ក្រុមរដ្ឋមន្ត្រីការបរទេសក្នុងតំបន់រួមទាំងកម្ពុជាផងនិងជួបប្រជុំគ្នាលើកិច្ចការសំខាន់ៗ ចំនួនពីរជាមួយភាគីចិននៅសប្តាហ៍ខាងមុខគឺកិច្ចប្រជុំស្តីអំពីមេគង្គ ឡានឆាង និង កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ចិនស្តីអំពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ណា (COVID19) ក្នុងទីក្រុង វៀងចន្ទន៍ប្រទេសឡាវ ដែលមានរយៈពេលពីរថ្ងៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
គណៈប្រតិភូកម្ពុជាដឹកនាំដោយលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការ បរទេសកម្ពុជា នឹងត្រូវចូលរួមប្រជុំទាំងពីរនៅថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកុម្ភៈ តាមការ អញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ សាលើមសៃ គុំម៉ាស៊ីត (Saleumxay KOMMASITH)។
សេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ដែរថា កិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេសមេគង្គ ឡាងឆានលើកទី៥ ដែលមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងចិន គឺដើម្បី ពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពចុងក្រោយ កិច្ចសហប្រតិបត្តិការនាពេលអនាគត ដើម្បីជំរុញការអភិវឌ្ឍហើយនឹងត្រៀមរៀបចំកិច្ចប្រជុំកំពូលមេគង្គ ឡាងឆាងលើក ទី៣ខាងមុខ។
សេចក្តីប្រកាសព័ត៌មានក៏បានបន្ថែមដែរថា កិច្ចប្រជុំពិសេសអាស៊ាន ចិន ស្តីពីជំងឺឆ្លង ផ្លូវដង្ហើមកូរ៉ណានឹងមានការពិភាក្សាផ្លាស់ប្តូរយោបល់រិះរកមធ្យោបាយដែលមាន ប្រសិទ្ធិភាពថ្មីៗដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូរ៉ូណានេះ។
លោក រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ត្រូវគេដឹងថានឹងជម្រាបព័ត៌មាននិងវិធានការ របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះនៅកម្ពុជា ក្រៅពីការបង្ហាញពីការពង្រឹង សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងកាលៈទេសៈដ៏លំបាកនៃការគំរាមកំហែង ដល់សុខភាពពិភពលោកនិងបង្ហាញពីការគាំទ្រ ហើយនឹងទំនុកចិត្តមុតមាំរបស់កម្ពុជា ចំពោះវិធានការចាំបាច់នានារបស់រដ្ឋាភិបាលចិន ក្នុងការប្រយុទ្ធប្រឆាំងការរាលដាល នៃជំងឺឆ្លងផ្លូវដង្ហើមកូរ៉ណាផងដែរ៕