្រភេទថ្មីនេះត្រូវបានរកឃើញដំបូងកាលពីខែធ្នូ ឆ្នាំមុន នៅក្នុងទីក្រុង Wuhan ប្រទេសចិន។ គិតត្រឹមថ្ងៃពុធទី ១៩ ខែកុម្ភៈ រដ្ឋាភិបាលចិនបានប្រកាសថា អ្នកស្លាប់ដោយសារមេរោគនេះមានចំនួនជាង ២.០០០ នាក់ ហើយអ្នកឆ្លងមានចំនួនប្រហែល ៧៤.០០០ ពាន់នាក់ ដែលភាគច្រើនគឺនៅក្នុងខេត្ត Hubei ប្រទេសចិន។
ប្រទេសចិនបានបិទទីក្រុងដែលមានការឆ្លងរាលដាលខ្លាំង និងពន្យារពេលឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំចិនមួយសប្ដាហ៍ ដើម្បីការពារកុំឱ្យមេរោគនេះឆ្លងរាលដាលទៅសាលារៀន និងកន្លែងធ្វើការ។ អ្នកធ្វើការភាគច្រើនបានត្រឡប់ទៅធ្វើការវិញកាលពីថ្ងៃច័ន្ទ ទី១០ ខែកុម្ភៈ។
សេដ្ឋកិច្ចវិទូនានាជឿថា ដោយសារតែតំបន់អាស៊ីអាគ្នេយ៍មានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជិតដិតជាមួយនឹងប្រទេសចិន តំបន់នេះនឹងរងផលប៉ះពាល់ជាងគេ។
ភ្ញៀវទេសចរមិនធ្វើដំណើរកម្សាន្ត
ចំនួនភ្ញៀវទេសចរពីប្រទេសចិនមកកាន់តំបន់អាស៊ីអាគ្នេយ៍ជាទូទៅមានចំនួនច្រើនខ្លាំងបំផុតនៅក្នុងពេលឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំចិន។ ប៉ុន្តែ ចំនួននេះបានធ្លាក់ចុះ គិតត្រឹមថ្ងៃទី ១ ខែកុម្ភៈ ដោយសារតែមនុស្សម្នាលុបចោលដំណើរកម្សាន្តរបស់ពួកគេ ដោយសារតែការរឹតត្បិតការចូលក្នុងប្រទេសដែលពួកគេត្រូវទៅ។
នៅក្បែរទីក្រុង Kota Kinabalu ដែលជាទីក្រុងមួយរបស់ប្រទេសម៉ាឡេស៊ីដែលមានប្រជាប្រិយក្នុងចំណោមភ្ញៀវទេសចរចិនដែលចូលចិត្តទៅលេងសមុទ្រ សណ្ឋាគារនានាមិនមានមនុស្សស្នាក់នៅនោះទេ គិតត្រឹមថ្ងៃទី ៣១ ខែមករា។
នៅក្នុងប្រទេសប្រ៊ុយណេដែលនៅជិតខាងម៉ាឡេស៊ី មន្ត្រីអន្តោប្រវេសន៍ព្យាយាមជជីកសួរភ្ញៀវទេសចរថាតើពួកគេមានបានទៅទីក្រុង Wuhan មុនពេលមកដល់ប្រទេសប្រ៊ុយណេ ឬក៏អត់។ រដ្ឋាភិបាលសិង្ហបុរីបានហាមឃាត់អ្នកដំណើរមកពីចិនមិនឱ្យចូលក្នុងប្រទេសរបស់ខ្លួនចាប់ពីថ្ងៃទី៣១ ខែមករាមក។
លោក Rajiv Biswas ប្រធានអ្នកសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុនស្រាវជ្រាវទីផ្សារឈ្មោះ IHS Markit បាននិយាយថា ប្រទេសនៅអាស៊ីអាគ្នេយ៍មានការ «ភ័យខ្លាច» និង «ស្លន់ស្លោ»។
លោក Rajiv Biswas បាននិយាយថា៖ «ប្រសិនបើយើងមើលពីផលប៉ះពាល់លើវិស័យទេសចរណ៍ យើងឃើញថា វាជាផលប៉ះពាល់ដ៏ធំមួយរួចទៅហើយ យ៉ាងហោចណាស់នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ ក្រៅពីនេះ ផលប៉ះពាល់នឹងអាស្រ័យលើថាតើការឆ្លងរាលដាលនេះនឹងបន្តយូរប៉ុណ្ណា ប៉ុន្តែបើមើលតាមស្ថានភាពនៅពេលនេះ ការឆ្លងរាលដាលនេះនឹងមិនអាចបញ្ឈប់បានភ្លាមៗនោះទេ»។
ប្រទេសសិង្ហបុរីទទួលបានភ្ញៀវទេសចរចិនចំនួន ១៨% នៃភ្ញៀវទេសចរសរុបរបស់ខ្លួននៅក្នុងឆ្នាំ ២០១៨។ ភ្ញៀវទេសចរចិនមានចំនួន ២០% នៃអ្នកទេសចរអន្តរជាតិសរុបរបស់ប្រទេសហ្វីលីពីនកាលពីឆ្នាំមុន និង ១១% នៃអ្នកទេសចរទៅកាន់ប្រទេសម៉ាឡេស៊ី។
ឧស្សាហកម្មផ្នែកសេវាកម្មរបស់បណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍បានរងផលប៉ះពាល់ ដោយសារតែមនុស្សម្នាស្នាក់នៅក្នុងផ្ទះ ដើម្បីចៀសវាងការឆ្លងមេរោគនេះ។ ពួកគេព្យាយាមមិនទៅហាងទំនិញ ភោជនីយដ្ឋាន និងចូលរួមក្នុងព្រឹត្តិការណ៍សាធារណៈនានា ប៉ុន្តែផ្ទុយទៅវិញ ពួកគេស្តុកទុកនូវម្ហូបអាហារ និងរបស់របរដែលអាចទុកបានយូរ ប្រសិនបើពួកគេត្រូវស្នាក់នៅក្នុងផ្ទះយូរ។
ខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្ម
ផលិតកម្មនៅក្នុងប្រទេសមួយចំនួនដូចជាវៀតណាម និងកម្ពុជាជាដើម នឹងរងផលប៉ះពាល់ ដោយសារតែរោងចក្រនានាមិនអាចប្រាកដថានឹងទទួលបានវត្ថុធាតុដើមពីប្រទេសចិន។ ប្រទេសចិនផ្គត់ផ្គង់ដែកថែប និងគ្រឿងបន្លាស់នានាសម្រាប់ឧបករណ៍អេឡិចត្រូនិកនានា ក៏ដូចជាផ្គត់ផ្គង់របស់របរផ្សេងៗទៀត។
វិនិយោគិនបរទេសបានបង្កើតរោងចក្រនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងពេលមួយទសវត្សរ៍កន្លងមកនេះ ដើម្បីបញ្ចៀសថ្លៃប្រតិបត្តិការខ្ពស់នៅក្នុងប្រទេសចិន។ ករណីនេះជួយដល់កំណើនសេដ្ឋកិច្ចឆ្នាំ ២០២០ នេះ ដែលត្រូវបានគេព្យាករណ៍ថាមានចំនួន ៦,៨% នៅក្នុងប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា និង ៦,៧% នៅក្នុងប្រទេសវៀតណាម។
លោក Adam McCarty ប្រធានសេដ្ឋកិច្ចនៃក្រុមហ៊ុន Mekong Economics នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម និយាយថា រោងចក្រមួយចំនួនត្រូវបានបិទទ្វាររួចហើយនៅក្នុងប្រទេសវៀតណាមនៅក្នុងខែនេះ ដោយសារតែខ្វះវត្ថុធាតុដើម។
លោក McCarty បញ្ជាក់ដូច្នេះថា៖ «ក្នុងរយៈពេលខ្លី វានឹងមានផលប៉ះពាល់ខ្លាំងលើលទ្ធភាពក្នុងការផ្គត់ផ្គង់តាមការបញ្ជាទិញ»។
មហាវិទ្យាល័យសិក្សាកិច្ចការអន្តរជាតិ S. Rajaratnam នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ក្នុងប្រទេសសិង្ហបុរី បានបញ្ជាក់នៅក្នុងការសិក្សាស្រាវជ្រាវមួយកាលពីថ្ងៃទី ៣១ ខែមករា ថា ក្រុមហ៊ុនផលិតរថយន្តដូចជាក្រុមហ៊ុន Toyota ក្រុមហ៊ុន Hyundai និងក្រុមហ៊ុន Ford បានពន្យារពេលបើករោងចក្ររបស់ខ្លួនឡើងវិញនៅក្នុងប្រទេសជាច្រើន បន្ទាប់ពីពេលឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំចិន។
ការសិក្សាស្រាវជ្រាវនេះបានបញ្ជាក់ថា ក្រុមហ៊ុន Apple ក៏បានព្រមានផងដែរអំពី «ផលប៉ះពាល់របស់មេរោគនេះលើផលិតកម្មរបស់ខ្លួន ខណៈដែលក្រុមហ៊ុននេះពិចារណាឡើងវិញលើផែនការសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន»។
លោក McCarty បាននិយាយថា៖ «នៅក្នុងរយៈពេលវែង វានឹងធ្វើឱ្យគេពិចារណាឡើងវិញអំពីហានិភ័យក្នុងប្រទេសចិន ដោយសារតែប្រទេសចិនអាចនឹងដួលរលំបាន។ វាជាមូលហេតុមួយទៀតដែលអ្នកត្រូវរកប្រភពនៃវត្ថុធាតុដើមរបស់អ្នកឱ្យបានច្រើន»។
ផលប៉ះពាល់រហូតដល់ ៦ ខែ
អ្នកវិភាគជឿថា ផលប៉ះពាល់នៃមេរោគនេះលើសេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍នឹងមានរយៈពេលពី ៣ ដល់ ៦ ខែ។ ល្បឿននៃការងើបឡើងវិញនឹងអាស្រ័យលើការគាំទ្ររបស់រដ្ឋាភិបាលដល់ឧស្សាហកម្មណាដែលត្រដាបត្រដួស និងអាស្រ័យលើលទ្ធភាពរបស់ចិននៅក្នុងការគ្រប់គ្រងការឆ្លងរាលដាលមេរោគនេះ។
លោក Liang Kuo-yuan ប្រធានវិទ្យាស្ថានស្រាវជ្រាវ Polaris នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ និយាយថា៖
«ច្បាស់ណាស់ នៅក្នុងត្រីមាសទីមួយ និងទីពីរ ប្រាកដជានឹងមានផលប៉ះពាល់មិនខាន ប៉ុន្តែបន្ទាប់ពីនោះមក វានឹងអាស្រ័យលើថាតើបញ្ហានេះនឹងបន្តយូរប៉ុណ្ណា និងថាតើមានក្រុមហ៊ុនណាអាចទ្រាំទ្រជាមួយនឹងបញ្ហានេះបាន ឬក៏យ៉ាងណានោះ»។
លោក Liang បានបន្ថែមថា៖ «ប្រសិនបើអ្នកជាក្រុមហ៊ុនធំ នោះវាគ្មានបញ្ហានោះទេ។ ប៉ុន្តែប្រសិនបើអ្នកជាក្រុមហ៊ុនតូច និងមធ្យម អ្នកនឹងមិនអាចស៊ូទ្រាំបានទេ ហើយក្រោយមកអ្នកនឹងប្រឈមមុខនឹងការក្ស័យធន»។
ប៉ុន្តែមានសញ្ញាណនៃក្តីសង្ឃឹមរួចទៅហើយ។
អាជ្ញាធរផ្នែកហិរញ្ញវត្ថុរបស់ប្រទេសវៀតណាមកំពុងស្នើសុំធនាគារឱ្យរក្សាអត្រាការប្រាក់សម្រាប់ប្រាក់កម្ចីឱ្យនៅទាប ដើម្បីជួយដល់សេដ្ឋកិច្ច។ នៅក្នុងវិស័យបច្ចេកវិទ្យា ខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់បណ្ដាញកុំព្យូទ័រមានសន្ទុះឡើងវិញ «ល្អជាងការរំពឹងទុក» បន្ទាប់ពីជនជាតិចិនត្រឡប់ទៅធ្វើការវិញ កាលពីថ្ងៃច័ន្ទទី ១០ ខែកុម្ភៈ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារឈ្មោះ TrendForce៕