លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិថ្លែងថា កងទ័ពមានសិទ្ធិក្នុងការគាំទ្រសកម្មភាពបាតុកម្ម ខណៈដែលលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអគ្គមេបញ្ជាការរងនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និយាយថា កងទ័ពមិនមែនបង្កើតឡើងដើម្បីចូលរួមការធ្វើបាតុកម្មនោះទេ តែបង្កើតឡើងដើម្បីការពារជាតិប៉ុណ្ណោះ។
មេដឹកនាំយោធាកម្ពុជាទាំងពីររូបនេះបានថ្លែងយ៉ាងដូច្នេះនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ នៅពេលដែលកំពុងរង់ចាំការទទួលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនត្រឡប់មកពីប្រទេសបារាំងវិញ។ លោកទៀ បាញ់មានប្រសាសន៍បញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា៖
«អាហ្នឹងគេគាំទ្រ មានកំហុសអី? ឥឡូវសុំសួរមើល! ឥឡូវគេគាំទ្រគឺទាំងអស់គ្នាគេគាំទ្រ។ អារឿងបញ្ហាហ្នឹងគឺអត់មានអីកំហុសទេ។ ធ្វើនេះគឺការបញ្ចេញមតិរបស់គេ គឺមិនមានប្រព្រឹត្តអ្វីទៅលើហិង្សាអីទាំងអស់។ ទាំងអស់ហ្នឹងគឺសុទ្ធសឹងតែសិទ្ធិទាំងអស់ ព្រោះទាំងអស់គ្នា យោធាក៏វាជាមនុស្សដូចប្រជាជនដែរ មានអារម្មណ៍ដូចតែគ្នាហ្នឹង គឺចេះឈឺ ចេះឃ្លានអី គ្រប់ទាំងកំហឹងអារម្មណ៍ តែបញ្ហាហ្នឹងហើយណ៎ា មានអីដែលត្រូវប្លែកជាមួយនឹងប្រជាជនទូទៅ»។
ឆ្លើយទៅនឹងសំណួរដែលសួរអំពីអព្យាក្រិត្យភាពរបស់កងទ័ពទាក់ទិនជំហរគំាទ្របាតុកម្មដ៏ហិង្សានេះ លោករដ្ឋមន្រ្តីក្រសួងការពារជាតិបញ្ជាក់បន្ថែមថា៖
«អព្យាក្រិត្យក្នុងតំណែងហ្នឹងទេ អ្វីនៅក្នុងតំណែងហ្នឹង។ ក៏ប៉ុន្តែ សិទ្ធិក្នុងការគាំទ្រ សិទ្ធិក្នុងការដែលនរណាមក មិនពេញចិត្តជាមួយអ្នកណាហ្នឹង អាហ្នឹងគឺសិទ្ធិរបស់មនុស្សម្នាក់ៗ»។
រីឯលោក ហ៊ីង ប៊ុនហៀង ដែលឈរគៀកនឹងលោក ទៀ បាញ់ ថ្លែងថា កងទ័ពកម្ពុជាមិនមែនបង្កើតមកសម្រាប់ការធ្វើបាតុកម្មនោះទេ។
«ខ្ញុំសូមបញ្ជាក់បន្តិច កងទ័ពនៅក្រោមឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានភារកិច្ចការពារជាតិ ការពារសន្តិសុខសង្គម ឬក៏ប្រជាពលរដ្ឋ»។
កាលពីព្រឹកថ្ងៃច័ន្ទ ក្រុមអ្នកតវ៉ាប្រឆាំងលោកកឹម សុខាជាង១.០០០នាក់ ដែលគេស្គាល់ថា ជាអ្នកគាំទ្រគណបក្សកាន់អំណាចរបស់លោកហ៊ុន សែន បានប្រមូលផ្តុំគ្នានៅមុខរដ្ឋសភា ធ្វើការស្រែកសុំឲ្យប្តូរលោកកឹម សុខាចេញពីតំណែងអនុប្រធានរដ្ឋសភា។ ក្រុមអ្នកតវ៉ាភាគច្រើនបានរំសាយពីមុខរដ្ឋសភា ក្រោយពេលដែលអ្នកតំណាងរដ្ឋសភាចេញមកទទួលញតិ្ត។ ក៏ប៉ុន្តែក្រុមអ្នកតវ៉ាមួយចំនួនដែលគេជឿថា នៅសេសសល់ បានរារាំងរថយន្តតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមុននឹងអូសតំណាងរាស្ត្រចេញពីរថយន្ត និងធ្វើការវាយតប់នោះ។
មួយថ្ងៃក្រោយពីការវាយតប់យ៉ាងហិង្សានេះ អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ហើយនិងក្រុមសង្គមស៊ីវិល បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ថ្កោលទោសអំពើហិង្សានោះ និងបានទាមទារឲ្យមានការស៊ើបអង្កេតស្វែងរកជនដៃដល់។ ក្នុងចំណោមអង្គការសិទ្ធិមនុស្សទាំងអស់នោះមានអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ផងដែរ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានទីតំាងនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនេះ បាននិយាយថា «ការវាយប្រហារយ៉ាងយង់ឃ្នង»លើតំណាងរាស្ត្របក្សប្រឆាំងគឺស្រដៀងទៅនឹងអ្វីដែលធ្លាប់បានកើតឡើងចំពោះគណបក្សជំទាស់ ដែលធ្លាប់បានប្រកួតប្រជែងនឹងលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន នាអំឡុងឆ្នាំ១៩៩០។ អង្គការសិទ្ធិមនុស្សដដែលនេះបានស្នើឲ្យមានការស៊ើបអង្កេតដ៏ជាក់លាក់មួយដោយអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ក៏បានបញ្ជាក់បន្ថែមថា បាតុកម្មប្រឆាំងលោក កឹម សុខា គឺមានការគាំទ្រពីលោកឧត្តមសេនីយ៍ គន់ គីម សមាជិកគណៈកម្មការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា ដែលបានចេញសេចក្តីថ្លែងការណ៍គាំទ្រការទម្លាក់លោក កឹម សុខា ពីតំណែងអនុប្រធានទី១នៃរដ្ឋសភាក្នុងថ្ងៃបាតុកម្មនោះផងដែរ។
សេចក្តីថ្លែងការណ៍រួមមួយផ្សេងទៀតរបស់អង្គការសង្គមស៊ីវិលសំខាន់ៗក្នុងស្រុក រួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការសិទ្ធិមនុស្ស ADHOC អង្គការសិទ្ធិមនុស្ស LICADHO មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ CLEC និងសមាគមធាងត្នោតជាដើម បានបញ្ជាក់ពីការបារម្ភ និងបានថ្កោលទោសអំពើហិង្សាដែលបានកើតឡើងនាថ្ងៃច័ន្ទ។ សេចក្តីថ្លែងការណ៍រួម ដែលបានចេញកាលថ្ងៃអង្គារកន្លងនេះ បានអះអាងថា ក្នុងចំណោមបាតុករ ដែលធ្វើការស្រែកប្រឆាំងនឹងលោកកឹម សុខា នៅមុខរដ្ឋសភាកាលថ្ងៃច័ន្ទនោះ ក៏មានកងសន្តិសុខ និងមន្ត្រីនគរបាល ហើយភាគច្រើនមានចងក្រមា ឬមានក្រណាត់ក្រហមបិទភ្ជាប់នឹងអាវសម្រាប់ជាសញ្ញាផងដែរ។ អ្នកតវ៉ាជាច្រើនរយនាក់បានឡោមព័ទ្ធផ្ទះលោកកឹម សុខាជាច្រើនម៉ោង ដោយមានការគប់ដុំថ្មផងដែរ បន្ទាប់ពីពួកគេបានរំសាយគ្នាពីមុខរដ្ឋសភានាថ្ងៃច័ន្ទនោះ។ មួយថ្ងៃក្រោយការកើតឡើងនៃបាតុកម្មហិង្សានេះ រដ្ឋសភាជាតិនៃប្រទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអំពើហិង្សានេះដែរ។
តំណាងរាស្ត្រ ដែលរងការវាយដំនោះ គឺលោក គង់ សភា តំណាងរាស្ត្រខេត្តស្វាយរៀង និងលោក ញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាម។ តំណាងរាស្ត្រគណបក្សជំទាស់ទាំងពីរនាក់នេះ បានចាកចេញទៅព្យាបាលរបួសនៅប្រទេសថៃ។ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានដឹកនាំក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សរបស់លោកទៅសួរសុខទុកតំណាងរាស្ត្រទាំងពីរនាក់នោះ នៅព្រឹកថ្ងៃពុធនេះនាទីក្រុងបាងកកប្រទេសថៃ។
នៅព្រឹកថ្ងៃពុធនេះ ក្រសួងមហាផ្ទៃបានបើកកិច្ចប្រជុំស្តីពីការបើកកិច្ចប្រតិបតិ្តការស្រាវជ្រាវស្វែងរកជនសង្ស័យដែលបង្ករបួសស្នាមលើអ្នកតំណាងរាស្ត្រទាំងពីរនាក់នោះ បន្ទាប់ពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតគណៈកម្មការស្រាវជាវមួយស្វែងរកជនសង្ស័យក្នុងហេតុការណ៍វាយដំតំណាងរាស្រ្តដ៏ហិង្សានេះ កាលពីថ្ងៃអង្គារ។ គណៈកម្មការនេះនឹងស្វែងរកសាក្សី ភស្តុតាងដែលពាក់ព័ន្ធ ដើម្បីស្វែងរកជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ឲ្យបានលឿនបំផុត ហើយបានអំពាវនាវឲ្យប្រជាពលរដ្ឋឲ្យចូលរួមសហការផងដែរ។ នេះបើតាមការបញ្ជាក់ពីសេចក្តីរាយការណ៍ព័ត៌មានរបស់ គេហទំព័រព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ការបើកការស្រាវជ្រាវនេះធ្វើឡើងទន្ទឹមគ្នានឹងមានសេចក្តីរាយការណ៍មកថា អ្នកបើកបររថយន្តរបស់អ្នកតំណាងរាស្ត្រដែលរងការវាយប្រហារ ត្រូវគេកោះហៅទៅសាកសួរអំពីព្រឹត្តិការណ៍វាយប្រហារនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងដំណើរមកដល់ប្រទេសកម្ពុជាពីប្រទេសបារាំងវិញមានប្រតិកម្មចំពោះការវាយអ្នកតំណាងរាស្ត្រ និងចំពោះបញ្ហានយោបាយចុងក្រោយក្នុងប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបាននាំមកជាមួយនូវប្រាក់កម្ចីសម្បទានជាច្រើនលានអឺរ៉ូពីប្រទេសបារាំង និងបានធ្វើសន្ធិសញ្ញាបត្យាប័នទៅវិញទៅមករវាងកម្ពុជា និងបារាំង បន្ទាប់ពីលោកបានបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋរបស់លោកចំនួនបួនថ្ងៃនៅប្រទេសបារំាង។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ដែលបានអមដំណើរលោកនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសបារាំង។
លោកបណ្ឌិតកៅ គឹមហួន រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែតនៅឯព្រលានយន្តហោះភ្នំពេញអន្តរជាតិថា រដ្ឋាភិបាលបារាំងដឹកនាំដោយលោកប្រធានាធិបតី François Hollande បានយល់ព្រមផ្តល់ប្រាក់កម្ចីចំនួន១០៤លានអឺរ៉ូ គឺប្រហែលជា១១៥លានដុល្លារអាមេរិកដល់រដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោងទឹកស្អាតនៅខេត្តសៀមរាប ការសាងសង់សាលាបណ្តុះបណ្តាលជំនាញទេសចរណ៍នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ និងការតភ្ជាប់បណ្តាញអគ្គិសនីនៅខេត្តកោះកុង ខេត្តកំពង់ចាម និងខេត្តក្រចេះ។ លោកនិយាយថា ចាប់ពីឆ្នាំ១៩៩៣រហូតមកដល់ឆ្នាំ២០១៥នេះ រដ្ឋាភិបាលកម្ពុជាទទួលបានជំនួយឥតសំណង និងប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលបារាំងចំនួន៤០៦លានអឺរ៉ូគឺប្រហែលជាជាង៤៤៨លានដុល្លារអាមេរិក៕