ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិគ្រោងនឹងចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃនៅយប់ថ្ងៃអង្គារនេះ។ នេះបើតាមការអះអាងរបស់លោក កឹម សុខ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅក្នុងគេហទំព័រ Facebook របស់លោកប៉ុន្មាននាទីចេញដំណើរ ដែលមានសេចក្តីទាំងស្រុងថា៖
«ខ្ញុំដឹកនាំគណៈប្រតិភូ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរួមមាន៖ លោក អេង ឆៃអ៊ាង លោក យ៉ែម បុញ្ញឫទ្ធិ និងសហការីមួយចំនួនទៀត ទៅសួរសុខទុក្ខតំណាង រាស្ដ្រ គឺលោកញ៉យ ចំរើន និងលោក គង់ សភា ដែលរងរបួសជាទម្ងន់ ដោយរងការ វាយដំយ៉ាងសាហាវឃោរឃៅពីសំណាក់បាតុករ ជាជនពាលក្នុងក្បួនបាតុកម្ម ហិង្សានៅមុខរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលានេះ»។
លោកបានបន្តថា អ្នកតំណាងរាស្ត្ររងគ្រោះទាំងពីររូប ដែលកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីពេទ្យប្រទេសថៃនោះ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលនេះជារឿងព្រួយបារម្ភយ៉ាងខ្លាំង។
ការចាកចេញរបស់ក្រុមមន្ត្រីគណបក្សជំទាស់នេះគឺធ្វើឡើង ក្រោយពេលមនុស្សមួយក្រុម ដែលទំនងជាគាំទ្រគណបក្សគ្រប់គ្រងប្រទេស បានទាមទារនៅរដ្ឋសភានិងនៅមុខផ្ទះរបស់លោកកឹម សុខា ឲ្យលោកចុះចេញពីមុខតំណែង។
នៅសប្តាហ៍នេះមេដឹកនាំគណបក្សគ្រប់គ្រងប្រទេសបានចេញសារគំរាមថា មេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៉ីអាចជាប់គុក ជាពិសេសទាក់ទងនឹងការបង្ហោះ ឯកសារព្រំដែនដែលមន្ត្រីរដ្ឋាភិបាលចាត់ទុកថា ជាឯកសារក្លែងក្លាយ៕