លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ និងកិច្ចប្រជុំកំពូលជាច្រើនទៀត ដែលមានមេដឹកនាំក្នុងតំបន់ និងក្នុងពិភពលោកមកជួបជុំគ្នា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ខែវិច្ឆិកាខាងមុខ។
ក្រុមមេដឹកនាំទាំងអស់នឹងពិភាក្សាបញ្ហាជាច្រើន រួមទាំងបញ្ហាតំបន់ និងបញ្ហាសកល ដែលប្រទេសនីមួយៗកំពុងប្រឈម ហើយតម្រូវឲ្យប្រទេសនីមួយៗផ្លាស់ប្តូរយោបល់រួមគ្នាដោះស្រាយ។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ុន សែន ក្នុងទំព័រហ្វេសប៊ុករបស់លោក និងការបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃអង្គារនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងចូលរួមប្រជុំដាច់ដោយឡែកៗ ជាច្រើន ដូចជាកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ កិច្ចប្រជុំកំពូលអាស៊ាន អ.ស.ប. កិច្ចប្រជុំអាស៊ាន ចិន ជប៉ុន កូរ៉េ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៣ កិច្ចប្រជុំកំពូលអាស៊ាន-ចិន កិច្ចប្រជុំអាស៊ីបូព៌ាលើកទី១០ និងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយក្រុមប្រឹក្សាធុរៈកិច្ចជាដើម។
លោក ហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកថា លោកបាន«ខិតខំពង្រឹងមិត្តភាព និង សហប្រតិបត្តិការជាមួយបណ្តាប្រទេសជា មិត្ត ព្រមទាំងបានធ្វើឲ្យកម្ពុជាងើបមុខមាត់ស្មើភាពជាអន្តរជាតិ ដែលជាមោទនភាព របស់កម្ពុជាទាំងមូល»។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់បន្ថែមថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានោះ លោក ហ៊ុន សែន នឹងចុះហត្ថលេខារួមគ្នាជាមួយមេដឹកនាំផ្សេងៗទៀតលើសេចក្តីថ្លែងការណ៍កូឡាឡាំពួរ ឆ្នាំ២០១៥ ស្តីពីការបង្កើតសហគមន៍អាស៊ាន សេចក្តីថ្លែងការណ៍កូឡាឡាំពួរ ស្តីពីអាស៊ានឆ្នាំ២០២៥ ក្រៅពីចូលរួមអនុម័តនូវសេចក្តីប្រកាសរួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន អាមេរិក និងសេចក្តីប្រកាសអាស៊ានមួយចំនួនទៀត និងជួបទ្វេភាគីជាមួយមេដឹកនាំប្រទេសនានា ដូចជា ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន លោក Malcolm Turnbull នាយករដ្ឋមន្ត្រីអូស្ត្រាលី និងលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា។
ក្រុមមេដឹកនាំអាស៊ាន និងមេដឹកនាំក្នុងតំបន់ និងក្នុងពិភពលោកនឹងត្រៀមពិភាក្សាគ្នាច្រើនលើបញ្ហាចម្រុះរាប់ចាប់ពីបញ្ហាសន្តិសុខតំបន់ ដូចជាបញ្ហាសមុទ្រចិនខាងត្បូង បញ្ហាមជ្ឈឹមបូព៌ា បញ្ហាបរិស្ថាន បញ្ហាការប្រែប្រួល អាកាសធាតុ បញ្ហាសេដ្ឋកិច្ច បញ្ហាថាមពល បញ្ហាសិទ្ធិមនុស្ស បញ្ហាភេរវកម្ម និងបញ្ហាសន្តិភាពក្នុងតំបន់ និងក្នុងពិភពលោកជាដើម។
ទោះជាយ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាអង្គការស្រាវជ្រាវគោលនយោបាយមួយ បាននិយាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមានបញ្ហាជាច្រើន ដែលត្រូវបំពេញដើម្បីឲ្យកម្ពុជាទទួលបានកេរ្តិ៍ឈ្មោះល្អលើឆាកអន្តរជាតិ។
ក៏ប៉ុន្តែ លោក វីរៈ មានជំនឿថា លោក ហ៊ុន សែន អាចធ្វើបាន បើលោកចង់ដោះស្រាយបញ្ហាប្រឈមទាំងនេះ។ លោកបន្តថា បញ្ហាដំបូងគឺត្រូវចាប់ផ្តើមពីការពង្រឹងផ្នែកការគោរពសិទ្ធិមនុស្ស ពង្រឹងវិស័យសេដ្ឋកិច្ច ដោយឈប់ខ្ចីលុយបរទេស និងដោះស្រាយបញ្ហានយោបាយថ្មីៗ ដែលធ្វើឲ្យខូចមុខមាត់ប្រទេសកម្ពុជា។
«អញ្ចឹងបញ្ហាសេដ្ឋកិច្ចជាកត្តាមួយដ៏សំខាន់។ ទី២ គឺបញ្ហានយោបាយ។ ខ្ញុំមើលទៅ ព្រឹត្តិការណ៍នយោបាយថ្មីៗនេះធ្វើឲ្យប្រទេសកម្ពុជាបាក់មុខមាត់ខ្លាំងមែនទែនលើឆាកអន្តរជាតិ ជាពិសេស សភាយើងក្លាយជាស្ថាប័នមួយមិនអាចការពារសមាជិកខ្លួនឯងបាន ហើយនឹងមិនអាចការពារគោលនយោបាយប្រជាធិបតេយ្យបាន ហើយដោយសារអញ្ចឹង នយោបាយនេះក៏ធ្វើឲ្យយើងបាក់មុខបាក់មាត់ ហើយព្រឹត្តិការណ៍ថ្មីៗនេះគឺប៉ះពាល់ធ្ងន់ធ្ងរមែនទែនលើមុខមាត់ប្រទេសកម្ពុជា។ កត្តាទី៣ យើងដើរទៅមុខមិនបាន»។
លោក អ៊ូ វីរៈ សម្តែងការមិនអស់ចិត្ត ដែលថា កម្ពុជាហាក់ដូចជាដើរផ្ទុយពីភូមាដែលដើរទៅមុខ តែកម្ពុជាបែរជាដើរថយក្រោយវិញ។ លោកថ្លែងដូច្នេះសំដៅលើព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជាទាក់ទងនឹងការវាយអ្នកតំណាងរាស្ត្រ ការដកអភ័យឯកសិទ្ធិសភា ការបង្ក្រាបផ្ទូនៗលើក្រុមគណបក្សជំទាស់។
ព្រឹត្តិការណ៍ទាំងនេះធ្វើឲ្យមានការរិះគន់ខ្លាំងពីបណ្តាប្រទេសនានា និងអង្គការអន្តរជាតិមួយចំនួន អំពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងសេរីភាពរបស់ក្រុមជំទាស់នោះ៕