ការវាយតប់ទាត់ធាក់យ៉ាងឃោរឃៅលើអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងដែលត្រូវគេថតបាននិងបង្ហោះតាមបណ្តាញសង្គមបង្កឱ្យមានប្រតិកម្មថ្កោសទោសយ៉ាងខ្លាំងក្លាពីស្ថាប័ននានារបស់រដ្ឋាភិបាល សង្គមស៊ីវិល ស្ថានទូតបរទេសនិងអ្នកប្រើប្រាស់បណ្តាញសង្គមហើយទាមទារឱ្យនាំយកអ្នកប្រព្រឹត្តមកផន្តាទោស។
ស្ថានទូតសហរដ្ឋអាមេរិកបាន«ថ្កោលទោសសកម្មភាពទាំងនេះ» ហើយអំពាវនាវឱ្យអាជ្ញាធរធ្វើការ«ស៊ើបអង្កេតឱ្យបានពេញលេញ និងប្រកបដោយតម្លាភាព»។
គណបក្សប្រឆាំងបានចាត់ទុកថាវាគឺជា«អំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនិងជាការរំលោភបំពានលើអភ័យឯកសិទ្ធិសភារបស់អ្នកតំណាងរាស្ត្រ»។
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិពីររូបគឺលោកញ៉យ ចំរើន និងលោកគង់ សភា ត្រូវបានជនមិនស្គាល់អត្តសញ្ញាណមួយក្រុមវាយប្រហារទាំងកណ្តាលថ្ងៃត្រង់កាលពីថ្ងៃច័ន្ទក្នុងពេលដែលពួកគេចាកចេញពីវិមានរដ្ឋសភា។
រូបភាពវីដេអូដែលបានបង្ហោះតាមបណ្តាញសង្គមបង្ហាញឱ្យឃើញថាជនវាយប្រហារមានចងក្រម៉ានៅ នឹងចង្កេះ និងមានម្នាក់រុំមុខនឹងកន្សែងពណ៌បៃតងខ្ចីជាអ្នកទាត់ធាក់ចំលើទ្រូងលោកញ៉យ ចំរើនមុននឹងបក្សពួក ហៅឱ្យដើរចេញ។
លោកញ៉យ ចំរើន ដែលក៏ជាពលរដ្ឋខ្មែរអាមេរិកាំងបានរៀបរាប់ពីហេតុការណ៍នោះប្រាប់ក្រុមអ្នកសារព័ត៌មានដែលតាមសម្ភាសដល់គ្លីនិកសម្រាកព្យាបាលថាលោកមិនបានឆ្លើយឆ្លងអ្វីនឹងក្រុមអ្នកវាយប្រហារនោះទេគឺពួកគេមកដល់ហើយចាប់ផ្តើមវាយប្រហារតែម្តងដោយមិនបានសួរនាំអ្វី ទាំងអស់។
លោកបានរៀបរាប់ពីស្ថានភាពមុខរបួសរបស់លោកថាលោករងរបួសត្រង់ភ្នែក ច្រមុះ ថ្គាម និងដៃ៖
«ឥឡូវនេះគ្រោះ ថ្នាក់ខ្លាំងណាស់។ ភ្នែកខ្ញុំវាមើលអត់ឃើញម្ខាង ហើយបែកភ្នែក ច្រមុះបាក់ ហើយបាក់ថ្គាម។ ចុកខ្លាំងណាស់។ ហើយដៃក៏បាក់ដែរ»។
រីឯលោកគង់ សភា ត្រូវបានក្រុមអ្នកវាយប្រហារទាញចេញពីរថយន្តមកព្រួតគ្នាទាត់ធាក់ហើយត្រូវអ្នកបើកបរមកជួយគ្រាដាក់បញ្ចូលរថយន្តហៀបនឹងបើកចេញក៏ មានបុរសម្នាក់ដែលនៅក្នុងដៃមានកាន់វិទ្យុទាក់ទងស្ទុះទៅទាញចេញពីរថយន្តជាលើកទីពីរមកទាត់ធាក់រហូតអស់ចិត្តមុននឹងពួកគេទុកឱកាសឱ្យអ្នកបើកបររថយន្តជួយគ្រាជនរងគ្រោះបញ្ចូលរថយន្តបើកចេញទៅក្រោមក្រសែភ្នែករបស់មនុស្សយ៉ាងហោចណាស់ក៏៣០នាក់ដែរ។
លោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅ ក្នុងគ្លីនិកព្យាបាលមួយថា៖
«ពេលដែលចាប់អារម្មណ៍ចេញពី ច្រកមកឃើញអ្នកចងក្រម៉ានិយាយID ថាឡានហ្នឹងហើយ។ ចឹងវាមានឱ្យគ្នាវាមួយឈប់មុខឡានហើយវាបើកទ្វារឡានយើងទាញអូសទម្លាក់វាយយកតែម្តង»។
ការវាយប្រហារនេះកើតមានឡើងរយៈពេលជាងមួយម៉ោងក្រោយពីបាតុកម្មប្រឆាំងនឹងមេដឹកនាំគណបក្សប្រឆាំង។ នេះបើតាមការបញ្ជាក់របស់សាលារាជធានីភ្នំពេញ។ រូបភាពវីដេអូនានាបង្ហាញថាទាំងបាតុករនិងក្រុមអ្នកវាយប្រហារមានចងក្រម៉ានៅនឹងចង្កេះនិងមានប្រើប្រាស់វិទ្យុទាក់ទងគ្នាស្ទើរគ្រប់ដៃ។
បាតុកម្មដែលបានបញ្ចប់មុនពេលវាយប្រហារនោះរៀបចំឡើងដោយក្រុមអ្នកតវ៉ាដែលមាននិន្នាការគាំទ្រគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងនោះមានក្រុមយុវជនសម្ព័ន្ធសេនានាគដែលធ្លាប់បានស្បថស្បែរដើម្បី ការពារអំណាចលោកនាយករដ្ឋមន្ត្រីហ៊ុន សែនលុះក្ស័យជីវិត។
លោក ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិ ក្រុមយុវជនសម្ព័ន្ធសេនានាគបានស្រែកប្រកាសក្នុងពេលបាតុកម្មនោះថាលោកតំណាងឱ្យពលរដ្ឋជាច្រើនខេត្តមកទាមទារឱ្យលោកកឹម សុខាចុះចេញពីតំណែងអនុប្រធានសភា។
អាជ្ញាធររាជធានីភ្នំពេញបានសម្តែងការសោកស្ដាយ និងថ្កោលទោសចំពោះអំពើហិង្សាដែលបានកើតឡើងហើយសន្យាថានឹងចាត់វិធានការស្រាវជ្រាវចាប់ជនដៃដល់ទាំងនោះមកទទួលទោសតាមផ្លូវច្បាប់ប៉ុន្តែបានថ្លែងការពារថាបើទោះបីជាការធ្វើបាតុកម្មខាងលើនេះពុំបានជូនដំណឹងមកសាលារាជធានីភ្នំពេញក៏បាតុកម្មនោះបានរំសាយនៅម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃដដែល ។
លោកផៃ ស៊ីផានអ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុកថ្កោលទោសការវាយប្រហារនោះប៉ុន្តែលោកក៏បានចាត់ទុកការអំពាវនាវរបស់សា្ថនទូតសហរដ្ឋអាមេរិកថា«គឺជាប្រតិកម្មមួយដែលញ៉ាំងឲ្យករណីនេះមានភាពស្មុគស្មាញលើសដើម»។
លោកបន្ថែមថា៖
«ខ្ញុំជឿជាក់ថាសេចក្តីអំពាវនាវនេះ មានទិដ្ឋភាពជាការបង្គាប់បញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធរាប់ទាំងសភាជាតិផងដែរ។ ការអំពាវនាវរបស់ស្ថានទូតសហរដ្ឋអាមេរិកពេលនេះ គឺរឹតតែបង្ហាញនូវភាពក្រអឺតក្រទម និងអាចចាត់ជាការជ្រៀតជ្រែក ប្រាស់ចាកពីការងារទូត ដែលមិនមែនជាការបង្គាប់បញ្ជានៃការងាររបស់ខ្លួនឡើយ»។
លោកបានចោទជាសំណួរថា កាលពីមានឧប្បទ្ទវហេតុ កើតឡើងនៅទីលានប្រជាធិបតេយ្យ ដែលបាតុករបង្កររបួសស្នាម ហិង្សាប្រឆាំងនិងភ្នាក់ងារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ហេតុអ្វីក៏ស្ថានទូតមិនចេញថ្កោលទោស៕