ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជាបានប្រកាសជាផ្លូវការថា សេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ដែលអនុម័តដោយរដ្ឋសភាជាតិ និងព្រឹទ្ធសភា ត្រូវបានធ្វើឡើងដោយស្របនឹងរដ្ឋធម្មនុញ្ញ។ នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃពុធនេះតាមគេហទំព័ររបស់អង្គនីតិបញ្ញត្តិកំពូលនេះ។
សេចក្តីសម្រេចនេះកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធាន និងសមាជិក៧រូបនៃក្រុមប្រឹក្សាធម្មនុញ្ញ បានស្តាប់ការពន្យល់របស់ក្រុមអ្នកតំណាងរាស្រ្តបីរូបនៃគណបក្សសង្គ្រោះជាតិ អំពីចំណុចចម្រូងចម្រាសជាច្រើនទាក់ទងនឹងការរឹតបន្តឹងសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដែលបានសរសេរនៅសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលនេះ គឺសិទ្ធិសេរីភាពធានាដោយរដ្ឋធម្មនុញ្ញ។
សេចក្តីសម្រេចថ្ងៃទី១២ខែសីហា ចុះហត្ថលេខាដោយលោក ឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានសរសេរថា៖ «ច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១កក្កដា ឆ្នាំ២០១៥ នាសម័យប្រជុំលើកទី៤ នីតិកាលទី៥ និងព្រឹទ្ធសភាបានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ ដោយឥតកែប្រែ ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៣ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥នោះ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ»។
ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ក្នុងសេចក្តីសម្រេចដដែលនេះថា៖ «សេចក្តីសម្រេចនេះធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ក្នុងកិច្ចប្រជុំពេញអង្គនៃក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្តទៅលើអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច»។
លោក សុន ឆ័យ អ្នកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិ ដែលជាអ្នកពន្យល់អំពីចំណុចរឹតត្បិតសិទ្ធិសេរីភាព និងភាពមិនច្បាស់លាស់នៅក្នុងមាត្រាចំនួន១៨នៃសេចក្តីព្រាងច្បាប់នេះ បានសម្តែងការខកចិត្តចំពោះការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ហើយលោកបានបដិសេធមិនផ្តល់ការអធិប្បាយលើការសម្រេចនេះទេ ដោយនិយាយថា លោករង់ចាំការឆ្លើយតបជាលាយលក្ខណ៍អក្សរពីក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះការបកស្រាយរបស់ក្រុមអ្នកតំណាងរាស្រ្តនៃគណបក្សជំទាស់អំពីភាពមិនប្រាកដប្រជា និងចំណុចអវិជ្ជមាននៃសេចក្តីព្រាងច្បាប់ដ៏គួរឲ្យបារម្ភនេះ។
«ខ្ញុំមិនចង់ធ្វើអធិប្បាយអីច្រើនទេ។ ខ្ញុំចង់ឃើញលិខិតឆ្លើយពីក្រុមប្រឹក្សារដ្ឋធម្មនុញ្ញសិន ព្រោះចំណុចដែលខ្ញុំលើកឡើងមានមូលដ្ឋានត្រឹមត្រូវសង្ឃឹមថា ក្រុមប្រឹក្សាធម្មនុញ្ញយល់ថា មានប៉ះពាល់ប្រពៃណីច្បាប់អន្តរជាតិទេ? គាត់ត្រូវតែផ្តល់ហេតុផលមកខ្ញុំវិញដែរ។ ដូច្នេះខ្ញុំរង់ចាំការពន្យល់ពីក្រុមប្រឹក្សាធម្មនុញ្ញមកវិញ មុននឹងខ្ញុំធ្វើអត្ថាធិប្បាយយ៉ាងណា»។
សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដែលអនុម័តដោយសមាជិករដ្ឋសភានិងសមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាចនេះមាន៩ជំពូក និង៣៩មាត្រា។
លោកព្រហ្ម ញាណវិចិត្រ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ មានប្រសាសន៍ប្រាប់វីអូអេថា សេចក្តីសម្រេចនេះត្រូវបានបញ្ជូនភ្លាមៗទៅកាន់សា្ថប័នជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាល រដ្ឋសភាជាតិ និងព្រឹទ្ធសភា ហើយនិងព្រះបរមរាជវាំង។
«បញ្ចប់ទៅ សេចក្តីសម្រេចនេះ យើងបានធ្វើព្រាង បញ្ជូនទៅហើយ ត្រង់ថា ទៅដល់ ឬមិនទាន់ដល់ហ្នឹងមិនដឹងទេ។ ប៉ុន្តែយើងបានបញ្ជូនទៅហើយ។ បញ្ជូនទៅប្រាំកន្លែង បញ្ជូនទៅអស់ហើយ។ បញ្ជូនទៅខាងព្រះបរមរាជវាំងដើម្បីថ្វាយព្រះករុណា ហើយបន្ទាប់មកបញ្ជូនទៅ ជាមួយគ្នាហ្នឹងដែរបញ្ជូនទៅសភាជាតិ ទៅព្រឹទ្ធសភា ទៅរាជរដ្ឋាភិបាល ហើយនិងទៅតុលាការកំពូល»។
លោកតឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកានៃអង្គការក្រៅរដ្ឋាភិបាលស្តីពីកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា និងស្ថាប័នអង្គនីតិបញ្ញតិ្តនឹងទទួលបន្ទុកធ្ងន់បន្ថែមទៀត ប្រសិនជាសេចក្តីព្រាងច្បាប់ដែលមានអាយុកាល៤ឆ្នាំនេះត្រូវបានឡាយព្រះហស្ថលេខាដោយអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការកែសម្រួល។ លោកនិយាយថា៖
«បើសិនច្បាប់ហ្នឹងអត់មានការកែប្រែ មានន័យថា អាហ្នឹងជាបន្ទុកមួយថែមទៀតដល់រាជរដ្ឋាភិបាលក៏ដូចជារដ្ឋសភា និងព្រឹទ្ធសភាផងដែរ ក្នុងការផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋក្រីក្រ ហើយនឹងប្រជាពលរដ្ឋទូទៅ ព្រោះបើសិនជាមានផលប៉ះពាល់ដល់ប្រតិបត្តិការរបស់អង្គការសង្គមស៊ីវិល ប្រជាជនរាប់លាននាក់ដែលទទួលសេវាពីអង្គការសង្គមស៊ីវិល ក៏ទទួលរងផលប៉ះពាល់ផ្ទាល់ផងដែរ ពីការអនុវត្តទាក់ទងច្បាប់នេះ»។
ប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវបានឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថនរោត្តមសីហមុនីមែន នោះសមាគមនិងអង្គការក្រៅរដ្ឋាភិបាលមុខជានឹងប្រឈមនឹងឧបសគ្គជាច្រើន រួមមានឧបសគ្គខាងផ្លូវច្បាប់ ពីព្រោះច្បាប់នេះតម្រូវឲ្យសមាគម និងអង្គការក្រៅរដ្ឋាភិបាលចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ក្រសួងមហាផ្ទៃអាចនឹងដើរតួជាអ្នកលុបឈ្មោះសមាគម និងអង្គការក្រៅរដ្ឋាភិបាលចេញពីបញ្ជីផងដែរ។ ឧបសគ្គនេះនឹងធ្វើឲ្យក្រុមអង្គការសង្គមស៊ីវិលពិបាកធ្វើការកែលម្អបញ្ហាអវិជ្ជមានក្នុងសង្គម ជាពិសេសគឺវិបត្តិដីធ្លីដ៏ស្រួចស្រាវ៕