នៅមុនពេលធ្វើដំណើរទៅបំពេញទស្សនកិច្ចរបស់លោកស្រីនៅប្រទេសជប៉ុននិងកម្ពុជា លោកស្រី Michelle Obama និងស្វាមីគឺលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានថ្លែងថា ការណ៍ដែលក្មេងស្រីប្រមាណ៦២លាននាក់ មិនមានលទ្ធភាពទៅសាលារៀននៅជុំវិញពិភពលោកគួរជាអាទិភាពមួយនៃគោលនយោបាយការបរទេសរបស់អាមេរិក។ សេចក្តីថ្លែងដូច្នេះយោងថា ការដែលមាននារីរាប់សិបលាននាក់មិនបានទទួលការអប់រំគ្រប់គ្រាន់គឺមិនត្រឹមតែជា «ការខ្ជះខ្ជាយសក្តានុពលរបស់មនុស្សដ៏គួរឲ្យសោកស្តាយជាទីបំផុតប៉ុណ្ណោះទេ វាក៏ជាការប្រឈមដ៏ធ្ងន់ធ្ងរមួយរបស់វិស័យសុខាភិបាលសាធារណៈ ការធ្វើឲ្យសេដ្ឋកិច្ចជាតិ ព្រមទាំងវិបុលភាពពិភពលោកធ្លាក់ចុះ និងជាការគំរាមទៅលើសន្តិសុខ នៃប្រទេសទាំងអស់ក្នុងពិភពលោក»។
លោកស្រី Michelle Obama គឺជាភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងកាន់តំណែងដំបូងគេដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ លោកស្រីមានផែនការនឹងអញ្ជើញទៅកាន់ទីក្រុងសៀមរាប ដែលនៅទីនោះលោកស្រីនឹងជួបជាមួយសមភាគីខ្មែរគឺលោកស្រីប៊ុន រ៉ានី ភរិយារបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ហើយសំណេះសំណាលជាមួយសិស្សនិងពួកអ្នកស្ម័គ្រចិត្ត ហើយនឹងមើលកម្មវិធីក្នុងសហគមន៍ខ្លះ ដែលគេនិយាយថា បានពង្រីកឱកាសខាងអប់រំដល់នារី។
លោក ជា កុសល អ្នកសម្របសម្រួលប្រចាំកម្ពុជានៃអង្គការសកម្មភាពសម្រាប់បឋមសិក្សានៅកម្ពុជាហៅកាត់ថា Kape ដែលធ្វើការទាក់ទងនឹងសិស្សានុសិស្សកម្ពុជាបានថ្លែងថា៖
«ចំពោះគំនិតផ្តួចផ្តើមរបស់លោកស្រីអូបាម៉ាទាក់ទងទៅនឹងគោលនយោបាយនៃការផ្តល់ឱកាសឲ្យក្មេងស្រីបានសិក្សានេះ ខ្ញុំគិតថា ជាគំនិតមួយល្អ ពីព្រោះនៅប្រទេសកម្ពុជា ដូចខ្ញុំមើលឃើញគឺថា ពេលខ្លះគឺថា សិស្សស្រីគឺគាត់មានឱកាសតិចជាងសិស្សប្រុសក្នុងការទទួលបានការសិក្សា»។
លោកថ្លែងថា រឿងនេះគឺទាក់ទងនឹងទម្លាប់របស់ឪពុកម្តាយ ដែលតែងតែផ្តល់ឱកាសដល់កូនប្រុសច្រើនជាងកូនស្រីក្នុងការចូលរៀន ដែលរឿងនេះលោកសង្ឃឹមថា តាមរយៈគំនិតផ្តួចផ្តើមរបស់លោកស្រីមីសែល អូបាម៉ានឹងមានការផ្លាស់ប្តូរផ្នត់គំនិតនេះ។
«អញ្ចឹងខ្ញុំគិតថា គំនិតផ្តួចផ្តើមនេះល្អ។ ទី១គឺដើម្បីជួយដល់សិស្សស្រីដែលគ្នាមានឱកាសតិចតួច។ ទី២គឺថា ផ្តល់ការយល់ដឹងទៅដល់ឪពុកម្តាយដែលគាត់ធ្លាប់តែមានគំនិតថា បើសិនជាមានជម្រើសតែមួយគឺគាត់ផ្តល់ឲ្យទៅកូនប្រុស ហើយនៅពេលដែលគម្រោងនេះត្រូវអនុវត្ត ខ្ញុំគិតថា វានឹងអាចផ្សព្វផ្សាយ។ ដូច្នេះវានឹងអាចធ្វើឲ្យជ្រាបទៅដល់ឪពុកម្តាយ ផ្នត់គំនិតរបស់ឪពុកម្តាយទាំងឡាយឲ្យគាត់អាចថ្លឹងថ្លែងថា តើរវាងកូនស្រីហើយនឹងកូនប្រុសវាសំខាន់យ៉ាងម៉េច។ កុំឲ្យគាត់គិតថា នៅពេលដែលត្រូវការសម្រេចចិត្តគឺគាត់គិតថា គឺកូនប្រុសសំខាន់ជាង»។
លោក រ៉ុង ឈុន ប្រធានសមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យ ចាត់ទុកថា គំនិតរបស់លោកស្រីភរិយាប្រធានាធិបតីស.រ.អា.ជាគំនិតល្អ តែលោកបានអះអាងថា កម្ពុជាពិបាកនឹងធ្វើតាមគំនិតផ្តួចផ្តើមនេះ ទោះជាប្រព័ន្ធអប់រំមិនអាក្រក់ក្តី។ លោកថ្លែងដូច្នេះ ដោយយោងថា ដោយសារការបំបាត់ភាពក្រីក្រមិនទាន់ធ្វើបាន ជោគជ័យ។ ដូច្នេះអំពើពុករលួយនៅញាំញីប្រទេសកម្ពុជា ហើយគ្មានបរិក្ខាសិក្សា ដូចជាកុំព្យូទ័រនោះទេ រហូតកម្រិតវិទ្យាល័យ។
«អញ្ចឹង បើយើងធៀបទៅនឹងការអប់រំនៅប្រទេសជឿនលឿន ខ្ញុំធ្លាប់ដើរចូលមើលនៅស.រ.អា. នៅអូស្ត្រាលី នៅបារាំងក្តី យើងឃើញគេបំពាក់បរិក្ខាសិក្សាហ្នឹងដូចជាប្រព័ន្ធ IT ហ្នឹងតាំងពីកម្រិតបឋមទៅ។ ដូច្នេះយើងមិនអាចប្រៀបផ្ទឹមជាមួយគេបានទេ»។
លោកបានកោតសរសើរចំពោះគំនិតរបស់លោកស្រីភរិយាប្រធានាធិបតីស.រ.អា.ចំពោះការលើកកម្ពស់ ការអប់រំសិស្សនារី។
«តាមការពិតអ្វីដែលលោកស្រីអូបាម៉ាបានលើកឡើងថានឹងជម្រុញឲ្យកុមារីទទួលបានការអប់រំ ល្អប្រសើរហ្នឹង វាស្របទៅនឹងគោលនយោបាយអន្តរជាតិដែរ ដែលគេធ្វើយុទ្ធនាការការអប់រំហ្នឹង ហើយយើងគិតថាល្អ ប៉ុន្តែកម្ពុជាយើងមិនអាចទៅរួចទេពីព្រោះកម្រិតនៃការបោះបង់ថ្នាក់ហ្នឹងវា នៅតែជា កម្រិតខ្ពស់ដដែលពីព្រោះអាការកាត់បន្ថយភាពក្រីក្រហ្នឹង រដ្ឋាភិបាលមិនទទួលទាន់ទទួលបានជោគជ័យទេ»។
លោក រ៉ុង ឈុន បានជម្រុញថារដ្ឋាភិបាលកម្ពុជាត្រូវការចាំបាច់ធ្វើកិច្ចការច្រើនទៀតក្នុងការដោះ ស្រាយបញ្ហាគន្លឹះជាច្រើនទាក់ទងនឹងបញ្ហាអប់រំនៅកម្ពុជា។
«កត្តាគន្លឹះត្រូវដោះស្រាយប្រាក់ខែគ្រូបង្រៀន រឿងហ្នឹងដែលជាកត្តាគន្លឹះចាំបាច់បំផុត ហើយបើសិន ជាកត្តាប៊ៀវត្សហ្នឹងមិនត្រូវបានដោះស្រាយជូនគ្រូបង្រៀនឲ្យបានសមរម្យទេ ការអប់រំនៅកម្ពុជា យើងនឹងមិនអាចទទួលបានគុណភាពនោះទេ។ ហើយជាពិសេសកត្តាសង្គម កត្តាសង្គមមួយទៀត ក៏ធ្វើឲ្យរាំងស្ទះទៅដល់ដំណើរការអប់រំដែរ ដែលប្រជាពលរដ្ឋអាណាព្យាបាលសិស្សហ្នឹងគាត់បាត់បង់ទំនុកចិត្តទៅលើការអប់រំពីព្រោះគាត់ខំចំណាយលុយច្រើនឲ្យកូនរៀន នៅពេលដែលកូនគាត់រៀនចប់ទៅអត់មានការធ្វើ បើមានការងារធ្វើប្រាក់ឈ្នួលតិចតួច អាហ្នឹងដែលជាឧបសគ្គផងដែរ ហើយឧបសគ្គ មួយទៀតនោះ ការរៀនឥឡូវហ្នឹងវាចំណាយខ្ពស់ ដោយសារគ្រូប្រមូលលុយ លក់របស់របរ លក់ មេរៀន លក់ក្រដាសទៅចំណាយខ្ពស់ ហើយដល់តែគាត់ក្រីក្រ គាត់អត់អាចបញ្ជូនកូនគាត់ទៅរៀន ដល់ខាងលើបានទេ អាហ្នឹងដែលជាចំណោទ»។
បើតាមតួលេខរបស់អង្គការUSAID ស.រ.អា.កាលពីជាង៥ឆ្នាំកន្លងទៅបានឲ្យដឹងថាមានក្មេងស្រី ២០ភាគរយ រៀននៅថ្នាក់ទី៧ ទី៨ និង ទី៩ ដែលបោះបង់ចោលការសិក្សាយ៉ាងច្រើន ដោយសារ កត្តាផ្សេងៗគឺ តម្រូវការចាំបាច់ត្រូវរកលុយ ជួយកិច្ចការផ្ទះឬការរកស៊ី មិនអាចមានលុយចំណាយ ដល់សាលារៀនខ្សោយ និងរៀនមិនទាន់គេ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាម្នាក់បានការពារគោលនយោបាយរដ្ឋាភិបាលកម្ពុជាដោយអះអាងថា៖
«កម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះនារីភេទដើម្បីឲ្យចូលរួមច្រើនក្រៅពីការងារគ្រួសារ គេអាចមាន លទ្ធភាពច្រើនចូលមកក្នុងការរៀនសូត្រ ដូចជាការចូលរួមសម្រេចរបស់នារីក៏ដូចបានចែងក្នុងរដ្ឋ ធម្មនុញ្ញ រួចស្រេចគឺយើងមានសិទ្ធិស្មើគ្នា ហើយគណបក្សប្រជាជនបាននាំមុខឲ្យនារីចូលរួមឲ្យបានច្រើន»។
លោកថាស.រ.អា.គួរលើកទឹកចិត្តឲ្យមានការវិនិយោគនិងធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនៅកម្ពុជាកើនឡើង ដើម្បីឲ្យពលរដ្ឋខ្មែរ បានទទួលការអប់រំខ្ពស់និងបញ្ជូនកូនទៅរៀននៅស.រ.អា.។
ទោះជាយ៉ាងណាក៏ដោយលោក អំ សំអាត ប្រធានក្រុមបចេ្ចកទេសសើបអង្កេតនៃអង្គការសិទ្ធិមនុស្ស លីកាដូបានទទូចចង់ឃើញរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះគំនិតផ្តួចផ្តើមរបស់លោកស្រី អូបាម៉ា ក្នុងការជួយសិស្សស្រីផ្នែកការអប់រំនោះ។
«ខ្ញុំគិតថាវត្តមានរបស់លោកស្រី បារ៉ាក់ អូបាម៉ាគឺជាការជម្រុញនិងការលើកទឹកចិត្តដល់ស្រីកម្ពុជាឲ្យ មានការចូលរួមជាពិសេសទាក់ទងនឹងវិស័យអប់រំ ជាពិសេសទាក់ទងទៅដល់ការចូលរួមក្នុងការ អភិវឌ្ឍន៍សហគមន៍ក៏ដូចជាប្រទេសជាតិ គឺអភិវឌ្ឍប្រទេសជាតិយើង។ កាលណាមានស្ត្រីចូលរួម ច្រើនប្រទេសយើងនឹងមានការអភិវឌ្ឍច្រើន ហើយក៏ជាកិច្ចការពារមួយសម្រាប់ផលប្រយោជន៍ ស្ត្រីផងដែរ»។
លោកបានជម្រុញដល់រដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់តាមការណែនាំរបស់អសបដើម្បីការពារ សិទ្ធិស្រ្តី ជាពិសេសអ្នកតស៊ូមតិជាស្ត្រី។
«កុំឲ្យដូចពេលបច្ចុប្បន្ននៅពេលដែលស្រ្តីលោកធ្វើការតស៊ូមតិ គាត់ធ្វើការតវ៉ា គាត់ត្រូវប្រឈមមុខ នឹងការគម្រាមកំហែងគ្រប់បែបយ៉ាងព្រមទាំងការចាប់ដាក់ពន្ធនាគារនិងការប្រើប្រាស់អំពើរហិង្សា នោះ»។
លោកអំ សំអាតថ្លែងយ៉ាងដូច្នេះដោយយោងទៅលើការចាប់ឃុំខ្លួនស្រី្តបឹងកក់ចំនួន១១នាក់ ដោយ គ្រាន់តែតវ៉ាលើបញ្ហាដីធ្លីនិងស្វែងរកអន្តរាគមន៍រឿងទឹកជំនន់លិចផ្ទះ ហើយនឹងការចាប់ឃុំខ្លួនសកម្ម នយោបាយនានានិងការយាយីសកម្មជនសង្គមស៊ីវិលផងនោះ។
លោក Evan Medeiros នាយកជាន់ខ្ពស់នៃកិច្ចការអាស៊ីរបស់ក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋ អាមេរិកថ្លែងថា លោកស្រី អូបាម៉ា នឹងសង្កត់អំពីការចាំបាច់ឲ្យមានប្រព័ន្ធនយោបាយបើកចំហរនិងរួមបញ្ចូលមួយនិងការអនុញ្ញាតិឲ្យសង្គមស៊ីវិលមានមុខនាទីមួយនៅក្នុងអភិបាលកិច្ចល្អហើយនឹងមិនព្ររងើយចំពោះបញ្ហាសិទ្ធិមនុស្សដែរ ក្រៅពីបញ្ហាលើកកម្ពស់អប់រំដល់សិស្សស្រីដែល ត្រូវគេដឹងថានៅមានមួយចំនួនបន្តបោះបង់ចោលការសិក្សានៅឡើយនោះ។
នាងគង់ ស្រីពៅអាយុ៣០ឆ្នាំ មកពីខេត្តកំពង់ចាម។បច្ចុប្បន្ននាងធ្វើជាកម្មកររោងចក្រដែកផលិត ម៉ាស៊ីនច្រូតនៅក្នុងប្រទេសថៃដើម្បីទទួលបានកំរ៉ៃខ្ពស់ជាងក្នុងប្រទេសកម្ពុជា។ នាងអះអាងថានាង បានបោះបង់ចោលការសិក្សាតាំងពីបឋមសិក្សា ដោយសារជីវភាពខ្វះខាតនិងជួយលក់នុំម្តាយ។
«ខ្ញុំម៉ែខ្ញុំឲ្យទៅរៀនដែរ តែដូចថាខ្ញុំទៅមានតែកន្ច្រែងនុំមានអីទៅតាមទៅ ខ្ញុំរៀនអត់ចូល។ និយាយរួម ទៅខ្ញុំក្រតែម្តង ខ្ញុំដេកមិនដែលឆ្អែត ខ្ញុំរៀនអត់ចូលតែម្តង»។
នាងបានសំដែងការត្រេកអរចំពោះការលើកកម្ពស់របស់លោកស្រីភរិយាប្រធានាធិបតីស.រ.អា.ក្នុងការអប់រំសម្រាប់សិស្សស្តី្រ នាងដោយអះអាងថា កូនចៅជំនាន់ក្រោយនឹងទទួលបានការសិក្សានិងមានការចេះដឹងច្រើន។
លោកស្រីមីសែលអូបាម៉ានឹងអញ្ចើញទៅដល់ប្រទេសកម្ពុជានៅថ្ងៃសុក្រនេះក្នុងដំណើរទស្សនកិច្ចបីថ្ងៃ មុនពេលលោកស្រីបញ្ចប់ទស្សនកិច្ចក្នុងប្រទេសជប៉ុន៣ថ្ងៃ៕