ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​គាំទ្រ​អនុសាសន៍​ឯកអគ្គរដ្ឋទូត​​អាមេរិក​អំពី​ច្បាប់​អង្គការ


លោក ​វីលៀម​ ថូដ​ (William Todd)​ ឯកអគ្គរដ្ឋទូត​របស់​សហ​រដ្ឋ​អាមេរិក​​​ចូល​រួម​នៅ​ក្នុង​ពិធី​​ស្បថ​ចូល​កាន់​តំណែង​របស់​តំណាងរាស្ត្រ​នៅ​ក្រោយ​​​​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។
លោក ​វីលៀម​ ថូដ​ (William Todd)​ ឯកអគ្គរដ្ឋទូត​របស់​សហ​រដ្ឋ​អាមេរិក​​​ចូល​រួម​នៅ​ក្នុង​ពិធី​​ស្បថ​ចូល​កាន់​តំណែង​របស់​តំណាងរាស្ត្រ​នៅ​ក្រោយ​​​​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។

​មន្ត្រី​រដ្ឋាភិបាល​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ក្រសួង​មហាផ្ទៃ​កំពុង​ធ្វើ​ការ​យ៉ាង​មមាញឹក​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ដែល​អាច​បញ្ជូន​ទៅ​កាន់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ ខណៈ​ពេល​ដែល​អង្គការ​សង្គម​ស៊ីវិល​ និង​មន្ត្រី​ការ​ទូត​ រួម​ទាំង​ឯកអគ្គរដ្ឋទូត​ស.រ.អា នៅ​តែ​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ​ជា​សាធារណៈ​ដើម្បី​ធ្វើ​ការ​ពិគ្រោះ​យោបល់។​

តាម​ការ​ឲ្យ​ដឹង​ពី​លោក ​ខៀវ សុភ័គ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ ដែល​ជា​សាមី​ក្រសួងធ្វើ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សមាគម ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ បាន​ប្រាប់​ VOA​ ខេមរភាសា​ថា ​ក្រសួង​មហា​ផ្ទៃ​កំពុង​ធ្វើ​ការ​ប្រជុំ​ពិភាក្សា​ជា​ប្រចាំ​ ដើម្បី​កែ​សម្រួល​ផ្នែក​ខ្លះ​នៃច្បាប់​នេះ​ មុន​ពេលបញ្ជូន​ទៅ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី។​ ក៏​ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់បាន​ថា​ មាន​ការ​កែប្រែ​ផ្នែក​ណា​នៃ​ច្បាប់​នោះ​ទេ។​

«និយាយ​រួម​គឺ​ថា អ្វី​ដែល​ឈរ​លើ​មូលដ្ឋាន ​ដែល​បាន​ដាក់​ឆ្លង​ជា​មួយ​អង្គការ​សង្គម​ស៊ីវិល​តាំង​ពី​យូរ​ណាស់​មក​ហើយ​ហ្នឹង។​ យើង​គ្រាន់​តែ​កែ​សម្រួល​ឲ្យ​ស្រប​តាម​សភាព​ការណ៍​បច្ចុប្បន្ន។​ ហើយ​បច្ចុប្បន្ន​នោះ​គឺ​ឋិត​នៅ​ក្នុង​ការ​ពិភាក្សានៅឡើយ​រវាង​ក្រសួង​មហាផ្ទៃ​ជា​មួយ​បណ្ដា​ក្រសួង​ផ្សេងៗ​ទៀត​ដែល​ពាក់​ព័ន្ធ»។​

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ត្រូវ​រៀបចំ​ធ្វើ​ឡើង​ដោយ​ រដ្ឋាភិបាល​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ​២០១០​មក​ម្ល៉េះ​ ដោយ​មាន​ការ​ចូល​រួម​ពិភាក្សា​តិច​តូច​បំផុត​ពី​ដៃ​គូ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល។​ នៅ​ដើម​ខែ​មេសា​ឆ្នាំ​នេះ​ ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​លើក​យក​សេចក្តី​ព្រាងច្បាប់​នេះ​មក​ប្រកាស​សារ​ជា​ថ្មី​ម្តង​ទៀត​ ដោយ​ជំរុញ​ឱ្យ​អនុម័ត​ច្បាប់​នេះ​ឲ្យ​បាន​នា​ខែ​ឧសភា​នេះ​ជា​កំហិត។​

មកដល់​ពេល​នេះ​ រដ្ឋាភិបាល​កម្ពុជា​ពុំ​ទាន់​បាន​បញ្ចេញ​សំណៅ​ដើម​ចុង​ក្រោយ​នៃ​សេចក្តី​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះជា​សាធារណៈ​ ឬ​ដាក់​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ណា​មួយ​នោះ​ទេ។​

លោក ​វីលៀម​ ថូដ​ (William Todd)​ ឯកអគ្គរដ្ឋទូត​របស់​សហ​រដ្ឋ​អាមេរិកប្រចាំ​នៅ​កម្ពុជា​ បាន​សរសេរ​នៅ​ក្នុង​បទ​អត្ថាធិប្បាយ​របស់​លោក​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ថា​ ពិភព​លោក​កំពុង​តែ​បើក​ភ្នែក​សម្លឹង​មើល​ដំណើរ​ការ​របស់​ប្រទេស​កម្ពុជា។​ ​លោក​បន្ថែម​ថា​ សង្គម​ស៊ីវិល​មួយ​ដែល​មាន​ការ​បើក​ចំហ​គឺ​ជា​ «គន្លឹះ​ទៅ​កាន់​វិបុលភាព​ ព្រម​ទាំង​សិទ្ធិ​មនុស្ស»។​

លោក​បានសរសេរ​នៅ​ក្នុង​បទ​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា៖ ​«នៅ​សប្ដាហ៍​នេះ សហគមន៍​នៃ​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ជា​សម្ព័ន្ធ​អន្តរ​រដ្ឋាភិបាល​ ដែល​មាន​ក្រុម​ប្រឹក្សា ​រួមមាន​សហ​រដ្ឋ​អាមេរិក ប្រទេស​ជប៉ុន ​កូរ៉េ​ខាងត្បូង​ និង​ប្រទេស​ចំនួន​២៤​ផ្សេង​ទៀត​ បាន​ចេញ​សេចក្តី​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរ​ជាតិតឿន​ឲ្យរដ្ឋាភិបាល​កម្ពុជា​បញ្ចេញ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​បើក​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​ឲ្យ​បាន​ពេញ​លេញ»។

​លោក​ អំ សំអាត​ អ្នក​សម្របសម្រួល​បច្ចេកទេស​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (ឆ្វេង) ​ថ្លែង​នៅ​ក្នុង​សន្និសីទព័ត៌មាន​អំពី​យុទ្ធនាការ«ឈប់​និង​ពិគ្រោះ​យោបល់​លើ​ច្បាប់ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិ​បាល» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៥។ មាន​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ​ប្រមាណ​២៧០ ចូល​រួម​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​នោះ អំពី​សេចក្តី​ព្រាង​ច្បាប់​អង្គការ​ដ៏​ចម្រូងចម្រាស់​នេះ​ដែល​ពួក​គេបារម្ភ​ថា ច្បាប់​នេះ​មាន​ចេតនារិតត្បិត​សេរីភាព​របស់​ពួក​គេ។ (នៅ វណ្ណារិន/VOA)
​លោក​ អំ សំអាត​ អ្នក​សម្របសម្រួល​បច្ចេកទេស​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (ឆ្វេង) ​ថ្លែង​នៅ​ក្នុង​សន្និសីទព័ត៌មាន​អំពី​យុទ្ធនាការ«ឈប់​និង​ពិគ្រោះ​យោបល់​លើ​ច្បាប់ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិ​បាល» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៥។ មាន​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ​ប្រមាណ​២៧០ ចូល​រួម​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​នោះ អំពី​សេចក្តី​ព្រាង​ច្បាប់​អង្គការ​ដ៏​ចម្រូងចម្រាស់​នេះ​ដែល​ពួក​គេបារម្ភ​ថា ច្បាប់​នេះ​មាន​ចេតនារិតត្បិត​សេរីភាព​របស់​ពួក​គេ។ (នៅ វណ្ណារិន/VOA)

លោក​អំ សំអាត​ ប្រធាន​ការិយាល័យបច្ចេកទេស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ឯកអគ្គរដ្ឋទូត វីលៀម​ ថូដ​ (William Todd)​ ដោយ​ថ្លែង​ថា ​មក​ដល់​ពេល​នេះ​ អង្គការ​សង្គម​ស៊ីវិល​មិនទាន់​បាន​ទទួល​សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ​នៅ​ឡើយ​ ទេ​ ហើយ​បើ​តាម​សំណៅ​ច្បាប់ដែល​សង្គម​ស៊ីវិល​ទទួល​បាន​នា​ឆ្នាំ​២០១១​នោះ​គឺ​មាន​ការ​គាប​សង្កត់​ដល់​ដំណើរ​ការ​សង្គម​ស៊ីវិលយ៉ាង​ខ្លាំង។​

«ប្រសិន​ជា​ច្បាប់​នោះ​មិន​មាន​អ្វី​កែប្រែ​ខុស​ពី​ឆ្នាំ​២០១១​ទេ​ ខ្ញុំ​យល់​ថា​ ច្បាប់​នោះ​ចេញ​មក​គឺ​ក្នុង​គោល​បំណង​ក្នុង​ការ​រឹត​បន្តឹង​ដំណើរ​ការ​របស់​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ និង​អន្តរ​ជាតិតែ​ប៉ុណ្ណោះ»។​

មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល​បាន​បន្តថា​ រដ្ឋាភិបាល​កម្ពុជា​គួរតែ​បើក​ឲ្យ​មាន​ការ​បើក​ឲ្យ​មាន​កិច្ច​ពិភាក្សា​ឲ្យ​បាន​ទូលំទូលាយ​ ​ដើម្បី​ជៀសវាង​ផល​ប៉ះ​ពាល់​នា​ពេល​ខាង​មុខ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ចាប់​តាំង​ពី​ដើម​ខែ​ឧសភា​នេះ​ អង្គការ​សង្គម​ស៊ីវិល​ជាង​២៧០​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ចូលរួម​ធ្វើ​យុទ្ធនាការ​ស្នើ​ឲ្យ​មាន​«ការ​បញ្ឈប់​ និង​ធ្វើ​ការ​ពិភាក្សា»​លើសេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ ​ឲ្យ​បាន​ទូលំទូលាយ​ ​ដោយ​ពួក​គេ​យល់​ថា​ ច្បាប់​នេះ​មាន​ភាព​សាំញ៉ាំ​ និង​អាច​ប៉ះពាល់​ដល់​គម្រោង​អភិឌ្ឍន៍​ និង​កាងារ​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ។​ អង្គការ​ទាំង​នេះ​បាន​ព្រមាន​ថា​ កម្ពុជា​អាច​ខាតបង់​គម្រោង​នា​នា​ ដែល​មាន​ទឹក​ប្រាក់​រហូត​ដល់​៧០០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិកក្នុង​មួយឆ្នាំៗ​ ​ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ​អនុម័ត​ដោយ​មិន​សម​ស្រប​ និង​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ៕

XS
SM
MD
LG