អង្គការសង្គមស៊ីវិលបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអំពើហិង្សាលើតំណាងរាស្ត្ររបស់គណបក្សជំទាស់ ក្នុងពេលជាមួយគ្នានេះ អាជ្ញាធរកម្ពុជាបានបង្កើតគណៈកម្មាធការមួយដើម្បីវែកមុខរកអ្នកប្រព្រឹត្តអំពើហិង្សានាថ្ងៃច័ន្ទនោះ។
នៅថ្ងៃអង្គារនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch សង្គមស៊ីវិលក្នុងប្រទេសកម្ពុជា និងរដ្ឋសភាជាតិ បានបន្តចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះ ការវាយប្រហារលើតំណាងរាស្ត្រគណបក្សសង្គ្រោះ និងបានស្នើឲ្យមានការស៊ើបអង្កេតករណីនេះ ខណៈពេលដែលតំណាងរាស្ត្រគណបក្សជំទាស់ពីរនាក់ ដែលរងរបួសបានចាកចេញទៅព្យាបាលរបួសនៅក្រៅប្រទេស។
សេចក្តីថ្លែងការណ៍ផ្សេងគ្នាពីស្ថាប័នសិទ្ធិមនុស្ស និងរដ្ឋសភាជាតិធ្វើឡើងមួយថ្ងៃ ក្រោយពេលដែលតំណាងរាស្ត្រពីររូបរបស់គណបក្សជំទាស់គឺលោកគង់ សភាតំណាងរាស្ត្រខេត្តស្វាយរៀង និងលោកញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាម ត្រូវបានមនុស្សមួយក្រុម ដែលគេជឿថា ជាក្រុមបាតុករប្រឆាំងនឹងលោកកឹម សុខា អនុប្រធានគណបក្សជំទាស់ បានវាយទាត់ធាក់ឲ្យរបួសក្បាល និងផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានទីតំាងនៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក បាននិយាយថា «ការវាយប្រហារយ៉ាងយង់ឃ្នង»លើតំណាងរាស្ត្របក្សប្រឆាំងគឺស្រដៀងទៅនឹងអ្វីដែលធ្លាប់បានកើតឡើងចំពោះគណបក្សជំទាស់ដែលធ្លាប់បានប្រកួតប្រជែងនឹងលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន នាអំឡុងឆ្នាំ១៩៩០។ អង្គការសិទ្ធិមនុស្សដដែលនេះបានស្នើឲ្យមានអង្គការស៊ើបអង្កេត ដ៏ជាក់លាក់មួយពីអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស។
លោក Brad Adams ប្រធានការិយាល័យប្រចាំតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិ Human Rights Watch បានសរសេរក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា៖
«ការប្រើប្រាស់កំហឹងរបស់ពលរដ្ឋដើម្បីវាយប្រហារលើតំណាងរាស្ត្រគណបក្សជំទាស់បានបញ្ជូនសញ្ញាភ័យខ្លាចមួយដល់ប្រជាពលរដ្ឋកម្ពុជា ហើយវាបង្ហាញពីរលកនៃអំពើហិង្សាផ្នែកនយោបាយថ្មីមួយដែលអាចកើតឡើងគ្រប់ពេល និងគ្រប់ទីកន្លែង»។
អង្គការឃ្លាំមើលសិទ្ធិ Human Rights Watchក៏បានបង្ហាញផងដែរថា បាតុកម្មប្រឆាំងលោក កឹម សុខាគឺមានការគាំទ្រពីលោកឧត្តមសេនីយ៍ គន់ គីម សមាជិកគណៈកម្មការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា ដែលបានចេញសេចក្តីថ្លែងការណ៍គាំទ្រការទម្លាក់លោកកឹម សុខាពីតំណែងអនុប្រធានទី១នៃរដ្ឋសភាក្នុងថ្ងៃបាតុកម្មនោះផងដែរ។
កាលពីព្រឹកថ្ងៃច័ន្ទមានក្រុមអ្នកតវ៉ាប្រឆាំងលោក កឹម សុខាជាង១០០០នាក់ ដែលគេស្គាល់ថា អ្នកគាំទ្រគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានប្រមូលផ្តុំគ្នានៅមុខរដ្ឋសភា ធ្វើការស្រែកសុំឲ្យប្តូរលោក កឹម សុខា ចេញពីតំណែងអនុប្រធានរដ្ឋសភា។ ក្រុមអ្នកតវ៉ាភាគច្រើនបានរំសាយពីមុខរដ្ឋសភា ក្រោយពេលដែលអ្នកតំណាងរដ្ឋសភាចេញមកទទួលញតិ្ត។ ក៏ប៉ុន្តែក្រុមអ្នកតវ៉ាមួយចំនួនដែលគេជឿថា នៅសេសសល់ បានរារាំងរថយន្តតំណាងរាស្ត្រគណបក្សសង្គ្រោះមុននឹងអូសពួកគាត់ចេញពីរថយន្ត និងធ្វើកាវាយតប់នោះ។
ក្នុងសេចក្តីថ្លែងការណ៍រួមផ្សេងមួយទៀតរបស់អង្គការសង្គមស៊ីវិលសំខាន់ៗក្នុងស្រុក រួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការសិទ្ធិមនុស្ស ADHOC អង្គការសិទ្ធិមនុស្ស LICADHO មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ CLEC និងសមាគមនធាងត្នោតជាដើម បានបញ្ជាក់ពីការបារម្ភ និងបានថ្កោលទោសហិង្សាដែលបានកើតឡើងនាថ្ងៃច័ន្ទ។ ក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានចេញនាថ្ងៃអង្គារនេះ បានអះអាងថា ក្នុងចំណោមបាតុករ ដែលធ្វើការស្រែកប្រឆាំងនឹងលោក កឹម សុខា នៅមុខរដ្ឋសភាកាលថ្ងៃច័ន្ទនោះ ក៏មានកងសន្តិសុខ និងមន្ត្រីនគរបាល ហើយភាគច្រើនមានចងក្រមា ឬមានក្រណាត់ក្រហមបិទភ្ជាប់ និងអាវជាសញ្ញាផងដែរ។ អ្នកតវ៉ាជាច្រើនរយនាក់បានឡោមព័ទ្ធផ្ទះលោក កឹម សុខាជាច្រើនម៉ោង ដោយមានការគប់ដុំថ្មផងដែរ បន្ទាប់ពីពួកគេបានរំសាយគ្នាពីមុខរដ្ឋសភានាថ្ងៃច័ន្ទនោះ។
លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស LICADHO បានប្រាប់ VOA ថា ការសម្តែងមតិរបស់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធក្នុងឯកសណ្ឋានស៊ីវិល ឬមិនមានអាវុធគឺជាសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋ តែជនដែលប្រើអំពើហិង្សាគឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ លើសពីនេះទៀត ការតវ៉ា និងការបង្ហាញអាវុធ ឬអង្គភាពគឺបង្ហាញពីភាពលម្អៀងរបស់កងកម្លាំងប្រដាប់អាវុធ។
«ប្រសិនជាបញ្ហានេះវាកាន់តែច្រើនទៅៗ អាហ្នឹងគឺយើងជាសង្គមស៊ីវិលមានការបារម្ភណាស់ ពីព្រោះបើអ្នកគាំទ្ររបស់គណបក្សមួយចេញមុខធ្វើបាតុកម្មដោយសន្តិវិធីគ្មានហិង្សាគឺវាមិនអីទេ តែដល់ពេលចេញធ្វើបាតុកម្មដោយមានការវ៉ៃតំណាងរាស្ត្រ តំណាងអី និងមានការចេញមុខគាំទ្រព្រោងព្រាតពីកងកម្លាំងប្រដាប់អាវុធដូចអញ្ចឹងទៀតគឺយើងមានការបារម្ភមែនទែន នៅពេលធ្វើការបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨ខាងមុខនេះបាទ»។
យ៉ាងណាក៏ដោយលោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានច្រានចោលនៃការរិះគន់របស់សង្គមស៊ីវិល និងការលើកឡើងរបស់លោក Brad Adams ដោយលោកបានស្នើឲ្យគ្រប់ភាគីទាំងអស់មានការអត់ធ្មត់ ហើយរដ្ឋាភិបាលរបស់លោកហ៊ុន សែនកំពុងធ្វើការស៊ើបអង្កេតលើបញ្ហាអំពើហិង្សានោះហើយ។
«ខ្ញុំចង់អំពាវនាវឲ្យគ្រប់ភាគី ដែលពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ប្រឆាំងនិងនិទន្ទភាព។ សូមព្យាយាមអំណត់បន្តិច ដើម្បីកុំឲ្យបង្កើតសភាពការណ៍ហ្នឹង វាស្មុគស្មាញថែមទៅទៀត។ ហើយយើងទាំងអស់គ្នាគឺមានគំនិតដូចគ្នាគឺត្រូវតែនាំជនដៃដល់មកកាន់តុលាការ។ អាហ្នឹងគឺជាការសម្រេចចិត្តរបស់រដ្ឋាភិបាល ក៏ដូចជាការសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជា។ រឿងនេះគឺគ្រាន់តែនាំមកនូវការបំផ្លាញការណ៍ពិត ហើយចូលរួមនៅក្នុងអ្វីទៅដែលហៅថា វប្បធម៌និទន្ទភាពនោះទេ»។
លោកឧត្តមសេនីយ៍ជួន សុវណ្ណ ស្នងការប៉ូលិសក្រុងភ្នំពេញប្រាប់ VOA ថា ក្រសួងមហាផ្ទៃបានសម្រេចបង្កើតគណៈកម្មាធិការពិសេសមួយដើម្បីធ្វើការស៊ើបអង្កេតជាបន្ទាន់ទៅលើករណីផ្ទុះអំពើហិង្សានេះ ហើយអាជ្ញាធរក្រុងភ្នំពេញ នឹងជួបជាមួយអ្នកបើករថយន្តរបស់តំណាងរាស្ត្រទាំងពីរនោះនាថ្ងៃពុធស្អែកដើម្បីធ្វើការសាកសួរអំពីបញ្ហាដែលបានកើតមានឡើង។
មុនពេលបិទទូរស័ព្ទ លោកស្នងការជួន សុវណ្ណ បានថ្លែងថា៖
«បាទ ឥឡូវហ្នឹងគឺក្រសួងមហាផ្ទៃកំពុងនាំមុខក្នុងការបង្កើតគណៈកម្មការមួយដើម្បីធ្វើការស៊ើបអង្កេតទៅលើរឿងនេះ»។
នៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយ VOA ពីទីក្រុងបាងកក ប្រទេសថៃ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបដែលរងរបួសគឺលោកគង់ សភា និងលោក ញ៉យ ចំរើនបានប្រាប់ VOA ថា អំពើហិង្សានេះជាការរំលោភលើអភ័យឯកសិទ្ធិសភា សិទ្ធិបុគ្គលដោយគ្មានការការពារសន្តិសុខ សុវត្ថិភាព។ តំណាងរាស្ត្រទាំងពីរបានអំពាវនាវឱ្យមានការចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់។
ដោយឡែករដ្ឋសភាជាតិបានចេញសេចក្តីថ្លែងការណ៍នាថ្ងៃអង្គារនេះ ដោយស្តីបន្ទោសចំពោះអំពើហិង្សានៅមុខស្ថាប័នខ្លួនហើយ បាន«ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច រាជរដ្ឋាភិបាលចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្រាវជ្រាវចាប់ខ្លួនជនល្មើស យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន»។ ក៏ប៉ុន្តែរដ្ឋសភាមិនបានថ្កោលទោសចំពោះការធ្វើបាតុកម្មប្រឆាំងនិងអនុធានទី១នៃរដ្ឋសភានោះទេ ដោយលើកហេតុផលថា «ជាសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយសិទ្ធិនេះត្រូវបានអនុវត្តតាមក្របខណ្ឌនៃច្បាប់»។
ស្របគ្នានោះដែរ រដ្ឋាភិបាលកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍ពិសេសមួយនាថ្ងៃអង្គារនេះ ដោយថ្កោលទោសចំពោះអំពើហិង្សា ដែលបានកើតឡើង។ ហើយថា រដ្ឋភិបាលកំពុងតែចាត់វិធានការផ្លូវច្បាប់ដើម្បីវែកមុខរកជនដៃដល់។ សេចក្តីថ្លែងការណ៍ដដែលក៏បានបញ្ជាក់ «ជំហរឥតងាករេរបស់ខ្លួនក្នុងការប្រឆំាងដាច់ខាតទៅនឹងវប្បធម៌អំពើហិង្សា ក៏ដូចវប្បធម៌ និទន្ទភាពផងដែរ»។
ក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សជំទាស់ដែលរងការវាយប្រហារទាំងពីរនាក់បានចាត់ទុកថា ការប្រើអំពើហិង្សានេះធ្វើឱ្យអាប់ឱនកិតិ្តយសប្រទេសកម្ពុជា និងបង្ហាញពីការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ៕